ថ្ងៃច័ន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៦)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី២ ជំពូក៦
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឯអ្នករាល់គ្នា ក៏បានឮព្រះបន្ទូលនៃសេចក្តីពិត គឺជាដំណឹងល្អពីសេចក្តីសង្គ្រោះរបស់អ្នករាល់គ្នាដោយសារទ្រង់ដែរ ហើយកាលអ្នករាល់គ្នាបានជឿហើយ នោះទ្រង់ក៏ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យា។ អេភេសូរ ១:១៣
ដូច្នេះ ព្រះបានត្រាស់បង្គាប់ដល់លោកប៉ុលឲ្យចូលទៅក្នុងតំបន់បេសកកម្មនៅក្រៅប្រទេសនៃពិភពសាសន៍ដទៃ។ ដើម្បីរៀបចំលោកសម្រាប់កិច្ចការដ៏ទូលំទូលាយ និងដ៏ពិបាកនេះ ព្រះបាននាំលោកឲ្យមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងព្រះអង្គ ហើយបានបើកបង្ហាញអំពីទស្សនីយភាពនិងសិរីល្អដ៏ស្រស់ត្រកាលនៃនគរឋានសួគ៌ នៅក្នុងការបើកសម្តែងដ៏អណ្តែតអណ្តូងរបស់លោក។ ចំពោះលោក ការបើកសម្តែងអំពី «ការអាថ៌កំបាំង» ដែលបាន «លាក់ទុកនៅអស់ទាំងកល្បរៀងមក» (រ៉ូម ១៦:២៥) «សេចក្តីអាថ៌កំបាំងនៃព្រះហឫទ័យទ្រង់» (អេភេសូរ ១:១៩) «ជាការអាថ៌កំបាំងដែលកាលនៅអស់ទាំងគ្រាជាន់មុន មិនបានប្រទានឲ្យពួកមនុស្សជាតិស្គាល់ដូចជាបានសម្តែងមកឲ្យពួកសាវ័ក និងពួកហោរាបរិសុទ្ធស្គាល់ ដោយសារព្រះវិញ្ញាណសព្វថ្ងៃនេះទេ គឺដែលពួកសាសន៍ដទៃ បានត្រឡប់ជាអ្នកគ្រងមរតកជាមួយគ្នា នឹងជារូបកាយជាមួយគ្នា ហើយជាអ្នកទទួលចំណែកនៃសេចក្តីសន្យារបស់ទ្រង់ ជាមួយគ្នាក្នុងព្រះគ្រិស្តដែរ»។ លោកប៉ុលមានប្រសាសន៍ថា «ខ្ញុំបានធ្វើជាអ្នកបម្រើដំណឹងល្អនោះ … ដែលទ្រង់ប្រទានមកខ្ញុំ តាមដែលព្រះចេស្តាទ្រង់ពូកែនឹងធ្វើ ទ្រង់បានប្រទានព្រះគុណនេះ គឺជាសម្បត្តិរបស់ព្រះគ្រិស្តដ៏ប្រមាណមិនបានមកខ្ញុំ ដែលជាអ្នកតូចជាងគេបំផុត ក្នុងពួកបរិសុទ្ធទាំងអស់ឲ្យខ្ញុំបានផ្សាយដំណឹងល្អក្នុងពួកសាសន៍ដទៃ ហើយឲ្យខ្ញុំបានបំភ្លឺដល់គ្រប់មនុស្សទាំងអស់ ពីសេចក្តីប្រកបក្នុងការអាថ៌កំបាំង ដែលលាក់ទុកក្នុងព្រះ តាំងពីអស់កល្បរៀងមក ជាព្រះដែលទ្រង់បង្កើតរបស់សព្វសារពើ ដោយសារព្រះយេស៊ូវគ្រិស្ត ដើម្បីឲ្យពួកគ្រប់គ្រង និងពួកមានអំណាចនៅស្ថានដ៏ខ្ពស់ បានស្គាល់ពីប្រាជ្ញានៃព្រះដ៏មានជាច្រើនយ៉ាងណាស់ ដោយសារពួកជំនុំ តាមគំនិតសម្រេចតាំងពីអស់កល្បរៀងមក ដែលទ្រង់បានគិតស្រេចក្នុងព្រះគ្រិស្តយេស៊ូវ ជាព្រះអម្ចាស់នៃយើង» (អេភេសូរ ៣:៥-១១)។
ព្រះបានប្រទានពរជាច្រើនដល់កិច្ចការរបស់លោកប៉ុលនិងលោកបាណាបាស កាលពួកលោកនៅជាមួយនឹងពួកអ្នកជឿនៅក្រុងអាន់ទីយ៉ូក ។ ប៉ុន្តែ លោកទាំងពីរនាក់មិនទាន់មានអ្នកណាមួយបានទទួលការបំពេញសិទ្ធិឲ្យទៅជាគ្រូគង្វាលនៃដំណឹងល្អពេញសិទ្ធិនៅឡើយទេ ឥឡូវនេះ ពួកគេបានឈានដល់តំណាក់ការនៅក្នុងបទពិសោធន៍ជាគ្រិស្តបរិស័ទរបស់ពួកគេដែលព្រះរៀបនឹងប្រទានដល់ពួកគេឲ្យបំពេញបេសកកម្មជាបេសកជនដ៏ពិបាក នៅក្នុងការធ្វើទុក្ខបៀតបៀន ដែលពួកគេត្រូវការរាល់ផលប្រយោជន៍ដែលពួកគេអាចទទួលបានតាមរយៈភ្នាក់ងារនៃពួកជំនុំ។
«រីឯក្នុងពួកជំនុំនៅក្រុងអាន់ទីយ៉ូក នោះមានគ្រូអធិប្បាយ និងគ្រូបង្រៀនខ្លះ គឺបាណាបាសមួយ ស៊ីម្មានដែលហៅថា នីគើរមួយ លូគាស ជាសាសន៍គីរេនមួយ ម៉ាណាអេន … និងសុលមួយ កំពុងដែលអ្នកទាំងនោះធ្វើការងារថ្វាយព្រះអម្ចាស់ទាំងតមអត់នោះព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលប្រាប់ថា ចូរញែកបាណាបាស និងសុលចេញឲ្យខ្ញុំ សម្រាប់ការងារដែលខ្ញុំហៅគេឲ្យធ្វើ»។ មុននឹងចាត់លោកឲ្យទៅបំពេញភារកិច្ចជាបេសកជនសម្រាប់ពិភពនៃសាសន៍ដទៃ ពួកសិស្សបានឧទ្ទិសអ្នកទាំងពីនេះយ៉ាងឧឡារិកថ្វាយទៅព្រះ ដោយការតមអត់និងអធិដ្ឋានដាក់ដៃពីលើ។ ធ្វើដូច្នេះ ពួកជំនុំមិនគ្រាន់តែផ្តល់សិទ្ធិ ឲ្យពួកគេអាចបង្រៀនពីសេចក្តីពិតប៉ុណ្ណោះទេ ប៉ុន្តែ ឲ្យអាចមានសិទ្ធិពេញលេញដើម្បីប្រារព្ធពិធីបុណ្យជ្រមុជទឹក និងពិធីបំពេញសិទ្ធិ (បំបួស) ព្រះវិហារថែមទៀតផង។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ចូរយកសេចក្តីសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល។ (អេភេសូរ ៦:១៧)