ថ្ងៃសៅរ៍ ទី០១​ ខែសីហា ឆ្នាំ២០២០
​​​​​

កិច្ចការនៃពួកសាវ័ក (ជំពូកទី-១១)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ជំពូក៨។​

ដំណឹងល្អនៅស្រុកសាម៉ារី

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី២ ជំពូក២២

បន្ទាប់ពីមរណភាពរបស់លោកស្ទេផានមក មានការបៀតបៀន​ឥត​ស្រាកស្រាន្តដល់ពួកអ្នកមានជំនឿដែល «ពួកជំនុំត្រូវខ្ចាត់ខ្ចាយទៅ​នៅ​តែ​ពាសពេញក្នុងស្រុកយូដានិងស្រុកសាម៉ារី» ឯសុល «បានធ្វើទុក្ខដល់ពួកជំនុំខ្លាំងណាស់ ដោយចូលគ្រប់តែផ្ទះ ចាប់ទាញអូសទាំងប្រុសទាំងស្រី បញ្ជូនទៅ​ដាក់គុក»។ នៅថ្ងៃក្រោយមកទៀត លោកបានមានប្រសាសន៍អំពីចិត្តពុះ កញ្រ្ជោលនៅក្នុងកិច្ចការយ៉ាងឃោរឃៅនេះថា «សូម្បីទូលបង្គំក៏បាន​គិត​ស្មានថា គួរឲ្យទូលបង្គំធ្វើទាស់ទទឹងជាច្រើន ដល់ព្រះនាមព្រះយេស៊ូវ ពី​ស្រុកណាសារ៉ែតដែរ គឺទូលបង្គំបានធ្វើ ការទាំងនោះនៅក្រុង​យេរូសាឡិមបានទាំងចាប់ពួកអ្នកបរិសុទ្ធជាច្រើនយកទៅដាក់គុក ដោយទទួល​អំណាច​ពីពួកសង្គ្រាជមក ហើយកាលគេសម្លាប់អ្នកទាំងនោះ ទូលបង្គំក៏យល់​ព្រម​ដែរ ទូលបង្គំបានធ្វើទោសគេជាញឹកញយ នៅគ្រប់ទាំងសាលាប្រជុំទាំងបង្ខំឲ្យគេពោលពាក្យប្រមាថដល់ព្រះផង ហើយដោយព្រោះទូលបង្គំមានចិត្តក្តៅក្រហាយជ្រុលពេក ទាស់នឹងគេដូច្នេះ បានជាទូលបង្គំធ្វើទុក្ខបៀត​បៀន​ដល់គេ រហូតដល់ក្រុងនៃសាសន៍ដទៃផង» (កិច្ចការ ២៦:៩-១១)។

នៅពេលដែលមានគ្រោះថ្នាក់នេះ លោកនីកូដេមបានចេញមកប្រកាសដោយគ្មានភ័យខ្លាចអំពីជំនឿរបស់លោកក្នុងការឆ្កាងព្រះអង្គសង្រ្គោះ។ លោកនីកូដេមគឺជាសមាជិកនៃក្រុមប្រឹក្សាសាន់ហ៊ី​ឌ្រីន ហើយធ្លាប់បានធ្វើឲ្យរញ្ជួយដោយការបង្រៀនរបស់ព្រះយេស៊ូវ ជាមួយនឹងមនុស្ស​ដទៃទៀត​ផងដែរ។ នៅពេលដែលលោកបានឃើញកិច្ចការដ៏អស្ចារ្យរបស់ព្រះគ្រិស្ត លោកបានយល់យ៉ាងច្បាស់ថាអ្នកនេះពិតជាព្រះបានចាត់មកមែន។ ដោយមានអំនួតមិនហ៊ានបង្ហាញខ្លួននៅចំពោះការអាណិតអាសូរនៃគ្រូនៅស្រុកកាលីឡេនេះ លោកបានស្វែងរកឱកាសជួបទ្រង់ជាសម្ងាត់។ នៅក្នុង​បទ​សម្ភាសន៍នេះ ព្រះយេស៊ូវបានបើកបង្ហាញដល់លោកអំពីផែនការនៃសេចក្តីសង្រ្គោះ និងព្រះរាជបេសកកម្មរបស់ទ្រង់នៅលើផែនដី តែលោក​នីកូដេម​នៅតែស្ទាក់ស្ទើរ។ លោកបានលាក់សេចក្តីពិតនៅតែក្នុងចិត្តរបស់លោក ហើយអស់រយៈពេលបីឆ្នាំ ឃើញមានផលផ្លែយ៉ាងតិចតួច។ ប៉ុន្តែ នៅពេលដែលលោកនីកូដេមមិនបានទទួលស្គាល់ព្រះគ្រិស្តជាសាធារណៈ នៅក្នុង​ក្រុម​ប្រឹក្សា​សាន់ហ៊ីឌ្រីន លោកបានរារាំងផែនការណ៍ចង់ធ្វើគុតព្រះយេស៊ូវ របស់ពួកសង្ឃជាច្រើនដង។ នៅទីចុងបំផុត ពេលដែលព្រះយេស៊ូវ​ត្រូវគេ​ឆ្កាង លោកបាននឹកឃើញព្រះបន្ទូលដែលព្រះអង្គមានបន្ទូល នៅក្នុងរាត្រីនៃបទសម្ភាសន៍មួយនៅភ្នំដើមអូលីវ «ហើយដែលលោកម៉ូសេ​បានលើក​សត្វពស់ឡើង នៅទីរហោស្ថានជាយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកលោកឡើងយ៉ាងនោះដែរ» (យ៉ូហាន ៣:១៤) ហើយលោកបានមើលឃើញ​ថាព្រះយេស៊ូវ គឺជាព្រះដែលជួយសង្រ្គោះមនុស្សលោក។

លោកនីកូដេមបានចេញថ្លៃចំណាយជាច្រើន ជាមួយនឹងលោកយ៉ូសែប​ពីស្រុកអរីម៉ាថេ ក្នុងការបញ្ចុះព្រះសពព្រះយេស៊ូវ។ ពួកសិស្សមិនហ៊ានបង្ហាញខ្លួនថាជាសិស្សព្រះយេស៊ូវដោយចំហទេ ប៉ុន្តែ លោកនីកូដេមនិងលោកយ៉ូសែបបានចេញមុខជួយពួកគេដោយក្លាហាន។ ពួកសិស្សត្រូវការជំនួយពីអ្នកមានទ្រព្យសម្បត្តិ និងមានអំណាចបែបនេះជាខ្លាំង នៅក្នុង​ឱកាស​ដ៏​ខ្មៅ​ងងឹង​នេះ។ ពូកលោកបានជួយដល់ព្រះគ្រូរបស់ពួកគេដែលបានសុគតទៅហើយនោះ នូវកិច្ចការដែលពួកសិស្សដ៏ក្រីក្រមិនអាចធ្វើបាន ហើយទ្រព្យសម្បត្តិនិងកិត្តិយសរបស់ពួកលោកបានការពារពួកគេឲ្យរួចពីការព្យាបាទរបស់ពួកសង្ឃនិងពួកមេដឹកនាំសាសនា។

ឥឡូវនេះ នៅពេលដែលសាសន៍យូដាកំពុងប្រឹងប្រែងបំផ្លាញពួកជំនុំដ៏ក្មេងខ្ចីនេះ លោកនីកូដេមបានចេញមុខការពារ។ លោកបានលើកទឹកចិត្តដល់ជំនឿរបស់ពួកសាវ័ក និងបានប្រើប្រាស់ទ្រព្យសម្បត្តិរបស់លោកដោយគ្មានការប្រុងប្រយ័ត្ន និងសង្ស័យតទៅទៀត ហើយដើម្បីជួយទ្រទ្រង់ពួកជំនុំនៅទីក្រុងយេរូសាឡិម និងដើម្បីជំរុញកិច្ចការនៃដំណឹងល្អ។ ពួកអ្នកដែលធ្លាប់តែគោរពដល់លោកកាលពីមុន ឥឡូវនេះបានប្រមាថនិងបៀតបៀន​ដល់លោកវិញ ហើយលោកបានត្រឡប់ជាអ្នកក្រីក្រទ្រព្យសម្បត្តិខាងលោកិយតែលោកមិនស្ទាក់ស្ទើរក្នុងការការពារជំនឿរបស់លោកឡើយ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឯ​សុល​បាន​ធ្វើ​ទុក្ខ​ដល់​ពួក​ជំនុំ​ខ្លាំង​ណាស់ ដោយ​ចូល​គ្រប់​តែ​ផ្ទះចាប់​ទាញ​អូស​ទាំង​ប្រុស​ទាំង​ស្រីបញ្ជូន​ទៅ​ដាក់​គុក។ ចំណែក​​អស់​​អ្នក​ដែល​ត្រូវ​ខ្ចាត់ខ្ចាយ​នោះ គេ​ដើរ​ចុះ​ឡើង​ទាំង​ផ្សាយ​ដំណឹង​ល្អគឺ​ជា​ព្រះបន្ទូល។ (កិច្ចការ ៨:៣-៤)

Powered by CAM