ថ្ងៃសៅរ៍ ទី២៩​ ខែសីហា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-១៦)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី២ ជំពូក៤

លោកប៉ុលបានរកឃើញតំបន់ប្រតិបត្តិការណ៍ដ៏ល្អប្រពៃ នៅក្នុងទីក្រុងអាន់ទីយ៉ូកដ៏មានប្រជាប្រិយ ។ ចំណេះដឹង ប្រាជ្ញា និងទឹកចិត្តពុះកញ្រ្ជោល​របស់លោក រួមបញ្ចូលគ្នាបានជាឥទ្ធិពលដ៏មានអំណាចទៅលើពួកអ្នកស្រុក និងទៅលើទីក្រុងដែលមានវប្បធម៌ដ៏សំបូររុងរឿងនោះ ហើយលោក​បាន​បង្ហាញថា លោកពិតជាជំនួយដែលលោកបាណាបាសត្រូវការប្រាកដមែន។ សិស្សទាំងពីរនាក់នេះ បានធ្វើការដោយរួបរួមគ្នាយ៉ាងស្អិតរមូតអស់ពេល​មួយឆ្នាំ ក្នុងការបំពេញកិច្ចការដោយស្មោះត្រង់ ដោយបាននាំយកនូវចំណេះ​ដឹងពីសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវពីស្រុកណាសារ៉ែត ដែលជា​ព្រះដ៏ប្រោសលោះនៃពិភពលោកនេះ មកចែកជូនដល់មនុស្សជាច្រើន។

គឺនៅអាន់ទីយ៉ូកនេះហើយ ដែលគេហៅពួកសិស្សថា ពួកគ្រីស្ទាន​ដំបូងបង្អស់។ គេបានដាក់ឈ្មោះឲ្យយ៉ាងដូច្នេះ ពីព្រោះព្រះគ្រិស្តគឺជាប្រធានបទនៃការអធិប្បាយ ការបង្រៀន និងការសន្ទនារបស់ពួកគេ។ ពួកគេបានរំឭកជាបន្តបន្ទាប់ពីឧប្បត្តិហេតុទាំងឡាយដែលបានកើតឡើងនៅក្នុងអំឡុងពេលនៃព្រះរាជកិច្ចរបស់ទ្រង់នៅលើផែនដី នៅពេលដែលព្រះអង្គបានប្រទានព្រះពរដល់ពួកសិស្សដោយព្រះវត្តមានរបស់ព្រះអង្គផ្ទាល់។ ពួកគេបានអះអាងពីការបង្រៀននិងពីការអស្ចារ្យនៃការព្យាបាលរបស់ទ្រង់ ឥតឈប់ឈរ។ ពួកគេបាននិយាយទាំងញ័រមាត់ និងទាំងទឹក​ភ្នែក អំពីការឈឺចាប់របស់ទ្រង់នៅឯសួនច្បារ ការក្បត់ទ្រង់ ការជំនុំជម្រះ និងការកាត់ទោសដល់ទ្រង់ ការអត់ធ្មត់និងភាពអាម៉ាស​់ដែលទ្រង់​បាន​រងទ្រាំ​សម្តីព្រហើននិងទារុណកម្មដែលពួកខ្មាំងសត្រូវបានដាក់មកលើទ្រង់ និង​សេចក្តីអាណិតមេត្តាជាព្រះ ដែលព្រះអង្គបានអធិដ្ឋានឲ្យពួកអ្នកដែលធ្វើទុក្ខបៀតបៀនដល់ទ្រង់។ ការមានព្រះជន្មរស់ឡើងវិញ និងការយាងឡើងទៅកាន់ឋានសួគ៌របស់ទ្រង់ និងព្រះរាជកិច្ចរបស់ទ្រង់នៅនគរឋានសួគ៌ ជាព្រះដែលសម្របសម្រួលជំនួសមនុស្សលោកដែលមានបាបទាំងអស់នេះគឺជាប្រធានបទដែលពួកគេចូលចិត្តពណ៌នា។ ពួកសាសន៍ដទៃសឹងតែទាំងអស់បានហៅពួកគេថាគ្រីស្ទាន(គ្រិស្តបរិស័ទ)ព្រោះពួកគេបានអធិប្បាយអំពីព្រះគ្រិស្ត និងបានអធិដ្ឋានទូលទៅព្រះតាមរយៈព្រះអង្គ (ព្រះគ្រិស្ត)។

គឺព្រះដែលបានប្រទាននាមថាគ្រីស្ទាននេះដល់ពួកគេ។ នេះគឺជានាម​តាមរាជស័ព្ទ ដែលព្រះបានប្រទានដល់មនុស្សទាំងឡាយដែលបានភ្ជាប់ខ្លួនគេជាមួយនឹងព្រះគ្រិស្ត។ គឺដោយសារឈ្មោះនេះហើយដែលលោកយ៉ាកុបបានសរសេរសំបុត្រថា «តែអ្នករាល់គ្នាបន្តុះ បង្អាប់អ្នកក្រនោះវិញ តើពួក​អ្នក​មានមិនសង្កត់សង្កិន ហើយអូសអ្នករាល់គ្នាទៅនៅមុខទីជំនុំជម្រះ ទេឬអី តើគេមិនប្រមាថដល់ព្រះនាមល្អ ដែលបានឲ្យដល់​អ្នករាល់គ្នា​ទេឬ​អី?» (យ៉ាកុប២:៦, ៧) ។ ហើយលោកពេត្រុសបានមានប្រសាសន៍ថា «តែបើ​រងទុក្ខ ដោយព្រោះពួកគ្រីស្ទានវិញ នោះកុំឲ្យខ្មាសឲ្យសោះ ចូរសរសើរ​តម្កើងដល់ព្រះ ដោយព្រោះនាមនោះវិញ» ។ «បើសិនជាគេ​តិះដៀលអ្នក​រាល់គ្នា ដោយព្រោះព្រះគ្រិស្ត នោះមានពរហើយ ពីព្រោះព្រះវិញ្ញាណ​ដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតលើអ្នករាល់គ្នាហើយ» (ពេត្រុសទី១ ៤:១៦, ១៤)។

ពួកអ្នកជឿនៅក្រុងអាន់ទីយ៉ូកបានដឹងថាព្រះសព្វព្រះទ័យចង់ធ្វើការនៅក្នុងជីវិតរបស់ពួកគេ «ឲ្យមានទាំងចំណង់ចង់ធ្វើ ហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ» (ភីលីព ២:១៣) ។ ខណៈដែលពួកគេកំពុងតែរស់នៅកណ្តាលចំណោមមនុស្សដែលហាក់ដូចជាមិនសូវគិតគូរអំពីដំណើររឿងដែលមានតម្លៃដ៏អស់កល្ប ពួកគេបានស្វះស្វែងរកទាក់ទាញអារម្មណ៍របស់មនុស្សដែលមានចិត្តស្មោះត្រង់ និងធ្វើទីបន្ទាល់ជាវិជ្ជមាន ទាក់ទងទៅនឹងព្រះដែលពួកគេបានស្រឡាញ់និងបានបម្រើ។ នៅក្នុងកិច្ចការនៃការបន្ទាបខ្លួនរបស់ពួកគេ គេបានរៀនសូត្រទីពឹងដល់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីធ្វើឲ្យព្រះបន្ទូលនៃជីវិតមានប្រសិទ្ធិភាព។ ហេតុដូច្នេះ ពួកគេបានធ្វើទីបន្ទាល់អំពីជំនឿរបស់ពួកគេ ទៅលើព្រះគ្រិស្ត នៅក្នុងកិច្ចការនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិត​គឺ​ជា​ព្រះ​ហើយដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង​ចង់​ធ្វើ ហើយ​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះហឫទ័យ​ទ្រង់​ដែរ។ (ភីលីព ២:១៣)

Powered by CAM