កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៤)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី១ ជំពូក១៣
ខព្រះគម្ពីរប្រចាំថ្ងៃ៖ លោកក៏សំឡឹងមើលទៅទេវតាទាំងភ័យ ហើយឆ្លើយថា ព្រះអម្ចាស់អើយ តើមានការអ្វី ទេវតាប្រាប់ថា សេចក្តីអធិស្ឋាន និងការដាក់ទានរបស់អ្នក បានឡើងទៅទុកជាសេចក្តីរំឭក នៅចំពោះព្រះហើយ។ កិច្ចការ ១០:៤
ដោយមានជំនឿថាព្រះគឺជាព្រះអាទិករ ដែលបានបង្កើតផ្ទៃមេឃនិងផែនដី លោកកូនេលាសបានបម្រើដល់ទ្រង់ទទួលស្គាល់ព្រះចេស្តារបស់ទ្រង់ ហើយបានស្វែងរកដំបូន្មានរបស់ទ្រង់នៅគ្រប់ទាំងកិច្ចការនៃជីវិត។ លោកបានស្មោះត្រង់ជាមួយនឹងព្រះទាំងនៅក្នុងកិច្ចការផ្ទះ និងភារកិច្ចនៅឯការិយាល័យរបស់លោក។ លោកបានកសាងអាសនារបស់ព្រះនៅផ្ទះរបស់លោក ព្រោះលោកមិនហ៊ានអនុវត្តផែនការណាមួយដោយមិនបានសុំជំនួយពីព្រះនោះឡើយ។
ទោះបីជាលោកកូនេលាសបានជឿលើបទទំនាយ និងកំពុងរង់ចាំការយាងមករបស់ព្រះមែស្ស៊ីក៏ដោយ ក៏លោកមិនបានដឹងពីដំណឹងល្អ ដូចដែលបានបង្ហាញនៅក្នុងព្រះជន្មនិងការសុគតរបស់ព្រះគ្រិស្តដែរ។ លោកមិនមែនជាសមាជិកនៃពួកជំនុំសាសន៍យូដាទេ ហើយត្រូវបានពួកគ្រូអាចារ្យចាត់ទុកថាជាសាសន៍ដទៃដែលមិនស្អាតថែមទៀតផង។ ប៉ុន្តែ ព្រះជាអ្នកឃ្លាំមើលដែលធ្លាប់បានមានបន្ទូលទៅកាន់លោកអ័ប្រាហាំថា «អញស្គាល់គាត់» ក៏បានមានបន្ទូលទៅកាន់លោកកូនេលាស និងចាត់ទេវតាពីឋានសួគ៌ឲ្យមកជួបលោកដែរ។
ទេវតាមួយអង្គបានមកជួបលោកកូនេលាស កាលលោកកំពុងតែអធិដ្ឋាននៅឡើយ។ នៅពេលមេទ័ពរូបនេះបានឮទេវតាហៅលោកចំឈ្មោះដូច្នេះ លោកមានការភ័យខ្លាចជាខ្លាំង ទោះបីជាលោកបានដឹងថាជាទេវតាដែលនាំសារមកពីឋានសួគ៌ក៏ដោយ ហើយលោកបានមានប្រសាសន៍ថា «ព្រះអម្ចាស់អើយ តើមានការអ្វី?» ទេវតាប្រាប់ថា «សេចក្តីអធិដ្ឋាន និងការដាក់ទានរបស់អ្នក បានឡើងទៅទុកជាសេចក្តីរំឭក នៅចំពោះព្រះហើយ ដូច្នេះ ចូរអ្នកប្រើគេឲ្យទៅយ៉ុបប៉េ ហៅស៊ីម៉ូន ដែលមានឈ្មោះថា ពេត្រុស ឲ្យមកឥឡូវ គាត់ស្នាក់នៅផ្ទះរបស់ជាងសម្លាប់ស្បែកម្នាក់ ឈ្មោះស៊ីម៉ូន នៅក្បែរមាត់សមុទ្រ»។
ការណែនាំយ៉ាងច្បាស់នេះ ដែលបានប្រាប់ឈ្មោះ និងមុខការរបស់មនុស្សដែលលោកពេត្រុសបានស្នាក់នៅជាមួយផងនោះ បង្ហាញប្រាប់ថាព្រះនៃឋានសួគ៌ស្គាល់ប្រវត្តិនិងកិច្ចការរបស់មនុស្សយ៉ាងច្បាស់ នៅគ្រប់ទាំងស្ថានភាពនៃជីវិតទាំងអស់។ ព្រះទ្រង់ជ្រាបច្បាស់ពីបទពិសោធន៍និងការងាររបស់អ្នកធ្វើការដ៏ទន់ទាប ព្រមទាំងស្តេចដែលគង់លើបល្ល័ង្ករាជ្យផង។
«ដូច្នេះ ចូរអ្នកប្រើគេឲ្យទៅយ៉ុបប៉េ ហៅស៊ីម៉ូន ដែលមានឈ្មោះថាពេត្រុសឲ្យមកឥឡូវ»។ ដូច្នេះ ព្រះបានប្រទានភស្តុតាងនៃការគោរពរបស់ទ្រង់ដល់អ្នកបម្រើដំណឹងល្អ និងដល់ពួកជំនុំពេញសិទ្ធិរបស់ទ្រង់។ ព្រះមិនបានបង្គាប់ឲ្យទេវតាប្រាប់លោកកូនេលាសអំពីរឿងរ៉ាវនៃឈើឆ្កាងទេ។ គឺមនុស្សដែលមានភាពផុយស្រួយនិងត្រូវល្បួងដែលត្រូវធ្វើការនោះ សូម្បីតែលោកមេទ័ពផ្ទាល់ ក៏ត្រូវការថ្លែងប្រាប់ពីការជាប់ឆ្កាងនិងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្រ្គោះដែរ។
ព្រះមិនបានជ្រើសរើសទេវតា ដែលមិនធ្លាប់មានបាប ឲ្យធ្វើជាតំណាងរបស់ទ្រង់ នៅក្នុងចំណោមមនុស្សលោកទេ ប៉ុន្តែ ទ្រង់បានជ្រើសរើសមនុស្សលោកជាអ្នកដែលមានតណ្ហាដូចជាអ្នកដែលទ្រង់ស្វែងរកជួយសង្រ្គោះដូច្នោះដែរ។ ព្រះគ្រិស្តបានកើតជាមនុស្ស ដើម្បីឲ្យទ្រង់អាចចូលទៅឯមនុស្ស។ ព្រះអង្គសង្រ្គោះដែលមានភាពជាមនុស្ស ត្រូវការនាំយកសេចក្តីសង្រ្គោះមកជូនដល់ពិភពលោកនេះ។ ហើយព្រះអង្គបានប្រទានកិច្ចការដ៏ពិសេសនេះដល់បុរសនារីទាំងឡាយឲ្យប្រកាសប្រាប់ឲ្យដឹង «គឺជាសម្បត្តិរបស់ព្រះគ្រិស្តដ៏ប្រមាណមិនបាន» (អេភេសូរ ៣:៨)។
នៅក្នុងព្រះប្រាជ្ញាញ្ញាណរបស់ព្រះអង្គ ព្រះបាននាំអ្នកដែលស្វែងរកសេចក្តីពិត ឲ្យបានជួបនឹងមនុស្សដូចគ្នា ដែលបានដឹងពីសេចក្តីពិតនោះ។ ផែនការនៃឋានសួគ៌គឺត្រូវឲ្យអ្នកដែលមានពន្លឺ ចែកចាយពន្លឺនោះ ដល់អ្នកដែលនៅក្នុងភាពងងឹត។ មនុស្សលោកដែលបានទាញយកផលល្អចេញពីព្រះដែលជាប្រភពនៃប្រាជ្ញា ត្រូវបានព្រះប្រើប្រាស់ជាឧបករណ៍ ធ្វើជាភ្នាក់ងារដែលផ្លាស់ប្រែចិត្តនិងគំនិតតាមរយៈការអនុវត្តន៍ដំណឹងល្អ។
លោកកូនេលាសបានស្តាប់តាមការបើកសម្តែងនោះដោយរីករាយ។ នៅពេលទេវតាបានយាងត្រឡប់ទៅបាត់ហើយ នោះលោកមេទ័ព «ហៅអ្នកបម្រើពីរនាក់ និងទាហានម្នាក់ ដែលកោតខ្លាចដល់ព្រះ ពីពួកមនុស្សដែលតែងតែបម្រើលោកឲ្យមក រួចប្រាប់រឿងរ៉ាវសព្វគ្រប់ ហើយប្រើឲ្យទៅឯយ៉ុបប៉េ»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ព្រះយេហូវ៉ាទ្រង់ជាថ្មដា ជាបន្ទាយហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំ គឺជាព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំយកជាទីពឹង ក៏ជាខែល ជាស្នែងនៃសេចក្តីសង្គ្រោះរបស់ទូលបង្គំ ហើយជាប៉មយ៉ាងខ្ពស់ផង។ (ទំនុកតម្កើង ១៨:២)