កិច្ចការនៃពួកសាវ័ក (ជំពូកទី-១០)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ៦:៥-១៥ ដល់ជំពូក៧។
ទុក្ករបុគ្គល (អ្នកសុខចិត្តស្លាប់ដោយសារជំនឿ) គ្រិស្តបរិស័ទដំបូងបង្អស់
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី២ ជំពូក១៩
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់ ហើយនិងប្រាជ្ញាវិញ ដែលពួកអ្នកតតាំងពុំអាចនឹងឆ្លើយឆ្លង ឬទទឹងទាស់បានឡើយ។ លូកា ២១:១៥
លោកស្ទេផានជាមនុស្សសំខាន់ជាងគេ នៅក្នុងចំណោមអ្នកជំនួយការទាំងប្រាំពីរនាក់នោះ លោកជាមនុស្សដែលមានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ និងមានជំនឿដ៏ទូលំទូលាយ ទោះបីជាលោកមានកំណើតជាសាសន៍យូដាក៏ដោយ ក៏លោកអាចនិយាយភាសាក្រិក និងស្គាល់ប្រពៃណីនិងលក្ខណៈរបស់សាសន៍ក្រិកយ៉ាងច្បាស់ផងដែរ។ ហេតុដូច្នេះ លោកបានរកឱកាសអធិប្បាយដំណឹងល្អនៅក្នុងសាលាប្រជុំរបស់សាសន៍យូដាដែលនិយាយភាសាក្រិក។ លោកជាមនុស្សដែលសកម្មក្នុងកិច្ចការរបស់ព្រះគ្រិស្ត ហើយបានប្រកាសពីជំនឿរបស់លោកយ៉ាងក្លាហាន។ ពួកគ្រូអាចារ្យដែលមានចំណេះដឹងខ្ពស់ និងពួកបណ្ឌិតច្បាប់បានចូលមកជជែកជាសាធារណៈជាមួយនឹងលោក ដោយរំពឹងជឿជាក់ថានឹងទទួលបានជ័យជម្នះយ៉ាងងាយស្រួល។ ប៉ុន្តែ «គេពុំអាចទប់ទល់នឹងប្រាជ្ញា ហើយនិងព្រះវិញ្ញាណ ដែលគាត់អាងនឹងនិយាយនោះបានទេ»។ លោកមិនមែនគ្រាន់តែនិយាយនៅក្នុងព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែ សម្តីរបស់លោកបានបញ្ជាក់ច្បាស់ថាលោកជាសិស្សនៃសេចក្តីទំនាយ ហើយបានសិក្សាអំពីច្បាប់គ្រប់បែបយ៉ាង ។ លោកបានការពារសេចក្តីពិតដែលលោកបានគាំទ្រ និងយកជ័យជម្នះលើគូប្រជែងរបស់លោកយ៉ាងគួរជាទីពេញចិត្ត។ លោកគឺជាមនុស្សដែលសម្រេចតាមបទទំនាយដែលបានចែងថា «ដូច្នេះ ចូរសម្រេចក្នុងចិត្តថា អ្នករាល់គ្នានឹងមិនគិតជាមុន អំពីពាក្យដែលត្រូវដោះសាទេ ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់ ហើយនិងប្រាជ្ញាវិញ ដែលពួកអ្នកតតាំងពុំអាចនឹងឆ្លើយឆ្លង ឬទទឹងទាស់បានឡើយ» (លូកា ២១:១៤, ១៥)។
នៅពេលដែលពួកសង្ឃនិងពួកមេសាសនាបានឃើញមានអំណាចនៅជាមួយនឹងការអធិប្បាយរបស់លោកស្ទេផានដូច្នេះ ពួកគេមានកំហឹងយ៉ាងជូរចត់។ ជំនួសឲ្យការទោរទន់ទៅរកភ័ស្តុតាងដែលលោកបានបង្ហាញ ពួកគេបានប្តេជ្ញាថា នឹងបំបាត់សំឡេងគាត់ដោយសម្លាប់គាត់បង់។ ពួកគេបានសូកប៉ាន់រដ្ឋអំណាចរ៉ូមជាច្រើនដង ឲ្យប្រគល់អំណាចមកក្នុងកណ្តាប់ដៃពួកយូដា ហើយសាកសួរ កាត់ទោស និងប្រហារជីវិតដល់អ្នកទោសទៅតាមទម្លាប់នៃប្រទេសរបស់គេ។ សត្រូវរបស់លោកស្ទេផានមិនបានសង្ស័យឡើយថាពួកគេអាចអនុវត្តទង្វើនេះម្តងទៀត ដោយមិនមានគ្រោះថ្នាក់ដល់ខ្លួនគេនោះឡើយ។ ពួកគេបានតាំងចិត្តប្រថុយនឹងគ្រោះថ្នាក់ដែលកើតឡើងពីទង្វើនេះ ហើយបានហ៊ុំព័ទ្ធលោកស្ទេផាន រួចចាប់នាំលោកមកកាន់ក្រុមប្រឹក្សាសាន់ហុីឌ្រីនដើម្បីកាត់ទោស។
ពួកអ្នកប្រាជ្ញសាសន៍យូដាបានប្រមូលគ្នាមកពីជុំវិញប្រទេស ដើម្បីជជែកតទល់ជាមួយនឹងអ្នកទោសនេះ។ លោកសុលជាអ្នកស្រុលតើសុសក៏បាននៅទីនោះ ហើយមានចំណែកក្នុងការដឹកនាំប្រឆាំងនឹងស្ទេផានដែរ។ លោកសុលបាននាំមកនូវទម្ងន់នៃវោហារកោសល្យ និងតក្កវិជ្ជានៃពួកគ្រូអាចារ្យមកបញ្ចេញនៅក្នុងករណីនេះ ដើម្បីទាក់ទាញពួកបណ្តាជនឲ្យជឿថាលោកស្ទេផានកំពុងអធិប្បាយអំពីគោលលទ្ធិបោកបញ្ឆោត និងមានគ្រោះថ្នាក់ ប៉ុន្តែ ចំណែកលោកស្ទេផានវិញ លោកបានជួបនឹងអ្នកដែលយល់យ៉ាងច្បាស់អំពីព្រះរាជគោលបំណងរបស់ព្រះ នៅក្នុងការអធិប្បាយដំណឹងល្អដល់សាសន៍ដទៃ។
ដោយសារពួកសង្ឃនិងពួកមេសាសនា មិនអាចយកជ័យជម្នះលើប្រាជ្ញាយ៉ាងច្បាស់លាស់និងស្ងៀមស្ងាត់របស់លោកស្ទេផានបាន ពួកគេបានប្តេជ្ញាចិត្តធ្វើឲ្យលោកក្លាយជាគំរូមួយ ហើយនៅពេលដែលការធ្វើដូច្នេះបានបំពេញសម្អប់ដ៏ឃោរឃៅរបស់ពួកគេ ពួកគេបានការពារអ្នកដទៃមិនឲ្យទទួលយកជំនឿរបស់លោក ដោយការភ័យខ្លាច។ ពួកគេបានជួលសាក្សីក្លែងក្លាយឲ្យធ្វើទីបន្ទាល់ក្លែងថា ពួកគេបានឮលោកនិយាយប្រមាថដល់ព្រះវិហារនិងប្រមាថដល់ក្រឹត្យវិន័យផង។ ពួកសាក្សីទាំងនេះបានថ្លែងថា «ដ្បិតយើងខ្ញុំបានឮវាថា ឈ្មោះយេស៊ូវ ពីស្រុកណាសារ៉ែតនោះនឹងបំផ្លាញទីនេះបង់ ព្រមទាំងបំផ្លាស់បំប្រែទំនៀមទម្លាប់ ដែលលោកម៉ូសេបានទុកឲ្យយើងរាល់គ្នាចេញ»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឯសុលបានធ្វើទុក្ខដល់ពួកជំនុំខ្លាំងណាស់ ដោយចូលគ្រប់តែផ្ទះចាប់ទាញអូសទាំងប្រុសទាំងស្រីបញ្ជូនទៅដាក់គុក។ ចំណែកអស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ គេដើរចុះឡើងទាំងផ្សាយដំណឹងល្អគឺជាព្រះបន្ទូល។ (កិច្ចការ ៨:៣-៤)