កិច្ចការនៃពួកសាវ័ក (ជំពូកទី-១១)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី២ ជំពូក២៤
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឯភីលីព គាត់ចុះទៅឯទីក្រុង១នៅស្រុកសាម៉ារី ប្រាប់គេពីព្រះគ្រីស្ទ ហើយបណ្តាមនុស្សក៏ស្រុះចិត្តគ្នា និងប្រុងស្តាប់អស់ទាំងសេចក្តី ដែលភីលីពនិយាយ ដោយគេឮ ហើយឃើញទីសំគាល់ដែលគាត់ធ្វើ។ កិច្ចការ ៨:៥-៦
ហើយនៅពេលដែលពួកសិស្សត្រូវបានបណ្តេញចេញពីទីក្រុងយេរូសាឡិម ពួកគេមួយចំនួនរកបានសិទ្ធិជ្រកកោននៅស្រុកសាម៉ារី។ ពួកសាសន៍សាម៉ារីបានស្វាគមន៍ដល់ពួកអ្នកនាំសារនៃដំណឹងល្អទាំងនេះ ហើយពួកសាសន៍យូដាដែលបានកែប្រែចិត្តបានប្រមូលផលដ៏មានតម្លៃចេញពីអ្នកដែលធ្លាប់ជាសត្រូវដ៏ជូរចត់របស់ពួកគេ។
កិច្ចការរបស់លោកភីលីពនៅស្រុកសាម៉ារីទទូលបានជោគជ័យយ៉ាងធំធេង ដោយការលើកទឹកចិត្តយ៉ាងដូច្នេះ គេក៏បញ្ជូនលោកឲ្យទៅជួយនៅទីក្រុងយេរូសាឡិមវិញ។ ឥឡូវនេះ ពួកសិស្សបានយល់កាន់តែច្បាស់អំពីព្រះបន្ទូលរបស់ព្រះគ្រិស្តថា «នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង» ( កិច្ចការ ១:៨)។
កាលលោកភីលីពនៅស្រុកសាម៉ារីនៅឡើយ ទេវតាដែលជាអ្នកនាំសាររបស់ព្រះបានណែនាំដល់លោកថា «ចូរក្រោកឡើងទៅឯខាងត្បូង តាមផ្លូវដែលចុះពីក្រុងយេរូសាឡិម ទៅឯក្រុងកាសា …គាត់ក៏ក្រោកឡើងដើរទៅ»។ លោកមិនបានសួរនាំទៅនឹងការត្រាស់បង្គាប់នេះ ឬស្ទាក់ស្ទើរក្នុងការស្តាប់បង្គាប់ឡើយ ព្រោះលោកបានរៀនសូត្រនូវមេរៀននៃភាពម៉ឹងម៉ាត់នៃព្រះហឫទ័យរបស់ព្រះនេះ។
«នោះឃើញមានសាសន៍អេធីយ៉ូពីម្នាក់ ជាមនុស្សកម្រៀវដែលមានអំណាចក្រោមព្រះនាងកានដេស មហាក្សត្រីដែលសោយរាជ្យក្នុងស្រុកអេធីយ៉ូពី លោកជាអ្នកត្រួតត្រាលើអស់ទាំងព្រះរាជទ្រព្យរបស់ស្តេច ហើយ បានមកឯក្រុងយេរូសាឡិម ដើម្បីនឹងថ្វាយបង្គំ ។ លោកកំពុងតែជិះរថត្រឡប់ទៅវិញក៏មើលគម្ពីរហោរាអេសាយ»។ បុរសអេធីយូពីម្នាក់នេះគឺជាមនុស្សដែលមានជំហរល្អ និងមានឥទ្ធិពលទូលំទូលាយ។ ព្រះបានទតឃើញថា នៅពេលដែលបុរសនេះផ្លាស់ប្តូរជំនឿ គាត់អាចចែកចាយពន្លឺដែលគាត់បានទទួលនោះ ដល់មនុស្សដទៃហើយនិងបន្ថែមឥទ្ធិពលយ៉ាងខ្លាំងក្លាដល់កិច្ចការនៃដំណឹងល្អ។ ទេវតារបស់ព្រះបានគង់នៅជាមួយនឹងបុរសដែលស្វែងរកពន្លឺរូបនេះ ហើយទេវតាក៏បានទាញគាត់មកឯព្រះអង្គ សង្រ្គោះ។ ព្រះបាននាំគាត់ឲ្យជួបជាមួយនឹងអ្នកដែលអាចដឹកនាំគាត់ទៅឯពន្លឺ ដោយសារកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ។ ទេវតាបានណែនាំលោកភីលីពឲ្យទៅជួបជាមួយនឹងបុរសអេធីយូពី ហើយពន្យល់គាត់អំពីបទទំនាយដែលគាត់កំពុងអាន។ ព្រះវិញ្ញាណបានមានបន្ទូលថា «ឲ្យចូលទៅប្រកៀកនឹងរថនោះទៅ»។ នៅពេលលោកភីលីពបានចូលទៅជិតហើយ លោកក៏សួរទៅអ្នកកម្រៀវនោះថា «លោកមើលយល់ឬទេ ឯលោកក៏ឆ្លើយឡើងថា បើគ្មានអ្នកណាដឹកនាំខ្ញុំ នោះធ្វើដូចម្តេចឲ្យយល់បាន រួចលោកក៏សូមឲ្យភីលីពឡើងជិះរថជាមួយគ្នា»។ បទគម្ពីរដែលគាត់កំពុងអាននោះគឺជាបទទំនាយរបស់ហោរាអេសាយ ទាក់ទងទៅនឹងព្រះគ្រិស្ត៖ «ទ្រង់ត្រូវគេដឹកនាំទៅ ដូចជាដឹកចៀមទៅសម្លាប់ ទ្រង់មិនបានហើបព្រះឱស្ឋសោះ ដូចជាកូនចៀមដែលគ នៅមុខអ្នកកាត់រោមវា នៅគ្រាដែលទ្រង់ត្រូវបន្ទាបបន្ថោក នោះគេបានដកសេចក្តីយុត្តិធម៌ចេញពីទ្រង់ទៅ តើអ្នកណានឹងថ្លែងពីព្រះវង្សាទ្រង់បាន ដ្បិតគេបានដកព្រះជន្មទ្រង់ពីផែនដីចេញហើយ»។
អ្នកកម្រៀវនោះសួរភីលីពថា «តើហោរានិយាយដូច្នេះ គឺនិយាយពីអ្នកណាពីខ្លួនលោកឬពីអ្នកដទៃ?» បន្ទាប់មកលោកភីលីបបានបើកបង្ហាញដល់គាត់អំពីសេចក្តីពិតដ៏ធំ។ ដោយចាប់ផ្តើមពីជំពូកដដែលនេះ គឺលោក «ប្រាប់ដំណឹងល្អពីព្រះយេស៊ូវ»។
ចិត្តរបស់បុរសនេះមានចំណាប់អារម្មណ៍ជាខ្លាំង នៅពេលដែលលោកភីលីពបានពន្យល់បទគម្ពីរនេះដល់គាត់ ហើយនៅពេលដែលសិស្សរូបនេះបានបញ្ចប់ គាត់បានរៀបចំខ្លួនរួចជាស្រេចដើម្បីនឹងទទួលពន្លឺដែលលោកពេព្រុសបានផ្តល់ឲ្យ ។ គាត់មិនបានយកតំណែងខ្ពង់ខ្ពស់របស់គាត់មកធ្វើជាលេសដើម្បីបដិសេធដំណឹងល្អឡើយ។ «ហើយអ្នកកម្រៀវនិយាយថា មើល នុ៎ះន៏ទឹក តើមានអ្វីឃាត់មិនឲ្យខ្ញុំទទួលបុណ្យជ្រមុជទឹកបាន ភីលីពឆ្លើយថា បើលោកជឿអស់ពីចិត្ត នោះទទួលបាន លោកឆ្លើយឡើងថា ខ្ញុំជឿហើយ ថាព្រះយេស៊ូវគ្រិស្តជាព្រះរាជ្យបុត្រានៃព្រះ នោះលោកបង្គាប់ឲ្យបញ្ឈប់រថ រួចភីលីពនិងអ្នកកម្រៀវ ក៏ចុះទៅក្នុងទឹកទាំងពីរនាក់ ហើយភីលីព គាត់ធ្វើបុណ្យជ្រមុជទឹកឲ្យ»។
«លុះឡើងពីទឹកមក នោះព្រះវិញ្ញាណនៃព្រះអម្ចាស់ ទ្រង់ឆក់យកភីលីពបាត់ទៅ ហើយអ្នកកម្រៀវមិនបានឃើញគាត់ទៀតទេ ក៏ទៅតាមផ្លូវទៅដោយអរសប្បាយ ឯភីលីព គេបានឃើញគាត់នៅក្រុងអាសូតវិញ គាត់ក៏ដើរទៅទាំងផ្សាយដំណឹងល្អនៅគ្រប់អស់ទាំងទីក្រុងរៀងទៅ រហូតទៅដល់ក្រុងសេសារា»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ នោះគាត់ក៏ញាប់ញ័រទាំងអស្ចារ្យក្នុងចិត្ត ហើយទូលថា ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្តេច ព្រះអម្ចាស់មានព្រះបន្ទូលថា ចូរក្រោកឡើងចូលទៅក្នុងទីក្រុងទៅ នោះគេនឹងប្រាប់អ្នក ឲ្យដឹងពីការដែលអ្នកត្រូវធ្វើ។ (កិច្ចការ ៩:៦)