ថ្ងៃសុក្រ ទី៣១​ ខែកក្កដា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-១០)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី២ ជំពូក២១

ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែ​ដែល​គាត់​បាន​ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ក៏​សំឡឹង​មើល​ទៅ​លើ​មេឃ ឃើញ​សិរីល្អ​នៃ​ព្រះ និង​ព្រះយេស៊ូវ​ឈរ​នៅ​ខាង​ព្រះហស្ត​ស្តាំ រួច​គាត់​មាន​វាចា​ថា​មើល ខ្ញុំ​ឃើញ​មេឃ​ចំហ និង​កូន​មនុស្ស​ឈរ​នៅ​ខាង​ព្រះហស្ត​ស្តាំ​នៃ​ព្រះ។ កិច្ចការ ៧:៥៥-៥៦

ពួកសង្ឃនិងពួកមេដឹកនាំសាសនាបានផ្ទុះកំហឹងជាខ្លាំង ចំពោះ​សម្តី​នេះ។ ពួកគេបានស្ទុះទៅរកលោកស្ទេផានដោយសង្កៀតធ្មេញ ទាំង​ប្រព្រឹត្ត​ដូចជាខ្លាឃើញចំណី។ នៅក្នុងទឹកមុខដ៏ឃោរឃៅរបស់របស់ពួកគេ អ្នកជាប់គុករូបនេះបានដឹងយ៉ាងច្បាស់ពីជោគវាសនារបស់ខ្លួន ប៉ុន្តែ លោកនៅតែ​រឹងមាំ​ឥតរង្គើដដែល ។ សម្រាប់លោក ការភ័យខ្លាចចំពោះសេចក្តីស្លាប់​បាន​រលាយបាត់អស់ទៅហើយ។ ចំពោះលោក លោកមិនមានការភ័យខ្លាចចំពោះពួកសង្ឃដែលមានកំហឹង និងហ្វូងមនុស្សនេះឡើយ។ ទស្សនីយភាពនៅចំពោះមុខលោកបានហោះចេញពីចក្ខុនិម្មិតរបស់លោក។ ទ្វារនៃ​ឋាន​សួគ៌​បានបង្ហើបបន្តិចនៅចំពោះមុខលោក ហើយលោកក៏បានសម្លឹង​មើលទៅ​កាន់ទីនោះ បានឃើញសិរីល្អនៃព្រះរាជវាំងរបស់ព្រះ និងព្រះគ្រិស្តហាក់ដូចជាទើបតែយាងចេញពីបល្ល័ង្ក ក្រោកឈរប្រុងនឹងជួយទ្រទ្រង់ដល់អ្នកបម្រើរបស់ទ្រង់។ លោកស្ទេផានបានឧទានដោយសម្តីនៃជ័យជម្នះថា «មើល ខ្ញុំឃើញមេឃចំហ និងកូនមនុស្សឈរនៅខាងព្រះហស្តស្តាំនៃព្រះ»។

នៅពេលដែលលោកបានពណ៌នាអំពីទស្សនីយភាពដ៏មានសិរីរុងរឿង ដែលលោកបានមើលឃើញ នោះគឺជារឿងដែលពួកអ្នកបៀតបៀនដល់លោកមិនអាចអត់ទ្រាំបាន។ គេបានចុកត្រចៀកគេមិនឲ្យឮសម្តីរបស់លោក ហើយ​​ បញ្ចេញសម្រែកយ៉ាងឮ ពួកគេបានរត់សម្រុកសំដៅទៅរកលោកព្រមៗគ្នា «គេកញ្ឆក់នាំគាត់ចេញទៅខាងក្រៅទីក្រុង» ។ «រួចចោលនឹងថ្ម ឯពួកស្មរ​បន្ទាល់ គេក៏ផ្ញើអាវគេដាក់នៅទៀបជើងមនុស្សកំឡោះម្នាក់ ឈ្មោះសុល គេចោលស្ទេផាននឹងថ្ម កំពុងដែលគាត់ទូលអង្វរដល់ព្រះថា ឱព្រះអម្ចាស់​យេស៊ូវអើយ សូមទទួលវិញ្ញាណទូលបង្គំផង នោះគាត់លុតជង្គង់ចុះ រួច​ស្រែក​ឡើងជាសំឡេងខ្លាំងថា ឱព្រះអម្ចាស់អើយ សូមកុំរាប់បាបនេះដល់​គេឡើយ កាលគាត់បានពោលដូច្នោះហើយ នោះក៏ដេកលក់ (ស្លាប់) ទៅ»។

គេមិនបានកាត់ទោសលោកស្ទេផានតាមច្បាប់ទេ ប៉ុន្តែ ពួកគេបានសូកប៉ាន់រដ្ឋអំណាចដោយលុយកាក់ជាច្រើន ធ្វើឲ្យមិនមានការសុើបអង្កេតចំពោះករណីនេះសោះ។

ទុក្ករកម្ម (ការរងការឈឺចាប់ដោយសារសេចក្តីជំនឿ) របស់លោកស្ទេផានបានធ្វើឲ្យពួកមនុស្សដែលបានឃើញការនេះចាប់អារម្មណ៍ជាខ្លាំង។ ការនឹកចាំអំពីត្រារបស់ព្រះនៅលើមុខរបស់លោក ពាក្យសម្តីរបស់លោក ដែលបានកន្ត្រាក់ចិត្តពួកដែលបានឃើញនិងបានឮទាំងឡាយ បាននៅជាប់ក្នុង​គំនិតរបស់អ្នកដែលបានឃើញជានិច្ច ហើយពួកគេបានធ្វើជាកសិណសាក្សីនៃសេចក្តីពិតដែលលោកស្ទេផានបានប្រកាសនោះ។ មរណភាពរបស់លោក​គឺជាការសាកល្បងដ៏ឈឺចាប់របស់ពួកជំនុំ ប៉ុន្តែ លទ្ធផលនៃមរណភាពនោះបានធ្វើឲ្យមានការកែប្រែចិត្តរបស់មនុស្សជាច្រើន ដែលមិនអាចលុបបំបាត់នូវសេចក្តីជំនឿនិងភាពខ្ជាប់ខ្ជួនរបស់ទុក្ករបុគ្គល ព្រមទាំងសិរីល្អដែលបានឋិតនៅលើមុខរបស់លោក ចេញពីគំនិតរបស់ពួកគេបានឡើយ។

នៅក្នុងឆាកនៃការឈឺចាប់និងការស្លាប់របស់លោកស្ទេផាននោះ លោកសុលហាក់ដូចជាមានចិត្តរំជើបរំជួលយ៉ាងពុះកញ្រ្ជោល។ បន្ទាប់មកទៀត គាត់មានកំហឹងដោយចិត្តអាថ៌កំបាំងរបស់លោក ដែលព្រះបានលើក​តម្កើង​លោកស្ទេផាន នៅពេលដែលហ្វូងមនុស្សមិនបានលើកតម្កើងដល់លោកសុលនោះ។ លោកសុលបានបន្តធ្វើទុក្ខបៀតបៀនដល់ពួកជំនុំរបស់ព្រះ ដោយតាមរកចាប់ពួកគេ ព័ទ្ធចាប់ខ្លួននៅតាមផ្ទះ រួចបញ្ជូនពួកគេទៅឲ្យសម្តេចសង្ឃនិងពួកមេសាសនាដើម្បីដាក់គុក ឬសម្លាប់ចោល។ ចិត្តពុះ កញ្រ្ជោលរបស់លោកក្នុងការជំរុញការធ្វើទុក្ខបៀតបៀននេះបានបង្កឲ្យមានភាពវឹកវរជាខ្លាំង ដល់ពួកជំនុំនៅទីក្រុងយេរូសាឡិម។ រដ្ឋអំណាចរ៉ូមមិន បានខំប្រឹងប្រែងបង្រ្កាបអំពើឃោរឃៅនេះទេ តែគេបានចេញបញ្ជាបន្ថែម ស្ងាត់ៗដល់ពួកយូដាឲ្យសម្រុះសម្រួលពួកគេ ដើម្បីរក្សាសុវត្ថិភាពប្រជាប្រិយរបស់ពួកគេ។

បន្ទាប់ពីមរណភាពរបស់លោកស្ទេផានមក លោកសុលត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាសាន់ហុីឌ្រីន ដោយសារតែសកម្មភាព​របស់​លោកនៅពេលនោះ។ លោកបានក្លាយជាឧបករណ៍ដ៏មានអំណាចរបស់សាតាំង ដើម្បីអនុមតិការប្រឆាំងបះបោរទាស់នឹងព្រះរាជបុត្ររបស់ព្រះ មួយរយៈ។ ប៉ុន្តែ មិនយូរប៉ុន្មាន ព្រះបានប្រើការធ្វើទុក្ខបៀតបៀនគ្មានក្តីមេត្តានេះ ដើម្បីស្ថាបនាពួកជំនុំដែលលោកសុលកំពុងហែកហួរនៅពេលនេះទៅវិញ។ ព្រះដែលមានព្រះចេស្តាខ្លាំងជាងសាតាំង បានជ្រើសរើស​លោក​សុលឲ្យជំនួសទុក្ករបុគលស្ទេផាន ឲ្យអធិប្បាយ និងឲ្យឈឺចាប់ដើម្បីព្រះនាមរបស់ទ្រង់ និងឲ្យពង្រីកសេចក្តីស្រឡាញ់នៃសេចក្តីសង្រ្គោះតាមរយៈព្រះលោហិតរបស់ព្រះអង្គ ឲ្យបានសុះសាយយ៉ាងទូលំទូលាយ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឯ​សុល​បាន​ធ្វើ​ទុក្ខ​ដល់​ពួក​ជំនុំ​ខ្លាំង​ណាស់ ដោយ​ចូល​គ្រប់​តែ​ផ្ទះចាប់​ទាញ​អូស​ទាំង​ប្រុស​ទាំង​ស្រីបញ្ជូន​ទៅ​ដាក់​គុក។ ចំណែក​​អស់​​អ្នក​ដែល​ត្រូវ​ខ្ចាត់ខ្ចាយ​នោះ គេ​ដើរ​ចុះ​ឡើង​ទាំង​ផ្សាយ​ដំណឹង​ល្អគឺ​ជា​ព្រះបន្ទូល។ (កិច្ចការ ៨:៣-៤)

Powered by CAM