កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៤)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី១ ជំពូក១៥
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ កំពុងដែលពេត្រុសគិតរំពឹងពីការជាក់ស្តែង នោះព្រះវិញ្ញាណមានព្រះបន្ទូលមកគាត់ថា មើល មានមនុស្ស៣នាក់មករកអ្នក ចូរក្រោកឡើងចុះទៅ ហើយទៅជាមួយនឹងគេចុះ កុំប្រកាន់ឡើយ ពីព្រោះគឺខ្ញុំហើយ ដែលចាត់ឲ្យគេមក ។ កិច្ចការ ១០:១៩-២០
ខណៈដែលលោកពេត្រុសកំពុងតែពិចារណាអំពីអត្ថន័យនៃការបើកសម្តែនោះ បុរសដែលលោកកូនេលាសបានចាត់ឲ្យមកនោះក៏បានមកដល់ទីក្រុងយ៉ុបប៉េ ហើយឈរនៅមាត់ទ្វារផ្ទះជាងសម្លាប់ស្បែកនោះ។ បន្ទាប់មក ព្រះវិញ្ញាណបានមានបន្ទូលទៅលោកថា «មើល មានមនុស្សបីនាក់មករកអ្នក ចូរក្រោកឡើងចុះ ហើយទៅជាមួយនឹងគេចុះ កុំប្រកាន់ឡើយ ពីព្រោះគឺខ្ញុំហើយ ដែលចាត់ឲ្យគេមក»។
ចំពោះលោកពេត្រុសនេះគឺជាបញ្ជាដាច់ណាត់ ហើយជាបញ្ជាដែលលោកមានការស្ទាក់ស្ទើរនៅរៀងរាល់ជំហានដែលលោកបានឈានដើរ ដើម្បីបំពេញភារកិច្ចដែលនៅចំពោះមុនលោកនេះ ប៉ុន្តែ លោកមិនហ៊ានប្រកែកឡើយ។ លោក «ក៏ចុះទៅទទួលគេ ដោយពាក្យថា គឺខ្ញុំនេះហើយ ដែលអ្នករាល់គ្នារក តើមានការអ្វី?» ពួកគេក៏បានជម្រាបលោកអំពីភារកិច្ចតែមួយគត់របស់ពួកគេ ដោយនិយាយឡើងថា «លោកមេទ័ពកូនេលាស ដែលជាមនុស្សសុចរិត ហើយកោតខ្លាចដល់ព្រះ មានសាសន៍យូដាទាំងអស់ធ្វើបន្ទាល់ល្អឲ្យលោកបានទទួលបង្គាប់នៃព្រះ ដោយសារទេវតាបរិសុទ្ធ ឲ្យចាត់មកអញ្ជើញលោកគ្រូទៅឯផ្ទះលោក ដើម្បីនឹងបានស្តាប់លោកគ្រូអធិប្បាយខ្លះ»។
ដោយស្តាប់បង្គាប់តាមការត្រាស់បង្គាប់ដែលលោកទើបតែនឹងបានទទួលពីព្រះនៅពេលថ្មីៗនេះ លោកក៏បានសន្យាថានឹងធ្វើដំណើរទៅជាមួយពួកគេ។ លុះព្រឹកស្អែកឡើង លោកក៏បានចេញដំណើរទៅសេសារាជាមួយនឹងបងប្អូនរួមជំនឿប្រាំមួយនាក់ ។ ឯអ្នកទាំងអស់នេះគឺជាសាក្សីអំពីពាក្យសម្តីដែលលោកបាននិយាយ និងសកម្មភាពទាំឡាយដែលលោកនឹងធ្វើនៅក្នុងអំឡុងពេលទៅសួរសុខទុក្ខមេទ័ពដែលជាសាសន៍ដទៃនេះ ព្រោះលោកពេត្រុសបានជ្រាបច្បាស់ថាគេនឹងកោះហៅលោកទៅសាកសួរ អំពីការបំពានដោយផ្ទាល់ទៅនឹងការបង្រៀនរបស់សាសន៍យូដានេះ។
នៅពេលលោកពេត្រុសបានចូលដល់ផ្ទះរបស់មេទ័ពដែលជាសាសន៍ដទៃនេះ លោកកូនេលាសមិនបានគោរពដូចជាមនុស្សធម្មតាទេ ប៉ុន្តែ លោកបានស្វាគមន៍ក្នុងឋានៈជាភ្ញៀវកិត្តិយសដែលមកពីឋានសួគ៌ ដែលព្រះបានបញ្ជូនឲ្យមកជួបលោក។ ជាប្រពៃណីនៃបូព៌ាប្រទេស គេតែងតែឱនក្រាបនៅចំពោះស្តេច ឬអ្នកមានកិត្តិយសខ្ពង់ខ្ពស់ណាមួយ ឬកូនចៅឱនក្រាបនៅចំពោះឪពុកម្តាយ ប៉ុន្តែ លោកកូនេលាសបានគោរពដល់អ្នកដែលព្រះបានបញ្ជូនឲ្យមកបង្រៀនដល់លោកនេះ ដោយរបៀបដ៏គួរឲ្យរំភើប គឺលោកបានលុតជង្គង់នៅទៀបជើងសាវ័ក ហើយថ្វាយបង្គំដល់លោក។ លោកពេត្រុសមានការរន្ធត់ជាខ្លាំង លោកបានលើកលោកមេទ័ពឡើង ដោយពោលថា «សូមក្រោកឡើង ខ្លួនខ្ញុំជាមនុស្សដូចលោកដែរ»។
កាលអ្នកបម្រើរបស់លោកមេទ័ពបានចេញទៅបំពេញកិច្ចការរបស់ពួកគេ ហើយលោកមេទ័ព «បានទាំងប្រមូលញាតិសន្តាន និងសំឡាញ់ស្និទ្ធស្នាលរបស់លោកមកផង» ដើម្បីឲ្យពួកគេអាចឮការអធិប្បាយរបស់លោកពេត្រុសផងដែរ ។ កាលលោកពេត្រុសបានចូលទៅដល់ លោកបានសង្កេតឃើញមនុស្សមូយក្រុមធំ រង់ចាំស្តាប់ប្រសាសន៍របស់លោក។
លោកពេត្រុសបានមានប្រសាសន៍ទៅកាន់ពួកអ្នកបានមកជួបជុំគ្នានេះជាដំបូងអំពីប្រពៃណីរបស់សាសន៍យូដា ដោយមានប្រសាសន៍ថាការដែលសាសន៍យូដារស់នៅលាយឡំជាមួយនឹងសាសន៍ដទៃដូច្នេះ នោះត្រូវបានគេចាត់ទុកថាជាអំពើខុសច្បាប់ ព្រោះទង្វើនេះពាក់ព័ន្ធទៅនឹងការប្រមាថដល់ពិធីខាងជំនឿសាសនា។ លោកបានមានប្រសាសន៍ថា «អ្នករាល់គ្នាដឹងថា មនុស្សសាសន៍យូដាគ្មានច្បាប់នឹងសេពគប់នឹងសាសន៍ដទៃឬនឹងចូលទៅជិតគេឡើយ តែព្រះទ្រង់បានសម្តែងឲ្យខ្ញុំដឹងថា មិនត្រូវរាប់អ្នកណាថាមិនស្អាត ឬមិនបរិសុទ្ធឡើយ ហេតុនោះបានជាកាលលោកចាត់គេឲ្យទៅហៅខ្ញុំ នោះខ្ញុំបានមកដោយឥតប្រកែកសោះ ដូច្នេះ ខ្ញុំសូមសួរលោក តើលោកឲ្យខ្ញុំមកមានការអ្វី?»។
បន្ទាប់មក លោកកូនេលាសបានរៀបរាប់អំពីបទពិសោធន៍របស់លោក និងបន្ទូលរបស់ទេវតា ដោយមានប្រសាសន៍ជាសេចក្តីសន្និដ្ឋានថា «ដូច្នេះ ខ្ញុំបានចាត់គេឲ្យទៅឯលោកភ្លាម ដែលលោកអញ្ជើញមកនេះក៏ល្អហើយ ឥឡូវនេះ យើងទាំងអស់នៅចំពោះព្រះ ដើម្បីនឹងស្តាប់គ្រប់ទាំងសេចក្តីដែលព្រះបានបង្គាប់មកលោក»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ព្រះយេហូវ៉ាទ្រង់ជាថ្មដា ជាបន្ទាយហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំ គឺជាព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំយកជាទីពឹង ក៏ជាខែល ជាស្នែងនៃសេចក្តីសង្គ្រោះរបស់ទូលបង្គំ ហើយជាប៉មយ៉ាងខ្ពស់ផង។ (ទំនុកតម្កើង ១៨:២)