កិច្ចការនៃពួកសាវ័ក (ជំពូកទី-១១)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី២ ជំពូក២៣
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ កាលពួកសាសន៍សាម៉ារីបានមកដល់ទ្រង់ហើយ នោះគេសូមទ្រង់ ឲ្យនៅជាមួយនឹងគេ ទ្រង់ក៏គង់នៅទីនោះអស់២ថ្ងៃ ហើយមានមនុស្សជាច្រើនទៀតបានជឿ ដោយសារព្រះបន្ទូលទ្រង់។ យ៉ូហាន ៤:៤០-៤១
ការធ្វើទុក្ខបៀតបៀនដល់ពួកជំនុំនៅទីក្រុងយេរូសាឡិម បានផ្តល់កម្លាំងយ៉ាងធំដល់កិច្ចការនៃដំណឹងល្អ។ ជោគជ័យបានកើតឡើងដល់កិច្ចការនៅកន្លែងនោះ ហើយប្រសិនបើពួកសិស្សបន្តរស់នៅទីនោះយូរតទៅទៀត នោះនឹងមានគ្រោះថ្នាក់ជាក់ជាមិនខាន និងជាការមិនអើពើទៅនឹងការត្រាស់បង្គាប់របស់ព្រះអង្គសង្រ្គោះឲ្យចេញទៅគ្រប់ទីកន្លែងនៅលើពិភពលោកផង។ ដោយភ្លេចថាកម្លាំងដើម្បីទប់ទល់ជាមួយនឹងអារក្សកើតឡើងបានល្អបំផុតដោយសារកិច្ចការនៃការឈ្លានពាន ពួកគេបានចាប់ផ្តើមគិតថាពួកគេមិនមានកិច្ចការសំខាន់អ្វីដែលត្រូវធ្វើ ក្រៅពីការការពារពួកជំនុំនៅទីក្រុងយេរូសាឡិមពីការវាយប្រហារពីសំណាក់សត្រូវនោះឡើយ។ ជំនួសឲ្យការបង្រៀនដល់អ្នកជឿថ្មីឲ្យពាំនាំយកដំណឹងល្អទៅប្រាប់ដល់អ្នកដែលមិនធ្លាប់បានឮ ពួកគេឋិតនៅក្នុងគ្រោះថ្នាក់នៃការបំពេញកិច្ចការដែលនឹងដឹកនាំមនុស្សទាំងអស់ឲ្យស្កប់ចិត្តទៅនឹងកិច្ចការដែលអ្នកដទៃបានសម្រេចរួចហើយទៅវិញ ។ ព្រះបានអនុញ្ញាតឲ្យមានការធ្វើទុក្ខបៀតបៀនកើតឡើងដល់ពួកគេ ដើម្បី បំបែកព្រះរាជតំណាងរបស់ទ្រង់ទៅកាន់គ្រប់ទិសទី ជាកន្លែងដែលពួកគេ អាចធ្វើការសម្រាប់អ្នកដទៃបាន។ ដោយការបណ្តេញចេញពីទីក្រុងយេរូសាឡិម ពួកសាវ័កបាន «ដើរចុះឡើងទាំងផ្សាយដំណឹងល្អ គឺជាព្រះបន្ទូល»។
នៅក្នុងចំណោមពួកអ្នកដែលព្រះបានប្រទានព្រះរាជបញ្ជាឲ្យ «ទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍» (ម៉ាថាយ ២៨:១៩) មានមនុស្សជាច្រើនដែលជាអ្នកមានជីវិតទន់ទាបបំផុត ជាបុរសនិងនារីដែលបានស្រឡាញ់ព្រះជាម្ចាស់ និងបានប្តេជ្ញាចិត្តដើរតាមគំរូនៃការបម្រើមិនអាត្មានិយមរបស់ព្រះអង្គ។ ព្រះបានប្រទានកិច្ចការដ៏មានតម្លៃដល់ពួកអ្នកទន់ទាបទាំងនេះ ព្រមទាំងពួកសិស្សដែលធ្លាប់បាននៅជាមួយព្រះអង្គ កាលទ្រង់បំពេញព្រះរាជកិច្ចនៅលើផែនដី។ ពូកគេត្រូវពាំនាំសេចក្តីស្រឡាញ់នៃសេចក្តីសង្រ្គោះទៅកាន់ពិភពលោកទាំងមូល។
នៅពេលដែលពួកគេត្រូវបានបែកខ្ញែកដោយការធ្វើទុក្ខបៀតបៀន ពួកគេបានចេញទៅទាំងមានចិត្តពុះកញ្រ្ជោលចង់ផ្សាយដំណឹងល្អ។ ពួកគេបានដឹងពីការទទួលខុសត្រូវនៃបេសកកម្មរបស់ពួកគេ។ ពួកគេបានដឹងថាពួកគេមានដំបុ័ងជីវិតនៅនឹងដៃ សម្រាប់ចែកចាយដល់ពិភពលោកដែលកំពុងអត់ឃ្លាន ហើយសេចក្តីស្រឡាញ់របស់ព្រះគ្រិស្តបានបង្គាប់ឲ្យពួកគេកាច់នំប័ុងនេះចែកដល់មនុស្សទាំងឡាយ ដែលមានសេចក្តីត្រូវការ។ ព្រះជាម្ចាស់បានធ្វើការតាមរយៈពួកគេ។ ពួកគេទៅដល់កន្លែងណា ពួកគេបានព្យាបាលអ្នកជំងឺ បានផ្សាយដំណឹងល្អដល់អ្នកក្រីក្រ នៅទីនោះ។
លោកភីលីព ជាមនុស្សម្នាក់នៅក្នុងចំណោមអ្នកជំនួយការទាំងប្រាំពីរនាក់នោះ ក៏នៅក្នុងចំណោមអ្នកដែលរត់គេចចេញពីទីក្រុងយេរូសាឡិមដែរ។ លោក «ចុះទៅឯទីក្រុងមួយនៅស្រុកសាម៉ារី ប្រាប់គេពីព្រះគ្រិស្ត ហើយបណ្តាមនុស្សក៏ស្រុះចិត្តគ្នា និងប្រុងស្តាប់អស់ទាំងសេចក្តីដែលភីលីពនិយាយ ដោយគេឮ ហើយឃើញទីសម្គាល់ដែលគាត់ធ្វើ ព្រោះមានអារក្សអសោច … រួចចេញមក ក៏មានមនុស្សស្លាប់ដៃស្លាប់ជើង និងមនុស្សខ្វិនជាច្រើនបានជាដែរ ហើយនៅទីក្រុងនោះ គេមានសេចក្តីអំណរជាខ្លាំង»។
ព្រះរាជសាររបស់ព្រះគ្រិស្ត ដែលបានមានបន្ទូលទៅកាន់ស្រ្តីសាសន៍សាម៉ារីបានបង្កើតផលផ្លែ។ បន្ទាប់ពីបានស្តាប់ព្រះបន្ទូលរបស់ទ្រង់រួចមក ស្រ្តីនោះក៏បានចូលទៅក្នុងទីក្រុង ដោយនិយាយថា «ចូរមកមើល មានមនុស្សម្នាក់ ដែលប្រាប់ខ្ញុំពីគ្រប់អំពើទាំងអស់ ដែលខ្ញុំបានប្រព្រឹត្ត តើអ្នកនោះមិនមែនជាព្រះគ្រិស្តទេឬអី?» ពួកគេក៏បានចេញទៅជាមួយនាង ហើយបានស្តាប់ព្រះយេស៊ូវ រួចក៏បានជឿដល់ទ្រង់។ ព្រះអង្គបានស្នាក់នៅជាមួយពួកគេពីរថ្ងៃ «ហើយមានមនុស្សជាច្រើនទៀតបានជឿ ដោយសារព្រះបន្ទូលទ្រង់»(យ៉ូហាន ៤២:៩, ៤១)។
ឥឡូវនេះ នៅពេលដែលសាសន៍យូដាកំពុងប្រឹងប្រែងបំផ្លាញពួកជំនុំដ៏ក្មេងខ្ចីនេះ លោកនីកូដេមបានចេញមុខការពារ។ លោកបានលើកទឹកចិត្តដល់ជំនឿរបស់ពួកសាវ័ក និងបានប្រើប្រាស់ទ្រព្យសម្បត្តិរបស់លោកដោយគ្មានការប្រុងប្រយ័ត្ន និងសង្ស័យតទៅទៀត ហើយដើម្បីជួយទ្រទ្រង់ពួកជំនុំនៅទីក្រុងយេរូសាឡិម និងដើម្បីជំរុញកិច្ចការនៃដំណឹងល្អ។ ពួកអ្នកដែលធ្លាប់តែគោរពដល់លោកកាលពីមុន ឥឡូវនេះបានប្រមាថនិងបៀតបៀនដល់លោកវិញ ហើយលោកបានត្រឡប់ជាអ្នកក្រីក្រទ្រព្យសម្បត្តិខាងលោកិយតែលោកមិនស្ទាក់ស្ទើរក្នុងការការពារជំនឿរបស់លោកឡើយ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ នោះគាត់ក៏ញាប់ញ័រទាំងអស្ចារ្យក្នុងចិត្ត ហើយទូលថា ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្តេច ព្រះអម្ចាស់មានព្រះបន្ទូលថា ចូរក្រោកឡើងចូលទៅក្នុងទីក្រុងទៅ នោះគេនឹងប្រាប់អ្នក ឲ្យដឹងពីការដែលអ្នកត្រូវធ្វើ។ (កិច្ចការ ៩:៦)