ថ្ងៃព្រហស្បតិ៍ ទី០៩​ ខែកក្កដា ឆ្នាំ២០២០
​​​

កិច្ចការនៃពួកសាវ័ក (ជំពូកទី-០៦)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ជំពូក៣ និង ៤:១-៣១ ។​

នៅត្រង់មាត់ទ្វារព្រះវិហារ

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី១ ជំពូក៣០

ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែ​ពេត្រុស​និយាយ​ថា ឯ​ប្រាក់ ហើយ​និង​មាស ខ្ញុំ​គ្មាន​ទេ តែ​របស់​ដែល​ខ្ញុំ​មាន នោះ​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក គឺ​ដោយសារ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ពី​ស្រុក​ណាសារ៉ែត ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ​ចុះ រួច​ក៏​ចាប់​ដៃ​ស្តាំ​លើក​គាត់​ឡើង ស្រាប់​តែ​ប្រអប់​ជើង និង​ភ្នែក​គោរ​របស់​គាត់ មាន​កំឡាំង​ឡើង​ភ្លាម គាត់​ក៏​ស្ទុះ​ឈរ​ឡើង​ដើរ​ទៅ​មក ហើយ​ចូល​ទៅ​ក្នុង​ព្រះវិហារ​ជា​មួយ​នឹង​អ្នក​ទាំង​២​នោះ ទាំង​ដើរ ទាំង​លោត ទាំង​សរសើរ​ព្រះ​ផង បណ្តាជន​ទាំង​អស់​គ្នា​ក៏​ឃើញ​គាត់​ដើរ ទាំង​សរសើរ​ព្រះ​ដូច្នោះ។​កិច្ចការ ៣:៦-៩

ពួកសាវ័ករបស់ព្រះគ្រិស្តដឹងយ៉ាងច្បាស់អំពីកង្វះសមត្ថភាពរបស់ពួកគេ ហើយពួកគេបានបង្រួបបង្រួមភាពកម្សោយរបស់ពួកគេជាមួយនឹងកម្លាំងរបស់ព្រះ ភាពល្ងិតល្ងង់របស់ពួកគេ ជាមួយនឹងព្រះតម្រិះរបស់ព្រះ ភាពគ្មាន​តម្លៃរបស់ពួកគេ ជាមួយនឹងសេចក្តីសុចរិតរបស់ព្រះ ភាពក្រីក្រ​របស់ពួកគេ ជាមួយនឹងសម្បត្តិមហាសាលរបស់ព្រះ ។ ដោយបានពង្រឹងកម្លាំងនិងរៀបចំខ្លួនដូច្នេះ ពួកគេមិនញញើតនឹងបោះជំហានទៅមុខដើម្បីបម្រើកិច្ចការរបស់ព្រះដែលជាចៅហ្វាយរបស់ពួកគេឡើយ។

មិនយូរប៉ុន្មាន បន្ទាប់ពីការយាងចុះមករបស់ព្រះវិញ្ញាណបរិសុទ្ធ និងបន្ទាប់ពីការអធិដ្ឋានដោយស្មោះអស់ពីចិត្តភ្លាមៗមក លោកពេត្រុសនិងយ៉ូហានក៏ធ្វើដំណើរទៅព្រះវិហារដើម្បីថ្វាយបង្គំព្រះ ហើយបានឃើញ​ជនពិការម្នាក់ មានអាយុសែសិបឆ្នាំ នៅមាត់ទ្វារលម្អនៃព្រះវិហារ ជីវិតរបស់គាត់ពោរពេញដោយការឈឺចាប់និងពិការភាពតាំងពីកំណើតមក។ បុរសដ៏កម្សត់នេះប្រាថ្នាចង់ជួបព្រះយេស៊ូវជាយូរមកហើយ ដើម្បីឲ្យខ្លួនបានជាពីពិការភាពនេះ ប៉ុន្តៃ សេចក្តីសង្ឃឹមរបស់គាត់ហៀបតែនឹងរលាយបាត់ទៅហើយ ហើយដំណឹងពីកិច្ចការរបស់មហាគ្រូពេទ្យ (ព្រះយេស៊ូវ) នោះក៏ត្រូវបានឃ្លាតឆ្ងាយពីគំនិតគាត់ដែរ។ ទីបំផុតការអង្វរកររបស់គាត់បានទាក់ទាញឲ្យមិត្តភក្តិរបស់គាត់ខ្លះនាំគាត់ទៅកាន់មាត់ទ្វារព្រះវិហារ ប៉ុន្តែ នៅពេល​ដែល​គាត់បានទៅដល់ទីនោះគាត់បានដឹងថាគ្រូពេទ្យ​ដែលជាសេចក្តីសង្ឃឹម​របស់គាត់នោះ ត្រូវបានគេសម្លាប់យ៉ាងឃោរឃៅបាត់ទៅហើយ។

ការខកចិត្តរបស់គាត់បានទាក់ទាញការអាណិតអាសូរពីសំណាក់អ្នកដែលបានដឹងពីការអន្ទះសាចង់បានការព្យាបាលពីព្រះយេស៊ូវជាយូរអង្វែងហើយនោះ ហើយពួកគេបាននាំគាត់មកកាន់ព្រះវិហារជារៀងរាល់ថ្ងៃ ដើម្បីឲ្យភាពលំបាកវេទនានោះអាចទាក់ទាញការអាណិតអាសូរ ហើយផ្តល់​ប្រាក់​បន្តិចបន្តួច សម្រាប់ជួយបន្ធូរចំណង់របស់គាត់។ នៅពេលដែលលោកពេត្រុសនិងយ៉ូហានបានមកដល់ គាត់ក៏បានសុំទានខ្លះពីលោកទាំងពីរ។ សាវ័កទាំងពីរ​បានសម្លឹងមើលទៅគាត់ដោយការអាណិតអាសូរ រួចពេត្រុស​និយាយថា «ចូរមើលមកយើងឯណេះ គាត់ក៏ស្តាប់តាមដោយសង្ឃឹមថា​នឹង​បានអ្វីខ្លះ តែពេត្រុសនិយាយថា ឯប្រាក់ ហើយនិងមាស ខ្ញុំគ្មានទេ»។ ខណៈ​ដែលលោកពេត្រុសបានមានប្រសាសន៍អំពីភាពក្រីក្ររបស់លោកដូច្នេះ ទឹកមុខរបស់ជនពិការនោះក៏ធ្លាក់ក្រៀមចុះ ប៉ុន្តែ ទឹកមុខនោះបានភ្លឺចាំងចែងឡើងវិញជាមួយនឹងសេចក្តីសង្ឃឹម នៅពេលដែលសាវ័កបន្តទៅទៀតថា «តែរបស់ដែលខ្ញុំមាន នោះខ្ញុំនឹងឲ្យដល់អ្នក គឺដោយសារព្រះនាមព្រះយេស៊ូវគ្រិស្ត ពីស្រុកណាសារ៉ែត ចូរអ្នកក្រោកឡើងដើរទៅចុះ»។ «រួចក៏ចាប់​​ដៃ​ស្តាំ​ លើកគាត់ឡើង ស្រាប់តែប្រអប់ជើង និងភ្នែកគោររបស់គាត់ មានកម្លាំង​ឡើងភ្លាម គាត់ក៏ស្ទុះឈរឡើងដើរទៅមក ហើយចូលទៅក្នុងព្រះវិហារជាមួយនឹងអ្នកទាំងពីរនោះ ទាំងដើរ ទាំងលោត ទាំងសរសើរព្រះផង បណ្តា​ជន​ទាំងអស់គ្នាក៏ឃើញគាត់ដើរ ទាំងសរសើរព្រះដូច្នោះ ហើយគេស្គាល់គាត់ ថាជាអ្នកដែលតែងតែអង្គុយសូមទានគេ នៅត្រង់មាត់ទ្វារលម្អរបស់ព្រះវិហារ នោះគេក៏មានពេញជាសេចក្តីអស្ចារ្យ ហើយមមីងមមាំង​ពីការដែល​កើត​មកនោះ»។ «ដូច្នេះកំពុងដែលគាត់​ចាប់​តោងឃាត់ពេត្រុស និងយ៉ូហាន នោះបណ្តាជនទាំងអស់ក៏រត់មូលមកឯគេ នៅត្រង់បាំងសាចដែលហៅថា បាំងសាចសាឡូម៉ូន ហើយគេមានសេចក្តីអស្ចារ្យក្នុងចិត្តណាស់»។ ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងដោយបានឃើញពួកសាវ័កអាចសម្តែង​បាដិហារ្យ ដូចជាការដែលព្រះយេស៊ូវបានសម្តែងដូច្នោះដែរ។ ហើយឥឡូវនេះបុរសដែលបានពិការសែសិបឆ្នាំមកហើយនេះកំពុងតែមានអំណរនៅក្នុងការប្រើប្រាស់អវយវៈរបស់គាត់ មានសេរីភាពពីការឈឺចាប់ និងមានសេចក្តីរីករាយជាមួយនឹងជំនឿលើព្រះយេស៊ូវ។ នៅពេលពួកសាវ័កបាន​ឃើញការភ្ញាក់​ផ្អើល​របស់ពួកបណ្តាជន លោកពេត្រុសបានសួរថា «ឱសាសន៍អ៊ីស្រាអែល​រាល់គ្នាអើយ ហេតុអ្វីបានជាមានសេចក្តីប្លែកក្នុងចិត្តពីការនេះ ហើយសម្លឹង​មើលមកយើងខ្ញុំ ហាក់ដូចជាយើងខ្ញុំបានធ្វើឲ្យមនុស្សនេះដើររួច ដោយអាង​អំណាច ឬគុណានុភាពរបស់ខ្លួនយើងខ្ញុំដូច្នេះ?» លោកបានបញ្ជាក់ថាការព្យាបាលនេះបានកើតឡើងដោយព្រះនាមនិងតាមរយៈការអស្ចារ្យនៃព្រះយេស៊ូវពីស្រុកណាសារ៉ែត ដែលព្រះបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញទេតើ។ សាវ័កនេះបានមានប្រសាសន៍ថា «ហើយគឺដោយសារ​សេចក្តី​ជំនឿ ជឿដល់ព្រះនាមទ្រង់ នោះព្រះនាមទ្រង់បានប្រោសមនុស្សនេះ ដែលអ្នករាល់គ្នាឃើញ ហើយស្គាល់ ឲ្យមានកម្លាំងឡើង គឺជាសេចក្តីជំនឿ​ដែលកើតមក ដោយសារព្រះអង្គនោះឯង បានធ្វើឲ្យគាត់ជាស្រឡះ នៅមុខ​អ្នករាល់គ្នាដូច្នេះ»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែ​ពេត្រុស និង​យ៉ូហានឆ្លើយ​តប​ថា បើ​គួរ​គប្បី​នៅ​ចំពោះ​ព្រះឲ្យ​យើង​ខ្ញុំ​ស្តាប់​តាម​លោក​រាល់​គ្នាជា​ជាង​ស្តាប់​តាម​ព្រះ នោះ​សូម​ពិចារណា​ចុះ ដ្បិត​យើង​ខ្ញុំ​នឹង​លែង​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮពុំ​បាន​ទេ។ (កិច្ចការ ៤:១៩-២០)

Powered by CAM