ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៣)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី១ ជំពូក១១
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិតអ្នកត្រូវធ្វើជាស្មរបន្ទាល់ពីទ្រង់ ដល់មនុស្សទាំងអស់ ពីគ្រប់ការដែលអ្នកបានឃើញបានឮ។ នោះទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរទៅចុះ ដ្បិតខ្ញុំនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយ។ កិច្ចការ ២២:១៥ និង ២១
ដោយបានឮរឿងនេះ ពួកសិស្សក៏បានទទួលយកលោកជាសមាជិកម្នាក់របស់ពួកគេ។ មិនយូរប៉ុន្មាន ពួកគេក៏មានភស្តុតាងជាច្រើនដែលបានបញ្ជាក់ពីបទពិសោធន៍ជាគ្រិស្តបរិស័ទរបស់លោក។ ឥឡូវនេះ អនាគតជាសាវ័កសម្រាប់សាសន៍ដទៃកំពុងនៅក្នុងទីក្រុងដែលមានអ្នកធ្លាប់ទាក់ទងជាមួយលោកជាច្រើនរស់នៅ ហើយលោកប៉ុលចង់បង្ហាញដល់ពួកមេដឹកនាំសាសន៍យូដាទាំងនេះឲ្យបានឃើញច្បាស់អំពីបទទំនាយដែលទាក់ទងទៅនឹងព្រះមែស្ស៊ី ដែលត្រូវបានសម្រេចដោយការយាងមករបស់ព្រះអង្គសង្រ្គោះ។ លោកប៉ុលជឿជាក់ថាពួកគ្រូនៃសាសន៍អ៊ីស្រាអែលទាំងនេះ ជាពួកអ្នកដែលលោកធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ នឹងជឿជាក់ហើយស្មោះត្រង់ចំពោះព្រះយេស៊ូវដូចជាលោកដែរ ជាក់ជាមិនខាន។ ប៉ុន្តែ លោកបានប៉ាន់ស្មានចិត្តបងប្អូនសាសន៍យូដារបស់លោកខុសស្រឡះ ហើយនៅក្នុងសេចក្តីសង្ឃឹមថាពួកគេនឹងកែប្រែជំនឿយ៉ាងឆាប់រហ័សនោះ លោកបានទទួលរងនូវការខកចិត្តយ៉ាងជូរចត់ទៅវិញ។ ទោះបីជា «បានអធិប្បាយដោយនូវព្រះនាមនៃព្រះអម្ចាស់យេស៊ូវ ដោយក្លាហាន គាត់សម្តែងហើយជជែកជាមួយនឹងពួកហេលេន» ក៏ដោយ ក៏ពួកអ្នកដែលជាមេលើពួកជំនុំសាសន៍យូដាមិនព្រមជឿដែរតែ «ពួកនោះរករឿងសម្លាប់គាត់វិញ»។ លោកមានទុក្ខកង្វល់ពេញក្នុងដួងចិត្ត លោកសុខចិត្តលះបង់អាយុជីវិតរបស់លោក ប្រសិនបើការនោះអាចនាំឲ្យពួកគេមួយចំនួនមានចំណេះដឹងពីសេចក្តីពិត។ លោកបានគិតដោយអៀនខ្មាសអំពីផ្នែកដ៏សកម្មដែលលោកបានចូលរួមប្រព្រឹត្តទៅលើទុក្ករកម្មរបស់លោកស្ទេផាន ហើយឥឡូវនេះ លោកបានលុបបំបាត់ស្លាកស្នាម ដែលដិតដាមនៅលើអ្នកដែលបានចោទប្រកាន់ខុសទាំងនេះ ដោយក្តីថប់បារម្ភ លោកបានស្វះស្វែងបញ្ជាក់ពីសេចក្តីពិតដែលលោកស្ទេផានសុខចិត្តលះបង់ជីវិតនោះ។
ដោយទទួលបន្ទុកជំនួសពួកអ្នកដែលបដិសេធមិនព្រមជឿ លោកប៉ុលកំពុងអធិដ្ឋាននៅក្នុងព្រះវិហារ ដូចលោកបានបញ្ជាក់នៅពេលក្រោយមកទៀត កាលលោកបានលង់ស្មារតីទៅ ខណៈនោះទេវតាដែលជាអ្នកនាំសារនៃឋានសួគ៌ បានលេចមកនៅចំពោះលោក ហើយបានមានបន្ទូលថា «ចូរប្រញាប់ចេញពីក្រុងយេរូសាឡិមទៅជាឆាប់ ពីព្រោះគេមិនទទួលពាក្យដែលអ្នកធ្វើបន្ទាល់ពីខ្ញុំទេ» (កិច្ចការ ២២:១៨)។
លោកប៉ុលនៅតែចង់នៅក្នុងទីក្រុងយេរូសាឡិម ជាកន្លែងដែលលោកអាចប្រឈមនឹងការប្រឆាំងបន្តទៅទៀត ចំពោះលោក ការគេចខ្លួនហាក់ដូចជាសកម្មភាពដ៏កំសាកមួយ ប្រសិនបើលោកបន្តស្នាក់នៅទីនោះបន្តទៅទៀត លោកប្រហែលជាអាចបំផ្លាស់បំប្រែពួកយូដាដែលចចេសរឹងរូសមួយចំនួន អំពីសេចក្តីពិតពីសារនៃដំណឹងល្អ ទោះបីជាការបន្តស្នាក់នៅទីនោះនាំឲ្យលោកត្រូវបាត់បង់ជីវិតក៏ដោយ។ ហេតុដូច្នេះ លោកបានឆ្លើយថា «ព្រះអម្ចាស់អើយ អ្នកទាំងនោះដឹងថាទូលបង្គំបានចាប់ពួកអ្នកដែលជឿដល់ទ្រង់ដាក់គុកហើយ ព្រមទាំងវាយគេនៅក្នុងគ្រប់ទាំងសាលាប្រជុំផង កាលដែលឈាមស្ទេផាន ជាស្មរបន្ទាល់របស់ទ្រង់ បានត្រូវខ្ចាយ នោះទូលបង្គំក៏ឈរនៅទីនោះដែរ បានទាំងយល់ព្រមឲ្យសម្លាប់គាត់ ហើយនៅចាំអាវនៃពួកអ្នកដែលសម្លាប់គាត់ផង»។ ប៉ុន្តែ ការនេះមិនស្របទៅនឹងបំណងព្រះហឫទ័យរបស់ព្រះទេ ដែលអ្នកបម្រើរបស់ទ្រង់មិនចាំបាច់យកជីវិតទៅប្តូរដូច្នេះឡើយ ហើយទេវតាដែលជាអ្នកនាំសារនៃឋានសួគ៌ក៏បានឆ្លើយតបមកវិញថា «ចូរទៅចុះ ដ្បិតខ្ញុំនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយ» (កិច្ចការ ២២:១៩-២១)។
ដោយបានដឹងពីការបើកសម្តែងនេះ បងប្អូនលោកបានបង្ខំឲ្យលោកប៉ុលគេចខ្លួនពីទីក្រុងយេរូសាឡិម ដោយខ្លាចក្រែងគេសម្លាប់លោក។ «នោះគេជូនគាត់ទៅត្រឹមសេសារារួចឲ្យទៅឯតើសុស»។ ការចាកចេញរបស់លោកប៉ុលបានផ្អាកការប្រឆាំងដ៏ហិង្សារបស់សាសន៍យូដាមួយរយៈ ពួកជំនុំក៏មានឱកាសបានសម្រាក ដែលមានមនុស្សជាច្រើនត្រូវបានបញ្ចូលបន្ថែមទៅក្នុងចំនួនពួកអ្នកជឿ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ក៏និយាយទៅគាត់ថា អ្នកអេនាសអើយ ព្រះយេស៊ូវដ៏ជាព្រះគ្រីស្ទទ្រង់ប្រោសឲ្យអ្នកបានជាហើយ ចូរក្រោកឡើងរៀបគ្រែអ្នកទៅ ស្រាប់តែគាត់ក៏ក្រោកឡើងភ្លាម ឯមនុស្សទាំងប៉ុន្មានដែលនៅភូមិលីដា និងស្រុកសារ៉ូនក៏ឃើញគាត់ហើយគេប្រែចិត្តជឿដល់ព្រះអម្ចាស់។ (កិច្ចការ ៩:៣៤-៣៥)