កិច្ចការនៃពួកសាវ័ក (ជំពូកទី-០៩)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី២ ជំពូក១៦
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ព្រះបន្ទូលក៏បានផ្សាយទៅកាន់តែច្រើនឡើង ហើយចំនួនពួកសិស្ស បានចំរើនឡើងក្រៃលែង នៅក្រុងយេរូសាឡិម ឯពួកសង្ឃ ក៏មានសន្ធឹកចុះចូលជឿដែរ។ កិច្ចការ ៦:៧
មានតែការរួបរួមជាមួយនឹងព្រះគ្រិស្តប៉ុណ្ណោះទេ ទើបពួកសាវ័កមានសង្ឃឹមថានឹងបានរួបរួមជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ និងសហការជាមួយនឹងទេវតានៃឋានសួគ៌។ ជាមួយនឹងភ្នាក់ងាររបស់ព្រះទាំងពីរនេះ ពួកគេបានបង្ហាញនៅចំពោះពិភពលោកនូវការរួបរួមគ្នានៅចំពោះមុខ និងមានជោគជ័យទៅលើទំនាស់ដែលពួកគេត្រូវបានគេបង្ខំឲ្យតយុទ្ធឥតឈប់ឈរ ប្រឆាំងនឹងអំណាចនៃសេចក្តីងងឹត ។ នៅពេលដែលពួកគេបានបន្តធ្វើការដោយការរួបរួមគ្នា ពួកអ្នកនាំសារនៃឋានសួគ៌បានយាងនាំមុខពួកគេ ដើម្បីរៀបចំផ្លូវ រៀបចំចិត្តមនុស្សសម្រាប់ការទទួលសេចក្តីពិត ហើយពួកគេបានបញ្ចុះបញ្ចូលមនុស្សជាច្រើនឲ្យមកឯព្រះគ្រិស្ត។ នៅពេលដែលពួកគេនៅតែរួបរួមគ្នា ពួកជំនុំនៅតែបោះជំហានទៅមុខជានិច្ច «ស្រស់ល្អដូចជាព្រះចន្ទ ហើយភ្លឺត្រចះដូចជាព្រះអាទិត្យ ក៏គួរស្ញែងខ្លាចដូចជាពលទ័ព មានទាំងទង់ជ័យផង»។ បទចម្រៀង (សាឡូម៉ូន ៦:១០) ។ គ្មានអ្វីអាចទប់ទល់នឹងការជឿនលឿនឆ្ពោះទៅមុខរបស់ពួកជំនុំបានឡើយ។ ពួកជំនុំបានបោះជំហានទៅមុខពីជោគជ័យមួយទៅជោគជ័យមួយ ដោយសម្រេចបានយ៉ាងត្រចះត្រចង់នូវបេសកកម្ម នៃការប្រកាសផ្សាយដំណឹងល្អរបស់ព្រះដល់លោកិយ។
រចនាសម្ព័ន្ធនៃពួកជំនុំនៅតាមកន្លែងផ្សេងៗទៀត ដែលពួកអ្នកនាំសារនៃសេចក្តីពិតបាននាំមនុស្សឲ្យកែប្រែចិត្តមកឯដំណឹងល្អត្រូវតែបម្រើតាមគំរូរបស់រចនាសម្ព័ន្ធនៃពួកជំនុំនៅទីក្រុងយេរូសាឡិម។ អស់អ្នកដែលបានទទួលខុសត្រូវការថែរក្សាដល់ពួកជំនុំជាទូទៅ មិនត្រូវជិះជាន់ដល់មរតករបស់ព្រះឡើយ។ ប៉ុន្តែ ក្នុងនាមជាអ្នកគង្វាលដ៏ឆ្លាតវាងវៃ ពួកគេត្រូវតែ «ឃ្វាលហ្វូងចៀមរបស់ព្រះ … គឺដើម្បីឲ្យបានធ្វើជាគំរូដល់ហ្វូងចៀមវិញប៉ុណ្ណោះ» (ពេត្រុសទី១ ៥:២, ៣) ហើយអ្នកជំនួយការត្រូវតែ «ជាអ្នកមានឈ្មោះល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា»។ ដូច្នេះ ពួកគេនឹងមានឥទ្ធិពលនៃការរួបរួមគ្នាជាមួយហ្វូងចៀមទាំងមូល។
ចំណេរក្រោយមកទៀត នៅក្នុងប្រវត្តិសាស្រ្តនៃពួកជំនុះដំបូង ពេលដែលពួកអ្នកជឿនៅកន្លែងផ្សេងៗនៃពិភពលោកត្រូវបានរៀបចំជាពួកជំនុំ រចនាសម្ព័ន្ធនៃពួកជំនុំក៏កាន់តែមានភាពគ្រប់លក្ខណ៍ឡើង ដូច្នេះ របៀបរៀបរយនិងសកម្មភាពនៃការចុះសម្រុងគ្នានោះត្រូវបានគេថែរក្សា។ សមាជិករាល់រូបត្រូវបានណែនាំឲ្យប្រព្រឹត្តត្រឹមត្រូវទៅតាមផ្នែករៀងៗខ្លួន ។ អ្នកខ្លះត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រទានអំណោយទានពិសេសៗ «មុនដំបូង គឺពួកសាវ័ក ទីពីរពួកគ្រូអធិប្បាយ ទីបីពួកគ្រូបង្រៀន រួចមកមានការឫទ្ធិបារមី មានអំណោយទានជាការប្រោសឲ្យជា ជាការជំនួយ ជាការគ្រប់គ្រង ហើយជាភាសាដទៃផង» (កូរិនថូសទី១ ១២:២៨)។ ប៉ុន្តែ អ្នកធ្វើការគ្រប់ស្រទាប់ទាំងអស់នេះត្រូវតែធ្វើការដោយឯកភាពគ្នា។
«រីឯអំណោយទាន នោះមានផ្សេងៗពីគ្នា តែគឺជាព្រះវិញ្ញាណដដែលទេ ហើយក៏មានមុខងារផ្សេងៗពីគ្នា តែគឺជាព្រះអម្ចាស់ដដែលទេ ព្រមទាំងមានរបៀបធ្វើផ្សេងៗពីគ្នាទៀត តែគឺជាព្រះដដែលនោះឯង ដែលទ្រង់ធ្វើគ្រប់ទាំងអស់ ក្នុងមនុស្សទាំងអស់ ហើយទ្រង់ប្រទានឲ្យព្រះវិញ្ញាណសម្តែងមកក្នុងគ្រប់គ្នា ដើម្បីឲ្យបានកើតផល ដ្បិតទ្រង់ប្រទានឲ្យម្នាក់មានពាក្យសម្តីនៃប្រាជ្ញាវាងវៃ ដោយសារព្រះវិញ្ញាណឲ្យម្នាក់ទៀតមានពាក្យសម្តីនៃចំណេះចេះស្ទាត់ តាមព្រះវិញ្ញាណដដែល ហើយឲ្យម្នាក់ផ្សេងទៀត មានសេចក្តីជំនឿ ដោយនូវព្រះវិញ្ញាណដដែលឲ្យមួយទៀតបានអស់ទាំងអំណោយទាន នឹងអាចប្រោសឲ្យជា ដោយនូវព្រះវិញ្ញាណដដែល ឲ្យមួយទៀតបានសម្តែងការឫទ្ធិបារមី និងឲ្យមួយទៀតចេះអធិប្បាយ ឲ្យមួយទៀតសង្កេតស្គាល់អស់ទាំងវិញ្ញាណ ឲ្យមួយទៀតចេះនិយាយភាសាដទៃទៀត ហើយឲ្យមួយទៀតចេះបកប្រែភាសាដទៃ តែគឺជាព្រះវិញ្ញាណ តែមួយដដែលនោះឯង ដែលធ្វើគ្រប់ការទាំងនោះ ទាំងចែកដល់គ្រប់គ្នាដោយមុខៗផង តាមដែលទ្រង់សព្វព្រះហឫទ័យ ។ ដ្បិតដូចជារូបកាយមួយ មានអវយវៈជាច្រើនតែអវយវៈទាំងនោះ ទោះមានច្រើនក៏ពិត គង់តែរួមគ្នាមកជារូបតែមួយទេ នោះព្រះគ្រិស្តក៏ដូច្នោះដែរ» (កូរិនថូសទី១ ១២:៤-១២)។
អ្នកដែលព្រះបានត្រាស់ហៅឲ្យបំពេញតួនាទីជាអ្នកដឹកនាំពួកជំនុំរបស់ព្រះ មានការទទួលខុសត្រូវយ៉ាងធំ។ នៅសម័យទេវាធិបតេយ្យ (របបដឹកនាំដែលមានព្រះជាប្រមុខ) កាលលោកម៉ូសេកំពុងខិតខំប្រឹងប្រែងទទួលបន្ទុកយ៉ាងធ្ងន់តែម្នាក់ឯង ដែលនឹងនាំឲ្យលោកនឹងថយកម្លាំងទៅនៅក្នុងអំឡុងពេលដ៏ខ្លី នៅក្រោមបន្ទុកទាំងនោះ លោកយេត្រូបានផ្តល់ដំបូន្មានឲ្យរៀបចំផែនការចែកចាយការទទួលខុសត្រូវដ៏ឆ្លាតវាងវៃ លោកយេត្រូបានទូន្មានថា «សូមឲ្យព្រះគង់ជាមួយនឹងឯងផង គឺឲ្យឯងបានឈរជាជំនួសបណ្តាជនទាំងឡាយនៅចំពោះព្រះ ដើម្បីនឹងនាំរឿងគេទាំងប៉ុន្មានទៅទូលដល់ទ្រង់ ហើយឯងនឹងបង្រៀនអស់ទាំង សេចក្តីបញ្ញត្តិ និងច្បាប់ដល់គេ ទាំងបង្ហាញផ្លូវដែលគេត្រូវដើរ និងការដែលគេត្រូវធ្វើដែរ» ។ លោកយេត្រូបានទូន្មានបន្តទៀតថាមនុស្សដែលត្រូវតែងតាំងជាមេដឹកនាំត្រូវតែជា «មនុស្សប៉ិនប្រសប់ ដែលមានចិត្តកោតខ្លាចដល់ព្រះក្នុងពួកជន ជាមនុស្សទៀងត្រង់ដែលស្អប់ការសំណូក» ។ ពួកគេត្រូវតែ «ជំនុំជម្រះពួកជនជាដរាប» ដូច្នេះជាការបន្ធូរបន្ទុកយ៉ាងធ្ងន់ពីលោកម៉ូសេ ក្នុងការពិចារណាអំពីរឿងរ៉ាវតូចតាច ដែលពួកអ្នកជំនួយការដែលមានការលះបង់អាចដោះស្រាយបាន។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឯសុលបានធ្វើទុក្ខដល់ពួកជំនុំខ្លាំងណាស់ ដោយចូលគ្រប់តែផ្ទះចាប់ទាញអូសទាំងប្រុសទាំងស្រីបញ្ជូនទៅដាក់គុក។ ចំណែកអស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ គេដើរចុះឡើងទាំងផ្សាយដំណឹងល្អគឺជាព្រះបន្ទូល។ (កិច្ចការ ៨:៣-៤)