ថ្ងៃច័ន្ទ ទី១៧​ ខែសីហា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-១៤)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី១ ជំពូក១៤

ខព្រះគម្ពីរប្រចាំថ្ងៃ៖ រួច​គាត់​និយាយ​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ដឹង​ថា មនុស្ស​សាសន៍​យូដា​គ្មាន​ច្បាប់​នឹង​សេព​គប់​នឹង​សាសន៍​ដទៃ ឬ​នឹង​ចូល​ទៅ​ជិត​គេ​ឡើយ តែ​ព្រះ​ទ្រង់​បាន​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ថា មិន​ត្រូវ​រាប់​អ្នក​ណា​ថា​មិន​ស្អាត ឬ​មិន​បរិសុទ្ធ​ឡើយ ។ កិច្ចការ ១០:២៨

បន្ទាប់ពីធ្វើបទសម្ភាសជាមួយនឹងលោកកូនេលាសរួចមក ទេវតានោះក៏បានយាងទៅឯលោកពេត្រុសនៅយ៉ុបប៉េ។ នៅពេលនោះលោកពេត្រុសកំពុងតែអធិដ្ឋាននៅលើដំបូលផ្ទះដែលលោកស្នាក់អាស្រ័យនៅ ហើយ​យើងបានអានដឹងថាលោក «គាត់នឹកឃ្លានជាខ្លាំង ចង់បរិភោគតែកំពុង​ដែល​​គេចាត់ចែងឲ្យ នោះគាត់លង់ស្មារតីទៅ»។ លោកពេត្រុសមិនមែនឃ្លានត្រឹមតែអាហារខាងរាងកាយប៉ុណ្ណោះទេ។ នៅពេលលោកបានសម្លឹងមើលពីលើដំបូលផ្ទះទៅ លោកបានឃើញទីក្រុងយ៉ុបប៉េនិងតំបន់ជនបទទាំងឡាយដែលនៅជុំវិញនោះ លោកបានស្រេកឃ្លានចង់បានសេចក្តីសង្រ្គោះសម្រាប់បងប្អូនរួមជាតិរបស់លោកជាខ្លាំង។ លោកមានបំណងពុះពោរចង់ចង្អុលបង្ហាញប្រាប់ដល់ពួកគេអំពីបទទំនាយដែលទាក់ទងទៅនឹងការឈឺចាប់ និងការសុគតរបស់ព្រះគ្រិស្ត។

នៅក្នុងការបើកសម្តែងនោះលោកពេត្រុស «គាត់ឃើញមេឃចំហហើយ​មានប្រដាប់ ដូចជាសំពត់កម្រាលយ៉ាងធំ បានចុះមកចងទាំងបួនជ្រុង សម្រូត​មកដល់ដី នៅក្នុងសំពត់នោះ មានសត្វជើងបួន សត្វព្រៃ សត្វ​លូន​វារគ្រប់មុខ ដែលនៅលើដី និងសត្វហើរលើអាកាសដែរ ក៏ឮសំឡេង​មាន​ព្រះបន្ទូលមកថា ពេត្រុសអើយ ចូរក្រោកឡើងសម្លាប់ ហើយបរិភោគទៅ តែពេត្រុសប្រកែកថា ទេព្រះអម្ចាស់ ដ្បិតទូលបង្គំមិនដែលទទួលទានអ្វី ដែលមិនស្អាតមិនបរិសុទ្ធនោះសោះ រួចឮសំឡេងនោះមកម្តងទៀតថា របស់អ្វីដែលព្រះបានសម្អាតហើយ នោះកុំឲ្យអ្នករាប់ថាជាមិនស្អាតឡើយ ការនោះមានមកគ្រប់បីដង រួចបានលើកប្រដាប់នោះ ឡើងទៅ​លើមេឃ​វិញ»។

ការបើកសម្តែងនេះបាននាំមកឲ្យលោកពេត្រុសទាំងការស្តីបន្ទោស និងការបង្ហាត់បង្រៀន។ ការបើកសម្តែងនោះ​បានបង្ហាញពីព្រះរាជ​គោល​បំនងរបស់ព្រះដល់លោក ដែលមានសេចក្តីថា ដោយការសុគត​របស់​ព្រះ​គ្រិស្ត បានធ្វើឲ្យសាសន៍ដទៃបានទទួលមរតកជាមួយនឹងសាសន៍យូដា ជាអ្នកទទួលព្រះពរនៃសេចក្តីសង្រ្គោះដូចគ្នាដែរ។ ខណៈនោះពួកសិស្សមិនទាន់បានផ្សព្វផ្សាយដំណឹងល្អដល់សាសន៍ដទៃនៅឡើយទេ។ ជញ្ជាំងបែង​ចែកនៅកណ្តាលពួកគេ ដែលបានបំបែកដោយសារការសុគតរបស់ព្រះគ្រិស្តទៅហើយនោះ នៅមានក្នុងគំនិតរបស់ពួកគេនៅឡើយ ហើយការងាររបស់ពួកគេត្រូវបានកំណត់ព្រំដែនជាមួយនឹងសាសន៍យូដា ព្រោះពួកគេនៅតែសម្លឹងមើលទៅពួកសាសន៍ដទៃថាជាអ្នកដែលត្រូវកាត់ផ្តាច់ចេញពីដំណឹងល្អនៅឡើយ។ ឥឡូវនេះ ព្រះជាម្ចាស់បានស្វះស្វែងបង្រៀនដល់លោកពេត្រុសអំពីផែនការរបស់ព្រះដែលត្រូវលាតសន្ធឹងពាសពេញសកលលោក។

ពួកសាសន៍ដទៃជាច្រើនធ្លាប់ជាអ្នកស្តាប់ការអធិប្បាយរបស់លោកពេត្រុស និងសាវ័កដទៃទៀត យ៉ាងយកចិត្តទុកដាក់ ហើយពួកសាសន៍​យូដាដែលនិយាយភាសាក្រិកជាច្រើននាក់បានទទួលជឿព្រះគ្រិស្ត ប៉ុន្តែ ការបើក​សម្តែង​ដល់លោកកូនេលាសគឺជារឿងដ៏សំខាន់ដំបូងបង្អស់មួយនៅក្នុងចំណោមសាសន៍ដទៃ។

ពេលវេលាបានមកដល់ ដែលតំណាក់ការនៃកិច្ចការថ្មីទាំងស្រុងត្រូវបានធ្លាក់មកលើពួកជំនុំរបស់ព្រះគ្រិស្ត។ ទ្វារដែលពួកអ្នកជឿ​សាសន៍​យូដា​ជាច្រើនបានបិទ ប្រឆាំងនឹងសាសន៍ដទៃនោះ ឥឡូវនេះត្រូវបាន​ព្រះទាញ​បើកវិញហើយ។ ហើយពួកសាសន៍ដទៃដែលបានទទួលដំណឹងល្អត្រូវបានគេគោរពឲ្យមានភាពស្មើគ្នាជាមួយនឹងពួកសិស្សដែលជាសាសន៍យូដា ដោយ​មិនចាំបាច់ធ្វើពិធីផ្សេងៗ ឬកាត់ស្បែកឡើយ។

ព្រះបានធ្វើការប្រុងប្រយ័ត្នយ៉ាងអស្ចារ្យ ដើម្បីយកជ័យជម្នះលើការប្រកាន់ពូជសាសន៍ទាស់នឹងសាសន៍ដទៃ ដែលបានដក់ជាប់នៅក្នុងគំនិតរបស់លោកពេត្រុស ដោយសារការអប់រំជាសាសន៍យូដារបស់លោកនេះ! ដោយការបើកសម្តែងអំពីផ្ទាំងសំពត់និងសត្វដែលនៅក្នុងនោះ ព្រះបានស្វះស្វែងបង្វែរគំនិតនៃការប្រកាន់ពូជសាសន៍ របស់ពួកសាវ័ក និងដើម្បីបង្រៀនពីសេចក្តីពិតដ៏សំខាន់ថា នៅនគរឋានសួគ៌នឹងមិនមានការឲ្យតម្លៃចំពោះមនុស្សមិនស្មើគ្នាឡើយ គឺសាសន៍យូដានិងសាសន៍ដទៃសុទ្ធតែមានតម្លៃដូចៗគ្នា នៅចំពោះព្រះនេត្ររបស់ព្រះ និងថាសាសន៍ដទៃត្រូវបានបង្កើតជាអ្នកទទួលព្រះពរនិងកិត្តិយសនៃដំណឹងល្អ តាមរយៈព្រះគ្រិស្ត។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ព្រះយេហូវ៉ា​ទ្រង់​ជា​ថ្មដា ជា​បន្ទាយហើយ​ជា​អ្នក​​ជួយ​​សង្គ្រោះ​របស់​ទូលបង្គំ គឺ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ថ្មដា​ដែល​ទូលបង្គំ​យក​ជា​ទី​ពឹង ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្តី​សង្គ្រោះ​របស់​ទូលបង្គំ ហើយ​ជា​ប៉ម​​​យ៉ាង​​ខ្ពស់​ផង។ (ទំនុកតម្កើង ១៨:២)

Powered by CAM