កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៥)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី១ ជំពូក២០
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែល កោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច។ ទំនុកតម្កើង ៣៤:៧
ពេលនោះជាយប់ចុងក្រោយបង្អស់នៃការស្នើកាត់ទោសប្រហារជីវិត។ ព្រះបានចាត់ទេវតាដ៏មានអំណាចពីឋានសួគ៌ ឲ្យមករំដោះលោកពេត្រុស។ ទ្វារដ៏រឹងមាំដែលបិទឃុំឃាំងមនុស្សបរិសុទ្ធរបស់ព្រះ បានរបើកឡើងដោយគ្មានដៃមនុស្សបើក។ ទេវតានៃព្រះដ៏ខ្ពស់បំផុតបានយាងចេញមក ហើយទ្វារនោះក៏បានបិទយ៉ាងជិតដូចដើមវិញ នៅពីក្រោយខ្នងលោក ។ លោកបានយាងចូលទៅក្នុងបន្ទប់ឃុំឃាំង ហើយលោកពេត្រុសកំពុងតែសម្រាន្តលង់លក់នៅទីនេះ។
ពន្លឺនៅជុំវិញទេវតាបានបំភ្លឺពាសពេញទាំងបន្ទប់ឃុំឃាំង ប៉ុន្តែ មិនបានដាស់សាវ័ក ពេត្រុសឲ្យភ្ញាក់ទេ។ លោកសម្រាន្តលង់លក់ រហូតទាល់តែប៉ះនឹងដៃទេវតា និងឮសំឡេងមានបន្ទូលថា «ចូរក្រោកឡើងជាប្រញាប់» ទើបលោកភ្ញាក់ឡើង ឃើញបន្ទប់ឃុំឃាំងភ្លឺព្រោងព្រាតដោយពន្លឺនៃឋានសួគ៌ ហើយឃើញទេវតាមួយអង្គដែលមានសិរីរុងរឿងអស្ចារ្យឈរនៅក្បែរលោក ។ លោកបានស្តាប់តាមបន្ទូលរបស់ទេវតាដែលបានថ្លែងមកកាន់លោក ហើយនៅពេលដែលលោកបានក្រោកឡើង លោកបានលើកដៃរបស់លោក ហើយបានដឹងទាំងស្រពិចស្រពិលថាច្រវាក់បានរបូតជ្រុះពីកដៃរបស់លោក។
សំឡេងនៃទេវតាដែលជាអ្នកនាំសារនៃឋានសួគ៌បានបង្ខំលោកម្តងទៀតថា «ចូរក្រវាត់ខ្លួន ហើយពាក់ស្បែកជើងទៅ» ។ លោកពេត្រុសក៏បានស្តាប់តាមភ្លាមដូចមុន ដោយសម្លឹងមើលទេវតាមិនដាក់ភ្នែក ទាំងងឿងឆ្ងល់ ដោយគិតថាខ្លួនកំពុងតែយល់សប្តិឬកំពុងតែនិម្មិតឃើញ។ ទេវតាបានបង្គាប់ម្តងទៀតថា «ចូរពាក់អាវមកតាមខ្ញុំចុះ»។ ទេវតាបានរំកិលខ្លួនឆ្ពោះទៅមាត់ទ្វារ ដោយមានលោកពេត្រុសដែលធ្លាប់តែនិយាយប៉ប៉ោចដើរតាមផង ឥឡូវនេះបែរជាស្ងាត់មាត់ដោយការភ្ញាក់ផ្អើលទៅវិញ។ អ្នកទាំងពីរបានដើររំលងទាហាន ហើយបានមកដល់ទ្វារដែលមានរនុកធំៗ ដែលរបើកឡើងហើយបិទទៅវិញជាបន្ទាន់ ដោយខ្លួនឯង ខណៈដែលអ្នកយាមទាំងខាងក្នុងនិងទាំងខាងក្រៅកំពុងនៅស្ងៀមឥតកម្រើក នៅតាមកន្លែងរៀងៗខ្លួន។
ពួកលោកក៏បានមកដល់មាត់ទ្វារទីពីរដែលមានទាហានយាមទាំងខាងក្នុង និងទាំងខាងក្រៅដូចគ្នា។ ទ្វារនោះក៏បានរបើកឡើងដូចទ្វារទីមួយដែរ ដោយមិនមានឮសូរកកិតអ្វីបន្តិចឡើយ ។ លោកទាំងពីរក៏បានចេញផុត ហើយទ្វារនោះក៏បានបិទទៅវិញដោយខ្លួនឯងយ៉ាងជិតដូចដើម ។ លោកក៏បានឆ្លងកាត់ទ្វារទីបីដូចលើកមុនៗ ហើយបានដឹងថាពួកលោកកំពុងតែនៅលើផ្លួវមួយ។ ទេវតាហោះសំកាំងនៅពីមុខហ៊ុំព័ទ្ធដោយពន្លឺនៃភាពត្រចះត្រចង់ ហើយលោកពេត្រុសបានវិលវល់គំនិត ហើយដើរតាមអ្នករំដោះរបស់លោក ដោយនៅតែជឿថាលោកនៅក្នុងយល់សប្តិនៅឡើយ ។ ដូច្នេះ ពួកលោកក៏បានដើរឆ្លងកាត់ផ្លូវមួយ ហើយបន្ទាប់មកបេសកកម្មរបស់ទេវតាក៏បានបញ្ចប់ លោកក៏បានបាត់ខ្លួនពីលោកពេត្រុសទៅ។
ពន្លឺនៃឋានសួគ៌ក៏រលាយបាត់ដែរ ហើយលោកពេត្រុសបានដឹងថាលោកនៅក្នុងភាពងងឹតចាក់ភ្នែកមិនយល់ ប៉ុន្តែ បន្តិចក្រោយមកភ្នែករបស់លោកក៏ស៊ាំនឹងភាពងងឹត ហើយភាពងងឹតនោះក៏ហាក់ដូចជាបានធូរស្បើយបន្តិច ទើបលោកបានដឹងខ្លួនថាលោកកំពុងតែនៅលើផ្លូវមួយដ៏ស្ងាត់ជ្រងំតែម្នាក់ឯង ដែលមានតែជំនោររាត្រីដ៏ត្រជាក់បក់ផាត់មកលើថ្ងាសរបស់លោកប៉ុណ្ណោះ។ ឥឡូវនេះ លោកបានដឹងថាលោករួចពីគុកហើយ លោកបានស្គាល់ថាកន្លែងនោះជាទីដែលលោកធ្លាប់បានធ្វើដំណើរឆ្លងកាត់ជាញឹកញាប់ នៅក្នុងផ្នែកមួយនៃទីក្រុង ហើយលោកបានរំពឹងទុកថាថ្ងៃស្អែកគឺជាពេលចុងក្រោយបង្អស់ដែលលោកនឹងដើរកាត់ផ្លូវនេះ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតគឺជាព្រះហើយដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណងចង់ធ្វើ ហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។ (ភីលីព ២:១៣)