កិច្ចការនៃពួកសាវ័ក (ជំពូកទី-០៥)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី១ ជំពូក២៩
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ក្រោយគ្រានោះ អញនឹងចាត់វិញ្ញាណរបស់អញទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុសស្រីរបស់ឯងនឹងទាយ ពួកចាស់ៗរបស់ឯងនឹងយល់សប្តិឃើញ ហើយពួកកំឡោះៗរបស់ឯងនឹងឃើញការជាក់ស្តែង។ យ៉ូអែល ២:២៨
ម្យ៉ាងវិញទៀត អ្នកខ្លះកំពុងរង់ចាំឱកាសពិសេសនៃភាពស្រស់ស្រាយខាងវិញ្ញាណ ដើម្បីបំភ្លឺដល់មនុស្សដទៃ ជំនួសឲ្យការបង្កើនឱកាសដែលកំពុងមានស្រាប់នោះ ពួកគេបានប្រើឱកាសដែលមាននៅក្នុងដៃជាការឥតប្រយោជន៍ទទេទៅវិញ ។ ពួកគេបានបដិសេធភារកិច្ចនិងឱកាស ហើយបណ្តោយឲ្យពន្លឺរបស់ពួកគេមានភាពស្រអាប់ នៅពេលដែលពួកគេសម្លឹងមើលទៅខាងមុខ ទៅកាន់ពេលដែលព្រះប្រទានព្រះពរពិសេសដល់ពួកគេ ដោយគេត្រូវបានផ្លាស់ប្រែ ហើយមានសមត្ថភាពស្របទៅតាមកិច្ចការរបស់ព្រះ ដោយមិនបានខិតខំប្រឹងប្រែងខ្លួនឯងសោះ។
ជាការពិតណាស់ដែលថានៅសម័យចុងក្រោយ ពេលដែលកិច្ចការនៅលើផែនដីកំពុងបញ្ចប់ ការខំប្រឹងប្រែងដ៏ស្មោះត្រង់ដែលធ្វើឡើងដោយពួកអ្នកជឿ ដែលមានការលះបង់ នៅក្រោមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ត្រូវតែសម្រេចបានដោយនិមិត្តរូបនៃការគាប់ព្រះទ័យដល់ព្រះ។ នៅក្រោមរូបភាពនៃភ្លៀងដើមរដូវ និងភ្លៀងចុងរដូវ ដែលធ្លាក់មកលើទឹកដីភាគខាងកើត នៅរដូវសាបព្រោះ និងរដូវប្រមូលផល ហោរាសាសន៍ហេព្រើរបានទស្សទាយពីការប្រទានព្រះគុណខាងព្រះវិញ្ញាណ ដែលមានទំហំធំធេង ខុសពីធម្មតា មកលើពួកជំនុំរបស់ព្រះ ការចាក់បង្ហូរព្រះវិញ្ញាណនៅថ្ងៃប៉ង់តាកូសរបស់ពួកសាវ័ក គឺជាការចាប់ផ្តើមនៃភ្លៀងដើមឆ្នាំ ឬដើមរដូវ ហើយមានលទ្ធផលដ៏រុងរឿង ។ នៅគ្រាអវសាន្ត (គ្រាចុងក្រោយបង្អស់) ព្រះវត្តមាននៃព្រះវិញ្ញាណត្រូវគង់នៅជាមួយនឹងពួកជំនុំស្មោះត្រង់។
ប៉ុន្តែ នៅជិតទីចុងបំផុតនៃចម្រូតនៅផែនដី ការប្រទានព្រះគុណជាពិសេសត្រូវបានសន្យា ដើម្បីរៀបចំពួកជំនុំសម្រាប់ការយាងមករបស់កូនមនុស្ស (ព្រះយេស៊ូវ) ។ ការចាក់បង្ហូរព្រះវិញ្ញាណប្រៀបដូចជាការធ្លាក់មកនៃភ្លៀងចុងឆ្នាំ ហើយការនេះគឺសម្រាប់ព្រះចេស្តាបន្ថែមដែលគ្រិស្តបរិស័ទត្រូវតែទូលថ្វាយសំណូមពររបស់ពួកគេដល់ព្រះជាម្ចាស់នៃចម្រូត«នៅវេលាភ្លៀងចុងរដូវ»។ ជាចម្លើយ «ពីព្រោះទ្រង់ប្រទានភ្លៀងដំបូងមកតាមខ្នាតត្រឹមត្រូវ … គឺជាភ្លៀងដើម និងភ្លៀងចុងរដូវ» (សាការី ១០:១ និង យ៉ូអែល ២:២៣)។
ប៉ុន្តែ ដរាបណាពួកជំនុំរបស់ព្រះសព្វថ្ងៃនេះមានទំនាក់ទំនងដ៏រស់ជាមួយនឹងព្រះដែលជាប្រភពនៃការចម្រើនលូតលាស់ខាងព្រលឹងវិញ្ញាណ នោះពួកគេមិនទាន់រៀបចំខ្លួនសម្រាប់ពេលប្រមូលផលនៅឡើយ។ ដរាបណាពួកគេមិនរក្សាចង្កៀងរបស់ពួកគេឲ្យបានរៀបរយនិងឆេះជានិច្ចនោះទេ ពួកគេនឹងបរាជ័យក្នុងការទទួលព្រះគុណដែលជាជំនួយ នៅពេលដែលមានសេចក្តីត្រូវការហើយ។
អស់អ្នកដែលគ្រាន់តែបន្តទទួលការផ្តល់ព្រះគុណដ៏ស្រស់ថ្លា នឹងទទួលព្រះចេស្តាសមស្របទៅនឹងសេចក្តីត្រូវការប្រចាំថ្ងៃនិងលទ្ធភាពរបស់ពួកគេ ក្នុងការប្រើប្រាស់ព្រះចេស្តានោះ ជំនួសឲ្យការសម្លឹងមើលទៅខាងមុខ ឆ្ពោះទៅពេលអនាគត ជាពេលដែលពួកគេនឹងទទួលការអស្ចារ្យ តម្រូវទៅតាមការនេសាទមនុស្ស តាមរយៈការប្រទានព្រះចេស្តា ជាពិសេស ពួកគេបន្ទាបខ្លួនទៅរកព្រះ ដែលព្រះអង្គនឹងធ្វើឲ្យពួកគេក្លាយទៅជាភាជន៍សម្រាប់ការប្រើប្រាស់របស់ទ្រង់។ ពួកគេកំពុងបង្កើនឱកាសសម្រាប់ការងារដែលនៅក្នុងដែនកំណត់របស់ពួកគេ ។ ពួកគេកំពុងធ្វើទីបន្ទាល់ពីព្រះដែលជាចៅហ្វាយរបស់ពួកគេ ទោះបីជាពួកគេរស់នៅកន្លែងណាក៏ដោយ នៅក្នុងកន្លែងធ្វើការជាសាធារណៈដ៏មានប្រយោជន៍ ឬធ្វើការនៅក្នុងការបន្ទាបខ្លួននៅកន្លែងធ្វើការនៅតាមផ្ទះក្តី។
ចំពោះអ្នកធ្វើការដ៏បរិសុទ្ធមានការកម្សាន្តចិត្តដ៏អស្ចារ្យ នៅក្នុងចំណេះដឹងដែលថា សូម្បីតែព្រះគ្រិស្តក៏បានស្វែងរកព្រះវរបិតាទ្រង់ជារៀងរាល់ថ្ងៃ ដើម្បីប្រទានព្រះគុណថ្មីតាមតម្រូវការដែរ កាលព្រះអង្គមានព្រះជន្មនៅលើផែនដី ហើយចេញពីទំនាក់ទំនងជាមួយនឹងព្រះនេះមក ព្រះអង្គបានយាងចេញទៅពង្រឹងកម្លាំងនិងប្រទានពរដល់មនុស្សដទៃ។ មើលន៍ព្រះរាជបុត្រានៃព្រះបានអធិដ្ឋានទៅព្រះវរបិតា! ព្រះរាជបុត្រានៃព្រះទ្រង់ពង្រឹងជំនឿដោយការអធិដ្ឋាន ហើយដោយការរួបរួមជាមួយនឹងឋានសួគ៌ ព្រះអង្គបានប្រមូលកម្លាំងដើម្បីទប់ទល់ជាមួយនឹងអារក្ស និងដើម្បីបម្រើដល់សេចក្តីត្រូវការរបស់មនុស្ស។ ក្នុងនាមជាបងប្រុសនៃមនុស្សជាតិរបស់យើង ព្រះអង្គជ្រាបពីភាពចាំបាច់នៃអស់អ្នកដែលនៅតែមានបំណងចង់បម្រើដល់ទ្រង់ ដែលបានហ៊ុំព័ទ្ធដោយការពិបាក និងដែលកំពុងរស់នៅក្នុងពិភពលោកនៃអំពើបាប ព្រះអង្គជ្រាបថា ពួកអ្នកនាំសារដែលព្រះអង្គទតឃើញថាគួរនឹងចាត់ឲ្យទៅនោះ ជាមនុស្សកម្សោយ ជាមនុស្សមានកំហុស ប៉ុន្តែ ចំពោះអស់អ្នកណាដែលបានថ្វាយខ្លួនដាច់ចំពោះព្រះរាជកិច្ចរបស់ទ្រង់ ព្រះអង្គសន្យាថានឹងប្រទានជំនួយដែលមកពីព្រះ។ គំរូរបស់ព្រះអង្គគឺជាការធានាអះអាងយ៉ាងស្មោះស្ម័គ្រ គឺការទូលអង្វរទៅព្រះដោយជំនឿជាប្រចាំ ជំនឿដែលដឹកនាំទៅរកការទីពឹងដល់ព្រះទាំងស្រុង និងលះបង់ដើម្បីកិច្ចការរបស់ទ្រង់ ឥតសំចៃទុកអ្វីសោះ នឹងជួយនាំជំនួយនៃព្រះវិញ្ញាណដល់មនុស្ស នៅក្នុងសមរភូមិជាមួយនឹងអំពើបាប។
ព្រះនឹងរៀបចំអ្នកធ្វើការដែលដើរតាមគំរូរបស់ព្រះគ្រិស្ត ឲ្យទទួលនិងប្រើប្រាស់ព្រះចេស្តាដែលព្រះបានសន្យាដល់ពួកជំនុំ ដើម្បីប្រមូលផលនៃចម្រូតនៅផែនដីនេះ។ ពីព្រឹកមួយទៅព្រឹកមួយ ខណៈដែលអ្នកផ្សាយដំណឹងល្អលុតជង្គង់នៅចំពោះព្រះ ហើយរំឭកអំពីការសច្ចានៃការថ្វាយជីវិតដល់ទ្រង់ ព្រះអង្គនឹងប្រទានដល់ពួកគេនូវព្រះវត្តមាននៃព្រះវិញ្ញាណរបស់ទ្រង់ជាមួយនឹងព្រះចេស្តាដ៏រស់និងដ៏បរិសុទ្ធនៃព្រះវិញ្ញាណនោះ។ នៅពេលដែលពួកគេចេញទៅបំពេញកិច្ចការប្រចាំថ្ងៃ ពួកគេមានការធានារ៉ាប់រងថា ភ្នាក់ងារនៃព្រះវិញ្ញាណបរិសុទ្ធដែលមនុស្សមើលមិនឃើញជំរុញពួកគេឲ្យអាច «ធ្វើការជាមួយនឹងព្រះ»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែពេត្រុស និងយ៉ូហានឆ្លើយតបថា បើគួរគប្បីនៅចំពោះព្រះឲ្យយើងខ្ញុំស្តាប់តាមលោករាល់គ្នាជាជាងស្តាប់តាមព្រះ នោះសូមពិចារណាចុះ ដ្បិតយើងខ្ញុំនឹងលែងនិយាយពីការដែលយើងខ្ញុំបានឃើញ ហើយឮពុំបានទេ។ (កិច្ចការ ៤:១៩-២០)