ថ្ងៃពុធ ទី២២​ ខែកក្កដា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-០៨)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី២ ជំពូក១២

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា ចូរ​ដក​ខ្លួន​ពី​មនុស្ស​ទាំង​នេះ​ចេញ កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​គេ​ឡើយ ដ្បិត​បើ​សិន​ជា​គំនិត​គេ ឬ​ការ​គេ​ធ្វើ​នេះ​កើត​ឡើង​ពី​មនុស្ស នោះ​នឹង​ត្រូវ​វិនាស​ទៅ​ជា​មិន​ខាន តែ​បើ​កើត​មក​ពី​ព្រះ​វិញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​វិនាស​បាន​ទេ ក្រែង​អ្នក​រាល់​គ្នា​ជាប់​ទោស​ជា​ពួក​អ្នក​តយុទ្ធ​នឹង​ព្រះ​ដែរ។ កិច្ចការ ៥:៣៨-៣៩

ពួកយូដាបានខឹងនឹងសម្តីនេះជាខ្លាំង ទើបពួកគេបានសម្រេចចិត្តថាយកច្បាប់មកដាក់នៅក្នុងកណ្តាប់ដៃរបស់ពួកគេ ហើយកាត់ទោសប្រហារជីវិតពួកអ្នកជាប់គុកទាំងនេះ ដោយមិនចាំបាច់មានការជំនុំជម្រះឬមានការអនុញ្ញាតពីរដ្ឋអំណាចរ៉ូមឡើយ។ ដោយមានទោសជាមួយនឹងព្រះលោហិតព្រះគ្រិស្តរួចទៅហើយ ឥឡូវនេះពួកគេបានលូកដៃឲ្យប្រឡាក់ឈាមពួកសាវ័ករបស់ទ្រង់ថែមទៀត។

ប៉ុន្តែ នៅក្នុងចំណោមក្រុមប្រឹក្សានេះមានបុរសម្នាក់ដែលបានស្គាល់ព្រះសូរសៀងរបស់ព្រះ ដែលពួកសាវ័កបាននិយាយ។ បុរសនេះគឺលោក កាម៉ាលាល ជាអ្នកផារិស៊ីដែលមានមនុស្សគោរពកោតខ្លាច និងជាមនុស្ស ដែលមានចំណេះដឹង និងមានមុខតំណែងខ្ពង់ខ្ពស់ផង។ គំនិតដ៏វាងវៃរបស់លោកបានមើលឃើញថាជំហាននៃអំពើហិង្សាដោយពួកសង្ឃនឹងដឹកនាំទៅរកផលវិបាកដ៏អាក្រក់។ មុននឹងបង្ហាញយោបល់របស់លោក លោកបានសុំឲ្យនាំពួកអ្នកទោសចេញទៅក្រៅសិន។ លោកបានដឹងយ៉ាងច្បាស់អំពីបញ្ហាដែលលោកត្រូវដោះស្រាយ លោកបានជ្រាបថាការធ្វើគុតព្រះគ្រិស្តមិនមានប្រយោជន៍អ្វីដល់ការអនុវត្តន៍គោលបំណងរបស់ពួកគេឡើយ។

បន្ទាប់មក លោកបានមានប្រសាសន៍ដោយការត្រិះរិះពិចារណា និង ដោយភាពស្ងៀមស្ងាត់ថា «ពួកសាសន៍អ៊ីស្រាអែលអើយ ចូរប្រយ័ត្នខ្លួន ពីដំណើរមនុស្សទាំងនេះ ដែលអ្នករាល់គ្នាគិតធ្វើអ្វីដល់គេ ដ្បិតពីដើមមាន ឈ្មោះ ធើដាស លើកខ្លួនឡើងថាជាអ្វីៗ ក៏មានមនុស្សចំនួនជាងបួនរយនាក់ បានចូលពួកវា តែវាត្រូវគេសម្លាប់ទៅ ហើយពួកអ្នកទាំងប៉ុន្មាន ដែលចុះ ចូលចំពោះវា ក៏ត្រូវខ្ចាត់ខ្ចាយសូន្យអស់ទៅដែរ ក្រោយនោះមកនៅវេលា ធ្វើបញ្ជីកត់ត្រារាស្ត្រ នោះមានឈ្មោះយូដាស ជាអ្នកស្រុកកាលីឡេទៀត បានលើកខ្លួនឡើង បញ្ចុះបញ្ចូលមនុស្សជាច្រើនឲ្យទៅតាមខ្លួន វាក៏វិនាស បាត់ទៅដែរ ហើយពួកអ្នកដែលចុះចូលតាម ក៏ត្រូវខ្ចាត់ខ្ចាយទាំងអស់គ្នាទៅ ដូច្នេះ ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរដកខ្លួនពីមនុស្សទាំងនេះចេញកុំឲ្យធ្វើអ្វីដល់ គេឡើយ ដ្បិតបើសិនជាគំនិតគេ ឬការគេធ្វើនេះកើតឡើងពីមនុស្ស នោះ នឹងត្រូវវិនាសទៅជាមិនខាន តែបើកើតមកពីព្រះវិញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើឲ្យវិនាសបានទេ ក្រែងអ្នករាល់គ្នាជាប់ទោសជាពួកអ្នកតយុទ្ធនឹងព្រះដែរ»។

ពួកសង្ឃបានយល់ឃើញថានេះគឺជាគំនិតសមហេតុផល ហើយក៏បានឯកភាពជាមួយនឹងលោកកាម៉ាលាលទាំងបង្ខំចិត្ត។ ប៉ុន្តែ ការប្រកាន់ ពូជ សាសន៍និងសម្អប់របស់ពួកគេមិនងាយលុបបំបាត់បានឡើយ។ បន្ទាប់ពី បានវាយពួកសាវ័ក និងការថ្កោលទោសប្រហារជីវិតដល់ពួកសាវ័ក ប្រសិន បើពួកគេមិនព្រមឈប់អធិប្បាយនូវព្រះនាមព្រះយេស៊ូវតទៅទៀត រួចមក ពួកគេក៏បានដោះលែងពួកសាវ័កទាំងស្ទាក់ស្ទើរ។ «ពួកសាវ័កក៏ចេញពីពួក ក្រុមជំនុំទៅ ដោយអរសប្បាយ ពីព្រោះព្រះបានរាប់ជាអ្នកគួរនឹងទ្រាំសេចក្តីដំនៀល ដោយព្រោះព្រះនាមទ្រង់ ហើយអ្នកទាំងនោះចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រិស្ត»។

នៅមុនការជាប់ឆ្កាងរបស់ព្រះអង្គបន្តិច ព្រះគ្រិស្តបានបន្សល់ទុកនូវសេចក្តីសុខសាន្ត ជាកេរ្តិ៍មរតកដល់ពួកសាវ័ករបស់ទ្រង់។ ព្រះអង្គបានមាន បន្ទូលថា «ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកិយឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ» (យ៉ូហាន ១៤:២៧)។ សេចក្តី សុខសាន្តនេះ មិនមែនជាសេចក្តីសុខសាន្តដែលកើតឡើងដោយសារការសម្របតាមលោកិយទេ។ ព្រះគ្រិស្តមិនដែលទិញសេចក្តីសុខសាន្តដោយការសម្របសម្រួលជាមួយនឹងអារក្សទេ។ សេចក្តីសុខសាន្តដែលព្រះគ្រិស្តបានទុកជាកេរ្តិ៍មរតកដល់ពួកសាវ័ក គឺជាសេចក្តីសុខសាន្តនៅក្នុងចិត្ត មិនមែនជាសេចក្តីសុខសាន្តតែខាងក្រៅនោះទេ និងជាសេចក្តីសុខសាន្តដែលនៅជាមួយនឹងស្មរបន្ទាល់របស់ទ្រង់ជារៀងរហូត តាមរយៈសេចក្តីវេទនា និងរឿងរ៉ាវនៃវិវាទទាំងឡាយ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ បង​ប្អូន​អើយ ចូរ​រើស​យក​៧​នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នាជា​អ្នក​មាន​ឈ្មោះ​ល្អពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ប្រាជ្ញា នោះ​យើង​ខ្ញុំ​នឹង​តាំង​គេឲ្យ​ត្រួត​ត្រា​លើ​ការងារ​នេះ។ (កិច្ចការ ៦:៣)

Powered by CAM