ថ្ងៃអង្គារ ទី២៨​ ខែកក្កដា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-០៩)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី២ ជំពូក១៨

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិត​គួរ​ឲ្យ​អ្នក​ដែល​ត្រួត​ត្រា​បាន​ឥត​សៅហ្មង ដូច​ជា​អ្នក​ជំនួយ​របស់​ព្រះ​ដែរ មិន​ត្រូវ​មាន​ចិត្ត​មានះ ឆាប់​ខឹង ចំណូល​ស្រា ច្រឡោត ឬ​ស៊ី​សំណូក​ឡើយ ត្រូវ​មាន​ចិត្ត​ចៅរ៉ៅ ស្រឡាញ់​ការ​ល្អ មាន​ចិត្ត​ធ្ងន់ធ្ងរ ហើយ​សុចរិត បរិសុទ្ធ ដឹង​ខ្នាត​វិញ។ ទីតុស ១:៧-៨

ពួកអ្នកដែលព្រះបានប្រទានបន្ទុកនៃកិច្ចការដឹកនាំរចនាសម្ព័ន្ធនៃពួកជំនុំថ្មី នៅក្នុងការចែកចាយដំណឹងល្អ ក៏ត្រូវតែធ្វើតាមគោលការណ៍នៃសេចក្តីស្រឡាញ់ដោយគោរព និងសេចក្តីយុត្តិធម៌ ដូចគ្នានឹងការបានណែនាំអ្នកដឹកនាំនាសម័យលោកម៉ូស និងសម័យស្តេចដាវីឌនោះដែរ។ នៅក្នុងការរៀបចំ កិច្ចការឲ្យមានរបៀបរៀបរយក្នុងពួកជំនុំ និងការញែកមនុស្សដែលមានសមត្ថភាពឲ្យបំពេញតួនាទីជាមន្រ្តីផ្សេងៗ ពួកសាវ័កបានប្រកាន់ខ្ជាប់នូវស្តង់ដារនៃភាពជាអ្នកដឹកនាំយ៉ាងខ្ពស់ ដែលបានសង្ខេបនៅក្នុងគម្ពីរសញ្ញាចាស់។ ពួកគេបានអះអាងថា អ្នកណាដែលត្រូវបានត្រាស់ហៅឲ្យទទួលខុសត្រូវលើពួកជំនុំ «គួរឲ្យអ្នកដែលត្រួតត្រាបានឥតសៅហ្មង ដូចជាអ្នក ជំនួយរបស់ព្រះដែរ មិនត្រូវមានចិត្តមានះ ឆាប់ខឹង ចំណូលស្រា ច្រឡោត ឬស៊ីសំណូកឡើយ ត្រូវមានចិត្តចៅរ៉ៅ ស្រឡាញ់ការល្អ មានចិត្តធ្ងន់ធ្ងរ ហើយសុចរិត បរិសុទ្ធ ដឹងខ្នាតវិញ ព្រមទាំងកាន់ខ្ជាប់ តាមព្រះបន្ទូលដ៏ពិត ដូចជាបានបង្រៀនមកយើងហើយ ដើម្បីឲ្យអាចនឹងកម្សាន្តចិត្តគេ ដោយ សេចក្តីបង្រៀនដ៏ត្រឹមត្រូវ ហើយឲ្យបានផ្ចាញ់ដល់ពួកអ្នកដែលស្រដីទទឹង» (ទីតុស ១:៧-៩)។

របៀបរៀបរយដែលគេបានរក្សានៅក្នុងពួកជំនុំគ្រិស្តបរិស័ទដំបូងធ្វើឲ្យពួកគេអាចបោះជំហានទៅមុខយ៉ាងរឹងមាំ ដូចជាកងទ័ពដ៏មានវិន័យដែលបំពាក់ដោយគ្រឿងសឹករបស់ព្រះ ទោះបីជាត្រូវបែកគ្នាទៅរស់នៅក្នុងដែនដីដ៏ធំធេងយ៉ាងណាក៏ដោយ ក៏ក្រុមនៃអ្នកមានជំនឿនៅតែជាសមាជិកនៃរាងកាយតែមួយដដែលដែរ ទាំងអស់គ្នារួបរួមសាមគ្គីគ្នាស្រុះស្រួលគ្នា ទៅ វិញទៅមក។ នៅពេលមានវិវាទកើតឡើងនៅក្នុងពួកជំនុំមូលដ្ឋាន ខណៈ ដែលក្រោយមកកើតឡើងនៅអាន់ទីយ៉ូក និងនៅទីកន្លែងផ្សេងៗ ហើយពួកអ្នកមានជំនឿមិនអាចឈានដល់ការព្រមព្រៀងគ្នាក្នុងចំណោមពួកគេ ពួកគេមិនបណ្តោយឲ្យបញ្ហានេះបង្កើតការបែងចែកនៅក្នុងពួកជំនុំឡើយ ប៉ុន្តែ ពួកគេបានបញ្ជូនរឿងនោះទៅកាន់ក្រុមប្រឹក្សាកណ្តាលនៃពួកអ្នកមានជំនឿ ដែលបង្កើតឡើងដោយប្រតិភូមកពីពួកជំនុំមូលដ្ឋានផ្សេងៗ ជាមួយនឹងពួក សាវ័កនិងពួកមេដឹកនាំដែលមានតួនាទីក្នុងការដឹកនាំផ្សេងៗ។ ដូច្នេះ ការខំប្រឹងប្រែងរបស់សាតាំងដើម្បីវាយប្រហារមកលើពួកជំនុំនៅក្នុងកន្លែងដាច់ស្រយាលត្រូវបានជួបប្រទះនឹងសកម្មភាពនៃការរួបរួមគ្នានៅគ្រប់ផ្នែកទាំងអស់ ហើយផែនការរបស់សត្រូវដើម្បីរំខាននិងបំផ្លាញដល់ពួកជំនុំក៏ត្រូវបានទប់ស្កាត់។

«ដ្បិតព្រះទ្រង់មិនមែនជាព្រះនៃសេចក្តីវឹកវរទេ គឺទ្រង់ជាព្រះនៃសេចក្តីសុខសាន្តវិញ ដូចក្នុងអស់ទាំងពួកជំនុំរបស់ពួកបរិសុទ្ធដែរ» (កូរិនថូសទី១ ១៤:៣៣) ។ ព្រះអង្គតម្រូវឲ្យរក្សារបៀបរៀបរយនិងប្រព័ន្ធនៅក្នុងការដឹកនាំនៃកិច្ចការរបស់ពួកជំនុំនាពេលបច្ចុប្បននេះ មិនឲ្យអន់ថយជាងសម័យដើម ឡើយ។ ព្រះអង្គប្រាថ្នាចង់ឲ្យព្រះរាជកិច្ចរបស់ទ្រង់ត្រូវបានអនុវត្តឆ្ពោះទៅមុខដោយភាពហ្មត់ចត់និងភាពត្រឹមត្រូវ ដើម្បីឲ្យទ្រង់អាចបោះត្រាទទួលយកកិច្ចការនោះ។ គ្រិស្តបរិស័ទត្រូវតែរួបរួមជាមួយនឹងគ្រិស្តបរិស័ទ ពួកជំនុំ ជាមួយនឹងពួកជំនុំ មនុស្សដែលជាឧបករ សហការណ៍ជាមួយនឹងព្រះ ភ្នាក់ងារក្រោមបង្គាប់ទាំងឡាយ រួបរួមជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ ហើយទាំងអស់គ្នារួបរួមក្នុងការចែកចាយដំណឹងពីសេចក្តីស្រឡាញ់ដ៏បវរនៃព្រះគុណរបស់ព្រះ ដល់ពិភពលោកទាំងមូល។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឯ​សុល​បាន​ធ្វើ​ទុក្ខ​ដល់​ពួក​ជំនុំ​ខ្លាំង​ណាស់ ដោយ​ចូល​គ្រប់​តែ​ផ្ទះចាប់​ទាញ​អូស​ទាំង​ប្រុស​ទាំង​ស្រីបញ្ជូន​ទៅ​ដាក់​គុក។ ចំណែក​​អស់​​អ្នក​ដែល​ត្រូវ​ខ្ចាត់ខ្ចាយ​នោះ គេ​ដើរ​ចុះ​ឡើង​ទាំង​ផ្សាយ​ដំណឹង​ល្អគឺ​ជា​ព្រះបន្ទូល។ (កិច្ចការ ៨:៣-៤)

Powered by CAM