ថ្ងៃអង្គារ ទី០៧​ ខែកក្កដា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-០៥)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី១ ជំពូក២៨

ខព្រះគម្ពីរប្រចាំថ្ងៃ៖ កាល​ណា​ទ្រង់​បាន​យាង​មក​ហើយ នោះ​ទ្រង់​នឹង​សំដែង ឲ្យ​មនុស្ស​លោក​ដឹង​ច្បាស់ ពី​អំពើ​បាប ពី​សេចក្តី​សុចរិត ហើយ​ពី​សេចក្តី​ជំនុំជំរះ គឺ​ពី​អំពើ​បាប​ដោយ​ព្រោះ​គេ​មិន​ជឿ​ដល់​ខ្ញុំ ពី​សេចក្តី​សុចរិត ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ និង​ពី​សេចក្តី​ជំនុំជំរះ ដោយ​ព្រោះ​ចៅហ្វាយ​របស់​លោកីយ៍​នេះ​ត្រូវ​ទោស​ហើយ។ យ៉ូហាន​១៦:៨-១១

យើងមិនចាំបាច់អាចផ្តល់និយមន័យពីព្រះវិញ្ញាណបរិសុទ្ធនោះទេ។ ព្រះគ្រិស្តមានបន្ទូលប្រាប់យើងថា ព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះដែលជួយកម្សាន្តចិត្ត «គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលចេញពីព្រះវរបិតាមក» ។ ព្រះបានមានបន្ទូលយ៉ាងច្បាស់អំពីព្រះវិញ្ញាណបរិសុទ្ធថា នៅក្នុងកិច្ចការនៃការដឹកនាំមនុស្សឲ្យចូលក្នុងសេចក្តីពិត «ដ្បិតទ្រង់នឹងមានព្រះបន្ទូលមិន​មែន​ដោយអាងព្រះអង្គទ្រង់ទេ» (យ៉ូហាន ១៥:២៦ និង ១៦:១៣)។

និស្ស័យនៃព្រះវិញ្ញាណបរិសុទ្ធគឺមានអាថ៌កំបាំង។ មនុស្សមិនអាចពន្យល់ពីព្រះអង្គបានទេ ពីព្រោះព្រះជាម្ចាស់មិនបានបើកបង្ហាញអំពីរឿងនោះ​ប្រាប់គេ ។ មនុស្សមានគំនិតរវើរវាយ អាចរួមបញ្ចូលសារ​នៃ​ព្រះគម្ពីរ​បញ្ចូលគ្នា ហើយបង្កើតជាប្រយោគនៅលើសារទាំងនោះ ប៉ុន្តែ ការទទួលគំនិតទាំងនោះនឹងមិនពង្រឹងកម្លាំងដល់ពួកជំនុំឡើយ។ ទាក់ទងទៅនឹងអាថ៌កំបាំងដ៏ជ្រាលជ្រៅដែលមនុស្សមិនអាចយល់បានបែបនេះ ការនៅ​ស្ងៀមនោះប្រសើរជាង តួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធត្រូវបានបញ្ជាក់ប្រាប់ផ្សេងៗគ្នា នៅក្នុងព្រះបន្ទូលរបស់ព្រះគ្រិស្ត៖ «កាលណាទ្រង់​បាន​យាង​មកហើយ នោះទ្រង់នឹងសម្តែងឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប ពីសេចក្តីសុចរិត ហើយពីសេចក្តីជំនុំជម្រះ» (យ៉ូហាន ១៦:៨)។ គឺព្រះវិញ្ញាណបរិសុទ្ធដែលធ្វើឲ្យយើងស្គាល់បាប។ ប្រសិនបើបាបជនឆ្លើយតបទៅនឹងឥទ្ធិពលដ៏រហ័សនៃព្រះវិញ្ញាណ នោះព្រះអង្គនឹងនាំមកនូវការកែប្រែចិត្ត និងការភ្ញាក់រឭកឲ្យស្តាប់បង្គាប់ដល់តម្រូវការរបស់ព្រះ។

ព្រះវិញ្ញាណបរិសុទ្ធបានបង្ហាញនូវកូនចៀមដែលដោះបាបមនុស្សលោកដល់បាបជនដែលកំពុងតែស្រេកឃ្លានសេចក្តីសុចរិត។ «ទ្រង់នឹង​តម្កើងខ្ញុំ ដ្បិតទ្រង់នឹងយកសេចក្តីដែលតម្រូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា»។ ព្រះគ្រិស្តបានមានបន្ទូលថា «ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្តី​ទាំងអស់ក៏នឹងរំឭកពីគ្រប់ទាំងសេចក្តីដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ» (យ៉ូហាន ១៦:១៤ និង ១៤:២៦)។

ព្រះបានប្រទានព្រះវិញ្ញាណមក ជាភ្នាក់ងារនៃការបំផ្លាស់បំប្រែ ដើម្បីធ្វើឲ្យសេចក្តីសង្រ្គោះដែលកើតឡើង ដោយការសុគតរបស់ព្រះអង្គដ៏ប្រោសលោះរបស់យើងមានប្រសិទ្ធិភាព។ ព្រះវិញ្ញាណកំពុងស្វែងរកទាក់ទាញអារម្មណ៍របស់មនុស្ស ឲ្យបែរទៅរកតង្វាយយញ្ញបូជាដែលបានថ្វាយនៅឯឈើឆ្កាងនៃភ្នំកាល់វ៉ារី ដើម្បីបើកបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះ ដល់​លោកិយ និងដើម្បីបើកចិត្តអ្នកដែលបានកែប្រែ អំពីរឿងដ៏មានតម្លៃនៅក្នុងព្រះគម្ពីរ។

ដោយធ្វើឲ្យមនុស្សបានស្គាល់អំពើបាប និងការបង្ហាញពីស្តង់ដារនៃសេចក្តីសុចរិតនៅចំពោះគំនិតមនុស្ស ព្រះវិញ្ញាណបរិសុទ្ធដកសេចក្តីស្រឡាញ់ចេញពីរឿងរ៉ាវទាំងឡាយនៅលើផែនដី ហើយបំពេញគំនិតដោយសេចក្តីប្រាថ្នានូវភាពបរិសុទ្ធ។ ព្រះអង្គសង្រ្គោះបានមានបន្ទូលថា «នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត» (យ៉ូហាន ១៦:១៣)។ ប្រសិន​បើ​មនុស្សចង់ឲ្យព្រះវិញ្ញាណកែច្នៃ ព្រះអង្គនឹងនាំមកនូវការញែកជាបរិសុទ្ធដល់មនុស្សទាំងមូល។ ព្រះវិញ្ញាណនឹងយករឿងរ៉ាវរបស់ព្រះ ហើយបោះត្រា​រឿងទាំងនោះនៅក្នុងចិត្តរបស់មនុស្ស។ ដោយអំណាចរបស់ទ្រង់ ផ្លូវជីវិតនឹងត្រូវបានធ្វើឲ្យត្រង់ ដែលមិនមានអំពើខុសឆ្គងណាមួយនៅក្នុងនោះឡើយ។

ព្រះបានកំពុងធ្វើការដោយព្រះវិញ្ញាណបរិសុទ្ធ តាមរយៈមនុស្សធ្វើជាឧបករណ៍ដើម្បីសម្រេចព្រះរាជគោលបំណងរបស់ទ្រង់ ជំនួសពូជ​មនុស្ស​ដែលធ្លាក់ចុះ តាំងពីដើមដំបូងមក ។ ការនេះត្រូវបានបង្ហាញ​នៅក្នុងជីវិត​នៃ​ពួកអយ្យកោ (ចាស់ទុំពីបុរាណ)។ នៅសម័យលោកម៉ូសេ ព្រះក៏បានប្រទាន «ព្រះវិញ្ញាណដ៏ល្អរបស់ទ្រង់ មកបង្ហាត់បង្រៀន» (នេហេមា ៩:២០) ដល់ពួក​ជំនុំនៅទីរហោស្ថានផងដែរ។ ហើយនៅសម័យពួកសាវ័ក ព្រះអង្គបាន​ធ្វើការ​យ៉ាងអស្ចារ្យ តាមរយៈភ្នាក់ងារនៃព្រះវិញ្ញាណបរិសុទ្ធ។ ព្រះចេស្តា​ដដែល ដែលបានទ្រទ្រង់ពួកអយ្យកោ បានប្រទាន​ជំនឿនិងសេចក្តីក្លាហានដល់លោកកាលែប និងយ៉ូស្វេ និងដែលធ្វើឲ្យកិច្ចការនៃពួកជំនុំសម័យពួកសាវ័កមានជោគជ័យ ក៏បានលើកតម្កើងកូនៗដ៏ស្មោះត្រង់របស់ព្រះឲ្យមានជោគជ័យគ្រប់សម័យកាលផងដែរ។ គឺដោយសារព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធនេះហើយ ដែលពួកវ៉លឌិនសៀននៅយុគសម័យខ្មៅងងឹតបានជួយរៀបចំឲ្យមានការកែទម្រង់ឡើង ។ គឺព្រះចេស្តាដដែលនោះឯងដែលធ្វើឲ្យការខំប្រឹងប្រែងរបស់បុរសនារីដ៏ថ្លៃថ្នូរមានជោគជ័យដែលត្រួសត្រាយផ្លូវដើម្បីបង្កើតបេសកកម្មសម័យទំនើប និងបកប្រែព្រះគម្ពីរទៅជាភាសារ​បស់​មនុស្សគ្រប់សាសន៍។

ហើយសព្វថ្ងៃនេះ ព្រះក៏កំពុងប្រើពួកជំនុំរបស់ទ្រង់ឲ្យប្រកាសប្រាប់ពីព្រះរាជគោលបំណងរបស់ព្រះ ប្រាប់ដល់មនុស្សនៅលើផែនដីនេះ ។ សព្វថ្ងៃនេះ អ្នកនាំដំណឹងពីឈើឆ្កាងកំពុងធ្វើដំណើរពីទីក្រុងមួយ ទៅទីក្រុង​មួយ និងពីទឹកដីមួយ ទៅទឹកដីមួយ ដើម្បីរៀបចំផ្លូវសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះគ្រិស្ត ។ ស្តង់ដារនៃក្រឹត្យវិន័យរបស់ព្រះកំពុងត្រូវបានមនុស្សលើកតម្កើង។ ព្រះវិញ្ញាណដែលមានសព្វព្រះចេស្តាកំពុងជំរុញចិត្តមនុស្ស ហើយអ្នកដែលឆ្លើយតបទៅនឹងឥទ្ធិពលរបស់ទ្រង់បានក្លាយជាទីបន្ទាល់ពីព្រះ និងសេចក្តីពិត។ នៅទីកន្លែងជាច្រើន គេបានឃើញបុរសនារីដែលមានការលះបង់ទាំងឡាយពាំនាំពន្លឺដល់មនុស្សដទៃ ដើម្បីបង្ហាញឲ្យពួកគេដឹងច្បាស់ពីផ្លូវនៃការសង្រ្គោះដោយសារព្រះគ្រិស្ត។ ហើយនៅពេលដែលពួកគេកំពុងបន្តជះពន្លឺរបស់គេឲ្យភ្លឺចែងចាំង ដូចជាពួកអ្នកដែលបានទទួលបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធនៅថ្ងៃប៉ង់តាកូសដែរនោះ ពួកគេទទួលព្រះចេស្តារបស់ព្រះវិញ្ញាណច្រើនឡើងៗ។ ដូច្នេះ ផែនដីក៏ត្រូវបានបំភ្លឺដោយសិរីល្អរបស់ព្រះ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែ​ពេត្រុស និង​យ៉ូហានឆ្លើយ​តប​ថា បើ​គួរ​គប្បី​នៅ​ចំពោះ​ព្រះឲ្យ​យើង​ខ្ញុំ​ស្តាប់​តាម​លោក​រាល់​គ្នាជា​ជាង​ស្តាប់​តាម​ព្រះ នោះ​សូម​ពិចារណា​ចុះ ដ្បិត​យើង​ខ្ញុំ​នឹង​លែង​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮពុំ​បាន​ទេ។ (កិច្ចការ ៤:១៩-២០)

Powered by CAM