កិច្ចការនៃពួកសាវ័ក (ជំពូកទី-០៩)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី២ ជំពូក១៧
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ ចូរអ្នករាល់គ្នាស្វែងរក ហើយកាន់តាមអស់ទាំងក្រឹត្យក្រមនៃព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ដើម្បីឲ្យបានស្រុកល្អនេះ ទុកជាកេរអាករនៃអ្នករាល់គ្នា ហើយទុកជាមរដកដល់កូនចៅអ្នករាល់គ្នាខាងក្រោយតទៅ។ របាក្សត្រទី១ ២៨:៨
ពេលវេលានិងកម្លាំងរបស់អ្នកដែលព្រះបានរៀបចំទុកសម្រាប់ដាក់ក្នុងតំណែងជាអ្នកដឹកនាំក្នុងពួកជំនុំ គួរតែចំណាយទៅលើដំណោះស្រាយរឿងរ៉ាវធំៗ ដែលតម្រូវការប្រាជ្ញាពិសេស និងចិត្តទូលាយ។ វាមិនមែនជារបៀបរៀបរយរបស់ព្រះទេ ដែលមនុស្សបែបនេះត្រូវបង្ហាញខ្លួននៅក្នុងការដោះស្រាយរឿងរ៉ាវកំប៉ិកកំប៉ុក ដែលអ្នកដទៃក៏មានសមត្ថភាពអាចធ្វើបានដែរនោះ។ «លោកយេត្រូបានស្នើយោបល់ដល់លោកម៉ូសេថា» «ឯអស់ទាំងរឿងណាធំៗ នោះត្រូវឲ្យគេនាំមកដល់ឯង តែបើជារឿងតូចៗទេ ត្រូវឲ្យគេកាត់សេចក្តីដោយខ្លួនគេចុះ នោះឯងនឹងត្រូវបានស្រួលជាង ឯអ្នកទាំងនោះនឹងបានជាជំនួយដល់ឯង បើឯងព្រមធ្វើដូច្នោះ ហើយព្រះទ្រង់ក៏បង្គាប់ផង នោះឯងនឹងនៅឋិតថេរបាន ហើយបណ្តាជននេះនឹងបានទៅដល់កន្លែងគេដោយសុខសាន្តទាំងអស់គ្នាដែរ»។
នៅក្នុងការស្រុះស្រួលគ្នាជាមួយនឹងផែនការនេះ «គឺលោក (ម៉ូសេ) រើសយកមនុស្ស ដែលប៉ិនប្រសប់ក្នុងពួកអ៊ីស្រាអែលទាំងអស់ តាំងឡើងឲ្យធ្វើជាមេត្រួតត្រាលើបណ្តាជនទាំងឡាយ ជាមេលើមនុស្សមួយពាន់នាក់ ជាមេលើមួយរយនាក់ ជាមេលើហាសិបនាក់ ហើយជាមេលើដប់នាក់ ដូច្នោះ អ្នកទាំងនោះក៏ជំនុំជម្រះពួកជនជាដរាបទៅ គេនាំអស់ទាំងរឿងរ៉ាវណាដែលពិបាកៗមកដល់ម៉ូសេ តែអស់ទាំងរឿងរ៉ាវណាដែលតូចៗ នោះគេកាត់សេចក្តីដោយខ្លួនគេវិញ» (និក្ខមនំ ១៨:១៩-២៦)។
ក្រោយមកទៀត នៅពេលជ្រើសរើសអ្នកដឹកនាំចិតសិបនាក់ ដើម្បីចែករំលែកការទទួលខុសត្រូវជាមេដឹកនាំជាមួយនឹងគាត់ លោកម៉ូសេបានជ្រើសរើសដោយប្រុងប្រយ័ត្ន ជាអ្នកជំនួយការរបស់លោក អ្នកនោះត្រូវតែមានភាពថ្លៃថ្នូរ ចេះវិនិច្ឆ័យត្រឹមត្រូវ និងមានបទពិសោធន៍។ នៅក្នុងការទូន្មានដល់មេដឹកនាំទាំងនេះ នៅពេលបំពេញសិទ្ធឲ្យកាន់មុខតំណែងរបស់ពួកគេ លោកបានរៀបរាប់សង្ខេបអំពីគុណសម្បត្តិមួយចំនួន ដែលតម្រូវឲ្យមនុស្សមានលក្ខណៈសមស្របជាអ្នកដឹកនាំពួកជំនុំ។ លោកម៉ូសេបានមានប្រសាសន៍ថា «នៅវេលានោះ អញក៏បានផ្តាំនឹងពួកកូនចៅក្រមនៃឯងរាល់គ្នាថា ចូរប្រុងស្តាប់រឿងក្តីរបស់ពួកបងប្អូនអ្នករាល់គ្នាចុះ ហើយជំនុំជម្រះដល់បង និងប្អូន និងអ្នកដែលស្នាក់នៅជាមួយនឹងគេដោយយុត្តិធម៌ មិនត្រូវឲ្យអ្នករាល់គ្នាល្អៀងទៅខាងណាក្នុងការកាត់ក្តីឡើយ ត្រូវស្តាប់អ្នកតូចដូចជាអ្នកធំដែរ មិនត្រូវខ្លាចមុខមនុស្សណាឲ្យសោះ ដ្បិតការវិនិច្ឆ័យ នោះស្រេចនៅព្រះវិញ ឯរឿងណាដែលពិបាកពេកដល់អ្នករាល់គ្នា នោះត្រូវនាំមកឯខ្ញុំវិញ ខ្ញុំនឹងជំនុំជម្រះឲ្យ» (ចោទិយកថា ១:១៦, ១៧)។
នៅចុងរជ្ជកាលរបស់ទ្រង់ ស្តេចដាវីឌបានប្រទានដំបូន្មានដ៏ឧឡារិកដល់អ្នកដែលទទួលបន្ទុកបម្រើកិច្ចការរបស់ព្រះនៅសម័យព្រះអង្គ។ ដោយកោះហៅឲ្យប្រជារាស្រ្តមកជួបជុំគ្នានៅទីក្រុងយេរូសាឡិម «ដែលជាប្រធានក្នុងសាសន៍អ៊ីស្រាអែល ពួកចៅហ្វាយនៃពូជអំបូរទាំងប៉ុន្មាន ពួកនាយដែលត្រួតលើពួកអ្នកផ្គត់ផ្គង់ស្បៀងថ្វាយស្តេចតាមវេន ពួកមេទ័ពធំតូច ពួកអ្នកដែលត្រួតលើព្រះរាជ្យទ្រព្យរបស់ស្តេច និងពួកបុត្រាទ្រង់ទាំងប៉ុន្មាន និង ពួកឧកញ៉ា គឺជាពួកខ្លាំងពូកែ» ព្រះរាជាដ៏ចំណាស់នេះបានទូន្មានដល់ពួកគេថា «ឥឡូវនេះ អ្នករាល់គ្នានៅចំពោះពួកអ៊ីស្រាអែលទាំងអម្បាលមា៉ន ជាពួកជំនុំនៃព្រះយេហូវ៉ា ហើយនៅចំពោះព្រះនៃយើងរាល់គ្នា»
ដូច្នេះ «ចូរអ្នករាល់គ្នាស្វែងរក ហើយកាន់តាមអស់ទាំងក្រឹត្យក្រមនៃព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ដើម្បីឲ្យបានស្រុកល្អនេះ ទុកជាកេរអាករនៃអ្នក រាល់គ្នា ហើយទុកជាមរតកដល់កូនចៅអ្នករាល់គ្នាខាងក្រោយតទៅ» (របាក្សត្រទី១ ២៨:១-៨)។
ស្តេចដាវីឌបានប្រទានដំបូន្មានជាពិសេសដល់ស្តេចសាឡូម៉ូន ជាការត្រាស់ហៅឲ្យកាន់តំណែងជាមេដឹកនាំថា៖ «ហើយឯឯង ឱសាឡូម៉ូនជាកូន អញអើយ ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្តិតាម ទ្រង់ ដោយអស់ពីចិត្ត ហើយស្ម័គ្រស្មោះផង ដ្បិតព្រះយេហូវ៉ាទ្រង់ស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្តីដែលយើងគិតដែរ បើឯងរកទ្រង់ នោះនឹង បានឃើញមែន តែបើឯងបោះបង់ចោលទ្រង់វិញ នោះទ្រង់ក៏នឹងបោះបង់ចោលឯងជាដរាបទៅ ឥឡូវនេះ ចូរឯងប្រុងប្រយ័ត្ន ដ្បិតព្រះយេហូវ៉ាបាន រើសឯង … ដូច្នេះ ចូរឯងមានកម្លាំងឡើង ហើយធ្វើសម្រេចចុះ» (របាក្សត្រទី១ ២៨:៩, ១០)។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឯសុលបានធ្វើទុក្ខដល់ពួកជំនុំខ្លាំងណាស់ ដោយចូលគ្រប់តែផ្ទះចាប់ទាញអូសទាំងប្រុសទាំងស្រីបញ្ជូនទៅដាក់គុក។ ចំណែកអស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ គេដើរចុះឡើងទាំងផ្សាយដំណឹងល្អគឺជាព្រះបន្ទូល។ (កិច្ចការ ៨:៣-៤)