កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៤)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី១ ជំពូក១៧
ខព្រះគម្ពីរប្រចាំថ្ងៃ៖ គឺពីព្រះយេស៊ូវ ពីស្រុកណាសារ៉ែត ដែលព្រះបានចាក់ព្រះវិញ្ញាណបរិសុទ្ធ និងព្រះចេស្តាឲ្យមកសណ្ឋិតលើទ្រង់ ហើយទ្រង់បានយាងចុះឡើងធ្វើការល្អ ព្រមទាំងប្រោសឲ្យអស់អ្នក ដែលត្រូវអារក្សសង្កត់សង្កិនបានជាផង ដ្បិតព្រះបានគង់ជាមួយនឹងទ្រង់។ កិច្ចការ ១០:៣៨
ដោយសារតែលោកកូនេលាសកំពុងបានរស់នៅដោយការស្តាប់បង្គាប់នូវគ្រប់ទាំងការណែនាំដែលលោកបានទទួល នោះព្រះបានបង្គាប់ឲ្យលោកបានទទួលសេចក្តីពិតកាន់តែច្រើនថែមទៀត។ ព្រះបានចាត់អ្នកនាំសារចេញពីព្រះរាជវាំងនៃឋានសួគ៌ មកឯនាយទាហានសាសន៍រ៉ូម និងលោកពេត្រុស ដើម្បីនាំលោកកូនេលាសឲ្យជួបជាមួយនឹងអ្នកដែលអាចដឹកនាំលោកឲ្យទទួលពន្លឺកាន់តែធំ។
នៅលើពិភពលោកយើងនេះមានមនុស្សជាច្រើនដែលនៅជិតនគររបស់ព្រះ ជាងការដែលយើងគិត។ ព្រះជាម្ចាស់មានអលង្កាជាច្រើនសម្រាប់អ្នកដែលទ្រង់នឹងដឹកនាំអ្នកនាំសាររបស់ទ្រង់ឲ្យទៅជួប នៅក្នុងពិភពលោកដែលមានបាបនេះ ។ មានមនុស្សដែលឈរនៅខាងព្រះគ្រិស្តនៅគ្រប់ទិសទី។ មនុស្សជាច្រើនដែលផ្តល់តម្លៃដល់ព្រះប្រាជ្ញាញ្ញាណរបស់ព្រះធំជាងអត្ថប្រយោជន៍នានានៅក្នុងលោកិយ ហើយដែលនឹងក្លាយជាអ្នកបញ្ចេញពន្លឺដ៏ស្មោះត្រង់ ។ ដោយបានជំរុញដោយសេចក្តីស្រឡញ់របស់ព្រះគ្រិស្ត ពួកគេនឹងទាក់ទាញមនុស្សជាច្រើនឲ្យមកឯទ្រង់។
ពេលដែលពួកបងប្អូននៅយូដាបានឮថា លោកពេត្រុសបានទៅផ្ទះលោកកូនេលាស ហើយបានអធិប្បាយប្រាប់ដល់អ្នកដែលបានជួបប្រជុំគ្នានៅទីនោះ ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង ហើយក៏បានប្រឆាំងនឹងលោក ។ ពួកគេបារម្ភក្រែងកិច្ចការនោះនឹងជះឥទ្ធិពលផ្ទុយពីការបង្រៀនរបស់ពួកគេ ដែលមើលទៅហាក់ដូចជាការព្រហើនសម្រាប់ពួកគេ។ ហើយកាលពួកគេបានជួបនឹងលោកពេត្រុសនៅពេលក្រោយមកទៀត ពួកគេក៏បានស្តីបន្ទោសលោកយ៉ាងធ្ងន់ធ្ងរ ដោយបាននិយាយថា «លោកបានចូលទៅឯពួកមនុស្សដែលមិនកាត់ស្បែក ក៏បានពិសាជាមួយនឹងគេផង»។
លោកពេត្រុសបានលាតត្រដាងរឿងរ៉ាវបង្ហាញប្រាប់ដល់ពួកគេ។ លោកបានភ្ជាប់បទពិសោធន៍របស់លោកទៅនឹងការបើកសម្តែងរបស់លោក និងបានអង្វរករថាការបើកសម្តែងនោះបានទូន្មានលោកឲ្យលែងរក្សាការបែងចែករវាងការកាត់ស្បែកនិងការមិនកាត់ស្បែកតទៅទៀត ឬឈប់ឲ្យសម្លឹងមើលទៅសាសន៍ដទៃថាជាមនុស្សមិនស្អាតតទៅទៀតផងដែរ។ លោកបានប្រាប់ដល់ពួកគេអំពីការត្រាស់បង្គាប់របស់ព្រះឲ្យលោកចេញទៅឯពួកសាសន៍ដទៃ អំពីការមកដល់របស់អ្នកបម្រើលោកកូនេលាស អំពីការធ្វើដំណើរទៅសេសារា និងអំពីការជួបប្រជុំជាមួយនឹងលោកកូនេលាសថែមទៀតផង។ លោកបានរៀបរាប់អំពីសាច់រឿងនៃបទសម្ភាសន៍ជាមួយនឹងលោកមេទ័ព ដែលក្រោយមកបានជម្រាបដល់លោកអំពីការបើកសម្តែងដែលព្រះបានណែនាំឲ្យចាត់អ្នកបម្រើឲ្យទៅរកលោកពេត្រុសនោះ។
លោកបានមានប្រសាសន៍ ទាក់ទងទៅនឹងបទពិសោធន៍របស់លោកយ៉ាងដូច្នេះថា «កាលខ្ញុំចាប់តាំងនិយាយទៅនោះព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើគេ ដូចជាបានសណ្ឋិតលើយើងរាល់គ្នាកាលពីដើមដែរ នោះខ្ញុំបាននឹកឃើញពីសេចក្តីដែលព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា លោកយ៉ូហានបានធ្វើបុណ្យជ្រមុជដោយទឹក តែអ្នករាល់គ្នានឹងទទួលបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធវិញ ដូច្នេះ បើសិនជាព្រះបានប្រទានអំណោយទានទៅគេ ដូចជាបានប្រទានមកយើងដែរ ដោយជឿដល់ព្រះអម្ចាស់យេស៊ូវគ្រិស្ត ចុះតើខ្ញុំជាអ្វីដែលអាចនឹងឃាត់ព្រះបាន?»
ដោយបានឮរឿងរ៉ាវទាំងនោះ ពួកបងប្អូនទាំងនោះក៏ស្ងៀមស្ងាត់ទៅ ។ ពួកគេបានជឿជាក់ថាកិច្ចការរបស់លោកពេត្រុសគឺជាការសម្រេចតាមផែនការរបស់ព្រះដោយផ្ទាល់ និងថាការប្រកាន់ពូជសាសន៍និងការបែងចែករបស់ពួកគេ គឺផ្ទុយទៅនឹងផែនការនៃដំណឹងល្អទាំងស្រុង ពួកគេបានសរសើរតម្កើងដល់ព្រះ ដោយនិយាយថា «ដូច្នេះ ព្រះទ្រង់ក៏ប្រោសប្រទានការប្រែចិត្តដល់ពួកសាសន៍ដទៃឲ្យគេមានជីវិតដែរហ្ន៎!»
ដូច្នេះ ការប្រកាន់ពូជសាសន៍ត្រូវបានបំបែក ដោយគ្មានទំនាស់អ្វីកើតឡើងឡើយ ការបែងចែកដែលបានបង្កើតឡើងដោយសារប្រពៃណីជាច្រើនជំនាន់មកហើយ នោះក៏ត្រូវបានបោះបង់ចោល ហើយព្រះបានបើកផ្លូវឲ្យដំណឹងល្អត្រូវបានប្រកាសដល់សាសន៍ដទៃយ៉ាងទូលំទូលាយ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ព្រះយេហូវ៉ាទ្រង់ជាថ្មដា ជាបន្ទាយហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំ គឺជាព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំយកជាទីពឹង ក៏ជាខែល ជាស្នែងនៃសេចក្តីសង្គ្រោះរបស់ទូលបង្គំ ហើយជាប៉មយ៉ាងខ្ពស់ផង។ (ទំនុកតម្កើង ១៨:២)