ថ្ងៃសៅរ៍ ទី១៥​ ខែសីហា ឆ្នាំ២០២០
​​​

កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៤)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ៩:៣២ ដល់ ១១:១៨។​

អ្នកស្វែងរកសេចក្តីពិត

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី១ ជំពូក១២

នៅក្នុងការបំពេញកិច្ចការរបស់លោក សាវ័កពេត្រុស​បានមកសួរសុខ​ទុក្ខពួកអ្នកជឿនៅលីដា។ នៅទីនោះលោកបានព្យាបាលជំងឺស្លាប់ដៃស្លាប់ជើងរបស់បុរសម្នាក់ឈ្មោះ អេនាស ដែលបានសម្រាន្តនៅតែលើគ្រែអស់ ៨ឆ្នាំមកហើយ។ សាវ័កពេត្រុសបានមានប្រសាសន៍ថា «អ្នកអេនាសអើយ ព្រះយេស៊ូវដ៏ជាព្រះគ្រិស្ត ទ្រង់ប្រោសឲ្យអ្នកបានជាហើយ ចូរក្រោក​ឡើង​រៀបគ្រែអ្នកទៅ ស្រាប់តែគាត់ក៏ក្រោកឡើងភ្លាម ឯមនុស្សទាំងប៉ុន្មាន ដែល​នៅភូមិលីដានិងស្រុកសារ៉ូនក៏ឃើញគាត់ហើយគេប្រែចិត្ត​ជឿដល់ព្រះអម្ចាស់»។

នៅយ៉ុបប៉េឯនោះវិញ ដែលនៅមិនឆ្ងាយប៉ុន្មានពីលីដានោះ មានស្រ្តី​ម្នាក់​ឈ្មោះឌ័រខាស ដែលមានមនុស្សជាច្រើនបានស្រឡាញ់រាប់អាននាងដោយសារតែទង្វើល្អរបស់នាង។ នាងគឺជាសិស្សដ៏មានតម្លៃរបស់ព្រះយេស៊ូវ​ហើយ​​ជីវិតរបស់នាងពោរពេញទៅដោយសកម្មភាពនៃសេចក្តីសប្បុរស។ នាងបាន​ដឹង​ថាអ្នកណាត្រូវការសម្លៀកបំពាក់សមរម្យ អ្នកណាត្រូវការការអាណិត​អាសូរ ហើយនាងបានជួយបម្រើដល់អ្នកក្រីក្រនិងអ្នកមានទុក្ខកង្វល់ ដោយឥតគិត​កម្រៃអ្វីឡើយ។ ម្រាមដៃដ៏ប៉ិនប្រសប់របស់នាងមានសកម្មភាព​ខ្លាំងជាង​អណ្តាតរបស់នាង។

«នៅគ្រានោះ នាងមានជំងឺឈឺ ហើយស្លាប់ទៅ» ពួកជំនុំនៅយ៉ុបប៉េបានដឹងពីការបាត់បង់ដ៏ធំរបស់ពួកគេ ហើយបានឮថាលោកពេត្រុសនៅឯលីដា ពួកអ្នកជឿក៏បានជូនដំណឹងទៅលោក «ដើម្បីនឹងសូមអង្វរឲ្យមកឯគេដោយឥតបង្អង់ ពេត្រុសក៏ក្រោកឡើងទៅជាមួយ កាលបានដល់ហើយ នោះគេ​នាំគាត់ទៅបន្ទប់ខាងលើនោះ ហើយពួកស្រីមេម៉ាយក៏ឈរជិតគាត់ទាំងយំ ព្រមទាំងបង្ហាញអាវ និងសម្លៀកបំពាក់ទាំងប៉ុន្មាន ដែលតេប៊ីថាបានធ្វើឲ្យ ពីកាលនាងនៅជាមួយនៅឡើយ»។ ដោយបានរំឭកពីជីវិតដែលនាងឌ័រខាសធ្លាប់បានរស់នៅ ពួកគេបានយំទួញ ធ្វើឲ្យទឹកភ្នែកក្តៅឱណ្ហៗហូរកាត់ផែនថ្ពាល់ដោយមិនដឹងខ្លួន។

ខណៈដែលលោកបានឃើញទុក្ខសោករបស់ពួកគេ ចិត្តរបស់សាវ័កពេត្រុសមានពេញទៅដោយការអាណិតអាសូរ ។ រួចលោកបានបង្គាប់ឲ្យមិត្តភក្តិដែលកំពុងយំសោកទាំងអស់ចេញក្រៅបន្ទប់ លោកបានលុតជង្គង់អធិដ្ឋាននិងទូលអង្វរករសុំឲ្យព្រះប្រទានជីវិតនិងសុខភាពដល់នាងឌ័រខាស (ដែលគម្ពីរខ្មែរហៅថានាងតេប៊ីថា ឬនាងក្តាន់)។ លោកបានមានប្រសាសន៍ទាំងបែរទៅរកបុគ្គលដែលស្លាប់នោះ ដោយមានប្រសាសន៍ថា «តេប៊ីថា​អើយ ចូរនាងក្រោកឡើង នាងក៏បើកភ្នែកឃើញពេត្រុស រួចឡើងអង្គុយ គាត់ក៏​ហុច​ដៃទៅឲ្យនាងតោងឡើង រួចគាត់ហៅពួកបរិសុទ្ធ និងពួកស្រី​មេ​ម៉ាយ​មក ប្រគល់នាងទៅគេទាំងរស់»។ នាងឌ័រខាសធ្លាប់ជាអ្នក​បម្រើដ៏​ឧត្តមដល់​ពួកជំនុំ ហើយបានមើលឃើញនូវភាពត្រឹមត្រូវក្នុងការនាំនាងត្រឡប់មកទឹកដីនៃបច្ចាមិត្ត (ពីសេចក្តីស្លាប់) មកវិញ ដើម្បីឲ្យទេពកោសល្យនិងកម្លាំងរបស់នាងបានក្លាយជាព្រះពរដល់អ្នកដទៃ និងដើម្បីឲ្យការបង្ហាញពីព្រះចេស្តារបស់ព្រះអង្គនេះ បុព្វហេតុនៃព្រះគ្រិស្តត្រូវបានពង្រឹងកាន់តែរឹងមាំឡើង។

គឺនៅគ្រាដែលលោកពេត្រុសស្នាក់នៅឯយ៉ុបប៉េនោះហើយ ដែលព្រះបានត្រាស់ហៅឲ្យលោកនាំដំណឹងល្អទៅប្រាប់ដល់លោកកូនេលាសនៅសេសារា។

លោកកូនេលាសគឺជាមេទ័ពរ៉ូម (ដែលហៅថាទ័ពអ៊ីតាលី) ម្នាក់។ លោកគឺជាបុរសដែលមានទ្រព្យសម្បត្តិនិងមានត្រកូលខ្ពង់ខ្ពស់ ហើយមុខនាទីរបស់លោកគឺជាមុខនាទីដែលមានភាពស្មោះត្រង់និងមានកិត្តិយស។ ជាសាសន៍ដទៃពីកំណើតបានសិក្សានិងអប់រំតាមរយៈទំនាក់​ទំនងជា​មួយ​នឹង​សាសន៍យូដា លោកបានទទួលចំណេះដឹងអំពីព្រះ ហើយលោកបានថ្វាយបង្គំដល់ទ្រង់អស់អំពីចិត្ត ដែលបានបង្ហាញភាពស្មោះត្រង់នៃជំនឿរបស់លោកដោយការអាណិតអាសូរដល់អ្នកក្រីក្រ។ មានមនុស្សស្រឡាញ់​រាប់​អាន​លោកនៅគ្រប់ទីជិតឆ្ងាយ ដោយសារតែសេចក្តីមេត្តាករុណារបស់លោក ហើយជីវិតនៃសេចក្តីសុចរិតរបស់លោក ធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះល្អទាំ​ង​នៅ​ក្នុងចំណោមសាសន៍យូដា និងសាសន៍ដទៃ។ ឥទ្ធិពលរបស់លោកបានក្លាយជាព្រះពរដល់អ្នកទាំងឡាយដែលលោកបានប្រស្រ័យទាក់ទង។ កំណត់ត្រានៃព្រះគម្ពីរបានពណ៌នាអំពីលោកថា «ជាអ្នកគោរព ហើយកោតខ្លាច​ដល់ព្រះ ព្រមទាំងពួកគ្រួសាររបស់លោកទាំងអស់ផង លោកក៏ដាក់ទាន​ជា​ច្រើនដល់ពួកជន ហើយអំពាវនាវដល់ព្រះជានិច្ច»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ក៏​និយាយ​ទៅ​គាត់​ថា អ្នក​អេនាស​អើយ ព្រះយេស៊ូវ​ដ៏​ជា​ព្រះគ្រីស្ទទ្រង់​ប្រោស​ឲ្យ​អ្នក​បាន​ជា​ហើយ ចូរ​ក្រោក​ឡើង​រៀប​គ្រែ​អ្នក​ទៅ ស្រាប់​តែ​គាត់​ក៏​ក្រោក​ឡើង​ភ្លាម ឯ​មនុស្ស​ទាំង​ប៉ុន្មានដែល​នៅ​ភូមិ​លីដា និង​ស្រុក​សារ៉ូនក៏​ឃើញ​គាត់ហើយ​គេ​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះអម្ចាស់។ (កិច្ចការ ៩:៣៤-៣៥)​

Powered by CAM