កិច្ចការនៃពួកសាវ័ក (ជំពូកទី-០៩)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ៦:១-៧ ។
អ្នកជំនួយការ(បុរស)ប្រាំពីរនាក់
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី២ ជំពូក១៤
ខព្រះគម្ពីរប្រចាំថ្ងៃ៖ នៅគ្រានោះ កាលពួកសិស្សបានចំរើនច្រើនឡើង នោះពួកហេលេនចាប់តាំងរទូរទាំទាស់នឹងពួកហេព្រើរ អំពីការចែកចាយរាល់តែថ្ងៃ ដោយព្រោះគេតែងធ្វេសការនឹងស្រីមេម៉ាយរបស់ពួកហេលេននោះ។ កិច្ចការ ៦:១
«នៅគ្រានោះ ចំនួនសិស្សចេះតែកើនឡើងជាលំដាប់។ ជនជាតិយូដាដែលនិយាយភាសាក្រិក នាំគ្នារអ៊ូរទាំទាស់នឹងជនជាតិយូដាដែលនិយាយភាសាហេព្រើរថា នៅពេលចែកម្ហូបអាហារប្រចាំថ្ងៃ ពួកហេព្រើរមិនសូវយកចិត្តទុកដាក់នឹងស្ត្រីមេម៉ាយខាងពួកខ្លួនទេ» (គម្ពីរភាសាខ្មែរបច្ចុប្បន្ន)។
ពួកជំនុំដំបូងត្រូវបានបង្កើតឡើងដោយមនុស្សជាច្រើនស្រទាប់វណ្ណៈ ដែលមកពីជាតិសាសន៍ជាច្រើន។ នៅពេលនៃការចាក់បង្អុរព្រះវិញ្ញាណនៅថ្ងៃប៉ង់តាកូស «មានពួកសាសន៍យូដា ជាអ្នកកោតខ្លាចដល់ព្រះ ដែលមកពីគ្រប់នគរនៅក្រោមមេឃ» (កិច្ចការ ២:៥) នៅក្នុងចំណោមសាសន៍ហេព្រើរដែលមានជំនឿ ដែលបានមកប្រជុំគ្នានៅទីក្រុងយេរូសាឡិម មានប្រជាជនយូដាខ្លះដែលគេស្គាល់ជាទូទៅថាជាសាសន៍ហេលេន (ជាជនជាតិយូដាដែលនិយាយភាសាក្រិក) ដែលនៅចន្លោះពួកគេនិងសាសន៍យូដាកាត់ប៉ាលេស្ទីន មានមនុស្សដែលមិនជឿនិងរហូតដល់អ្នកប្រឆាំងជាយូរយារមកហើយ។
ចិត្តរបស់អ្នកដែលបានកែប្រែនៅក្រោមកិច្ចការរបស់ពួកសាវ័កត្រូវបានបន្ទន់ ហើយរួបរួមគ្នាដោយសេចក្តីស្រឡាញ់បែបគ្រិស្តបរិស័ទ។ ទោះបីជាមានការប្រកាន់ពូជសាសន៍នៅពេលកន្លងមកក៏ដោយ ក៏មនុស្សទាំងអស់បានរួបរួមគ្នាជាធ្លុងមួយដែរ។ សាតាំងបានដឹងថាដរាបណាការរួបរួមគ្នា នៅតែបន្តកើតមានឡើង វានឹងមិនមានអំណាចដើម្បីគ្រប់គ្រងការជឿនលឿននៃដំណឹងល្អបានទេ ហើយវាក៏ស្វះស្វែងរកកេងចំណេញពីទម្លាប់នៃគំនិតចាស់ពីអតីតកាល ដោយសង្ឃឹមថាធ្វើដូច្នោះវានឹងអាចនាំនូវការបែកបាក់គ្នាចូលមកក្នុងពួកជំនុំបាន។
ដូច្នេះ នៅពេលដែលពួកសិស្សកាន់តែចម្រើនកើនឡើង សត្រូវមានជោគជ័យក្នុងការបំផុសមន្ទិលសង្ស័យនៅក្នុងចំណោមអ្នកខ្លះ ដែលធ្លាប់មានទម្លាប់សម្លឹងមើលទៅបងប្អូនរួមជំនឿដោយការច្រណែន និងស្វែងរកចាប់កំហុសពួកអ្នកដឹកនាំខាងព្រលឹងវិញ្ញាណ ហើយដូច្នេះ «ពួកហេលេនចាប់តាំងរទូរទាំទាស់នឹងពួកហេព្រើរ»។ មូលហេតុនៃទំនាស់នេះកើតឡើងដោយការធ្វេសប្រហែសក្នុងការចែកអាហារប្រចាំថ្ងៃដល់ស្រ្តីមេម៉ាយ ដែលនិយាយភាសាក្រិក។ មានការមិនស្មើភាពដែលផ្ទុយពីវិញ្ញាណនៃដំណឹងល្អ ហើយសាតាំងមានជោគជ័យក្នុងការបំផុសមន្ទិលសង្ស័យ។ ឥឡូវនេះដំណោះស្រាយជាបន្ទាន់ត្រូវតែបង្កើតឡើងដើម្បីដកយកចេញនូវឱកាសនៃការមិនពេញចិត្តទាំងប៉ុន្មាន ក្រែងសត្រូវមានជោគជ័យក្នុងការខំប្រឹងប្រែងរបស់វាដើម្បីនាំឲ្យមានការបែកបាក់នៅក្នុងចំណោមពួកអ្នកមានជំនឿ។
ពួកសិស្សរបស់ព្រះយេស៊ូវបានជួបប្រទះនឹងវិបត្តិនៅក្នុងបទពិសោធន៍របស់ពួកគេ។ នៅក្រោមការដឹកនាំដ៏វាងវៃរបស់ពួកសាវ័ក ដែលបានធ្វើការជាមួយនឹងព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធយ៉ាងស្អិតរមួត កិច្ចការដែលបានប្តេជ្ញាចិត្តចំពោះដំណឹងល្អកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ពួកជំនុំកាន់តែរីកធំឡើងជាលំដាប់ ហើយការរីកចម្រើនខាងចំនួននេះ ក៏បាននាំមកនូវបន្ទុកកាន់តែធ្ងន់ដល់អ្នកទទួលខុសត្រូវផងដែរ។ មិនមានមនុស្សណាម្នាក់ឬក្រុមណាដែលអាចបន្តទទួលបន្ទុកនេះតែម្នាក់ឯងបានទេ បើគ្មានគ្រោះថ្នាក់នៃការរីកចម្រើនៃពួកជំនុំនាពេលអនាគតទេនោះ ។ មានការចាំបាច់សម្រាប់ការចែកចាយការទទួលខុសត្រូវដែលត្រូវបានកើតឡើងយ៉ាងស្មោះត្រង់ដោយមនុស្សមួយចំនួន នៅក្នុងអំឡុងពេលនៃពួកជំនុំដំបូង ។ ឥឡូវនេះ ពួកសាវ័កត្រូវតែបោះជំហានដ៏សំខាន់មួយ ក្នុងការធ្វើឲ្យរបៀបរៀបរយនៅក្នុងពួកជំនុំមានភាពគ្រប់លក្ខណ៍ ដោយចែករំលែកបន្ទុកដែលពួកគេទទួលខុសត្រូវទៅឲ្យអ្នកដទៃ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ បងប្អូនអើយ ចូររើសយក៧នាក់ក្នុងពួកអ្នករាល់គ្នាជាអ្នកមានឈ្មោះល្អពេញជាព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា នោះយើងខ្ញុំនឹងតាំងគេឲ្យត្រួតត្រាលើការងារនេះ។ (កិច្ចការ ៦:៣)