ថ្ងៃសុក្រ ទី២៨​ ខែសីហា ឆ្នាំ២០២០

កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៦)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ១១:១៩-២១ និង ១៣:១-៣។​

សារនៃដំណឹងល្អនៅទីក្រុងអាន់ទីយ៉ូក

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី២ ជំពូក៣

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិត​ខ្ញុំ​គ្មាន​សេចក្តី​ខ្មាស ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ទេ ពី​ព្រោះ​ជា​ព្រះចេស្តា​នៃ​ព្រះ សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ គឺ​ដល់​ទាំង​សាសន៍​យូដា​ជា​ដើម និង​សាសន៍​ក្រេក​ផង។ រ៉ូម ១:១៦

បន្ទាប់ពីពួកសិស្សត្រូវបានបណ្តេញចេញពីទីក្រុងយេរូសាឡិម ដោយ​ការធ្វើទុក្ខបៀតបៀនមក សារនៃដំណឹងល្អបានរីករាលដាល​យ៉ាងឆាប់​រហ័ស នៅពាសពេញទាំងតំបន់ទាំងឡាយ ដែលនៅឆ្ងាយពីព្រំប្រទល់ប្រទេសភីលីស្ទីន ហើយពួកគេបានបង្កើតក្រុមតូចៗនៃអ្នកមានជំនឿ ជាច្រើននៅក្នុង​តំបន់​សំខាន់ៗ។ ពួកសិស្សមួយចំនួន «ក៏ដើររហូតទៅដល់ស្រុកភេនីស ស្រុកគី​ប្រុស និងក្រុងអាន់ទីយ៉ូក ហើយបានផ្សាយព្រះបន្ទូល»។ កិច្ចការរបស់ពួកគេធ្លាប់តែត្រូវបានបង្ខាំងទុកសម្រាប់តែពួកហេព្រើរនិងពួកសាសន៍ក្រិកដែលនិយាយភាសាយូដាប៉ុណ្ណោះ នៅសម័យនោះគេបានរកឃើញរដ្ឋចំណុះជាច្រើន នៅសឹងតែគ្រប់ទីក្រុងទាំងអស់នៅលើពិភពលោក។

នៅក្នុងចំណោមទីកន្លែងទាំងឡាយដែលបានពណ៌នាខាងលើនេះ ទីក្រុង​ដែលមានមនុស្សបានទទួលដំណឹងល្អដោយរីករាយនោះគឺទីក្រុងអាន់ទីយ៉ូក ដែលកាលសម័យនោះជារាជធានីនៃប្រទេសស៊ីរី។ ជំនួញធំៗត្រូវបានគេនាំ​ចេញពីតំបន់ដែលមានប្រជាប្រិយនេះ យកទៅកាន់ទីក្រុងដែលមានមនុស្សជាច្រើននៃប្រទេសផ្សេងៗ។ ក្រៅពីនេះ ទីក្រុងអាន់ទីយ៉ូក គឺជាកន្លែងកម្សាន្តដែលគេចូលចិត្តមកសម្រាកលម្ហែ ដោយសារតែស្ថានភាពដែល​ប្រកបដោយសុខុមាលភាព សម្រស់ឆើតឆាយដែលនៅព័ទ្ធជុំវិញ និង​មាន​វប្បធម៌សំបូររុងរឿង គេរកឃើញកន្លែងសម្រាកបង្កើនកម្លាំងនៅទីនោះ។ នៅសម័យពួកសាវ័កទីក្រុងនេះបានក្លាយជាកន្លែងដ៏ស្រស់ឆើតឆាយ និងមាន​អំពើអបាយមុខជាច្រើន។

ដំណឹងល្អត្រូវបានបង្រៀនជាសាធារណៈនៅអាន់ទីយ៉ូក ដោយពួកសិស្សដែលមកពីកោះគីប្រុសនិងស្រុកគីរេន ដែល «បានទៅ​ដល់ក្រុង​អាន់ទីយ៉ូក ក៏ផ្សាយដំណឹងល្អពីព្រះអម្ចាស់យេស៊ូវ»។ «ព្រះហស្តព្រះអម្ចាស់ក៏នៅជាមួយនឹងគេ»។ ហើយកិច្ចការរបស់ពួកគេបានបង្កើតផលផ្លែជាច្រើន «ហើយមានមនុស្សជាច្រើនបែរមកឯព្រះអម្ចាស់វិញដោយមាន​សេចក្តី​ជំនឿ»។

«រឿងនោះបានឮដល់ត្រចៀកពួកជំនុំនៅក្រុងយេរូសាឡិម រួចគេចាត់​បាណាបាស ឲ្យទៅត្រឹមអាន់ទីយ៉ូក»។ នៅក្នុងចំណោមពួកអ្នកដែលបានចូលមកធ្វើការថ្មីនោះ មានបាណាបាសដែលបានឃើញថាត្រូវ​បាន​បំពេញ​ដោយព្រះគុណរបស់ព្រះហើយ «កាលគាត់ទៅដល់ ហើយបានឃើញ​ព្រះគុណនៃព្រះ នោះគាត់មានសេចក្តីអំណរ ក៏ទូន្មានគេគ្រប់គ្នា ឲ្យសម្រេចចិត្តនឹងនៅជាប់ក្នុងព្រះអម្ចាស់»។

ព្រះបានប្រទានព្រះពរជាច្រើនដល់កិច្ចការរបស់លោកបាណាបាស នៅអាន់ទីយ៉ួក ហើយមានមនុស្សជាច្រើនត្រូវបានបន្ថែមទៅក្នុងចំណោមពួកអ្នកជឿនៅទីនោះ។ លុះកិច្ចការកាន់តែចម្រើនឡើង លោកបាណាបាស​ត្រូវការជំនួយឲ្យបានសមរម្យដើម្បីជំរុញដល់ការបើកទិព្វញ្ញាណរបស់ព្រះ ហើយលោកក៏បានធ្វើដំណើរទៅកាន់ស្រុកតើសុសដើម្បីស្វែងរកលោកប៉ុល ដែលកំពុងតែធ្វើការនៅ «ក្នុងស្រុកស៊ីរី និងស្រុកគីលីគា» ដោយ​កំពុង​ផ្សាយ «ពីសេចក្តីជំនឿ ដែលខ្លួនបានបំផ្លាញពីដើមនោះវិញ» (កាឡាទី ១:២១, ២៣)។ លោកបាណាបាសមានជោគជ័យក្នុងការស្វែងរកលោកប៉ុល និងការបញ្ចុះបញ្ចូលលោកឲ្យរួមដំណើរជាមួយលោកនៅក្នុងការបម្រើកិច្ចការនោះ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិត​គឺ​ជា​ព្រះ​ហើយដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង​ចង់​ធ្វើ ហើយ​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះហឫទ័យ​ទ្រង់​ដែរ។ (ភីលីព ២:១៣)

Powered by CAM