ថ្ងៃច័ន្ទ ទី១០​ ខែសីហា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-១២)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី១ ជំពូក៧

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ប៉ុន្តែ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា ចូរ​ទៅ​ចុះ ពី​ព្រោះ​អ្នក​នោះ​ជា​ប្រដាប់​រើស​តាំង​ដល់​ខ្ញុំ សំរាប់​នឹង​ប្រកាស​ឈ្មោះ​ខ្ញុំ ដល់​ពួក​សាសន៍​ដទៃ និង​ពួក​ស្តេច ហើយ​និង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ផង។ កិច្ចការ ៩:១៥​

ពន្លឺដ៏អស្ចារ្យដែលបានចែងចាំងបំបាត់ភាពងងឹតរបស់លោកសុល គឺជាកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែ ក៏មានកិច្ចការដែលពួកសិស្សត្រូវធ្វើផងដែរ។ ព្រះគ្រិស្តបានសម្តែងការបើកបង្ហាញនិងការកាត់ទោស ហើយ​ឥឡូវ​នេះ ជនដែលមានវិប្បដិសារីនេះឋិតនៅក្នុងលក្ខខណ្ឌមួយនៃការរៀនសូត្រ​ពីអ្នកទាំងឡាយ ដែលព្រះបានតែងតាំងឲ្យបង្រៀនពីសេចក្តីពិតរបស់ទ្រង់។

ខណៈដែលលោកសុលនៅតែម្នាក់ឯង ក្នុងផ្ទះរបស់លោកយូដាស បន្តអធិដ្ឋាននិងទូលអង្វរករ ព្រះជាម្ចាស់បានលេចមកនៅក្នុងការបើកសម្តែង​មួយ «រីឯដាម៉ាស នោះមានសិស្សម្នាក់ឈ្មោះអាន្នាស​» ដោយប្រាប់​លោកថា លោកសុលជាអ្នកស្រុកតើសុសកំពុងតែអធិដ្ឋានហើយត្រូវការជំនួយ ។ ទេវតានៃឋានសួគ៌បានមានបន្ទូលថា «ក្រោកឡើង ទៅឯផ្លូវដែល​ហៅថាផ្លូវត្រង់ ហើយរកមនុស្សម្នាក់ឈ្មោះសុល ជាអ្នកស្រុកតើសុស នៅក្នុងផ្ទះយូដាស ដ្បិតមើល គាត់កំពុងតែអធិដ្ឋាន ហើយក្នុងការជាក់ស្តែង គាត់បានឃើញថា មានមនុស្សម្នាក់ឈ្មោះអាន្ន៉ានាស ចូលមកដាក់​ដៃលើ​គាត់ឲ្យបានភ្លឺភ្នែកឡើង»។

លោកអាន្ន៉ានាសសឹងតែមិនជឿបន្ទូលរបស់ទេវតា ព្រោះដំណឹងនៃការធ្វើទុក្ខបៀតបៀនដ៏ជូរចត់របស់លោកសុល ដល់ពួកបរិសុទ្ធនៅទីក្រុងយេរូសាឡិមបានឮសុសសាយពាសពេញទីជិតឆ្ងាយ។ លោកបាន​សំអាង​ទៅលើកំហុសរបស់សុល ដោយទូលតបទៅព្រះវិញថា «ព្រះអម្ចាស់អើយ ទូលបង្គំបានឮមនុស្សជាច្រើន និយាយពីការអាក្រក់ទាំងប៉ុន្មាន ដែលអ្នក​នោះ​បានប្រព្រឹត្ត ដល់ពួកបរិសុទ្ធរបស់ទ្រង់ នៅក្រុងយេរូសាឡិម ហើយនៅ​ទីនេះ គាត់ក៏មានអំណាចពីពួកសង្គ្រាជ អាចនឹងទៅចាប់ចងនូវអស់អ្នកណា ដែលអំពាវនាវដល់ព្រះនាមទ្រង់ដែរ» ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលថា «ចូរទៅចុះ ពីព្រោះអ្នកនោះជាប្រដាប់រើសតាំងដល់ខ្ញុំ សម្រាប់នឹង​ប្រកាស​ឈ្មោះខ្ញុំ ដល់ពួកសាសន៍ដទៃ និងពួកស្តេច ហើយនិងពួកកូនចៅសាសន៍អ៊ីស្រាអែលផង»។

ដោយស្តាប់តាមការណែនាំរបស់ទេវតា អាន្ន៉ានាសស្វែងរកបុរស​ដែលថ្មីៗនេះបានពេញចិត្តនឹងការគំរាមកំហែងដល់អ្នកដែលជឿដល់ព្រះនាមរបស់ព្រះយេស៊ូវ ហើយដាក់ដៃលើក្បាលរបស់អ្នកឈឺចាប់ដែលមានវិប្បដិសារីនេះ លោកបាននិយាយថា «អ្នកសុលអើយ ព្រះអម្ចាស់ គឺព្រះ​យេស៊ូវ ដែលលេចមកឲ្យអ្នកឃើញតាមផ្លូវ ទ្រង់បានចាត់ខ្ញុំមក ដើម្បីឲ្យ​អ្នកបានភ្លឺភ្នែក ហើយឲ្យអ្នកបានពេញជាព្រះវិញ្ញាណបរិសុទ្ធ»។«ស្រាប់តែមានដូចជាស្រកាជ្រុះចុះពីភ្នែកគាត់មក ហើយគាត់ក៏​បានភ្លឺ​ជាមួយរំពេច រួចក្រោកឡើងទទួលបុណ្យជ្រមុជទឹក»។

ដូច្នេះ ព្រះយេស៊ូវបានប្រទានការយល់ព្រមដល់អំណាចនៃពួកជំនុំពេញសិទ្ធិរបស់ព្រះអង្គ ហើយបានដាក់លោកសុលនៅក្នុងទំនាក់ទំនងជាមួយនឹងភ្នាក់ងារដែលទ្រង់បានតែងតាំងនៅលើផែនដី។ ឥឡូវនេះ ព្រះគ្រិស្តមានពួកជំនុំដែលជាតំណាងរបស់ទ្រង់នៅលើផែនដី ហើយពួកជំនុំនេះមានកិច្ចការជួយតម្រង់ទិសដល់បាបជន ដែលបានកែប្រែចិត្តនៅក្នុងរបៀបនៃការរស់នៅ។

មនុស្សជាច្រើនមានគំនិតថា ពួកគេមានទំនួលខុសត្រូវចំពោះតែព្រះគ្រិស្ត​មួយគត់ សម្រាប់ពន្លឺនិងបទពិសោធន៍របស់ពួកគេ មិនទីពឹងទៅលើពួកសិស្សរបស់ទ្រង់នៅលើផែនដីនេះទេ។ ព្រះយេស៊ូវគឺជាមិត្តសម្លាញ់របស់បាបជន ហើយព្រះអង្គមានព្រះទ័យក្តួលអាណិតចំពោះសេចក្តីវេទនារបស់ពួកគេជាខ្លាំង។ ព្រះអង្គមានសព្វព្រះចេស្តា ទាំងនៅឋានសួគ៌ និងនៅ​ផែនដី ប៉ុន្តែ ព្រះអង្គគោរពភ្នាក់ងារដែលទ្រង់បានតែងតាំង សម្រាប់ពន្លឺនិងសេចក្តីសង្រ្គោះរបស់មនុស្ស ព្រះអង្គបានណែនាំបាបជនទៅឯពួកជំនុំ ដែលទ្រង់បានបង្កើតឡើងសម្រាប់ជាប្រឡាយនៃពន្លឺដល់ពិភពលោក។

នៅពេលដែលព្រះបានប្រទានការបើកសម្តែងអំពីព្រះគ្រិស្ត ជាព្រះដែលលោកកំពុងតែធ្វើទុក្ខបៀតបៀន ដល់លោកសុល នៅកណ្តាលកំហុសឆ្គងនិងការប្រកាន់ពូជសាសន៍ដ៏ងងឹតងងល់របស់លោក ព្រះអង្គបានដាក់លោកឲ្យមានទំនាក់ទំនងជាមួយនឹងពួកជំនុំ ដែលជាពន្លឺនៃលោកិយ។ នៅ​ក្នុងករណីនេះ លោកអាន្ន៉ានាសតំណាងឲ្យព្រះគិ្រស្ត ហើយក៏ជាតំណាងឲ្យគ្រូគង្វាលរបស់ព្រះគ្រិស្ត ដែលព្រះអង្គបានតែងតាំងឲ្យធ្វើការជាតំណាងព្រះអង្គនៅលើផែនដីនេះផងដែរ។ ជាអ្នកតំណាងឲ្យព្រះគ្រិស្ត លោកអាន្ន៉ានាសបានពាល់ភ្នែករបស់លោកសុល ដើម្បីឲ្យលោកអាចទទួលពន្លឺ។ លោកបានដាក់ដែលើក្បាលគាត់ជំនួសព្រះគ្រិស្ត ហើយនៅពេលដែលលោកបានអធិដ្ឋានដោយនូវព្រះនាមរបស់ព្រះគ្រិស្ត លោកសុលក៏បានទទួលព្រះវិញ្ញាណបរិសុទ្ធ។ គ្រប់ទាំងអស់ត្រូវបានសម្រេចដោយនូវព្រះចេស្តារបស់ព្រះគ្រិស្ត។ ព្រះគិ្រស្តគឺជារន្ធទឹក ហើយពួកជំនុំគឺជាប្រឡាយនៃទំនាក់ទំនង។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ក៏​និយាយ​ទៅ​គាត់​ថា អ្នក​អេនាស​អើយ ព្រះយេស៊ូវ​ដ៏​ជា​ព្រះគ្រីស្ទទ្រង់​ប្រោស​ឲ្យ​អ្នក​បាន​ជា​ហើយ ចូរ​ក្រោក​ឡើង​រៀប​គ្រែ​អ្នក​ទៅ ស្រាប់​តែ​គាត់​ក៏​ក្រោក​ឡើង​ភ្លាម ឯ​មនុស្ស​ទាំង​ប៉ុន្មានដែល​នៅ​ភូមិ​លីដា និង​ស្រុក​សារ៉ូនក៏​ឃើញ​គាត់ហើយ​គេ​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះអម្ចាស់។ (កិច្ចការ ៩:៣៤-៣៥)​

Powered by CAM