ថ្ងៃព្រហស្បតិ៍ ទី១៣​ ខែសីហា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-១៣)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី១ ជំពូក១០

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឯ​ពាក្យ​សំដី និង​វោហា​រអធិប្បាយ​របស់​ខ្ញុំ ក៏​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គឧត្តម ដែល​ពូកែ​បញ្ចុះបញ្ចូល​នោះ​ដែរ គឺ​ដោយ​ការ​សំដែង​ចេញ​ជា​ព្រះវិញ្ញាណ និង​ព្រះចេស្តា​វិញ​ទេ​តើ ដើម្បី​កុំ​ឲ្យ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​បាន​តាំង​នៅ ដោយ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ គឺ​ដោយ​ព្រះចេស្តា​នៃ​ព្រះ​វិញ។ កូរិនថូសទី១ ២:៤-៥

នៅពេលដែលលោកបានសញ្ជឹងគិតអំពីរឿងទាំងនេះនៅក្នុងចិត្តកាន់តែខ្លាំង លោកប៉ុលបានយល់អំពីការត្រាស់ហៅឲ្យ «មកធ្វើជាសាវ័ក​របស់​ទ្រង់ តាមបំណងព្រះហឫទ័យព្រះ» (កូរិនថូសទី១ ១:១) នេះកាន់​តែ​ច្បាស់​ឡើងៗ។ ការត្រាស់ហៅរបស់លោកនេះ «មិនមែនដោយ​ពាក្យឧត្តុង្គឧត្តម​ឡើយ ក្រែងឈើឆ្កាងនៃព្រះគ្រិស្តទៅជាអសារឥតការវិញ» «គឺដោយការ​សម្តែងចេញជាព្រះវិញ្ញាណ និងព្រះចេស្តាវិញទេតើ» (កូរិនថូសទី១ ១:១៧ និង ២:៤,៥)។

ខណៈដែលលោកសុលបានស្រាវជ្រាវព្រះគម្ពីរ លោកបានដឹងថា​នៅ​គ្រប់សម័យកាល «ក្នុងពួកអ្នកដែលទ្រង់បានហៅ មិនសូវមានអ្នកប្រាជ្ញច្រើនខាងឯសាច់ឈាម ឬច្រើននាក់មានអំណាច និងច្រើននាក់ដែលមានត្រកូលខ្ពស់នោះទេ ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកិយនេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ ទ្រង់បានរើសពួកកម្សោយនៅលោកិយនេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស ហើយទ្រង់បានរើសអ្នកទាបថោកនៅលោកិយនេះ និងពួកអ្នកដែលគេមើលងាយ ព្រមទាំង​របស់ដែល​គ្មានផង ដើម្បីនឹងលើកចោលរបស់ដែលមានចេញ ប្រយោជន៍កុំឲ្យមនុស្សណាបានអួតខ្លួន នៅចំពោះព្រះឡើយ» (កូរិនថូសទី១ ១:២៦-២៩)។ ហើយដោយមើលឃើញប្រាជ្ញានៃលោកិយនៅក្នុងពន្លឺនៃឈើឆ្កាង លោកប៉ុល «បានផ្តាច់ចិត្តថា … មិនព្រមស្តាប់រឿងអ្វីទៀត ក្រៅពីព្រះយេស៊ូវគ្រិស្តទេ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង» (កូរិនថូសទី១ ២:២)។ នៅពាស​ពេញ​ទាំង​កិច្ចការរបស់លោក នៅពេលក្រោយៗមកទៀត លោកប៉ុលមិនដែលមើលរំលងព្រះដែលជាប្រភពនៃប្រាជ្ញានិងកម្លាំងឡើយ ។ ជាច្រើនឆ្នាំ​ក្រោយ​មក​ទៀត គេនៅតែឮលោកមានប្រសាសន៍ថា «ដ្បិតឯខ្ញុំ ដែលខ្ញុំរស់នៅ នោះគឺ​សម្រាប់ព្រះគ្រិស្តទេ» (ភីលីព ២:២១)។ ហើយម្តងទៀត «ហើយខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្តីដែលប្រសើរជាង គឺដោយ​ស្គាល់​ព្រះគ្រិស្តយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ ដែលដោយយល់ដល់ទ្រង់ខ្ញុំ​បាន​ខាតគ្រប់ទាំងអស់ … ប្រយោជន៍ឲ្យបានព្រះគ្រិស្តវិញ ហើយឲ្យគេ​បាន​ឃើញ​ខ្ញុំ នៅក្នុងទ្រង់ ដោយសេចក្តីសុចរិតដែលមកពីសេចក្តីជំនឿដល់ព្រះគ្រិស្ត មិនមែនដោយសេចក្តីសុចរិតរបស់ខ្លួនខ្ញុំ ដែលមកពីក្រឹត្យវិន័យនោះទេ គឺ​ជា​សេចក្តីសុចរិតដែលមកពីព្រះដោយសេចក្តីជំនឿវិញ» (ភីលីព ៣:៨-១០)។

ដោយចេញពីស្រុកអារ៉ាប់ លោកប៉ុលបាន «ត្រឡប់ទៅក្រុង​ដាម៉ាស​វិញ» (កាឡាទី ១:១៧) ហើយបាន «អធិប្បាយដោយក្លាហាន … ដោយនូវ​ព្រះនាមព្រះយេស៊ូវ» ។ ដោយមិនអាចបង្រ្កាបប្រាជ្ញានៃការជជែកវែកញែករបស់លោក «ពួកសាសន៍យូដា គេពិគ្រោះគ្នានឹងសម្លាប់គាត់ចេញ»។ គេក៏​ចាំទ្វារក្រុងទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យលោករត់ចេញបាន។ វិបត្តិនេះបានធ្វើឲ្យពួកសិស្សបានស្វែងរកព្រះអស់ពីចិត្ត ហើយទីបំផុត «ពួកសិស្សយកកញ្ជើ​មកដាក់គាត់សម្រូតចុះតាមកំផែងក្រុងទៅ» (កិច្ចការ ៩:២៥)។

បន្ទាប់ពីការគេចខ្លួនពីទីក្រុងដាម៉ាសមក លោកប៉ុលបានធ្វើដំណើរទៅកាន់ទីក្រុងយេរូសាឡិម ប្រហែលបីឆ្នាំបានកន្លងផុត គិតចាប់តាំងពីការផ្លាស់ប្តូរជំនឿរបស់លោកមក។ វត្ថុបំណងដ៏ធំរបស់លោកនៅក្នុងដំណើរនេះ ដូចលោកបានថ្លែងនៅពេលក្រោយមកទៀតនោះគឺ «ដើម្បីឲ្យបានស្គាល់លោកពេត្រុស» (កាឡាទី ១:១៨)។ ក្នុងការមកដល់ទីក្រុងដែលគេធ្លាប់ស្គាល់លោកថា«សុល​​ជាអ្នកបៀតបៀន» «គាត់ខំចូលទៅឯពួកសិស្ស តែគេខ្លាចគាត់ទាំងអស់គ្នា គេមិនជឿថា គាត់ជាសិស្សទេ» ។ ពួកគេពិបាកនឹងជឿណាស់ថា អ្នកផារិស៊ី​ដែលមានជំនឿស៊ប់ និងជាអ្នកដែលបានធ្វើកិច្ចការជាច្រើនដើម្បីបំផ្លាញពួកជំនុំនេះ អាចក្លាយមកជាសិស្សដ៏ស្មោះត្រង់របស់ព្រះយេស៊ូវទៅវិញនោះ។ «តែបាណាបាសនាំគាត់ទៅឯពួកសាវ័ក រ៉ាយរឿងប្រាប់គេ ពីដំណើរដែលគាត់បានឃើញព្រះអម្ចាស់តាមផ្លូវ ហើយទ្រង់បានមានព្រះបន្ទូលនឹងគាត់ ក៏និយាយពីបែបយ៉ាងណា ដែលគាត់មានចិត្តក្លាហាននឹងអធិប្បាយ ដោយ​នូវព្រះនាមព្រះយេស៊ូវ នៅក្រុងដាម៉ាសផង»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ក៏​និយាយ​ទៅ​គាត់​ថា អ្នក​អេនាស​អើយ ព្រះយេស៊ូវ​ដ៏​ជា​ព្រះគ្រីស្ទទ្រង់​ប្រោស​ឲ្យ​អ្នក​បាន​ជា​ហើយ ចូរ​ក្រោក​ឡើង​រៀប​គ្រែ​អ្នក​ទៅ ស្រាប់​តែ​គាត់​ក៏​ក្រោក​ឡើង​ភ្លាម ឯ​មនុស្ស​ទាំង​ប៉ុន្មានដែល​នៅ​ភូមិ​លីដា និង​ស្រុក​សារ៉ូនក៏​ឃើញ​គាត់ហើយ​គេ​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះអម្ចាស់។ (កិច្ចការ ៩:៣៤-៣៥)​

Powered by CAM