ថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី-០៩)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី២ ជំពូក១៥
ពួកសាវ័កដែលបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ បានកោះប្រជុំពួកអ្នកមានជំនឿទាំងអស់ ដើម្បីរៀបចំផែនការធ្វើឲ្យការចាត់ចែងកម្លាំងធ្វើការនៅក្នុងពួកជំនុំឲ្យកាន់តែប្រសើរឡើង។ ពេលវេលាបានមកដល់ ពួកសាវ័កកបានអង្គុយចុះ នៅពេលដែលអ្នកដឹកនាំខាងព្រលឹងវិញ្ញាណដែលមើលថែរក្សាពួកជំនុំគួរតែត្រូវបានដកឃ្លាចេញពីកិច្ចការនៃការចែកចាយចំណីអាហារដល់អ្នកក្រីក្រ និងបន្ទុកស្រដៀងគ្នានេះ ដើម្បីឲ្យពួកគេមានពេលទំនេរសម្រាប់បោះជំហានទៅមុខក្នុងការអធិប្បាយដំណឹងល្អ។ ពួកគេនិយាយថា «ដូច្នេះ បងប្អូនអើយ ចូររើសយក៧នាក់ក្នុងពួកអ្នករាល់គ្នា ជាអ្នកមានឈ្មោះល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា នោះយើងខ្ញុំនឹងតាំងគេ ឲ្យត្រួតត្រាលើការងារនេះ ឯយើងខ្ញុំ នឹងខំព្យាយាមក្នុងសេចក្តីអធិដ្ឋាន និងការផ្សាយព្រះបន្ទូលវិញ»។ ដំបូន្មាននេះត្រូវបានអនុវត្ត ហើយដោយការអធិដ្ឋានដាក់ដៃលើ គេបានញែកមនុស្សប្រាំពីរនាក់ចេញជាពិសេសឲ្យបំពេញភារកិច្ចជាអ្នកជំនួយការ។
ការចាត់តាំងមនុស្សប្រាំពីរនាក់ឲ្យទទួលបន្ទុកកិច្ចការពិសេសនេះ បានបង្ហាញពីព្រះពរដ៏ធំដល់ពួកជំនុំ។ ពួកមន្រ្តីទាំងនេះផ្តល់ការយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្ន ក្នុងការចែកចាយតម្រូវការផ្ទាល់ខ្លួន ព្រមទាំងចំណាប់អារម្មណ៍នៃថវិកាទូទៅសម្រាប់ពួកជំនុំផងដែរ ហើយដោយការចាត់ចែងយ៉ាងប្រុងប្រយ័ត្ន និងដោយគំរូនៃព្រះរបស់ពួកគេ ពួកគេបានក្លាយជាជំនួយដ៏សំខាន់ដល់មន្ត្រីដទៃទៀត ក្នុងការរួបរួមគ្នាក្នុងកិច្ចការផ្សេងៗនៃពួកជំនុំ ឲ្យក្លាយជាពួកជំនុំរួមមួយ។
ជំហាននេះគឺជារបៀបរៀបរយរបស់ព្រះ ដែលត្រូវបានបង្ហាញនៅក្នុងលទ្ធផលជាបន្ទាន់សម្រាប់ការល្អដែលគេមើលឃើញ។ «ព្រះបន្ទូលក៏បានផ្សាយទៅកាន់តែច្រើនឡើង ហើយចំនួនពួកសិស្សបានចម្រើនឡើងក្រៃលែង នៅក្រុងយេរូសាឡិម ឯពួកសង្ឃក៏មានសន្ធឹកចុះចូលជឿដែរ»។ ការប្រមូលមនុស្សនេះ កើតឡើងដោយសារសេរីភាពដ៏ទូលំទូលាយដែលពួកសាវ័កបានទទួល និងដោយសារចិត្តពុះកញ្រ្ជោលនិងអំណាចដែលបង្ហាញដោយអ្នកជំនួយការបុរសទាំងប្រាំពីរនាក់នោះ ។ ការដែលបងប្អូនទាំងប្រាំពីរនាក់ត្រូវបានញែកចេញសម្រាប់កិច្ចការដ៏ពិសេសនៃការថែរក្សាសេចក្តីត្រូវការរបស់អ្នកក្រីក្រនេះ ក៏មិនបានផាត់ពួកគេចេញពីការបង្រៀនខាងសេចក្តីជំនឿដែរ ។ ផ្ទុយទៅវិញ ពួកគេមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបង្ហាត់បង្រៀនដល់អ្នកដទៃអំពីសេចក្តីពិត ហើយពួកគេបានចូលរួមនៅក្នុងកិច្ចការដោយភាពស្មោះត្រង់ និងប្រកបដោយជោគជ័យយ៉ាងធំធេង។
ព្រះបានប្រទានកិច្ចការនៃការរីកចម្រើនជាបន្ត ដល់ពួកជំនុំដំបូង គឺការបង្កើតមជ្ឈមណ្ឌលនៃពន្លឺនិងព្រះពរ អ្វីក៏ដោយ មនុស្សស្មោះត្រង់ទាំងនោះសុខចិត្តលះបង់ដើម្បីបម្រើដល់កិច្ចការរបស់ព្រះគ្រិស្ត។ ការប្រកាសដំណឹងល្អត្រូវតែធ្វើជាសកល ហើយអ្នកនាំសារនៃឈើឆ្កាងមិនអាចសង្ឃឹមថានឹងបំពេញបេសកកម្មដ៏សំខាន់របស់ពួកគេនេះបាន ដោយគ្មានការរួបរួមនៅក្នុងចំណងឯកភាពនៃគ្រិស្តបរិស័ទឡើយ ហើយធ្វើដូច្នេះ ពួកគេបានបង្ហាញដល់ពិភពលោកថាពួកគេបានរួបរួមគ្នាតែមួយ ជាមួយនឹងព្រះគ្រិស្តនិងជាមួយនឹងព្រះ។ តើអ្នកដឹកនាំនៃព្រះរបស់ពួកគេមិនបានអធិដ្ឋានទៅព្រះវរបិតាសុំឲ្យ «ពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ នោះសូមទ្រង់រក្សាគេដោយព្រះនាមទ្រង់ផង ដើម្បីឲ្យគេបានរួមគ្នាតែមួយ ដូចជាយើងដែរ» ទេឬអី? ហើយតើព្រះមិនបានប្រកាសពីពួកសាវ័ករបស់ទ្រង់ថា «ហើយលោកិយបានស្អប់គេ ពីព្រោះគេមិនមែនជារបស់លោកិយទេ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកិយដែរ» ទេឬ? តើព្រះអង្គមិនបានអង្វរដល់ព្រះវរបិតា «ដើម្បីឲ្យគេបានគ្រប់លក្ខណ៍ឡើង” “ប្រយោជន៍ឲ្យលោកិយបានជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកពិត» ទេឬអី? (យ៉ូហាន ១៧:១១, ១៤, ២៣, ២១) ជីវិតខាងវិញ្ញាណនិងអំណាចរបស់ពួកគេពឹងផ្អែកទៅលើទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងព្រះដែលបានត្រាស់បង្គាប់ឲ្យពួកគេប្រកាសផ្សាយដំណឹងល្អនោះ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ បងប្អូនអើយ ចូររើសយក៧នាក់ក្នុងពួកអ្នករាល់គ្នាជាអ្នកមានឈ្មោះល្អពេញជាព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា នោះយើងខ្ញុំនឹងតាំងគេឲ្យត្រួតត្រាលើការងារនេះ។ (កិច្ចការ ៦:៣)