ថ្ងៃពុធ ទី២៦​ ខែសីហា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-១៥)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី២ ជំពូក១

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឫក​ខ្ពស់​នឹង​ចិត្ត​អំនួត គឺ​ចង្កៀង​របស់​មនុស្ស​អាក្រក់​នោះ​ហៅ​ថា​ជា​អំពើ​បាប​ទាំង​អស់។ សុភាសិត ២១:៤

ដោយការឈឺចាប់ពីទណ្ឌកម្មយ៉ាងទង្គឹះចិត្តជាទីបំផុត ព្រះអង្គត្រូវបាន​គេនាំចេញពីទស្សនីយភាពដ៏អ៊ឹកធឹកនិងភាពសម្ញែងនោះ។ មួយសន្ទុះមុន នេះ ព្រះអង្គគឺជាស្តេចដ៏អំនួតដែលទទួលការសរសើរតម្កើងនិងការថ្វាយបង្គំពីសំណាក់ហ្វូងមនុស្ស ប៉ុន្តែ ឥឡូវនេះ ព្រះអង្គបានជ្រាបថាទ្រង់កំពុងឋិតនៅក្នុងព្រះហស្តនៃព្រះមួយអង្គដែលមានអំណាចខ្លាំងជាងទ្រង់ទៅទៀត។ វិប្បដិសារីបានហ៊ុំព័ទ្ធជុំវិញទ្រង់ ព្រះអង្គបាននឹកឃើញនូវការធ្វើទុក្ខបៀតបៀនដែលមិនចេះនឿយណាយ ដល់ពួកសិស្សរបស់ព្រះគ្រិស្ត ព្រះអង្គបាននឹកឃើញនូវការប្រហារជីវិតលោកយ៉ាកុប ដែលជាជនគ្មាន ទោសពៃរ៍ និងផែនការរបស់ទ្រង់ប្រុងនឹងសម្លាប់លោកពេត្រុស​ថែម​ទៀត ព្រះអង្គនឹកឃើញនូវការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងនិងសាហាវឃោរឃៅ ឥតពិចារណាទៅលើពួកអ្នកយាមគុក។ ឥឡូវនេះព្រះអង្គបានជ្រាបថាព្រះបានដោះស្រាយជាមួយនឹងទ្រង់ជាអ្នកបៀតបៀនដែលមិនចេះនឿយហត់នេះ។ ព្រះអង្គមិនបានស្រាកស្រាន្តពីការឈឺចាប់ខាងរាងកាយ និងការទង្គឹះខ្សឹកខ្សួលខាងផ្លូវចិត្តឡើយ ហើយព្រះអង្គគ្មានរំពឹងអ្វីទៀតសោះឡើយ។

ស្តេចហេរ៉ូឌបានដឹងពីក្រឹត្យវិន័យរបស់ព្រះ ដែលបានចែងថា «កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ» (និក្ខមនំ ២០:៣) ហើយព្រះអង្គ​ក៏បានជ្រាបផងដែរថា ការទទួលការថ្វាយបង្គំពីសំណាក់​ប្រជារាស្រ្ត គឺទ្រង់បានបំពេញរង្វាស់នៃសេចក្តីទុច្ចរិតរបស់ទ្រង់ ហើយទ្រង់បាននាំមកដល់ព្រះអង្គឯងនូវសេចក្តីក្រោធដ៏យុត្តិធម៌របស់ព្រះយេហូវ៉ា។

ទេវតាមួយអង្គដែលបានយាងចុះមកពីព្រះរាជវាំងនៃឋានសួគ៌មក​ជួយ​រំដោះលោកពេត្រុសនោះ គឺជាអ្នកនាំសារនៃសេចក្តីក្រោធនិងការជំនុំជម្រះដល់ស្តេចហេរ៉ូឌ។ ទេវតានោះបានទះលោកពេត្រុសដើម្បីដាស់លោកពីការសម្រាន្តលង់លក់ ប៉ុន្តែ ការនោះខុសគ្នាដាច់ស្រឡះពីការវាយ​ប្រហារ​មក​លើស្តេចដ៏កំណាច ដោយបានបន្ទាបអំនួតរបស់ទ្រង់ និងបាននាំមកដល់ទ្រង់នូវទណ្ឌកម្មនៃព្រះដ៏មានព្រះចេស្តា។ ស្តេចហេរ៉ូឌបានសុគតដោយការឈឺចាប់ខាងរាងកាយនិងគំនិតយ៉ាងធ្ងន់ធ្ងរ នៅក្រោមការជំនុំ​ជម្រះ​របស់​ព្រះតាមអំពើដែលទ្រង់បានប្រព្រឹត្ត។

ការបង្ហាញភាពយុត្តិធម៌របស់ព្រះមានឥទ្ធិពលយ៉ាងខ្លាំងក្លា មកលើ​ប្រជារាស្រ្ត។ ដំណឹងដែលថាសាវ័ករបស់ព្រះត្រូវបានរំដោះឲ្យរួចពីគុកនិងពីសេចក្តីស្លាប់ ខណៈដែលអ្នកបៀតបៀនរបស់លោកត្រូវបានទេវតាវាយប្រហារដោយសារបណ្តាសាររបស់ព្រះ ត្រូវបានផ្សព្វផ្សាយពាសពេញផែនដី ហើយបានក្លាយជាមធ្យោបាយនៃការដឹកនាំមនុស្សជាច្រើនឲ្យជឿដល់ព្រះគ្រិស្ត។

បទពិសោធន៍របស់លោកភីលីព ដែលបានណែនាំដោយ​ទេវតាមក​ពី​ឋានសួគ៌ ទៅកាន់កន្លែងដែលលោកបានជួបនឹងមន្រ្តីម្នាក់ដែលកំពុងស្វែងរកសេចក្តីពិត ការដែលអ្នកនាំសារមកពីព្រះបានទៅជួបលោកកូនេលាស លោកពេត្រុសនៅក្នុងគុក និងការកាត់ទោសប្រហារជីវិត ដល់លោក ហើយត្រូវបានទេវតានាំចេញមកដោយសុវត្ថិភាព ទាំងអស់នេះបាន​បង្ហាញពីភាពជិតស្និទ្ធនៃទំនាក់ទំនងរវាងឋានសួគ៌និងផែនដី។

កំណត់ត្រានៃការយាងមកជួបនឹងអ្នកបម្រើការរបស់ព្រះពីសំណាក់ទេវតានេះ បាននាំមកនូវកម្លាំងនិងសេចក្តីក្លាហាន។ សព្វថ្ងៃនេះ ក៏នៅតែ​ពិតដូចជានៅសម័យពួកសាវ័កដែរ ទេវតាដែលជាអ្នកនាំសារនៃឋានសួគ៌កំពុងហោះពាសពេញបណ្តោយនិងទទឹងផែនដី ស្វែងរកកម្សាន្តចិត្តដល់អ្នកដែលមានទុក្ខព្រួយ ដើម្បីការពារអ្នកស្តាយក្រោយ ដើម្បីទាក់ទាញទឹកចិត្តមនុស្សមកឯព្រះគ្រិស្ត ។ យើងមិនអាចមើលឃើញពួកលោកដោយផ្ទាល់ទេ ទោះបីជាពួកលោកគង់នៅជាមួយនឹងយើង កំពុងដឹកនាំយើង បង្ហាត់បង្រៀនដល់យើង និងការពារយើងក៏ដោយ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិត​គឺ​ជា​ព្រះ​ហើយដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង​ចង់​ធ្វើ ហើយ​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះហឫទ័យ​ទ្រង់​ដែរ។ (ភីលីព ២:១៣)

Powered by CAM