កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៣)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ៩:១៩-៣០។
ថ្ងៃនៃការរៀបចំ
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី១ ជំពូក៨
ខព្រះគម្ពីរប្រចាំថ្ងៃ៖ សុលក៏នៅក្រុងដាម៉ាស ជាមួយនឹងពួកសិស្សជាយូរថ្ងៃ នោះស្រាប់តែគាត់ប្រកាសប្រាប់ពីព្រះយេស៊ូវ នៅក្នុងសាលាប្រជុំទាំងប៉ុន្មានថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ។ កិច្ចការ ៩:២០
បន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់លោករួចមក លោកប៉ុល (ប្តូរមកឈ្មោះសុលវិញ) លោកបានតមអាហារ ហើយបាននៅ «ក្រុងដាម៉ាសជាមួយនឹងពួក សិស្សជាយូរថ្ងៃ នោះស្រាប់តែគាត់ប្រកាសប្រាប់ពីព្រះយេស៊ូវនៅក្នុងសាលាប្រជុំទាំងប៉ុន្មានថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ» លោកបានប្រកាសដោយក្លាហាន អំពីព្រះយេស៊ូវពីស្រុកណាសារ៉ែតថាជាព្រះមែស្ស៊ីដែលមនុស្សបានរង់ចាំជាយូរមកហើយ ជាព្រះដែល «បានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នាតាមបទគម្ពីរ ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទីបី នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ» ក្រោយមកទៀត ពួកសិស្សនិងមនុស្សដទៃឯទៀតក៏បានមើលឃើញទ្រង់។ លោកប៉ុលបានបន្ថែមថា «រួចទ្រង់បានលេចមកឲ្យខ្ញុំឃើញ ជាខាងក្រោយគេបង្អស់ដូចជាលេចមកដល់កូនកើតមុនកំណត់ដែរ» (កូរិនថូសទី១ ១៥:៣, ៤, ៨)។ ការវែកញែករបស់លោកចេញពីបទទំនាយមានភាពប្រាកដប្រជាជាខ្លាំង ហើយព្រះចេស្តារបស់ព្រះបានគង់នៅជាប់ជាមួយនឹងការខំប្រឹងប្រែងរបស់លោក ដែលធ្វើឲ្យពួកយូដាស្រឡាំងកាំង មិនអាចឆ្លើយទៅលោកវិញបានឡើយ។
ដំណឹងពីការកែប្រែជំនឿរបស់លោកប៉ុលបានឮដល់ពួកសាសន៍យូដា ជាការភ្ញាក់ផ្អើលយ៉ាងធំ។ លោកសុលដែលបានធ្វើដំណើរទៅកាន់ទីក្រុងដាម៉ាស «ដោយទទួលអំណាចពីពួកសង្គ្រាជមក» (កិច្ចការ ២៦:១០) ដើម្បីចាប់ចងនិងធ្វើទុក្ខបៀតបៀនដល់ពួកអ្នកជឿ ឥឡូវនេះបានក្លាយមកជាអ្នកអធិប្បាយអំពីដំណឹងល្អនៃការជាប់ឆ្កាង និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្រ្គោះ ទាំងជួយពង្រឹងកម្លាំងដល់អ្នកដែលបានក្លាយជាសិស្សរបស់ទ្រង់រួចទៅហើយ និងបាននាំមកនូវអ្នកមានជំនឿថ្មីៗជាបន្ត ដែលលោកធ្លាប់តែប្រឆាំងយ៉ាងជូរចត់នោះទៅវិញ។
លោកប៉ុលជាមនុសុ្សដែលគេធ្លាប់ស្គាល់ថាជាអ្នកការពារសាសនាយូដាដាច់ខាតម្នាក់ និងជាអ្នកធ្វើទុក្ខបៀតបៀនដែលមិនចេះនឿយហត់ ដល់ពួកសិស្សរបស់ព្រះយេស៊ូវ។ ទេពកោសល្យនិងចំណេះដឹងដែលលោកបានសិក្សាបានធ្វើឲ្យលោកអាចបម្រើការបានសឹងតែនៅក្នុងគ្រប់ផ្នែកទាំងអស់ ដោយក្លាហាន មានភាពឯករាជម្ចាស់ការ និងការតស៊ូស្វិតស្វាញ។ លោកអាចពិចារណារកហេតុផលបានយ៉ាងច្បាស់លាស់ខុសពីធម្មតា ហើយដោយសារការចំអកបញ្ឈឺចិត្តយ៉ាងស្អិតរមូតរបស់លោក អាចដាក់អ្នកប្រឆាំងនេះទៅក្នុងពន្លឺដែលគួរឲ្យចង់បាន។ ហើយឥឡូវនេះ ពួកយូដាបានឃើញថាយុវជនដែលមានជំនាញពិសេសខុសពីធម្មតា បានរួបរួមជាមួយនឹងអតីតមនុស្សអ្នកដែលគេធ្លាប់តែធ្វើទុក្ខបៀតបៀន ហើយកំពុងអធិប្បាយដោយនូវព្រះនាមព្រះយេស៊ូវឥតខ្លាចរអែង។
មេបញ្ជាការកងទ័ពបានស្លាប់នៅក្នុងសមរភូមិ គឺជាការបាត់បង់នៃកងទ័ពរបស់គាត់ ប៉ុន្តែ មរណភាពរបស់មេបញ្ជាការនេះមិនបានផ្តល់កម្លាំងអ្វីដល់កងទ័ពឡើយ។ ប៉ុន្តែ នៅពេលដែលបុរសដែលលេចធ្លោជាងគេបែរទៅរួបរួមជាមួយនឹងកម្លាំងនៃក្រុមប្រឆាំង មិនមែនបាត់បង់ត្រឹមតែការងាររបស់អ្នកនោះប៉ុណ្ណោះទេ ប៉ុន្តែ ក្រុមដែលអ្នកនោះបានរួបរួមជាមួយនឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងធំធេងទៀតផង។ ព្រះជាម្ចាស់អាចប្រហារជីវិតលោកសុលជាអ្នកស្រុកតើសុស នៅក្នុងការធ្វើដំណើររបស់លោកទៅកាន់ក្រុងដាម៉ាសបានយ៉ាងងាយ ហើយព្រះអង្គអាចដកហូតកម្លាំងចេញពីអំណាចនៃការធ្វើទុក្ខបៀតបៀនជាច្រើន។ ប៉ុន្តែ ដោយទិព្វញ្ញាណរបស់ទ្រង់ ព្រះមិនត្រឹមតែបានរក្សាទុកអាយុជីវិតរបស់លោកសុលប៉ុណ្ណោះទេ ប៉ុន្តែ ព្រះអង្គបានប្តូរជំនឿរបស់លោកទៅវិញ ដូច្នេះ នេះគឺជាការបំផ្លាស់បំប្រែអ្នកកំពូលជើងឯក ពីខាងខ្មាំងសត្រូវ មកខាងព្រះគ្រិស្តវិញ។ ការនិយាយដែលប្រកបដោយវោហារ កោសល្យ និងការរិះគន់ធ្ងន់ៗ ជាមួយនឹងគោលបំណងយ៉ាងរឹងមាំ លោកប៉ុលមានគុណសម្បត្តិដែលពូកជំនុំដំបូងត្រូវការជាចាំបាច់។ នៅពេលដែលលោកប៉ុលបានអធិប្បាយអំពីព្រះគ្រិស្តនៅក្រុងដាម៉ាស អ្នកដែលបានស្តាប់លោកមានការភ្ញាក់ផ្អើលជាខ្លាំង ហើយបាននិយាយថា «តើមិនមែនអ្នកនេះទេឬអី ដែលបំផ្លាញពួកអ្នកអំពាវនាវដល់ព្រះនាមនោះ នៅក្រុងយេរូសាឡិម ហើយគាត់បានមកទីនេះ ដើម្បីនឹងចាប់ចងគេ បញ្ជូនទៅឲ្យពួកសង្គ្រាជដែរ?» តែលោកប៉ុលបានអះអាងថាការផ្លាស់ប្តូរជំនឿរបស់លោកមិនមែនកើតឡើងដោយកម្លាំងជំរុញ ឬដោយចិត្តពុះកញ្ជ្រោលនោះទេ ប៉ុន្តែ ត្រូវបាននាំមកដោយភ័ស្តុតាងដ៏ចំឡែកអស្ចារ្យ។ នៅក្នុងការបង្ហាញអំពីដំណឹងល្អរបស់លោក លោកបានខំប្រឹងប្រែងបង្ហាញឲ្យបានឃើញច្បាស់អំពីបទទំនាយដែលទាក់ទងទៅនឹងព្រឹត្តិការណ៍នៃការយាងមកជាលើទីមួយរបស់ព្រះគ្រិស្ត។ លោកបានបង្ហាញយ៉ាងប្រាកដថា បទទំនាយនេះត្រូវបានសម្រេចពិតប្រាកដ ដោយព្រះយេស៊ូវពីស្រុកណាសារ៉ែត។ គ្រឹះនៃជំនឿរបស់លោកគឺជាពាក្យនៃសេចក្តីទំនាយយ៉ាងពិតប្រាកដ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ក៏និយាយទៅគាត់ថា អ្នកអេនាសអើយ ព្រះយេស៊ូវដ៏ជាព្រះគ្រីស្ទទ្រង់ប្រោសឲ្យអ្នកបានជាហើយ ចូរក្រោកឡើងរៀបគ្រែអ្នកទៅ ស្រាប់តែគាត់ក៏ក្រោកឡើងភ្លាម ឯមនុស្សទាំងប៉ុន្មានដែលនៅភូមិលីដា និងស្រុកសារ៉ូនក៏ឃើញគាត់ហើយគេប្រែចិត្តជឿដល់ព្រះអម្ចាស់។ (កិច្ចការ ៩:៣៤-៣៥)