ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៥)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី១ ជំពូក១៩
នៅពេលផ្អាកការប្រហារជីវិតជាបណ្តោះអាសន្ននេះ ខណៈដែលការប្រហារជីវិតដល់លោកពេត្រុសត្រូវបានគេលើកពេលទៅធ្វើនៅក្រោយពិធីបុណ្យរំលងវិញ សមាជិកពួកជំនុំមានឱកាសពិនិត្យមើលចិត្តខ្លួនឯង និងអធិដ្ឋានយ៉ាងស្មោះអស់ពីចិត្ត។ ពួកគេបានអធិដ្ឋានឲ្យលោកពេត្រុសឥតឈប់ឈរ ព្រោះពួកគេបានដឹងថាលោកមិនរួចផុតពីការប្រហារជីវិតបាន ឡើយ។ ពួកគេបានដឹងថាពួកគេបានមកដល់តំណាក់ការមួយដែលពួកជំនុំរបស់ព្រះគ្រិស្តនឹងត្រូវគេបំផ្លាញ ជាក់ជាមិនខាន ប្រសិនបើគ្មានជំនួយពិសេសមកពីព្រះទេនោះ។
នៅពេលជាមួយគ្នានេះដែរ ពួកអ្នកថ្វាយបង្គំព្រះដែលបានមកពីគ្រប់ជាតិសាសន៍បានស្វែងរកព្រះវិហារដែលបានថ្វាយដល់ព្រះសម្រាប់ថ្វាយបង្គំ។ ព្រះវិហារនោះបានចែងចាំងដោយមាសនិងត្បូងដ៏មានតម្លៃ ធ្វើឲ្យពួកបណ្តាជនមើលទៅឃើញមានសម្រស់ល្អឆើតនិងមានភាពរុងរឿងជាខ្លាំង។ ប៉ុន្តែ ពួកគេមិនអាចរកព្រះយេហូវ៉ាឃើញនៅកន្លែងដ៏ជាទីស្រឡាញ់នោះទៀតទេ។ សាសន៍អ៊ីស្រាអែលបានលែងលះខ្លួនឯងចេញពីព្រះហើយ ។ នៅពេលដែលព្រះគ្រិស្តបានទតមើលទៅខាងក្នុងព្រះវិហារជាពេលចុងក្រោយបង្អស់ នៅជិតចុងបញ្ចប់នៃព្រះរាជកិច្ចរបស់ព្រះអង្គនៅលើផែនដី ព្រះអង្គបានមានបន្ទូលថា «មើល ផ្ទះឯងនឹងត្រូវចោលស្ងាត់ទុកឲ្យឯង» (ម៉ាថាយ ២៣:៨)។ ចាប់តាំងពីពេលនោះមក ព្រះអង្គបានហៅព្រះវិហារនោះថា ជាតំណាក់នៃព្រះវរបិតារបស់ទ្រង់។ ប៉ុន្តែ នៅពេលដែលព្រះរាជបុត្រានៃព្រះបានយាងហួសកំផែងទាំងនេះ ព្រះវត្តមានរបស់ព្រះក៏ត្រូវបានដកចេញពីព្រះវិហារដែលបានសាងសង់សម្រាប់សិរីល្អរបស់ទ្រង់នេះ ជារៀងរហូតដែរ។
ការប្រហារជីវិតរបស់លោកពេត្រុសគឺជាការកំណត់ទុកចុងក្រោយបង្អស់ ប៉ុន្តែ ការអធិដ្ឋានរបស់បងប្អូនអ្នកជឿបានឡើងទៅដល់ឋានសួគ៌ ហើយនៅពេលដែលកម្លាំងនិងការអាណិតអាសូររបស់ពួកគេបានអំពាវនាវ ស្វែងរកជំនួយយ៉ាងខ្លាំងក្លា ពួកទេវតារបស់ព្រះកំពុងតែឃ្លាំមើលពីលើសាវ័កដែលកំពុងតែជាប់គុកនោះ។
ដោយនឹកចាំពីការរំដោះចេញពីគុករបស់ពួកសាវ័កកាលពីលើកមុន លើកនេះស្តេចហេរ៉ូឌបានបន្ថែមការប្រុងប្រយ័ត្នទ្វេមួយជាពីរ។ ដើម្បីការពារកុំឲ្យមានលទ្ធភាពអាចចេញរួច ស្តេចបានដាក់ទាហាន ១៦ នាក់ឲ្យយាមលោកពេត្រុស តាមវេនខុសៗគ្នា ទាំងយប់ទាំងថ្ងៃ។ នៅក្នុងបន្ទប់ឃុំឃាំងរបស់លោក គេបានដាក់ច្រវាក់លោកជាប់នឹងទាហានពីរនាក់។ លោកមិនអាចកម្រើកខ្លួនដោយមិនឲ្យទាហានទាំងពីរនាក់ដឹងបានឡើយ។ ដោយទ្វារគុកមាំៗបិទយ៉ាងជិត ហើយមានអ្នកយាមដ៏រឹងមាំនៅតាមទ្វារទាំងនោះផង មិនមានមធ្យោបាយរបស់មនុស្សណាមួយអាចរំដោះឬគេចខ្លួនបានឡើយ។ ប៉ុន្តែ ការតឹងតែងរបស់មនុស្សគឺជាឱកាសរបស់ព្រះ។
ស្តេចបានដាក់លោកពេត្រុសក្នុងបន្ទប់ឃុំឃាំងដែលមានជញ្ជាំងធ្វើពីថ្ម មានទ្វារធ្វើពីចម្រឹងនិងរនុកមាំៗ ហើយមានទាហានយាមដើម្បីរក្សាសុវត្ថិភាពអ្នកទោស ។ ប៉ុន្តែ របានិងរនុកនិងទាហានរ៉ូម ដែលកាត់ផ្តាច់លទ្ធភាពនៃជំនួយរបស់មនុស្ស រឹតតែធ្វើឲ្យជោគជ័យរបស់ព្រះក្នុងការរំដោះលោកពេត្រុសកាន់តែពេញខ្នាតឡើង។ ស្តេចហេរ៉ូឌបានលើកព្រះហស្តប្រឆាំងនឹងព្រះដែលមានសព្វព្រះចេស្តា ហើយព្រះអង្គ (ស្តេច) ត្រូវបរាជ័យយ៉ាងធ្ងន់ធ្ងរ។ ដោយការបញ្ចេញព្រះចេស្តារបស់ទ្រង់ ព្រះអង្គហៀបនឹងជួយសង្រ្គោះជីវិតដ៏មានតម្លៃដែលសាសន៍យូដាមានផែនការនឹងបំផ្លាញនេះ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ព្រះយេហូវ៉ាទ្រង់ជាថ្មដា ជាបន្ទាយហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំ គឺជាព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំយកជាទីពឹង ក៏ជាខែល ជាស្នែងនៃសេចក្តីសង្គ្រោះរបស់ទូលបង្គំ ហើយជាប៉មយ៉ាងខ្ពស់ផង។ (ទំនុកតម្កើង ១៨:២)