ថ្ងៃអង្គារ ទី២៥​ ខែសីហា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-១៥)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី១ ជំពូក២២

ខព្រះគម្ពីរប្រចាំថ្ងៃ៖ អ្នក​ណា​ដែល​គ្រប់​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចំរើន​ឡើង​ទេ តែ​អ្នក​ណា​ដែល​លន់តួ ហើយ​លះបង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្តី​មេត្តាករុណា​វិញ។ សុភាសិត ២៨:១៣

មិនយូរប៉ុន្មាន បន្ទាប់ពីការរំដោះលោកពេត្រុសចេញពីគុកហើយ ស្តេចហេរ៉ូឌបានយាងទៅកាន់ទីក្រុងសេសារា។ នៅទីនោះ ព្រះអង្គបានប្រារព្ធពិធីបុណ្យដ៏ធំមួយដើម្បីជំរុញឲ្យមានការកោតសរសើរនិងដើម្បីឲ្យមានការគាំទ្រពីសំណាក់ប្រជារាស្រ្ត ។ ពិធីបុណ្យនេះមានអ្នកចូលចិត្តការសប្បាយចូលរួមជាច្រើន មកពីគ្រប់ទីកន្លែង និងមានពិធីជប់លៀងយ៉ាងធំ ដែលមាន​ស្រាទំពាំងបាយជូរជាច្រើនផង។ ស្តេចហេរ៉ូឌបានបង្ហាញអង្គទ្រង់នៅចំពោះមនុស្សជាច្រើន ហើយបានថ្លែងទៅកាន់ពួកគេដោយព្រះបន្ទូលយ៉ាងប៉ិនប្រសប់។

ប្រដាប់អង្គដោយព្រះពស្រ្តដែលរំលេចដោយមាសនិងប្រាក់ ដែលចាំងនឹងពន្លឺព្រះអាទិត្យពណ៌មាស ធ្វើឲ្យទស្សនិកជនស្រវាំងភ្នែកគ្រប់គ្នា ព្រះអង្គ​មានរូបរាងល្អឆើតអស្ចារ្យ។ សិរីរុងរឿងនៃលក្ខណៈរបស់ទ្រង់ និងកម្លាំងនៃព្រះបន្ទូលដ៏ពីរោះរបស់ទ្រង់ បានអង្រួនពួកអ្នកចូលរួមនៅ​ក្នុងពិធីបុណ្យនេះដោយអំណាចដ៏អស្ចារ្យ វិញ្ញាណរបស់ពួកគេបានវង្វេងដោយការជប់លៀងនិងការស៊ីផឹក ពួកគេជាប់ចិត្តទៅនឹងការតុបតែងលម្អរបស់ស្តេចហេរ៉ូឌ និងលង់លក់ដោយសំនួនវោហារដ៏ពីរោះរបស់ទ្រង់ ហើយវង្វេង​ដោយភាពរីករាយ ពួកគេបានបង្ហាញការលើកតម្កើងដល់ទ្រង់ ដោយ​និយាយថាគ្មានមនុស្សរស់ណាអាចបង្ហាញលក្ខណៈឬបញ្ចេញវោហារបានដូចទ្រង់ឡើយ។ ពួកគេបានថ្លែងបន្តទៅទៀតថា ចាប់តាំងពីពេលដែល​ពួកគេបានគោរពទ្រង់ថាជាមេដឹកនាំរបស់ពួកគេមក គេក៏បានថ្វាយបង្គំទ្រង់ទុកដូចជាព្រះផងដែរ។

ពួកគេខ្លះដែលកំពុងបញ្ចេញសំឡេងសរសើរតម្កើងដល់មនុស្សមានបាបដ៏អាក្រក់នេះ គឺជាអ្នកដែលធ្លាប់បានស្រែកយ៉ាងអន្ទះសាថាឆ្កាងវាទៅ ឆ្កាងវាទៅ! កាលពីប៉ុន្មានឆ្នាំមុន។ ពួកសាសន៍យូដាបានបដិសេធមិនទទួលព្រះគ្រិស្ត ដែលមានព្រះពស្រ្តគ្របដណ្តប់ដោយសេចក្តីស្រឡាញ់​របស់ព្រះ ដែលប្រឡាក់ដោយភាពសៅហ្មង។ ភ្នែករបស់ពួកគេមិនអាចមើលឃើញព្រះជាម្ចាស់នៃជីវិតនិងសិរីល្អរបស់ទ្រង់ទេ ទោះបីជាព្រះចេស្តារបស់ព្រះគ្រិស្តត្រូវបានបង្ហាញនៅចំពោះពួកគេ នៅក្នុងកិច្ចការដែលគ្មានមនុស្សណាម្នាក់អាចធ្វើបានក៏ដោយ។ ប៉ុន្តែ ពួកគេបានរៀបចំខ្លួនដើម្បីថ្វាយបង្គំដល់ស្តេចដែលក្រអឺតក្រទម ដែលពាក់អាវផាយរំលេចដោយមាសនិងប្រាក់ គ្របដណ្តប់ដោយអំពើពុករលួយនិងចិត្តឃោរឃៅ ថាជាព្រះទៅវិញ។

ស្តេចហេរ៉ូឌបានជ្រាបថាព្រះអង្គមិនគួរនឹងទទួលការសរសើរតម្កើងនិង​​ការគោរពបូជាដែលគេថ្វាយដល់ទ្រង់ទេ តែទ្រង់បានទទួលការថ្វាយបង្គំរូបព្រះពីសំណាក់ប្រជារាស្រ្តថាជាការគួរសមរបស់ទ្រង់។ ព្រះទ័យរបស់ទ្រង់ប៉ោងឡើងដោយជោគជ័យនិងការត្រេកត្រអាលនៃអំនួតដ៏ជាទីគាប់ព្រះទ័យ​ពាសពេញទឹកព្រះភក្រ្តរបស់ទ្រង់ នៅពេលដែលទ្រង់បានឮសម្រែកស្រែកឡើងថា «នេះជាសំឡេងព្រះទេវ៉ឺយ មិនមែនជាសំឡេងមនុស្សទេ»។

ប៉ុន្តែ រំពេចនោះ ការផ្លាស់ប្តូរដ៏រន្ធត់មួយបានកើតឡើងដល់ទ្រង់។ ព្រះភក្រ្តរបស់ទ្រង់ឡើងស្លេកស្លាំងដូចមនុស្សស្លាប់ ហើយរមូលខ្លួនដោយ​ការឈឺចាប់។ តំណក់ញើសធំៗបានធ្លាក់ចុះពីរន្ធញើសរបស់ទ្រង់។ ព្រះអង្គ​បានក្រោកឈរមួយសន្ទុះ ហាក់បីដូចជាមានការចាក់​ដោតនៃការឈឺចាប់និងញ័ររន្ធត់ជាខ្លាំង បន្ទាប់មក ទ្រង់បានបែរព្រះភក្រ្តដ៏ស្លេកស្លាំងរបស់ទ្រង់ទៅរកមិត្តភក្តិរបស់ទ្រង់ដែលកំពុងភ័យញ័ររន្ធត់ ព្រះអង្គបានស្រែកទាំងសំឡេងស្អកៗថា ស្តេចដែលអ្នករាល់គ្នាបានលើកតម្កើងថាជាព្រះនោះ ឥឡូវនេះត្រូវបានព្រះវាយប្រហារឲ្យស្លាប់ហើយ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិត​គឺ​ជា​ព្រះ​ហើយដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង​ចង់​ធ្វើ ហើយ​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះហឫទ័យ​ទ្រង់​ដែរ។ (ភីលីព ២:១៣)

Powered by CAM