ថ្ងៃអង្គារ ទី២១​ ខែកក្កដា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-០៨)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី២ ជំពូក១១

ខព្រះគម្ពីរប្រចាំថ្ងៃ៖ បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​លោកីយ៍ នោះ​លោកីយ៍​នឹង​ស្រឡាញ់​អ្នក​រាល់​គ្នា តែ​ដោយ​ព្រោះ​ខ្ញុំ​បាន​រើស​ចេញ​ពី​លោកីយ៍​មក ហើយ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​លោកីយ៍​ទៀត នោះ​បាន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា​វិញ។ យ៉ូហាន ១៥:១៩​

នៅពេលជាមួយគ្នានោះ សម្តេចសង្ឃនិងពួកដែលនៅជាមួយនឹងលោក «ក៏មកហៅពួកក្រុមជំនុំ និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ឲ្យប្រជុំគ្នា»។ ពួកសង្ឃនិងពួកមេដឹកនាំសាសនាបានសម្រេចចិត្តកំណត់ចោទប្រកាន់ពួកសាវ័កពីបទប្រឆាំងបះបោរ ដោយចោទប្រកាន់ពួកគេពីបទធ្វើឃាតអាន្នា៉នាសនិងសាភីរ៉ា និងពីបទរួមគំនិតក្បត់ ចង់ដកហូតតំណែងរបស់ពួកសង្ឃនៃរដ្ឋអំណាច។ ពួកគេបានសង្ឃឹមថាធ្វើដូច្នេះនឹងជំរុញហ្វូងមនុស្សឲ្យទាមទារយករឿងក្តីនេះទៅកាន់នៅក្នុងកណ្តាប់ដៃរបស់ពួកគេ ហើយនិងដោះស្រាយជាមួយនឹងពួកសាវ័កដូចជាពួកគេបានដោះស្រាយជាមួយនឹងព្រះយេស៊ូវយ៉ាងដូច្នោះដែរ។ ពួកគេបានដឹងថាមនុស្សជាច្រើនដែលមិនបានទទួលយកការបង្រៀនរបស់ព្រះគ្រិស្ត បានធុញទ្រាន់ទៅ​នឹងច្បាប់ដែលរំលោភបំពានរបស់រដ្ឋអំណាចយូដា ហើយចង់បានការផ្លាស់ប្តូរ។ ពួកសង្ឃបារម្ភក្រែងពួកអ្នកដែលមិនពេញចិត្តទាំងនេះទទួលយកសេចក្តីពិត ដែល​ពួកសាវ័កបានប្រកាស ហើយទទួលយកព្រះយេស៊ូវថាជាព្រះមែស្ស៊ី នោះកំហឹងរបស់ប្រជារាស្រ្តទាំងមូលនឹងងើបឡើង ប្រឆាំងនឹងមេដឹកនាំ សាសនា ពេលនោះពួកបណ្តាជននឹងឲ្យពួកគេឆ្លើយទៅនឹងសំណួរនៃការធ្វើគុតដល់ព្រះគ្រិស្ត ជាក់ជាមិនខាន។ ពួកគេបានសម្រេចចិត្តថានឹងការពារខ្លួនឲ្យរួចផុតពីបញ្ហានេះឲ្យបានជាដាច់ខាត។

នៅពេលដែលពួកគេបានចាត់ពួកអាជ្ញាឲ្យទៅនាំពួកសាវ័កចូលមក នោះគេ មានការភ្ញាក់ផ្អើលជាខ្លាំង ដោយពួកអាជ្ញាបានរាយការណ៍ថា ទ្វារគុក​នៅតែបិទយ៉ាងប្រុងប្រយ័ត្នគ្រប់ជំពូក ទាំងមានពួកយាមល្បាតឈរ​នៅ​មាត់​ទ្វារផង ប៉ុន្តែ ពួកអ្នកទោសមិនដឹងជាទៅឯណាបាត់ទេ។

រំពេចនោះមានរបាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើមួយមកជម្រាបថា «មើល ពួកមនុស្សដែលលោកបានដាក់គុកនោះ ឥឡូវនេះ គេកំពុងតែឈរ បង្រៀន ដល់ពួកជននៅក្នុងព្រះវិហារវិញ»។

ទោះបីជាទេវតាបានរំដោះពួកសាវ័កចេញពីគុកដោយការអស្ចារ្យយ៉ាងនេះក៏ដោយ ក៏ពួកគេមិនអាចរួចផុតពីការជំនុំជម្រះនិងការដាក់ទណ្ឌកម្មដែរ។ កាលព្រះអង្គគង់នៅជាមួយនឹងពួកគេ ព្រះគ្រិស្តបានមានបន្ទូលថា «ប៉ុន្តែ ឲ្យអ្នករាល់គ្នាប្រយ័ត្នខ្លួន ពីព្រោះគេនឹងបញ្ជូនអ្នករាល់គ្នាទៅឯក្រុមជំនុំ» (ម៉ាកុស ១៣:៩)។ ដោយការចាត់ទេវតាមករំដោះពួកគេ ព្រះគ្រិស្តបានប្រទាននិមិត្តរូបនៃសេចក្តីស្រឡាញ់និងការធានាអះអាងនៃព្រះវត្តមានរបស់ទ្រង់ ដល់ពួកគេ។ ឥឡូវនេះគឺជាចំណែកដែលពួកគេត្រូវរងទុក្ខដោយសារព្រះ ដែលពួកគេបានប្រកាសផ្សាយដំណឹងល្អរបស់ទ្រង់។

នៅក្នុងរឿងពួកហោរានិងពួកសាវ័ក មានគំរូដ៏ថ្លៃថ្នូរជាច្រើនស្តីអំពី ភក្តីភាពចំពោះព្រះនេះ។ ស្មរបន្ទាល់របស់ព្រះគ្រិស្តបានរងទ្រាំនូវការដាក់គុកច្រវាក់ ទារុណកម្ម និងសេចក្តីស្លាប់ ជាជាងបំពាននឹងបញ្ញត្តិរបស់ព្រះ។ កំណត់ត្រាដែលបន្សល់ដោយលោកពេត្រុសនិងលោកយ៉ូហាន មានភាពអង់អាចក្លាហានដូចជាការចែកចាយដំណឹងល្អនៅកន្លែងផ្សេងៗទៀតដែរ។ កាលពួកគេបានឈរនៅចំពោះមុខមនុស្សដែលហាក់ដូចជាបម្រុង នឹងបំផ្លាញពួកគេបង់ជាលើកទីពីរ គេគ្មានការភ័យខ្លាចនៅក្នុងពាក្យសម្តីនិងអាកប្បកិរិយារបស់ពួកគេឡើយ។ ហើយនៅពេលសម្តេចសង្ឃបានសួរថា «តើយើងមិនបានហាមផ្តាច់ មិនឲ្យឯងរាល់គ្នាបង្រៀនពីឈ្មោះនោះទៀតទេឬអី តែមើលឯងរាល់គ្នាបានបង្រៀនសេចក្តីនោះ នៅពេញក្រុងយេរូសាឡិម ទាំងមូលវិញ ព្រមទាំងគិតទម្លាក់ទោសពីឈាមមនុស្សនោះមកលើយើងផង»។ លោកពេត្រុសបានឆ្លើយតបថា «ត្រូវតែស្តាប់បង្គាប់របស់ព្រះជាជាងមនុស្ស»។ គឺទេវតាបានមកពីឋានសួគ៌ដែលបានរំដោះពួកគេចេញពីគុក ហើយបង្គាប់ឲ្យពួកគេបង្រៀននៅក្នុងព្រះវិហារ។ នៅក្នុងការធ្វើតាមការណែនាំរបស់ទេវតា ពួកគេកំពុងស្តាប់បង្គាប់តាមការត្រាស់បង្គាប់របស់ព្រះ ហើយទង្វើនេះ ពួកគេត្រូវតែបន្តធ្វើទោះបីមានរឿងអ្វីកើតឡើងដល់ពួកគេក៏ដោយ។

ពេលនោះព្រះវិញ្ញាណនៃការលើកទឹកចិត្តបានយាងមកសណ្ឋិតលើពួកសាវ័ក ចុងចោទបានក្លាយទៅជាដើមចោទ ដោយចោទប្រកាន់ពីបទធ្វើ គុតព្រះ ទៅលើពួកអ្នកដែលចងក្រងជាក្រុមប្រឹក្សានេះ លោកពេត្រុសបាន ប្រកាសថា «រីឯព្រះនៃពួកអយ្យកោយើងរាល់គ្នា ទ្រង់បានប្រោសព្រះយេស៊ូវ ដែលលោករាល់គ្នាបានសម្លាប់ដោយព្យួរនៅជាប់លើឈើឲ្យទ្រង់ មានព្រះជន្ម រស់ឡើងវិញ ហើយព្រះបានតម្កើងទ្រង់ឡើង ដោយសារព្រះហស្តស្តាំ ឲ្យ ធ្វើជាព្រះអម្ចាស់ នឹងជាព្រះអង្គសង្គ្រោះ ដើម្បីនឹងប្រោសប្រទានការប្រែចិត្ត ដល់សាសន៍អ៊ីស្រាអែល ប្រយោជន៍ឲ្យបានរួចពីបាប យើងខ្ញុំនេះ ព្រមទាំង ព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានដល់អស់អ្នកដែលស្តាប់បង្គាប់ទ្រង់ ជាស្មរបន្ទាល់ពីការទាំងនោះ»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ បង​ប្អូន​អើយ ចូរ​រើស​យក​៧​នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នាជា​អ្នក​មាន​ឈ្មោះ​ល្អពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ប្រាជ្ញា នោះ​យើង​ខ្ញុំ​នឹង​តាំង​គេឲ្យ​ត្រួត​ត្រា​លើ​ការងារ​នេះ។ (កិច្ចការ ៦:៣)

Powered by CAM