កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៣)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី១ ជំពូក៩
ខព្រះគម្ពីរប្រចាំថ្ងៃ៖ គឺទូលបង្គំបានប្រាប់ឲ្យមនុស្សទាំងអស់ប្រែចិត្ត ហើយងាកបែរមកឯព្រះវិញ ទាំងប្រព្រឹត្តបែបសំណំនឹងការប្រែចិត្តផង គឺប្រាប់ដល់ពួកអ្នកដែលនៅក្រុងដាម៉ាសជាមុនដំបូង រួចនៅក្រុងយេរូសាឡិម និងគ្រប់ក្នុងខេត្តយូដា ហើយដល់អស់ទាំងសាសន៍ដទៃផង។ កិច្ចការ ២៦:២០
នៅពេលដែលលោកប៉ុលបានបន្តអំពាវនាវដល់អ្នកស្តាប់ ដែលកំពុងតែភ្ញាក់ផ្អើលរបស់លោកឲ្យ «ប្រែចិត្តហើយងាកបែរមកឯព្រះវិញទាំងប្រព្រឹត្តបែបសំណំនឹងការប្រែចិត្តផង» (កិច្ចការ ២៦:២០) លោកប៉ុល «មានកម្លាំងកាន់តែខ្លាំងឡើង ក៏ផ្ចាញ់ផ្ទាល់ដល់ពួកសាសន៍យូដា ដែលនៅក្រុងដាម៉ាសវិញ ដោយសម្តែងបញ្ជាក់ពីព្រះអង្គនេះថា ទ្រង់ជាព្រះគ្រិស្តពិតមែន»។ ប៉ុន្តែ ពួកគេជាច្រើនបានពង្រឹងចិត្តរបស់ពួកគេ មិនព្រមឆ្លើយតបទៅនឹងសាររបស់លោកឡើយ ហើយមិនយូរប៉ុន្មាន ការភ្ញាក់ផ្អើលចំពោះការផ្លាស់ប្តូរជំនឿរបស់លោកពីសំណាក់ពួកគេក៏បានប្រែក្លាយទៅជាសម្អប់ដ៏ខ្លាំងក្លា ដូចជាសម្អប់ដែលពួកគេធ្លាប់មានចំពោះព្រះយេស៊ូវកន្លងមកនោះដែរ។
ការប្រឆាំងបានរីករាលដាលឡើងយ៉ាងសាហាវឃោរឃៅ ដែលធ្វើឲ្យលោកប៉ុលមិនអាចបន្តធ្វើការនៅទីក្រុងដាម៉ាសតទៅទៀតបាន។ ទេវតាដែលជាអ្នកនាំសារនៃឋានសួរបានសុំឲ្យលោកចាកចេញមួយរយៈសិន ហើយឲ្យ «ទៅឯស្រុកអារ៉ាប់» (កាឡាទី ១:១៧) ជាទីដែលលោកបានរកឃើញកន្លែងសម្រាកដោយសុវត្ថិភាព។
នៅទីនេះ លោកប៉ុលមានឱកាសជាច្រើនសម្រាប់សិក្សានិងពិចារណាដោយស្ងៀមស្ងាត់។ លោកបានរំឭកឡើងវិញពីបទពិសោធន៍អតីតកាលរបស់លោក និងបានបញ្ជាក់យ៉ាងច្បាស់អំពីកិច្ចការនៃការកែប្រែចិត្តរបស់លោក។ លោកបានស្វែងរកព្រះអស់ពីចិត្ត មិនឈប់ឈរឡើយ រហូតទាល់តែលោកបានដឹងប្រាកដថាព្រះបានទទួលយកការកែប្រែចិត្តរបស់លោក និងបានអត់ទោសដល់អំពើបាបរបស់លោកហើយ។ លោកចង់បានការធានាអះអាងថាព្រះយេស៊ូវនឹងគង់នៅជាមួយនឹងកិច្ចការរបស់លោក ដែលនឹងចូលមកដល់នៅពេលខាងមុខនេះ។ លោកបានជម្រះចិត្តប្រកាន់ពូជសាសន៍និងប្រពៃណីរបស់លោក ដែលបានសំលៀងជីវិតរបស់លោកចាប់តាំងពីពេលនោះមក ហើយលោកបានទទួលការណែនាំពីព្រះដែលជាប្រភពនៃសេចក្តីពិត។ ព្រះយេស៊ូវបានរួបរួមជាមួយនឹងលោក ហើយបង្កើតសេចក្តីជំនឿនៅក្នុងចិត្តលោក ដោយបានប្រទានប្រាជ្ញានិងព្រះគុណដ៏បរិបូរដល់លោក។
នៅពេលដែលគំនិតរបស់មនុស្សបានរួបរួមជាមួយនឹងព្រះតម្រិះរបស់ព្រះ គំនិតដែលមានដែនកំណត់ជាមួយនឹងព្រះតម្រិះដែលគ្មានដែនកំណត់ នោះអានុភាពនៅលើផ្នែករាងកាយ គំនិត និងព្រលឹងមានឥទ្ធិពលគ្មានគូប្រៀប។ យើងរកឃើញចំណេះដឹងដ៏ភ្លឺថ្លាបំផុតនៅក្នុងការរួបរួមបែបនេះ។ នេះគឺជាវិធីសាស្រ្តនៃការអភិវឌ្ឍន៍របស់ព្រះ។ «ដូច្នេះ ចូរអ្នកផ្គាប់ផ្គុនទ្រង់ ហើយមានសេចក្តីមេត្រីនឹងទ្រង់ចុះ» (យ៉ូប ២២:២១) គឺជាព្រះរាជសាររបស់ទ្រង់ចំពោះមនុស្សជាតិ។
ការទូន្មានដ៏អស្ចារ្យដែលព្រះបានប្រទានដល់លោកប៉ុល នៅក្នុងឱកាសនៃការធ្វើបទសម្ភាសន៍ជាមួយនឹងលោកអាន្ន៉ានាសបានដក់ជាប់នៅក្នុងទម្ងន់ដែលចេះតែកើនឡើងនៅក្នុងចិត្តរបស់លោកជានិច្ច។ ពេលលោកបានឆ្លើយតបទៅនឹងពាក្យថា «អ្នកសុលអើយ សូមឲ្យភ្នែកអ្នកបានភ្លឺឡើង» លោកប៉ុលបានសម្លឹងមើលមុខបុរសដែលមានជំនឿដាច់ខាតជាលើកដំបូងបង្អស់ នៅក្រោមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ លោកអាន្ន៉ានាសបានមានប្រសាសន៍ទៅកាន់លោកប៉ុលថា «ព្រះនៃពួកអយ្យកោយើងបានតម្រូវឲ្យអ្នកស្គាល់ចំណង់នៃព្រះហឫទ័យទ្រង់ ហើយឲ្យឃើញព្រះដ៏សុចរិត ព្រមទាំងឮសំឡេងពីព្រះឱស្ឋទ្រង់ ដ្បិតអ្នកត្រូវធ្វើជាស្មរបន្ទាល់ពីទ្រង់ដល់មនុស្សទាំងអស់ ពីគ្រប់ការដែលអ្នកបានឃើញ បានឮ ឥឡូវនេះ តើអ្នកបង្អង់ចាំអ្វីទៀត ចូរក្រោកឡើង ទទួលបុណ្យជ្រមុជទឹក ហើយលាងបាបអ្នកចេញចុះ ដោយការអំពាវនាវដល់ព្រះនាមព្រះអម្ចាស់» (កិច្ចការ ២២:១៣-១៦)។
សម្តីនេះស្របគ្នាទៅនឹងព្រះបន្ទូលរបស់ព្រះយេស៊ូវដោយផ្ទាល់ នៅពេលដែលព្រះអង្គបានចាប់លោកសុលនៅតាមផ្លូវទៅកាន់ទីក្រុងដាម៉ាស ដោយបានមានបន្ទូលថា «ដ្បិតខ្ញុំបានលេចមកឲ្យអ្នកឃើញ ដើម្បីនឹងតាំងអ្នក ឲ្យធ្វើជាអ្នកបម្រើ ហើយជាទីបន្ទាល់ ពីអស់ទាំងការដែលអ្នកបានឃើញហើយ ព្រមទាំងការដែលខ្ញុំនឹងលេចមក ឲ្យអ្នកឃើញទៅមុខទៀត ខ្ញុំបានញែកអ្នកចេញពីបណ្តាជន និងពីពួកសាសន៍ដទៃ ដើម្បីនឹងចាត់អ្នកឲ្យទៅឯគេវិញ ប្រយោជន៍នឹងបំភ្លឺភ្នែកគេឲ្យបានបែរចេញពីសេចក្តីងងឹតមកឯពន្លឺ ហើយពីអំណាចអារក្សសាតាំង មកឯព្រះវិញ ដើម្បីឲ្យគេបានរួចពីបាប ហើយបានទទួលមរតក ជាមួយនឹងពួកអ្នកដែលបានញែកជាបរិសុទ្ធ ដោយសារសេចក្តីជំនឿជឿដល់ខ្ញុំ» (កិច្ចការ ២៦:១៦-១៨)។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ក៏និយាយទៅគាត់ថា អ្នកអេនាសអើយ ព្រះយេស៊ូវដ៏ជាព្រះគ្រីស្ទទ្រង់ប្រោសឲ្យអ្នកបានជាហើយ ចូរក្រោកឡើងរៀបគ្រែអ្នកទៅ ស្រាប់តែគាត់ក៏ក្រោកឡើងភ្លាម ឯមនុស្សទាំងប៉ុន្មានដែលនៅភូមិលីដា និងស្រុកសារ៉ូនក៏ឃើញគាត់ហើយគេប្រែចិត្តជឿដល់ព្រះអម្ចាស់។ (កិច្ចការ ៩:៣៤-៣៥)