កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៥)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី២ ជំពូក២
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នក ដែលមានចិត្តសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នកដែលមានវិញ្ញាណទន់ទាប។ ទំនុកតម្កើង ៣៤:១៨
ព្រះបាននាំយកឋានសួគ៌ឲ្យមកនៅកាន់តែជិតផែនដី ដោយសារជណ្តើរដែលប្រកបដោយអាថ៌កំបាំង ជាមូលដ្ឋានគ្រឹះដែលព្រះបានដាក់យ៉ាងរឹងមាំនៅលើផែនដីខណៈដែលកាំខាងលើបង្អស់ឈានដល់បល័្លង្កនៃព្រះដែលគ្មានដែនកំណត់។ ពួកទេវតាបានបន្តឡើងចុះតាមជណ្តើរដែលមានពន្លឺដ៏ត្រចះត្រចង់នេះ ដោយនាំយកសេចក្តីអធិដ្ឋានរបស់អ្នកក្រីក្រនិងអ្នកដែលមានទុក្ខកង្វល់ទៅទូលដល់ព្រះវរបិតាដែលគង់នៅខាងលើ និងនាំមកនូវព្រះពរនិងសេចក្តីសង្ឃឹម សេចក្តីក្លាហាននិងជំនួយមកដល់កូនៗរបស់មនុស្ស។ ពពួកទេវតានៃពន្លឺទាំងនេះបង្កើតជាបរិយាកាសនៃឋានសួគ៌ នៅជុំវិញមនុស្សលោក ដោយលើកយើងឆ្ពោះទៅកាន់ព្រះដែលយើងមើលមិនឃើញ និងជាព្រះដ៏អស់កល្ប ។ យើងមិនអាចមើលពួកទេវតាទាំងនោះឃើញដោយភ្នែកពីកំណើតរបស់យើងទេ យើងអាចមើលឃើញរឿងរ៉ាវនៃឋានសួគ៌ដោយសារតែទស្សនវិស័យនៃព្រលឹងវិញ្ញាណប៉ុណ្ណោះ។ មានតែត្រចៀកខាងវិញ្ញាណប៉ុណ្ណោះ ដែលអាចស្តាប់ព្រះសូរសៀងដ៏ពីរោះនៃពួកទេវតាបាន។
«ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច» (ទំនុកតម្កើង ៣៤:៧)។ ព្រះបានត្រាស់បង្គាប់ដល់ពួកទេវតារបស់ទ្រង់ឲ្យជួយសង្រ្គោះពួកអ្នករើសតាំងរបស់ទ្រង់ ឲ្យរួចពីទុក្ខលំបាក ថែរក្សាពួកគេឲ្យរួចពី «សេចក្តីវេទនាដែលតែងមាននៅក្នុងទីងងឹត ឬសេចក្តីហិនវិនាសដែលបំផ្លាញនៅពេលថ្ងៃត្រង់ផង» (ទំនុកតម្កើង ៩១:៦)។ ពួកទេវតាបានមានបន្ទូលជាមួយនឹងមនុស្ស ដូចជាមនុស្សនិយាយជាមួយនឹងមិត្តភក្តិ ហើយបានដឹកនាំពួកគេទៅកាន់កន្លែងដែលមានសុវត្ថិភាព ម្តងហើយម្តងទៀត។ បន្ទូលនៃការលើកទឹកចិត្តរបស់ពួកទេវតាបានពង្រឹងវិញ្ញាណដែលធ្លាក់ចុះ របស់ពួកអ្នកស្មោះត្រង់ម្តងហើយម្តងទៀត ហើយធ្វើឲ្យពួកគេសម្លឹងមើលដោយសេចក្តីជំនឿទៅអាវផាយពណ៌ស ទៅឯមកុដ ទៅឯធាងចាកនៃជ័យជម្នះ ដោយពាំនាំគំនិតរបស់ពួកគេទៅកាន់រឿងរ៉ាវនៃឋានលើ ដែលពួកអ្នកឈ្នះនឹងទទួលបាន នៅពេលដែលពួកគេនៅជុំវិញបល្ល័ង្កពណ៌សដ៏ធំ។
គឺជាកិច្ចការរបស់ពួកទេវតា ដែលត្រូវចូលទៅជិតពួកអ្នកដែលជួបការលំបាក ជួបការឈឺចាប់ និងសេចក្តីល្បួង។ ពួកលោកធ្វើការដោយមិនចេះនឿយហត់ តំណាងឲ្យពួកអ្នកដែលព្រះគ្រិស្តបានសុគតជំនួស។ នៅពេលដែលបាបជនត្រូវបាននាំឲ្យថ្វាយខ្លួនទៅឯព្រះអង្គសង្រ្គោះ ពួកទេវតាបាននាំដំណឹងនោះឆ្ពោះទៅកាន់ឋានសួគ៌ ហើយនឹងមានអំណរយ៉ាងធំនៅក្នុងចំណោមពពួកទេវតានៃឋានសួគ៌។ « ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅឋានសួគ៌ នឹងមានសេចក្តីអំណរយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ ជាជាងមនុស្សសុចរិត៩៩នាក់ ដែលមិនត្រូវការប្រែចិត្តទេ» (លូកា ១៥:៧)។ ទេវតានឹងនាំរបាយការណ៍ស្តីពីការខំប្រឹងប្រែងដ៏មានជោគជ័យរបស់យើង នៃការកម្ចាត់ភាពងងឹតនិងការផ្សព្វផ្សាយចំណេះដឹងអំពីព្រះគ្រិស្តរបស់យើង ទៅកាន់ឋានសួគ៌ ។ នៅពេលដែលទង្វើទាំងនេះត្រូវបានលាតត្រដាងនៅចំពោះព្រះវរបិតា នោះនឹងមានក្តីអំណរពាសពេញទាំងពួកទេវតានៃឋានសួគ៌។
មេលើពពួកទេវតានិងអំណាចនៃឋានសួគ៌កំពុងសម្លឹងមើលមកកិច្ចការដែលអ្នកបម្រើរបស់ព្រះកំពុងបំពេញ និងកំពុងឋិតនៅក្រោមបរិយាកាសនៃការបាក់ទឹកចិត្ត។ ពួកគេនឹងទទួលបានជោគជ័យថ្មីៗ និងបានទទួលកិត្តិយសថ្មីៗ ដរាបណាពួកគ្រិស្តបរិស័ទប្រមូលផ្តុំគ្នានៅជុំវិញផ្ទាំងបដានៃព្រះដ៏ប្រោសលោះរបស់ពួកគេ បោះជំហានទៅមុខ ប្រយុទ្ធយ៉ាងអង់អាចក្លាហានដោយសេចក្តីជំនឿ។ ពពួកទេវតានៃឋានសួគ៌គង់នៅជាមួយនឹងកិច្ចការនៃរាស្រ្តរបស់ព្រះ ដែលមានជំនឿនិងបន្ទាបខ្លួន ហើយនៅពេលដែលកងទ័ពនៃអ្នកបម្រើរបស់ព្រះនៅផែនដីច្រៀងបទចម្រៀងសរសើរតម្កើងរបស់ពួកគេ ក្រុមចម្រៀងនៃឋានសួគ៌ក៏បានចូលរួមជាមួយពួកគេ ក្នុងការច្រៀងរៀបរាប់សរសើរតម្កើងដល់ព្រះ និងព្រះរាជបុត្រារបស់ទ្រង់ដែរ។
យើងត្រូវតែដឹងឲ្យច្បាស់ថាយើងបំពេញបេសកកម្មរបស់ពួកទេវតា។ ជាការល្អដែលត្រូវចងចាំថាកូនរបស់ព្រះដែលស្មោះត្រង់រាល់រូប មានទេវតានៃឋានសួគ៌មួយអង្គចាំជួយសហការ។ កងទ័ពនៃពន្លឺនិងអំណាចដែលមនុស្សមើលមិនឃើញគង់នៅជាមួយនឹងអ្នកដែលជឿ និងអ្នកដែលទាមទារសេចក្តីសន្យារបស់ព្រះ។ ទេវតាចេរ៉ូប៊ីន និងសេរ៉ាភីម ព្រមទាំងពួកទេវតាដែលពោរពេញទៅដោយកម្លាំងដែលនៅខាងស្តាំនៃព្រះ «ជាវិញ្ញាណបម្រើ ដែលទ្រង់បានចាត់មក សម្រាប់ការងារជួយដល់ពួកដែលត្រូវទទួលសេចក្តីសង្គ្រោះជាមរតក» (ហេព្រើរ ១:១៤)។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតគឺជាព្រះហើយដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណងចង់ធ្វើ ហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។ (ភីលីព ២:១៣)