កិច្ចការនៃពួកសាវ័ក (ជំពូកទី-០៤)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី១ ជំពូក២៥
លោកពេត្រុសបានជំរុញដល់គ្រួសារដែលបានភ្ញាក់រឭកអំពីរឿងពិតថា ពួកគេបដិសេធព្រះយេស៊ូវដោយសារពួកគេចាញ់បោកបញ្ឆោតពួកសង្ឃនិងពួកមេដឹកនាំសាសនា ហើយប្រសិនបើពួកគេបន្តសម្លឹងមើលទៅពួកអ្នកទាំងនោះដើម្បីទទួលដំបូន្មាន ហើយរង់ចាំឲ្យពួកគេទទួលស្គាល់ព្រះយេស៊ូវគ្រិស្តជាមុនសិន មុននឹងពួកគេហ៊ានទទួលព្រះយេស៊ូវដែរ នោះពួកគេមិនមានឱកាសទទួលទ្រង់ឡើយ។ ពួកមនុស្សដែលមានអំណាចទាំងនេះ បានគិតថាការប្រកាសអំពីសេចក្តីល្អក៏ដោយ ក៏គ្រាន់តែជាមហិច្ឆតាចង់បានទ្រព្យសម្បត្តិ និងសិរីល្អនៃលោកិយនេះប៉ុណ្ណោះ។ ពួកគេមិនចង់មកឯព្រះយេស៊ូវដើម្បីទទួលពន្លឺទេ។
នៅក្រោមឥទ្ធិពលនៃការបំភ្លឺពីឋានសួគ៌ បទគម្ពីរដែលព្រះគ្រិស្តបានពន្យល់ដល់ពួកសាវ័ក បានឈរនៅចំពោះមុខពួកគេ ជាមួយនឹងពន្លឺនៃសេចក្តីពិតដ៏គ្រប់លក្ខណ៍។ វាំងននដែលបានបាំងការពារពួកគេមិនឲ្យមើលឃើញទីចុងបំផុតដែលត្រូវបានបិទបាំងនោះ ឥឡូវនេះត្រូវបានដកយកចេញហើយ ហើយពួកគេបានយល់ពីបេសកកម្ម និងនគររបស់ព្រះយេស៊ូវ យ៉ាងជាក់ច្បាស់។ ពួកគេអាចនិយាយដោយព្រះចេស្តានៃព្រះអង្គសង្រ្គោះ ហើយនៅពេលដែលពួកគេបានបើកបង្ហាញអំពីផែនការនៃសេចក្តីសង្រ្គោះ ដល់ពួកអ្នកស្តាប់របស់គេ មនុស្សជាច្រើនបានជឿនិងបានកែប្រែចិត្ត។ ប្រពៃណីនិងជំនឿខុសឆ្គងដែលបានបណ្តុះដោយពួកសង្ឃនិងពួកមេដឹកនាំសាសនាត្រូវបានលុបបំបាត់ចេញពីគំនិតរបស់ពួកគេ ហើយពួកគេក៏បានទទួលយកការបង្រៀនរបស់ព្រះអង្គសង្រ្គោះវិញ។
«នោះពួកអ្នកដែលទទួលពាក្យរបស់គាត់ដោយអំណរ ក៏បានទទួលបុណ្យជ្រមុជទឹក ហើយនៅថ្ងៃដដែលនោះ មានប្រហែលជាបីពាន់នាក់ថែមកើនឡើងទៀត»។
ពួកមេដឹកនាំសាសន៍យូដាបានរំពឹងថាកិច្ចការរបស់ព្រះគ្រិស្តនឹងត្រូវបញ្ចប់ នៅពេលដែលព្រះអង្គសុគត ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេបានឃើញទិដ្ឋភាពដ៏អស្ចារ្យនៅថ្ងៃប៉ង់តាកូស។ ពួកគេបានឮពួកសាវ័កអធិប្បាយអំពីព្រះគ្រិស្ត ជាមួយនឹងអំណាចនិងថាមពល ជាអំណោយទានដែលគេមិនធ្លាប់ឃើញពីមុនមក ពាក្យសម្តីរបស់ពួកសាវ័កបានបញ្ជាក់អះអាងដោយសញ្ញាសម្គាល់និងការអស្ចារ្យ។ នៅទីក្រុងយេរូសាឡិម ជាទីក្រុងដែលមានមនុស្សគាំទ្រសាសនាយូដាច្រើន មនុស្សរាប់ពាន់នាក់បានប្រកាសជំនឿរបស់ពួកគេលើព្រះយេស៊ូវពីស្រុកណាសារ៉ែតថា ជាព្រះមែស្ស៊ី។
ពួកសិស្សមានការភ្ញាក់ផ្អើលនិងមានក្តីអំណរយ៉ាងក្រៃលែងទៅនឹងចម្រូតមនុស្សដ៏ធំនេះ។ ពួកគេមិនបានចាត់ទុកលទ្ធផលនៃការប្រមូលផលដ៏ធំនេះថាជាការខំប្រឹងប្រែងរបស់ពួកគេទេ ពួកគេបានដឹងថា ពួកគេកំពុងតែចូលទៅក្នុងកិច្ចការរបស់មនុស្សផ្សេងទៀត។ ចាប់តាំងពីការធ្លាក់ចុះរបស់លោកអ័ដាមមក ព្រះបានប្រស្រ័យទាក់ទងជាមួយនឹងអ្នកបម្រើដែលបានជ្រើសតាំង នូវពូជនៃព្រះបន្ទូលរបស់ទ្រង់ ឲ្យត្រូវបានសាបព្រោះនៅក្នុងចិត្តរបស់មនុស្ស។ កាលព្រះអង្គមានព្រះជន្មរស់នៅលើផែនដី ព្រះអង្គបានសាបព្រោះគ្រាប់ពូជនៃសេចក្តីពិត ហើយស្រោចដោយព្រះលោហិតរបស់ព្រះអង្គ។ ការកែប្រែចិត្តដែលបានកើតឡើងនៅថ្ងៃប៉ង់តាកូស គឺជាលទ្ធផលនៃការសាបព្រោះនោះ គឺជាចម្រូតនៃកិច្ចការរបស់ព្រះគ្រិស្ត ដែលបង្ហាញអំពីការបង្រៀនរបស់ទ្រង់។
ការអះអាងរបស់ពួកសាវ័កតែមួយមុខ មិនអាចដកយកចេញនូវការប្រកាន់ពូជសាសន៍ដែលបានប្រឆាំងជាខ្លាំងនោះបានទេ ទោះបីជាច្បាស់លាស់ មានការថ្កោលទោសយ៉ាងណាក៏ដោយ។ ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធបានបញ្ជូនការអះអាងទៅក្នុងចិត្តរបស់មនុស្សដោយអំណាចរបស់ព្រះ។ ពាក្យពេចន៍របស់ពួកសាវ័កគឺជាព្រួញនៃសព្វចេស្តាយ៉ាងមុតស្រួចរបស់ព្រះ ធ្វើឲ្យមនុស្សបានដឹងពីកំហុសរបស់ខ្លួន ក្នុងការបដិសេធន៍និងការឆ្កាងព្រះអម្ចាស់នៃសិរីល្អ។
នៅក្រោមការបង្ហាត់បង្រៀនរបស់ព្រះគ្រិស្ត ពួកសាវ័កត្រូវបានដឹកនាំឲ្យបំពេញសេចក្តីត្រូវការខាងវិញ្ញាណរបស់ពួកគេ។ នៅក្រោមការបង្រៀនរបស់ព្រះវិញ្ញាណ ពួកគេបានទទួលគុណសម្បត្តិចុងក្រោយ ហើយបោះជំហានចូលទៅក្នុងជីវិតនៃកិច្ចការរបស់ពួកគេ។ ពួកគេលែងនៅល្ងិតល្ងង់និងគ្មានវប្បធម៌ទៀតហើយ។ ពួកគេលែងប្រមូលធាតុដែលមានការបែកបាក់និងមានទំនាស់តទៅទៀតហើយ។ សេចក្តីសង្ឃឹមរបស់ពួកគេ លែងឋិតនៅលើមុខមាត់នៅលោកិយនេះទៀតហើយ។ ពួកគេ «មានចិត្តព្រមព្រៀងគ្នា» «គេក៏មានចិត្តមានគំនិតតែមួយ» (កិច្ចការ ២:៤៦ និង ៤:៣២)។ ព្រះគ្រិស្តបានបំពេញគំនិតរបស់ពួកគេ ការជឿនលឿនទៅមុខនៃនគររបស់ទ្រង់គឺជាគោលបំណងរបស់ពួកគេ។ ពួកគេបានត្រាប់ដូចជាព្រះជាម្ចាស់របស់ពួកគេ ទាំងខាងគំនិតនិងទាំងអត្តចរិត និងជាមនុស្សដែល «ធ្លាប់នៅជាមួយនឹងព្រះយេស៊ូវ» (កិច្ចការ ៤:១៣)។
ថ្ងៃប៉ង់តាកូសបាននាំមកដល់ពួកគេនូវការបំភ្លឺពីឋានសួគ៌។ សេចក្តីពិតដែលពួកគេមិនបានយល់ កាលព្រះគ្រិស្តបានគង់នៅជាមួយនឹងពួកគេនៅឡើយ ឥឡូវនេះ ត្រូវបានបើកបង្ហាញវិញ ជាមួយនឹងជំនឿនិងការធានាអះអាងដែលពួកគេមិនធ្លាប់ដឹងពីមុនមក ពួកគេបានទទួលយកថាជាការបង្រៀននៃព្រះបន្ទូលដ៏ពិសិដ្ឋ។ ជំនឿថាព្រះគ្រិស្តគឺជាព្រះរាជបុត្រារបស់ព្រះលែងជាកង្វល់សម្រាប់ពួកគេតទៅទៀតហើយ។ ពួកគេបានដឹងថាព្រះអង្គពិតជាព្រះមែស្ស៊ី ទោះបីព្រះអង្គយកភាពជាមនុស្សក៏ដោយ ហើយពួកគេបានប្រាប់ពីបទពិសោធន៍របស់ពួកគេ ដល់ពិភពលោក ដោយទំនុកចិត្តដែលដឹងច្បាស់ថាព្រះគង់នៅជាមួយនឹងពួកគេ។
ពួកគេអាចនិយាយពីព្រះនាមរបស់ព្រះយេស៊ូវដោយភាពប្រាកដនិយម ដ្បិតតើព្រះអង្គមិនមែនជាមិត្តសម្លាញ់ ឬមិនមែនជាបងប្រុសរបស់ពួកគេទេឬអី? ដោយបាននាំចូលទៅក្នុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនិងព្រះគ្រិស្ត ពួកគេបានអង្គុយជាមួយព្រះអង្គនៅក្នុងកន្លែងនៃឋានសួគ៌។ ពួកគេបានស្រោបគំនិតរបស់ពួកគេដោយពាក្យសម្តីដ៏ឆេះឆួលយ៉ាងអស្ចារ្យ ខណៈដែលពួកគេបានធ្វើទីបន្ទាល់ពីព្រះអង្គ! ចិត្តរបស់ពួកគេបានផ្ទុកទៅដោយចិត្តមេត្តាដ៏ពោរពេញ សែនជ្រាលជ្រៅ សែនឆ្ងាយ ដែលជំរុញពួកគេឲ្យចេញទៅបញ្ជាក់ប្រាប់ពីព្រះចេស្តារបស់ព្រះគ្រិស្ត រហូតដល់ចុងបំផុតនៃផែនដី។ ពួកគេត្រូវបានបំពេញទៅដោយចេតនា ចង់ជំរុញកិច្ចការដែលពួកគេបានចាប់ផ្តើមឲ្យលឿនទៅមុខ។ ពួកគេបានដឹងពីបំណុលដ៏ធំរបស់ពួកគេចំពោះឋានសួគ៌ និងការទទួលខុសត្រូវនៃកិច្ចការរបស់ពួកគេ។ ដោយមានការពង្រឹងពីព្រះវិញ្ញាណបរិសុទ្ធ ពួកគេបានបោះជំហានទៅមុខដោយចិត្តពុះកញ្រ្ជោល ដើម្បីពង្រីកជោគជ័យនៃឈើឆ្កាង។ ព្រះវិញ្ញាណបានលើកទឹកចិត្តនិងមានបន្ទូលជំនួសពួកគេ។ សេចក្តីសុខសាន្តរបស់ព្រះគ្រិស្តបានចែងចាំងចេញពីមុខរបស់ពួកគេ។ ពួកគេបានថ្វាយជីវិតរបស់ពួកគេដើម្បីបំពេញកិច្ចការរបស់ទ្រង់ ហើយលក្ខណៈរបស់ពួកគេបង្ហាញភ័ស្តុតាងពីការចុះចូលដែលពួកគេបានធ្វើ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមទតមើលសេចក្តីកំហែងរបស់គេ ហើយសូមប្រទានឲ្យពួកអ្នកបំរើទ្រង់បានផ្សាយព្រះបន្ទូល ដោយសេចក្តីក្លាហានដ៏ពេញលេញដោយទ្រង់លូកព្រះហស្តមក សំរាប់នឹងប្រោសមនុស្សឲ្យបានជា ហើយនិងធ្វើទីសំគាល់ និងការអស្ចារ្យដោយសារព្រះនាមព្រះយេស៊ូវ ជាអ្នកបំរើបរិសុទ្ធរបស់ទ្រង់។ (កិច្ចការ ៤:២៩-៣០)