កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៥)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី១ ជំពូក២១
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ ចូរមានកំឡាំងឡើង ហើយឲ្យចិត្តអ្នករាល់គ្នា បានក្លាហានចុះ។ ទំនុកតម្កើង ៣១:២៤
លោកបានព្យាយាមនឹកគិតពីព្រឹត្តិកាណ៍ដែលទើបតែនឹងកើតឡើងកាលពីប៉ុន្មាននាទីមុននេះ។ លោកបាននឹកពីការដែលលោកកំពុងតែសម្រាន្តលង់លក់ ទាំងដាក់ច្រវាក់ភ្ជាប់ទៅនឹងទាហានពីរនាក់ ដោយបានដោះទាំងស្បែកជើងនិងអាវក្រៅចេញផង។ លោកបានពិនិត្យមើលខ្លួនឯងឃើញមានសម្លៀកបំពាក់និងក្រវាត់ត្រឹមត្រូវ។ កដៃរបស់លោកហើមដោយសារការពាក់ច្រវាក់ដែកយ៉ាងឃោរឃៅ ត្រូវបានដោះលែងឲ្យរួចពីខ្នោះ។ លោកបានដឹងថាសេរីភាពរបស់លោកនេះមិនមែនជាការបោកបញ្ឆោតទេ ក៏មិនមែនជាការស្រមៃឬជាការបើកសម្តែងដែរ ប៉ុន្តែ គឺជាការពិតដ៏មានពរ។ នៅថ្ងៃស្អែក លោកនឹងត្រូវគេនាំយកទៅប្រហារជីវិតហើយ ប៉ុន្តែ មើលន៏ ទេវតាមួយអង្គបានមករំដោះលោកចេញពីគុក និងឲ្យរួចចាកផុតពីការសម្លាប់។ «លុះពេត្រុសដឹងខ្លួនឡើង ក៏នឹកឃើញថា ឥឡូវនេះ អញដឹងប្រាកដថា ព្រះអម្ចាស់បានចាត់ទេវតានៃទ្រង់ ឲ្យមកដោះអញឲ្យរួចពីកណ្តាប់ដៃនៃស្តេចហេរ៉ូឌ ហើយពីគ្រប់ទាំងបំណង ដែលសាសន៍យូដាបានរង់ចាំដែរ»។
ភ្លាមនោះ សាវ័កនេះបានធ្វើដំណើរឆ្ពោះទៅកាន់ផ្ទះដែលបងប្អូនរួមជំនឿរបស់លោកកំពុងជួបជុំគ្នា និងជាកន្លែងដែលពួកគេកំពុងតែអធិដ្ឋានយ៉ាងស្មោះអស់ពីចិត្តសម្រាប់រូបលោក។ «គាត់ក៏គោះទ្វារមុខ នោះមានស្រីបម្រើម្នាក់ ឈ្មោះរ៉ូដា មកផ្ទៀងស្តាប់ លុះស្គាល់សំឡេងពេត្រុសហើយ នោះនាងមានសេចក្តីអំណរដ៏ពន្លឹក ដល់ម៉្លេះបានជាភ្លេចទាំងបើកទ្វារ រត់ចូលទៅប្រាប់គេវិញថា លោកពេត្រុសឈរនៅមាត់ទ្វារ តែគេស្តីថា ឯងវង្វេងហើយ តែនាងនៅតែថា ប្រាកដមែនៗ រួចគេថាជាទេវតារបស់គាត់ទេ »។
«ឯពេត្រុស គាត់ចេះតែគោះទ្វារថែម កាលគេបានបើកទ្វារឃើញ នោះគេមានសេចក្តីស្រឡាំងកាំង តែគាត់ធ្វើគ្រឿងសម្គាល់នឹងដៃឲ្យគេស្ងៀមទៅ រួចក៏រ៉ាយរឿងប្រាប់គេ ពីដំណើរដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុកជាយ៉ាងណា ហើយគាត់ផ្តាំគេថា សូមប្រាប់រឿងនេះដល់យ៉ាកុប និងពួកបងប្អូនឲ្យដឹងផង នោះគាត់ចេញទៅឯកន្លែងមួយទៀតទៅ»។ សេចក្តីអំណរនិងការសរសើរតម្កើងបានបំពេញចិត្តពួកសិស្សទាំងអស់ ព្រោះព្រះបានឆ្លើយតបទៅនឹងការអធិដ្ឋានរបស់ពួកគេ ហើយបានរំដោះលោកពេត្រុសចេញពីកណ្តាប់ដៃស្តេចហេរ៉ូឌ។
លុះព្រឹកស្អែកឡើង មនុស្សជាច្រើនកុះករបានមកប្រជុំគ្នាដើម្បីមើលការប្រហារជីវិតរបស់សាវ័កពេត្រុស។ ស្តេចហេរ៉ូឌបានបញ្ជានាយតម្រួតឲ្យទៅនាំលោកពេត្រុសចេញពីគុកមក ដោយមានកងទ័ពនិងអ្នកយាមការពារ ជាច្រើន ដើម្បីមិនគ្រាន់តែការពារកុំឲ្យលោករត់រួចប៉ុណ្ណោះទេ ប៉ុន្តែ ដើម្បីទប់ទល់នឹងពួកអ្នកដែលអាណិតអាសូរដល់លោក និងដើម្បីបង្ហាញពីអំណាចរបស់ស្តេចផង។
កាលអ្នកយាមទ្វារបានឃើញថាលោកពេត្រុសបានគេចខ្លួនបាត់ដូច្នេះ ពួកគេមានការភ័យរន្ធត់ជាខ្លាំង។ ដ្បិតមានច្បាប់ចែងថាស្តេចនឹងទាមទារជីវិតរបស់ពួកគេជំនួសជីវិតអ្នកទោសរបស់ពួកគេ ហើយដោយសារហេតុនេះ បានជាពួកគេមានការប្រុងប្រយ័ត្នជាខ្លាំង។ នៅពេលដែលនាយតម្រួតមករកលោកពេត្រុស ពួកគេបានឃើញទាហាននៅយាមទ្វារគុកដដែលរនុកនិងរបានៅជាប់ដដែល ហើយច្រវាក់ក៏នៅជាប់កដៃរបស់ទាហានទាំងពីរនាក់ដដែល ប៉ុន្តែ អ្នកទោសបានរត់បាត់ទៅហើយ។
នៅពេលដែលនាយតម្រួតបានទូលថ្វាយពីការរត់រួចខ្លួនរបស់លោកពេត្រុសថ្វាយដល់ស្តេចហេរ៉ូឌ ព្រះអង្គទ្រង់ព្រះពិរោធជាខ្លាំង។ ដោយចោទប្រកាន់ពួកអ្នកយាមគុកពីបទមិនស្មោះត្រង់ ព្រះអង្គបានបញ្ជាឲ្យយកពួកគេទៅសម្លាប់។ ស្តេចហេរ៉ូឌបានជ្រាបច្បាស់ថាគ្មានអំណាចរបស់មនុស្សណាអាចរំដោះលោកពេត្រុសបានទេ ប៉ុន្តែ ព្រះអង្គបានតាំងចិត្តមិនព្រមទទួលស្គាល់ថាព្រះចេស្តារបស់ព្រះបានបំផ្លាញផែនការរបស់ទ្រង់នោះទេ ហើយព្រះអង្គបានតាំងខ្លួនប្រឆាំងនឹងព្រះដោយផ្ទាល់យ៉ាងក្លាហាន។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតគឺជាព្រះហើយដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណងចង់ធ្វើ ហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។ (ភីលីព ២:១៣)