កិច្ចការនៃពួកសាវ័ក (ជំពូកទី-០៤)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី១ ជំពូក២៤
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ពេត្រុសឆ្លើយតបថា ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ ។ កិច្ចការ ២:៣៨
លោកពេត្រុសមិនបាននិយាយសំដៅទៅលើការបង្រៀនរបស់ព្រះគ្រិស្តដើម្បីបញ្ជាក់ពីតួនាទីរបស់លោកទេ ពីព្រោះលោកបានដឹងថាពួកអ្នកដែលស្តាប់គាត់គេមានការប្រកាន់ពូជសាសន៍ខ្លាំងណាស់ ដែលធ្វើឲ្យសម្តីរបស់លោកទាក់ទងនឹងប្រធានបទនេះ មិនមានប្រសិទ្ធិភាពឡើយ។ ផ្ទុយទៅវិញ លោកបាននិយាយប្រាប់ពួកគេពីហ្លួងដាវីឌ ដែលពួកយូដាបានចាត់ទុកថាជាចាស់ទុំម្នាក់នៃសាសន៍របស់គេ។ លោកបានថ្លែងថា «ដ្បិតហ្លួងដាវីឌមានព្រះបន្ទូលពីទ្រង់ថា ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ពីព្រោះទ្រង់សណ្ឋិតនៅខាងដៃស្តាំទូលបង្គំ ដើម្បីមិនឲ្យទូលបង្គំត្រូវរង្គើឡើយ ហេតុនោះបានជាចិត្តទូលបង្គំមានសេចក្តីអំណរ ហើយអណ្តាតទូលបង្គំក៏ថ្លែង ដោយសេចក្តីត្រេកអរមួយទៀត រូបសាច់ទូលបង្គំនឹងស្នាក់នៅដោយសេចក្តីសង្ឃឹមដែរ ដ្បិតទ្រង់នឹងមិនទុកព្រលឹងទូលបង្គំឲ្យជាប់នៅក្នុងឋានឃុំព្រលឹងមនុស្សស្លាប់ទេ ក៏មិនឲ្យអ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្តីពុករលួយដែរ … ឱបងប្អូនរាល់គ្នាអើយ ខ្ញុំមានច្បាប់នឹងថ្លែងប្រាប់ដល់អ្នករាល់គ្នាយ៉ាងច្បាស់ ពីហ្លួងដាវីឌ ជាអយ្យកោថា លោកបានទាំងសុគត ហើយគេបានបញ្ចុះសពលោកដែរ ផ្នូរលោកក៏នៅជាមួយនឹងយើងរាល់គ្នា ដរាបដល់សព្វថ្ងៃនេះ» … «លោកសម្តែងពីព្រះគ្រិស្តត្រូវរស់ឡើងវិញថា ព្រលឹងទ្រង់មិនត្រូវទុកចោល នៅក្នុងឋានឃុំព្រលឹងមនុស្សស្លាប់ទេ ហើយរូបសាច់ទ្រង់មិនត្រូវឃើញសេចក្តីពុករលួយឡើយ ឯព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយពួកយើងនេះជាទីបន្ទាល់ពីទ្រង់ទាំងអស់គ្នា»។
សេចក្តីថ្លែងនេះធ្វើឲ្យពួកបណ្តាជនចាប់អារម្មណ៍យ៉ាងក្រៃលែង។ មើលន៍ មនុស្សម្នាបានមកពីគ្រប់ទិសទី ដើម្បីស្តាប់ទីបន្ទាល់ពីសេចក្តីពិតរបស់ពួកសាវ័ក ដូចជាពួកបណ្តាជនបានមកស្តាប់ព្រះយេស៊ូវដែរ។ នៅក្នុងចំណោមមនុស្សជាច្រើនកុះករនៅក្នុងព្រះវិហារ ពួកសង្ឃនិងពួកមេដឹកនាំសាសនាក៏នៅទីនោះដែរ ពួកគេប្រច្រៀតចូលទៅទាំងមុខក្រញូវ មានចិត្តពោរពេញដោយសម្អប់ទាស់នឹងព្រះគ្រិស្ត ដៃរបស់ពួកគេនៅប្រឡាក់ឈាមដែលបានខ្ចាយនៅពេលដែលពួកគេបានឆ្កាងព្រះដ៏ប្រោសលោះនោះនៅឡើយ។ ពួកគេបានគិតថានឹងបំភ័យដល់ពួកសាវ័កដោយការភ័យខ្លាច នៅក្រោមដៃនៃការកៀបសង្កត់និងការកាប់សម្លាប់ដ៏សាហាវ ពូកគេបានរកឃើញថាព្រះបានលើកពួកសាវ័កឲ្យផុតពីការភ័យខ្លាច និងពេញដោយព្រះវិញ្ញាណ ដោយប្រកាសពីភាពជាព្រះរបស់ព្រះយេស៊ូវពីស្រុកណាសារ៉ែតដោយអំណាចទៅវិញ ពួកគេបានឮពួកសាវ័កប្រកាសថាអ្នកដែលទើបនឹងត្រូវបានប្រមាថ ចំអកមើលងាយ និងវាយតប់ ហើយព្យួរនៅលើឈើឆ្កាង ដោយដៃដ៏ឃោរឃៅកាលពីពេលថ្មីៗនេះ គឺជាព្រះអម្ចាស់នៃជីវិត ឥឡូវនេះ ព្រះអង្គកំពុងតែគង់នៅខាងស្តាំនៃព្រះវរបិតា។
ពួកអ្នកដែលកំពុងស្តាប់ពួកសាវ័កនេះ មួយចំនួនធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការចោទប្រកាន់ និងការសុគតរបស់ព្រះគ្រិស្ត។ ពួកគេបានបន្លឺសំឡេងជាមួយនឹងក្រុមមនុស្សអាក្រក់ក្នុងការឆ្កាងទ្រង់។ នៅពេលដែលព្រះយេស៊ូវនិងបារ៉ាបាសបានឈរនៅចំពោះពួកគេ ក្នុងបន្ទប់ជំនុំជម្រះ នោះលោកពីឡាត់បានសួរថា «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំលែងឈ្មោះណា បារ៉ាបាស ឬយេស៊ូវ ដែលហៅថា ព្រះគ្រិស្ត»។ ពួកគេបានស្រែកឡើងថា «កុំលែងអ្នកនោះឡើយ សូមលែងបារ៉ាបាសវិញ» (ម៉ាថាយ ២៧:១៧ និង យ៉ូហាន ១៨:៤០)។ នៅពេលលោកពីឡាត់បានប្រគល់ព្រះយេស៊ូវទៅឲ្យពួកគេ ដោយនិយាយថា «ត្រូវឲ្យអ្នករាល់គ្នាយកគាត់ទៅឆ្កាងវិញ ដ្បិតខ្ញុំមិនឃើញជាមានទោសអ្វីទេ»។ «ខ្ញុំគ្មានទោសនឹងឈាមនៃអ្នកសុចរិតនេះទេ»។ ពួកបណ្តាជនក៏ស្រែកឡើងថា «ចូរឲ្យឈាមវាធ្លាក់មកលើយើងរាល់គ្នា និងកូនចៅរបស់យើងចុះ» (យ៉ូហាន ១៩:៦ និង ម៉ាថាយ ២៧:២៤, ២៥)។
ឥឡូវនេះ ពួកគេបានឮពួកសាវ័កប្រកាសថាអ្នកដែលពួកគេបានឆ្កាងនោះគឺជាព្រះរាជបុត្រានៃព្រះ។ ពួកសង្ឃនិងពួកមេសាសនាបានភ័យញ័រ។ ដោយដឹងកំហុសខ្លួន និងការទង្គឹះចិត្តពួកបណ្តាជន «គេមានសេចក្តីចាក់ចុចក្នុងចិត្ត ក៏សួរពេត្រុស និងពួកសាវ័កឯទៀតថា បងប្អូនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្តេច?» នៅក្នុងចំណោមពួកអ្នកស្តាប់ពួកសាវ័កនោះ មានពួកយូដាដែលមានជំនឿមុតមាំ ដែលមានជំនឿស្មោះត្រង់ដែរ។ អំណាចដែលអមជាមួយនឹងសម្តីរបស់ពួកសាវ័កបានបណ្តាលឲ្យពួកគេជឿជាក់ថាព្រះយេស៊ូវគឺជាព្រះមែស្ស៊ី។
«ពេត្រុសឆ្លើយតបថា ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រិស្តប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ ដ្បិតសេចក្តីសន្យានោះ គឺសន្យាដល់អ្នករាល់គ្នា និងកូនចៅអ្នករាល់គ្នា ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណាដែលព្រះអម្ចាស់ជាព្រះនៃយើងរាល់គ្នាទ្រង់នឹងហៅ»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមទតមើលសេចក្តីកំហែងរបស់គេ ហើយសូមប្រទានឲ្យពួកអ្នកបំរើទ្រង់បានផ្សាយព្រះបន្ទូល ដោយសេចក្តីក្លាហានដ៏ពេញលេញដោយទ្រង់លូកព្រះហស្តមក សំរាប់នឹងប្រោសមនុស្សឲ្យបានជា ហើយនិងធ្វើទីសំគាល់ និងការអស្ចារ្យដោយសារព្រះនាមព្រះយេស៊ូវ ជាអ្នកបំរើបរិសុទ្ធរបស់ទ្រង់។ (កិច្ចការ ៤:២៩-៣០)