ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៦)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី២ ជំពូក៥
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ខ្ញុំក៏អធិស្ឋានសូមសេចក្តីនេះ គឺឲ្យសេចក្តីស្រឡាញ់របស់អ្នករាល់គ្នា បានចំរើនកាន់តែច្រើនឡើង ដោយនូវសេចក្តីចេះដឹង និងយោបល់គ្រប់ជំពូក។ ភីលីព ១:៩
គំរូរបស់ពួកអ្នកជឿនៅក្រុងអាន់ទីយ៉ូក គួរតែជាការលើកទឹកចិត្តដល់ពួកអ្នកជឿទាំងឡាយ ដែលកំពុងរស់នៅក្នុងទីក្រុងធំៗ នៅលើពិភពលោក នាសម័យបច្ចុប្បន្ននេះ ។ នៅពេលការរៀបចំរបស់ព្រះដែលតម្រូវឲ្យអ្នកធ្វើការដែលមានការលះបង់ និងមានទេពកោសល្យ ត្រូវតាំងទីលំនៅ នៅក្នុងទីក្រុងសំខាន់ៗ ដើម្បីដឹកនាំការខំប្រឹងប្រែងជាសាធារណៈនោះ ព្រះអង្គក៏មានគោលបំណងចង់ឲ្យសមាជិកពួកជំនុំរបស់ទ្រង់ ដែលរស់នៅក្នុងទីក្រុងទាំងនោះប្រើប្រាស់ទេពកោសល្យរបស់ពួកគេ ដែលព្រះបានប្រទានឲ្យ ដើម្បីធ្វើការបម្រើដល់មនុស្សដូចគ្នាដែរ។ មានព្រះពរហូរហៀរនៅក្នុងឃ្លាំង បម្រុងទុកសម្រាប់អ្នកដែលចុះចូលទាំងស្រុងទៅនឹងការត្រាស់ហៅរបស់ព្រះ។ នៅពេលដែលអ្នកបម្រើការបែបនេះខំប្រឹងស្ទុះស្ទានេសាទមនុស្សមកថ្វាយដល់ព្រះយេស៊ូវ ពួកគេនឹងរកឃើញមនុស្សជាច្រើន ដែលមធ្យោបាយផ្សេងៗទៀតមិនអាចបញ្ចុះបញ្ចូលបាន កំពុងរៀបចំខ្លួនឆ្លើយតបទៅនឹងការខំប្រឹងប្រឹងផ្ទាល់ខ្លួនដ៏ប៉ិនប្រសប់នោះ។
កិច្ចការរបស់ព្រះនៅលើផែនដីនាពេលសព្វថ្ងៃនេះត្រូវការអ្នកតំណាងដ៏រស់នៃសេចក្តីពិតរបស់ព្រះគម្ពីរ។ គ្រូគង្វាលពេញសិទ្ធិតែម្នាក់ឯងមិនស្មើនឹងកិច្ចការនៃការព្រមានដល់ទីក្រុងធំៗទាំងនោះទេ។ ព្រះកំពុងត្រាស់ហៅមិនត្រឹមតែគ្រូគង្វាលប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់កំពុងត្រាស់ហៅ វេជ្ជបណ្ឌិត គិលានុប្បដ្ឋ/បដ្ឋាយិកា អ្នកលក់សៀវភៅ គ្រូបង្រៀនព្រះគម្ពីរ និងគ្រូបង្រៀនព្រះគម្ពីរស្ម័គ្រចិត្តដទៃទៀត ដែលមានជំនាញផ្សេងៗ ហើយមានចំណេះដឹងពីព្រះបន្ទូលរបស់ព្រះ និងជាអ្នកស្គាល់ព្រះចេស្តានៃព្រះគុណ ឲ្យពិចារណាពីសេចក្តីត្រូវការរបស់ទីក្រុងដែលមិនទាន់បានឮការព្រមានទាំងនោះ ។ ពេលវេលាកំពុងតែកន្លងផុតទៅយ៉ាងឆាប់រហ័ស ហើយនៅមានការងារជាច្រើនដែលត្រូវបង្ហើយ។ យើងត្រូវតែចាត់ភ្នាក់ងារឲ្យបំពេញភារកិច្ចគ្រប់ទីកន្លែង ដើម្បីបង្កើនការប្រើប្រាស់ឱកាស នាពេលបច្ចុប្បន្ននេះដោយប៉ិនប្រសប់។
កិច្ចការរបស់លោកប៉ុលនៅអាន់ទីយ៉ូក ក្នុងទំនាក់ទំនងជាមួយលោកបាណាបាស បានពង្រឹងដល់លោកក្នុងការផ្លាស់ប្តូរជំនឿ ដែលព្រះជាម្ចាស់បានត្រាស់ហៅរូបលោកឲ្យបំពេញកិច្ចការជាពិសេស ដល់ពិភពនៃសាសន៍ដទៃ ។ នៅពេលនៃការផ្លាស់ប្តូរជំនឿរបស់លោកប៉ុល ព្រះជាម្ចាស់បានមានបន្ទូលថា ព្រះអង្គនឹងធ្វើឲ្យលោកក្លាយជាអ្នកបម្រើដល់សាសន៍ដទៃ «ប្រយោជន៍នឹងបំភ្លឺភ្នែកគេ ឲ្យបានបែរចេញពីសេចក្តីងងឹត មកឯពន្លឺ ហើយពីអំណាចអារក្សសាតាំង មកឯព្រះវិញ ដើម្បីឲ្យគេបានរួចពីបាប ហើយបានទទួលមរតកជាមួយនឹងពួកអ្នកដែលបានញែកជាបរិសុទ្ធ ដោយសារសេចក្តីជំនឿជឿដល់ខ្ញុំ» (កិច្ចការ ២៦:១៨) ។ ទេវតាដែលបានលេចមកឯលោកអាន្នា៉នាស បានមានបន្ទូលទៅកាន់លោកប៉ុលថា «ពីព្រោះអ្នកនោះជាប្រដាប់រើសតាំងដល់ខ្ញុំ សម្រាប់នឹងប្រកាសឈ្មោះខ្ញុំ ដល់ពួកសាសន៍ដទៃ និងពួកស្តេច ហើយនិងពួកកូនចៅសាសន៍អ៊ីស្រាអែលផង» (កិច្ចការ ៩:១៥)។ ហើយក្រោយមក នៅក្នុងបទពិសោធន៍ជាគ្រិស្តបរិស័ទរបស់លោក កាលលោកកំពុងតែអធិដ្ឋាននៅក្នុងព្រះវិហារ នៅក្រុងយេរូសាឡិម លោកបានជួបជាមួយនឹងទេវតាដែលយាងចុះមកពីឋានសួគ៌ ដោយផ្ទាល់ ហើយបានសុំលោកឲ្យ «ទៅចុះ ដ្បិតខ្ញុំនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយ» (កិច្ចការ ២២:២១)។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ចូរយកសេចក្តីសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល។ (អេភេសូរ ៦:១៧)