ថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី-០៥)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី១ ជំពូក២៧
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ហើយគ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ។ កិច្ចការ ៤:១២
ពួកអ្នកដែលបានចូលរួមនៅថ្ងៃប៉ង់តាកូសដែលបានទទួលអំណាចមកពីឋានលើ ក៏មិនបានរួចផុតពីសេចក្តីល្បួងនិងការពិបាកផ្សេងៗដែរ។ នៅពេលពួកគេបានធ្វើទីបន្ទាល់អំពីសេចក្តីពិតនិងសេចក្តីសុចរិត ពួកគេត្រូវបានគំរាមកំហែងម្តងហើយម្តងទៀត ពីសំណាក់សត្រូវនៃសេចក្តីពិត ដែលបានខំប្រឹងប្រែងប្លន់យកបទពិសោធន៍នៃគ្រិស្តបរិស័ទពីពួកគេ។ ព្រះបានបង្គាប់ឲ្យពួកគេខិតខំតស៊ូជាមួយនឹងអំណាចដែលព្រះអង្គបានប្រទានឲ្យ ដើម្បីទាក់ទាញលក្ខណៈរបស់បុរសនារីទាំងឡាយឲ្យបានដូចជាព្រះយេស៊ូវគ្រិស្ត។ ពួកគេបានអធិដ្ឋានសូមព្រះគុណថ្មីៗ ជារៀងរាល់ថ្ងៃ ដើម្បីឲ្យឈានដល់ភាពគ្រប់លក្ខណ៍កាន់តែខ្ពស់ឡើងៗ។ នៅក្រោមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ សូម្បីតែអ្នកខ្សោយបំផុត ដែលមានបទពិសោធន៍ជាមួយនឹងព្រះ ក៏បានរៀនបង្កើនអំណាចដែលព្រះប្រទានឲ្យរបស់ពួកគេ ហើយបានក្លាយជាមនុស្សបរិសុទ្ធ ស្អាតស្អំ និងថ្លៃថ្នូរដែរ។ ក្នុងនាមជាមនុស្ស ពួកគេបានចុះចូលជាមួយនឹងឥទ្ធិពលនៃការប៉ាន់ច្នៃនៃព្រះវិញ្ញាណបរិសុទ្ធ ពួកគេបានទទួលភាពគ្រប់លក្ខណ៍របស់ព្រះត្រៃសរណៈ ហើយបានធ្វើតាមគំរូពីព្រះដល់អ្នកដទៃ។
ពេលវេលាដែលកន្លងផុតទៅ មិនបានផ្លាស់ប្តូរសេចក្តីសន្យាចុងក្រោយរបស់ព្រះយេស៊ូវ ថានឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកធ្វើជាតំណាងរបស់ព្រះអង្គនោះឡើយ ។ ការដែលព្រះគុណរបស់ព្រះមិនបានហូរធ្លាក់មកដល់មនុស្សនៅលើផែនដីនេះ នោះមិនមែនជាកំហុសរបស់ព្រះទេ។ ប្រសិនបើការសម្រេចតាមសេចក្តីសន្យានោះមិនបានកើតឡើងតាមការដែលត្រូវកើតមកនោះ គឺមកពីមនុស្សមិនបានកោតសរសើរដល់ការដែលនឹងកើតឡើងតាមសេចក្តីសន្យានោះទៅវិញទេ។ ប្រសិនបើមនុស្សទាំងអស់ចង់បាន ពួកគេទាំងអស់នឹងត្រូវបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ នៅទីណាដែលមនុស្សមិនសូវត្រូវការព្រះវិញ្ញាណបរិសុទ្ធ គេនឹងមើលឃើញព្រះវិញ្ញាណមានភាពក្រៀមស្ងួត មានភាពខ្មៅងងឹត មានការបាក់បែក និងសេចក្តីស្លាប់ នៅទីនោះដែរ។ នៅពេលណាដែលមានការចាប់អារម្មណ៍តិចតួច អំណាចរបស់ព្រះដែលជាសេចក្តីត្រូវការចាំបាច់សម្រាប់ការលូតលាស់របស់ពួកជំនុំ និងដែលនឹងនាំមកនូវព្រះពរទាំងឡាយនៅក្នុងបណ្តាញរបស់ខ្លួននោះ ក៏មានការខ្វះខាតដែរ ទោះបីជាព្រះបានប្រទានមកច្រើនឥតគណនាយ៉ាងណាក៏ដោយ។
ដោយសារការនេះគឺជាមធ្យោបាយដែលយើងទទួលអំណាច តើហេតុអ្វីបានជាយើងមិនស្រេកឃ្លានចង់បានអំណោយទាននៃព្រះវិញ្ញាណនេះ? តើហេតុអ្វីបានយើងមិននិយាយអំពីអំណោយទាននេះ មិនអធិដ្ឋានសុំអំណោយទាននេះ មិនអធិប្បាយអំពីអំណោយទាននេះ?ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ប្រទានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ដល់អ្នកដែលបម្រើទ្រង់ ខ្លាំងជាងឪពុកម្តាយដែលចង់ផ្តល់រង្វាន់ដល់កូនៗទៅទៀត។ ព្រោះការជ្រមុជដោយព្រះវិញ្ញាណជារៀងរាល់ថ្ងៃ អ្នកបម្រើកិច្ចការនឹងទូលថ្វាយការចង់បានរបស់គេដល់ព្រះ។ ក្រុមនៃពួកគ្រិស្តបរិស័ទគួរជួបជុំគ្នាដើម្បីទូលសុំជំនួយដ៏ពិសេសនេះ សុំប្រាជ្ញានៃឋានសួគ៌ ដើម្បីឲ្យពួកគេអាចធ្វើផែនការ និងអនុវត្តផែនការនោះបានយ៉ាងល្អប្រពៃ។ ជាពិសេស ពួកគេគួរតែអធិដ្ឋានសុំឲ្យព្រះជ្រមុជដល់រាជទូតដែលបានជ្រើសតាំងរបស់ព្រះអង្គ ដែលនៅតាមកន្លែងបំពេញបេសកកម្មផ្សេងៗ ដោយព្រះវិញ្ញាណបរិសុទ្ធដ៏បរិបូរ។ ព្រះវត្តមាននៃព្រះវិញ្ញាណជាមួយនឹងអ្នកបម្រើការរបស់ព្រះនឹងផ្តល់អំណាចដល់ការប្រកាសសេចក្តីពិត ដែលមិនមានកិត្តិយសឬសិរីល្អណាក្នុងលោកនេះអាចផ្តល់ឲ្យបានឡើយ។ នៅកន្លែងណាដែលគេទៅដល់ ព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយនឹងអ្នកធ្វើការដែលហ៊ានលះបង់។ ព្រះបន្ទូលដែលព្រះបានមានបន្ទូលជាមួយនឹងពួកសាវ័ក ព្រះអង្គក៏មានបន្ទូលមកយើងដែរ។ ព្រះវិញ្ញាណដែលជួយកម្សាន្តចិត្តរបស់យើង ព្រះអង្គក៏ជារបស់ពួកគេដែរ។ ព្រះវិញ្ញាណប្រទានកម្លាំងដល់អ្នកដែលខំប្រឹងប្រែង ដល់មនុស្សដែលពុះពារជាមួយនឹងបញ្ហាបន្ទាន់ៗ នៅកណ្តាលសម្អប់នៃពិភពលោក និងធ្វើឲ្យស្គាល់ការបរាជ័យនិងកំហុសរបស់ពួកគេផ្ទាល់។ នៅក្នុងទុក្ខកង្វល់និងការពិបាកវេទនា នៅពេលដែលសភាពការមើលទៅហាក់ដូចជាងងឹតសូន្យសុង ហើយអនាគតហាក់ដូចជាច្របូកច្របល់ រួចយើងមានអារម្មថាអស់សង្ឃឹមនិងឯកោ ទាំងអស់នេះគឺជាពេលដែលព្រះវិញ្ញាណបរិសុទ្ធនាំមកនូវការកម្សាន្តចិត្តដល់យើង ជាការឆ្លើយតបទៅនឹងការអធិដ្ឋានដោយសេចក្តីជំនឿ។
មិនមែនដោយការចូលរួមនៅក្នុងកម្មវិធីពិសេសៗរបស់ព្រះវិហារ គឺជាភស្តុតាងបញ្ជាក់ថាមនុស្សម្នាក់បានក្លាយជាគ្រិស្តបរិស័ទដែលមានព្រលឹងវិញ្ញាណខ្ពស់នោះទេ។ ភាពបរិសុទ្ធមិនមែនជាអារម្មណ៍រីករាយនោះទេ ប៉ុន្តែ គឺជាការចុះចូលជាមួយនឹងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះ គឺជាការធ្វើតាមព្រះហឫទ័យនៃព្រះវរបិតាដែលគង់នៅឋានសួគ៌ គឺជាការទុកចិត្តដល់ព្រះនៅគ្រាពិបាក នៅក្នុងភាពងងឹត ក៏ដូចជានៅក្នុងពន្លឺដែរគឺជាការដើរដោយជំនឿ មិនមែនដោយការមើលឃើញទេ គឺជាការទីពឹងទៅលើព្រះ ដោយការទុកចិត្តឥតសង្ស័យ និងជាការសម្រាកនៅក្នុងសេចក្តីស្រឡាញ់របស់ទ្រង់។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែពេត្រុស និងយ៉ូហានឆ្លើយតបថា បើគួរគប្បីនៅចំពោះព្រះឲ្យយើងខ្ញុំស្តាប់តាមលោករាល់គ្នាជាជាងស្តាប់តាមព្រះ នោះសូមពិចារណាចុះ ដ្បិតយើងខ្ញុំនឹងលែងនិយាយពីការដែលយើងខ្ញុំបានឃើញ ហើយឮពុំបានទេ។ (កិច្ចការ ៤:១៩-២០)