ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី-១០)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី២ ជំពូក២០
ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែអស់អ្នកដែលអង្គុយនៅក្នុងក្រុមជំនុំ ក៏ជាប់ភ្នែកមើលមុខគាត់ ឃើញដូចជាមុខទេវតា។ កិច្ចការ ៦:១៥
នៅពេលដែលលោកស្ទេផានបានឈរទល់មុខនឹងចៅក្រមរបស់លោក ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ពីបទប្រមាថនោះ ពន្លឺរស្មីដ៏បរិសុទ្ធបានចែងចាំងនៅលើមុខលោក ហើយ «អស់អ្នកដែលអង្គុយនៅក្នុងក្រុមជំនុំ ក៏ជាប់ភ្នែកមើលមុខគាត់ ឃើញដូចជាមុខទេវតា» មនុស្សជាច្រើនដែលបានឃើញពន្លឺនេះ បានញ័ររន្ធត់ ហើយគ្របមុខរបស់ខ្លួន ប៉ុន្តែ ពួកអ្នកដឹកនាំសាសនាដែលមានចិត្តរឹងរួសនៅតែមិនរង្គើដដែល។
នៅពេលដែលគេបានសាកសួរលោកស្ទេផាន ពីការចោទប្រកាន់ទាស់នឹងគាត់ថាជាការពិត លោកបានចាប់ផ្តើមការពារខ្លួនដោយសំឡេងរលាក់និងច្បាស់ៗ ដែលឮទ្រហឹងពេញសាលជំនុំជម្រះ។ លោកបានបង្រៀនអំពីប្រវត្តិសាស្រ្តនៃរាស្រ្តដែលព្រះបានជ្រើសរើស នៅក្នុងពាក្យសម្តីដែលធ្វើឲ្យពួកបណ្តាជនដែលប្រជុំគ្នានោះចាប់ចិត្តយ៉ាងក្រៃលែង។ លោកបានបង្ហាញពីចំណេះដឹងខាងសេដ្ឋកិច្ចរបស់សាសន៍យូដាយ៉ាងហ្មត់ចត់ និងការបកស្រាយខាងព្រលឹងវិញ្ញាណ ដែលឥឡូវនេះបានបង្ហាញយ៉ាងច្បាស់តាមរយៈព្រះគ្រិស្ត។ លោកបានរំឭកពីប្រសាសន៍របស់លោកម៉ូសេ ដែលបានទស្សទាយអំពីព្រះមែស្ស៊ី៖ «ព្រះអម្ចាស់ដ៏ជាព្រះនៃអ្នករាល់គ្នា ទ្រង់នឹងបង្កើតហោរាម្នាក់ ពីពួកបងប្អូនអ្នករាល់គ្នាមក ឲ្យដូចជាខ្ញុំ ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះចុះ»។ លោកបានបញ្ជាក់ប្រាប់យ៉ាងច្បាស់អំពីភក្តីភាពរបស់លោកចំពោះព្រះ និងចំពោះជំនឿរបស់សាសន៍យូដា នៅពេលដែលលោកបានបង្ហាញថាច្បាប់ដែលសាសន៍យូដាបានទុកចិត្តសម្រាប់សេចក្តីសង្រ្គោះនោះមិនអាចជួយសង្រ្គោះរាស្រ្តអ៊ីស្រាអែលចេញពីការថ្វាយបង្គំរូបព្រះបានទេ។ លោកបានយោងទៅការសាងសង់ព្រះវិហារដោយស្តេចសាឡូម៉ូន និងទៅព្រះបន្ទូលរបស់ស្តេចសាឡូម៉ូន និងប្រសាសន៍របស់ហោរាអេសាយថា៖ «ប៉ុន្តែ ឯព្រះដ៏ខ្ពស់បំផុត ទ្រង់មិនគង់នៅក្នុងព្រះវិហារ ដែលដៃមនុស្សធ្វើនោះឡើយ ដូចជាហោរាបានទាយថាឋានសួគ៌ជាបល្ល័ង្កអញ ហើយផែនដីជាកំណល់កល់ជើងអញ ព្រះអម្ចាស់មានព្រះបន្ទូលថា តើឯងរាល់គ្នានឹងស្អាងដំណាក់ណាឲ្យអញ ឬកន្លែងណាឲ្យអញឈប់សម្រាកបាន តើមិនមែនដៃអញ ដែលបង្កើតរបស់ទាំងនេះទេឬអី?»
នៅពេលលោកស្ទេផានមានប្រសាសន៍ដល់ចំណុចនេះ នោះមានភាពជ្រួលច្របល់នៅក្នុងចំណោមពួកបណ្តាជនឡើង។ នៅពេលលោកបានភ្ជាប់ព្រះគ្រិស្តទៅនឹងបទទំនាយនិងបាននិយាយដូចកាលលោកបាននិយាយនៅក្នុងព្រះវិហារនោះ ពួកសង្ឃបានធ្វើពុតជាមានការរន្ធត់ជាខ្លាំងដោយបានហែកអាវរបស់ខ្លួន។ ចំពោះលោកស្ទេផានសកម្មភាពនេះគឺជាសញ្ញាបញ្ជាក់ថាសំឡេងរបស់លោកនឹងត្រូវស្ងៀមស្ងាត់ជារៀងរហូត។ លោកបានឃើញការប្រឆាំងទាស់នឹងសម្តីរបស់លោក ហើយលោកក៏ដឹងផងដែរថាលោកកំពុងតែធ្វើទីបន្ទាល់ចុងក្រោយបង្អស់របស់លោក។ ទោះបីជាសេចក្តីអធិប្បាយរបស់លោកទើបតែនឹងបានពាក់កណ្តាល ក៏ដោយក៏លោកបានប្រញាប់ប្រញាល់បញ្ចប់ដែរ។
រំពេចនោះ លោកបានបង្វែរប្រធានបទពីខ្សែប្រវត្តិសាស្រ្តដែលលោកកំពុងតែតាមដាន ហើយត្រឡប់ទៅឯចៅក្រមដែលកំពុងតែក្រោធខឹងរបស់លោកម្តងវិញ លោកបានស្រែកថា «ឱពួកមនុស្សក្បាលរឹង ដែលមានចិត្តមានត្រចៀកមិនកាត់ស្បែកអើយ អ្នករាល់គ្នាចេះតែទាស់ទទឹងនឹងព្រះវិញ្ញាណបរិសុទ្ធជាដរាប ពួកអយ្យកោអ្នករាល់គ្នាយ៉ាងណា នោះអ្នករាល់គ្នាក៏យ៉ាងនោះដែរ តើមានហោរាណាមួយ ដែលពួកអយ្យកោអ្នករាល់គ្នាមិនបានធ្វើទុក្ខបៀតបៀន ហើយគេបានសម្លាប់ពួកអ្នកដែលទាយពីដំណើរព្រះដ៏សុចរិតត្រូវយាងមកដែរ ឥឡូវនេះ អ្នករាល់គ្នាក៏បានក្បត់ ហើយសម្លាប់ព្រះអង្គនោះ អ្នករាល់គ្នាជាអ្នកដែលបានទទួលក្រឹត្យវិន័យ ដោយព្រះចាត់ចែងពួកទេវតាមក តែមិនបានកាន់តាមសោះ»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឯសុលបានធ្វើទុក្ខដល់ពួកជំនុំខ្លាំងណាស់ ដោយចូលគ្រប់តែផ្ទះចាប់ទាញអូសទាំងប្រុសទាំងស្រីបញ្ជូនទៅដាក់គុក។ ចំណែកអស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ គេដើរចុះឡើងទាំងផ្សាយដំណឹងល្អគឺជាព្រះបន្ទូល។ (កិច្ចការ ៨:៣-៤)