ថ្ងៃពុធ ទី១៩​ ខែសីហា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-១៤)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី១ ជំពូក១៦

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ពេត្រុស​ក៏​បើក​មាត់​និយាយ​ថា ប្រាកដ​មែន ខ្ញុំ​យល់​ឃើញ​ថា ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោតខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្តី​សុចរិត នោះ​គាប់​ដល់​ព្រះហឫទ័យ​ទ្រង់​ដែរ ។ កិច្ចការ ១០:៣៤-៣៥

លោកពេត្រុសបានមានបប្រសាសន៍ថា «ប្រាកដមែន ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែល​កោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្តីសុចរិត នោះគាប់ដល់​ព្រះហឫទ័យ​​ទ្រង់ដែរ»។

បន្ទាប់មក សាវ័កពេត្រុសបានអធិប្បាយជម្រាបដល់អ្នកស្តាប់​ដ៏យកចិត្តទុកដាក់របស់លោកអំពីព្រះគ្រិស្ត ពីព្រះជន្មរបស់ទ្រង់ ការអស្ចារ្យ​របស់​ទ្រង់ ការក្បត់និងការឆ្កាងទ្រង់ ការមានព្រះជន្មរស់ឡើងវិញ និងការយាងឡើងទៅកាន់ឋានសួគ៌របស់ទ្រង់ និងអំពីព្រះរាជកិច្ចរបស់ទ្រង់នៅឯឋានសួគ៌​ ជាតំណាងនិងជាមេធាវី​របស់មនុស្សលោក។ ខណៈដែលលោកពេត្រុស​បានចង្អុលបង្ហាញអំពីព្រះយេស៊ូវ ទៅកាន់អ្នកដែល​មានវត្តមាន​នៅទីនោះ ថាជាសេចក្តីសង្ឃឹមរបស់បាបជនតែមួយគត់ លោកបានយល់ដោយខ្លួនឯងកាន់តែច្បាស់អំពីអត្ថន័យនៃការបើកសម្តែងដែលលោកបានឃើញ ហើយចិត្តរបស់លោកបានត្រេកត្រអាលជាមួយនឹងវិញ្ញាណនៃសេចក្តីពិតដែលលោកកំពុងបង្ហាញដល់ពួកគេនោះ។

រំពេចនោះ សេចក្តីថ្លែងការណ៍នោះត្រូវបានរំខានដោយការយាងចុះមកនៃព្រះវិញ្ញាណបរិសុទ្ធ។ «កាលពេត្រុសកំពុងតែអធិប្បាយនៅឡើយ នោះព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមក សណ្ឋិតលើអស់អ្នកដែលកំពុងតែស្តាប់ព្រះបន្ទូល ឯពួកអ្នកជឿ ក្នុងពួកកាត់ស្បែកទាំងប៉ុន្មាន ដែលមក​ជា​មួយ​នឹងពេត្រុស គេក៏មានសេចក្តីអស្ចារ្យជាខ្លាំង ពីដំណើរដែល​អំណោយ​ទាន ជាព្រះវិញ្ញាណបរិសុទ្ធ បានចាក់មកលើពួកសាសន៍ដទៃដូច្នេះដែរ ដ្បិតគេឮអ្នកទាំងនោះនិយាយភាសាដទៃ ហើយសរសើរតម្កើងដល់ព្រះ»។

«នោះពេត្រុសសួរថា តើមានអ្នកណាអាចនឹងឃាត់ មិនឲ្យធ្វើបុណ្យជ្រមុជទឹកដល់អ្នកទាំងនេះបានឬទេ ដែលពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធដូចជាយើងដែរ គាត់ក៏បង្គាប់ឲ្យធ្វើបុណ្យជ្រមុជ​ឲ្យគេ​ដោយនូវ​ព្រះ​នាមព្រះអម្ចាស់»។

ដូច្នេះ ដំណឹងល្អត្រូវបានពាំនាំទៅកាន់ជនចំឡែកនិងជនបរទេស ធ្វើឲ្យពួកគេបានក្លាយទៅជាពលរដ្ឋជាមួយនឹងពួកបរិសុទ្ធ និងជាក្រុម​គ្រួសារ​របស់ព្រះផងដែរ ។ ការផ្លាស់ប្តូរជំនឿ​របស់លោកកូនេលាសនិងក្រុមគ្រួសាររបស់លោកគឺជាផលផ្លែនៃចម្រូតដំបូងបង្អស់ដែលត្រូវប្រមូលទុកដាក់។ កិច្ចការនៃព្រះគុណត្រូវបានផ្សព្វផ្សាយពាសពេញទីក្រុងនៃសាសន៍ដទៃមួយនេះ ចេញពីគ្រួសារនោះ។

សព្វថ្ងៃនេះ ព្រះក៏កំពុងស្វែងរកមនុស្សទាំងអ្នកមានត្រកូលខ្ពស់ និង​ទាំង​អ្នកទន់ទាបផងដែរ។ មានមនុស្សដូចជាលោកកូនេលាសនេះជាច្រើន អ្នកដែលព្រះជាម្ចាស់ចង់ភ្ជាប់ទំនាក់ទំនងទៅនឹងកិច្ចការរបស់ទ្រង់នៅលើពិភពលោកនេះ។ ពួកគេមានការអាណិតអាសូរដល់រាស្រ្តរបស់ព្រះ ប៉ុន្តែ ចំណងដែលចងគេភ្ជាប់ជាមួយនឹងលោកិយមាំខ្លាំងណាស់។ ដើម្បីទទួលយកតួនាទីបំពេញកិច្ចការថ្វាយព្រះគ្រិស្ត នោះតម្រូវការឲ្យមានសេចក្តីក្លាហានខាងសីលធម៌។ ពួកជំនុំត្រូវតែខំប្រឹងប្រែងដើម្បីមនុស្សទាំងនេះ ដែលកំពុងឋិតនៅក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដោយសារតែការទទួលខុសត្រូវនិងការសេពគប់របស់ពួកគេ។

ព្រះត្រាស់ហៅអ្នកធ្វើការដ៏ស្មោះត្រង់និងបន្ទាបខ្លួន ឲ្យធ្វើការជាមួយ​មនុស្សដែលមានវណ្ណៈខ្ពង់ខ្ពស់។ ព្រះនឹងនាំមកនូវការអស្ចារ្យដើម្បីឲ្យមានការផ្លាស់ប្តូរជំនឿ ជាការអស្ចារ្យដែលឥឡូវនេះមនុស្សមើលមិនឃើញ ។ មនុស្សដ៏ឩដុង្គឩត្តមបំផុតនៅលើលោកិយនេះ មិនហួសពីព្រះចេស្តានៃព្រះដែលធ្វើការយ៉ាងអស្ចារ្យនោះឡើយ។ ប្រសិនបើមនុស្សដែលជាអ្នកធ្វើការជាមួយនឹងព្រះរាជបំណងព្រះហឫទ័យរបស់ព្រះ គឺជាមនុស្សដែលចេះ​ឆ្លៀត​ឱកាស ដោយធ្វើកិច្ចការរបស់ខ្លួនយ៉ាងក្លាហាន និងស្មោះត្រង់ ព្រះនឹងបំផ្លាស់បំប្រែមនុស្សដែលមានតួនាទីជាអ្នកទទួលខុសត្រូវ ជាមនុស្ស​ដែល​មានប្រាជ្ញានិងមានឥទ្ធិពល ។ មនុស្សជាច្រើននឹងទទួលយកគោលការណ៍របស់ព្រះតាមរយៈព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។ អ្នកដែលបានផ្លាស់ប្រែមកឯសេចក្តីពិត ពួកគេនឹងក្លាយជាភ្នាក់ងារនៅក្នុងព្រះហស្តរបស់ព្រះ សម្រាប់បញ្ជូនពន្លឺ។ ពួកគេនឹងមានបន្ទុកពិសេសសម្រាប់មនុស្សដទៃ ក្នុងស្រទាប់វណ្ណៈដែលគេបោះបង់ចោលនេះ មនុស្សនឹងលះបង់ពេលវេលានិងលុយកាក់សម្រាប់កិច្ចការរបស់ព្រះជាម្ចាស់ ហើយលទ្ធផលល្អៗ និងអំណាចនឹងត្រូវបន្ថែមទៅក្នុងពួកជំនុំ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ព្រះយេហូវ៉ា​ទ្រង់​ជា​ថ្មដា ជា​បន្ទាយហើយ​ជា​អ្នក​​ជួយ​​សង្គ្រោះ​របស់​ទូលបង្គំ គឺ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ថ្មដា​ដែល​ទូលបង្គំ​យក​ជា​ទី​ពឹង ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្តី​សង្គ្រោះ​របស់​ទូលបង្គំ ហើយ​ជា​ប៉ម​​​យ៉ាង​​ខ្ពស់​ផង។ (ទំនុកតម្កើង ១៨:២)

Powered by CAM