ថ្ងៃសុក្រ ទី២១​ ខែសីហា ឆ្នាំ២០២០

កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៥)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ១២:១-២៣។​

ការរំដោះចេញពីគុក

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី១ ជំពូក១៨

ខព្រះគម្ពីរប្រចាំថ្ងៃ៖ នៅ​គ្រា​នោះ ស្តេច​ហេរ៉ូឌ ទ្រង់​លូក​ព្រះហស្ត​ទៅ ចាប់​ធ្វើ​ទុក្ខ​ដល់​ពួក​ជំនុំ​ខ្លះ ក៏​សំឡាប់​យ៉ាកុប ជា​បង​យ៉ូហាន ដោយ​ដាវ​ផង​។ កិច្ចការ ១២:១-២

«នៅគ្រានោះ ស្តេចហេរ៉ូឌ ទ្រង់លូកព្រះហស្តទៅចាប់ធ្វើទុក្ខដល់ពួកជំនុំខ្លះ»។ កាលណោះរដ្ឋាភិបាលនៃប្រទេសយូដាឋិតនៅក្នុងកណ្តាប់​ដៃ​របស់ស្តេចហេរ៉ូឌ អ័គ្រីប៉ា ព្រះនាងក្លូឌាសនៅក្រោមអំណាចព្រះចៅអធិរាជរ៉ូម។ ស្តេចហេរ៉ូឌក៏បានគ្រប់គ្រងនគរទាំងបួននៅសមុទ្រកាលីឡេផងដែរ ។ ព្រះអង្គជាស្តេចដែលវង្វេងចេញពីជំនឿសាសនាសាសន៍យូដាយ៉ាងក្អេងក្អាង ហើយពុះកញ្រ្ជោលក្នុងការអនុវត្តន៍ពិធីសាសនាតាមច្បាប់នៃសាសន៍យូដាយ៉ាងជាក់ស្តែង។ ដោយចង់ផ្គាប់ចិត្តសាសន៍យូដា ដោយសង្ឃឹមថាធ្វើដូច្នេះ នឹងអាចរក្សារាជបល្ល័ង្កនិងព្រះកិត្តិនាមរបស់ទ្រង់បាន ព្រះអង្គបានចាត់ចែងអនុវត្តការធ្វើទុក្ខបៀតបៀនដល់ពួកជំនុំរបស់ព្រះគ្រិស្ត រឹបអូសយកផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ពួកអ្នកជឿ ហើយចាប់សមាជិកសំខាន់ៗរបស់ពួកជំនុំដាក់គុក។ ព្រះអង្គបានចាប់លោកយ៉ាកុបជាបងរបស់លោកយ៉ូហានដាក់​គុក ហើយបានបញ្ជូនពេជ្ឈឃាតឲ្យទៅប្រហារជីវិតលោកដោយដាវទៀតផង ហើយស្តេចហេរ៉ូឌមួយអង្គទៀត បានធ្វើឲ្យហោរាយ៉ូហាន​ត្រូវបាន​គេកាត់​ក្បាលផងដែរ។ ដោយឃើញដូច្នោះ ពួកយូដាក៏ពេញចិត្តទៅនឹងការចាប់លោកពេត្រុសដាក់គុកផងដែរ។

ស្តេចបានអនុវត្តការពិឃាតដ៏ឃោរឃៅនេះនៅក្នុងឱកាសបុណ្យរំលង។ នៅពេលដែលសាសន៍យូដាកំពុងប្រារព្ធពិធីរំដោះចេញពីប្រទេសអេស៊ីព្ទរបស់ពួកគេ និងធ្វើពុតជាខ្វល់ខ្វាយជាខ្លាំងចំពោះក្រឹត្យវិន័យរបស់ព្រះ នៅ​ពេល​ជាមួយគ្នានោះ ពួកគេក៏កំពុងបំពានទៅនឹងគោលការណ៏នៃក្រឹត្យវិន័យរបស់ព្រះ ដោយការធ្វើទុក្ខបៀតបៀននិងការសម្លាប់អ្នកដែលជឿដល់ព្រះគ្រិស្តផងដែរ។

មរណភាពរបស់លោកយ៉ាកុបបានធ្វើឲ្យមានសេចក្តីទុក្ខសោក និងភាព​ស្រឡាំងកាំងជាពន់ពេក នៅក្នុងចំណោមពួកអ្នកជឿ។ កាលលោក​ពេត្រុស​នៅក្នុងគុកនៅឡើយ ពួកជំនុំទាំងមួលបានប្រជុំគ្នាអធិដ្ឋាននិងតមអត់។

សកម្មភាពរបស់ស្តេចហេរ៉ូឌក្នុងការសម្លាប់លោកយ៉ាកុប ត្រូវបាន​សាសន៍​យូដាអបអរសាទរ ទោះបីជាមានអ្នកខ្លះបានត្អូញត្អែរក្នុងលក្ខណៈជាសម្ងាត់ក៏ដោយ ព្រោះការប្រហារជីវិតសាធារណៈនេះនឹងបានសម្លុតគំរាមដល់ពួកអ្នកជឿ និងអ្នកដែលអាណិតអាសូរដល់ពួកគេ បានកាន់តែខ្លាំង។ ហេតុ​ដូច្នេះ ស្តេចហេរ៉ូឌបានទតឃើញថាការសម្លាប់លោកពេត្រុសឲ្យប្រជារាស្រ្តមើលឃើញជាសាធារណៈ នឹងបំពេញចិត្តដល់សាសន៍យូដាបានខ្លាំងជាងការគ្រាន់តែឃុំឃាំងលោកទុក។ ប៉ុន្តែ មានអ្នកខ្លះបានស្នើយោបល់ថា​ប្រសិនបើនាំសាវ័កជើងចាស់នេះចេញទៅប្រហារជីវិតនៅខាងក្រៅទីក្រុងយេរូសាឡិម នោះមានសុវត្ថិភាពជាង។ ពួកគេបារម្ភក្រែងការមើលឃើញការប្រហារជីវិតសាវ័កនឹងបំផុសការអាណិតអាសូររបស់ពួកបណ្តាជនឡើង។

ពួកសង្ឃនិងពួកចាស់ទុំក៏ព្រួយបារម្ភខ្លាចក្រែងលោកពេត្រុសអាចនឹងធ្វើការអំពាវនាវដ៏មានអំណាចណាមួយដែលនឹងបំផុសប្រជារាស្រ្តឲ្យសិក្សាអំពីព្រះជន្ម និងអត្តចរិតរបស់ព្រះយេស៊ូវ ជាញឹកញាប់ ជាការអំពាវនាវ​ដែល​ពួកគេធ្លាប់ទប់ទល់មិនបាន ជាមួយនឹងការជជែកវែកញែកទាំងឡាយនោះ ។ ចិត្តពុះកញ្រ្ជោលរបស់លោកពេត្រុសក្នុងការគាំទ្រដល់កិច្ចការរបស់ព្រះគ្រិស្តបានដឹកនាំមនុស្សជាច្រើន ឲ្យប្រកាន់ជំហរនៅខាងដំណឹងល្អ ហើយពួកមេដឹកនាំសាសនាបារម្ភក្រែងលោកមានឱកាសការពារជំនឿរបស់លោកនៅចំពោះហ្វូងមនុស្ស ដែលបានធ្វើដំណើរមកកាន់ទីក្រុងដើម្បីថ្វាយបង្គំព្រះ ធ្វើឲ្យពួកគេទាមទារឲ្យស្តេចក៏ដោះលែងលោកពីកណ្តាប់ដៃទ្រង់។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ព្រះយេហូវ៉ា​ទ្រង់​ជា​ថ្មដា ជា​បន្ទាយហើយ​ជា​អ្នក​​ជួយ​​សង្គ្រោះ​របស់​ទូលបង្គំ គឺ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ថ្មដា​ដែល​ទូលបង្គំ​យក​ជា​ទី​ពឹង ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្តី​សង្គ្រោះ​របស់​ទូលបង្គំ ហើយ​ជា​ប៉ម​​​យ៉ាង​​ខ្ពស់​ផង។ (ទំនុកតម្កើង ១៨:២)

Powered by CAM