កិច្ចការនៃពួកសាវ័ក (ជំពូកទី-១១)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី១ ជំពូក១
ខព្រះគម្ពីរប្រចាំថ្ងៃ៖ នោះទេវតានៃព្រះអម្ចាស់ មានព្រះបន្ទូលទៅភីលីពថា ចូរក្រោកឡើងទៅឯខាងត្បូង តាមផ្លូវដែលចុះពីក្រុងយេរូសាឡិម ទៅឯក្រុងកាសា ដែលជាទីរហោស្ថានទៅ គាត់ក៏ក្រោកឡើងដើរទៅ នោះឃើញមានសាសន៍អេធីយ៉ូពីម្នាក់ ជាមនុស្សកំរៀវ ដែលមានអំណាចក្រោមព្រះនាងកានដេស មហាក្សត្រីដែលសោយរាជ្យក្នុងស្រុកអេធីយ៉ូពី លោកជាអ្នកត្រួតត្រាលើអស់ទាំងព្រះរាជទ្រព្យរបស់ស្តេច ហើយបានមកឯក្រុងយេរូសាឡិម ដើម្បីនឹងថ្វាយបង្គំ។ កិច្ចការ ៨:២៦-២៧
បុរសអេធីយូពីម្នាក់នេះតំណាងឲ្យមនុស្សដែលមានឋានៈខ្ពស់ជាច្រើន ដែលត្រូវការបង្រៀនពីបេសកជនដូចលោកភីលីព ជាពួកមនុស្សដែលនឹងឮព្រះបន្ទូលរបស់ព្រះ និងសុខចិត្តចេញទៅកន្លែងណាដែលព្រះចាត់គេឲ្យទៅ។ មានមនុស្សជាច្រើនដែលកំពុងអានព្រះគម្ពីរតែមិនយល់អត្ថន័យ។ មនុស្សទាំងប្រុសទាំងស្រីនៅលើពិភពលោកកំពុងរង់ចាំនគរឋានសួគ៌ដោយចិត្តអន្ទះសា។ សេចក្តីអធិដ្ឋាននិងទឹកភ្នែកនិងការអង្វរករបានផុសចេញពីចិត្តរបស់មនុស្សដែលចង់បានពន្លឺ ព្រះគុណ និងព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សជាច្រើនដែលកំពុងឈរនៅព្រំដែននៃនគររបស់ព្រះរង់ចាំការអញ្ជើញឲ្យចូលទៅខាងក្នុង។
ទេវតាបានដឹកនាំលោកភីលីពទៅជួបនឹងបុរសដែលកំពុងស្វែងរកពន្លឺ និងជាអ្នកដែលបានរៀបចំខ្លួនទទួលដំណឹងល្អ ហើយសព្វថ្ងៃនេះ ទេវតាក៏នឹងដឹកនាំជំហានរបស់អ្នកធ្វើការដែលអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធសម្អាតអណ្តាតរបស់គេ និងជម្រះ ព្រមទាំងពង្រឹងដល់ចិត្តរបស់ពួកគេ ដូចគ្នាដែរ ។ ទេវតាដែលព្រះបានចាត់ឲ្យទៅឯលោកភីលីពនោះ អាចធ្វើការជាមួយនឹងបុរសអេធីយូពីនោះដោយខ្លួនឯងបាន ប៉ុន្តែ នោះមិនមែនជារបៀបដែលព្រះធ្វើការទេ ផែនការរបស់ព្រះគឺឲ្យមនុស្សធ្វើការជាមួយនឹងមនុស្សដូចគ្នា។
កិច្ចការដែលព្រះបានប្រទានដល់ពួកសិស្សដំបូង ពួកអ្នកជឿគ្រប់ជំនាន់ក៏មានចំណែកដូចគ្នាដែរ។ ព្រះបានប្រទានសេចក្តីពិតដ៏ពិសិដ្ឋដល់អ្នកដែលបានទទួលដំណឹងល្អឲ្យចែកចាយសេចក្តីពិតដល់ពិភពលោកទាំងមូល។ រាស្រ្តរបស់ព្រះដែលស្មោះត្រង់ តែងតែជាបេសកជនដ៏ក្លៀវក្លា ថ្វាយធនធានរបស់ខ្លួនដើម្បីលើកតម្កើងព្រះនាមរបស់ទ្រង់ និងប្រើប្រាស់អំណោយទានរបស់ខ្លួនដោយប្រុងប្រយ័ត្ន នៅក្នុងព្រះរាជកិច្ចរបស់ទ្រង់។
អ្នកបម្រើការជាគ្រិស្តបរិស័ទនៅសម័យដើម គឺជាមេរៀននិងជាការលើកទឹកចិត្តសម្រាប់យើង។ សមាជិកនៃពួកជំនុំរបស់ព្រះ ត្រូវតែមានចិត្តពុះពោរចង់បំពេញកិច្ចការល្អៗ ដោយញែកខ្លួនចេញពីការលោភលន់ខាងលោកិយ និងដើរតាមលំអានរបស់ព្រះដែលបានយាងចុះឡើងធ្វើការល្អ។ ពួកគេត្រូវតែធ្វើការបម្រើដល់អ្នកដែលមានសេចក្តីត្រូវការជំនួយ ដោយចិត្តពោរពេញទៅដោយសេចក្តីមេត្តានិងការអាណិតអាសូរ ដោយនាំនូវចំណេះដឹងពីសេចក្តីស្រឡាញ់របស់ព្រះអង្គសង្រ្គោះទៅចែកដល់បាបជនទាំងឡាយ។ ការងារបែបនេះទាមទារនូវការខំប្រឹបប្រែង ប៉ុន្តែ នឹងនាំមកនូវរង្វាន់ជាច្រើន។ អ្នកដែលចូលរួមនៅក្នុងការងារនេះដោយចិត្តស្មោះស្ម័គ្រ នឹងឃើញមនុស្សចូលមកឯព្រះអង្គសង្រ្គោះ ព្រោះឥទ្ធិពលដែលចូលរួមនៅក្នុងការបំពេញបេសកកម្មរបស់ព្រះនោះមិនមានអ្នកណាអាចទប់ទល់បានឡើយ។
ការទទួលខុសត្រូវក្នុងការចេញទៅបំពេញព្រះរាជបេសកកម្មរបស់ព្រះនេះមិនមែនឋិតនៅតែលើគ្រូគង្វាលពេញសិទ្ធិប៉ុណ្ណោះទេ។ ព្រះអង្គបានត្រាស់ហៅមនុសុ្សទាំងអស់ដែលបានទទួលព្រះគ្រិស្តឲ្យធ្វើការដើម្បីសេចក្តីសង្រ្គោះរបស់មនុស្សលោក។ «ព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មីពោលថា អញ្ជើញមក ហើយអ្នកណាដែលឮ ក៏ថា អញ្ជើញមកដែរ» (វិវរណៈ ២២:១៧) ការអំពាវនាវឲ្យទទួលសេចក្តីអញ្ជើញនេះ រាប់បញ្ចូលទាំងពួកជំនុំទាំងមូលផងដែរ។ អ្នករាល់គ្នាដែលបានឮសេចក្តីអញ្ជើញនេះត្រូវតែកំពុងបន្ត ចេញពីជ្រោះជ្រងជ្រលងដងភ្នំ ដោយនិយាយថា «អញ្ជើញមក»។
ការដែលសន្មតិថាកិច្ចការនេសាទមនុស្សគឺជាភារកិច្ចរបស់គ្រូគង្វាលតែម្នាក់ឯង គឺជាកំហុសមួយយ៉ាងធ្ងន់ធ្ងរ។ បងប្អូនអ្នកជឿដ៏សុភាពរាបសា ដែលម្ចាស់ចម្ការទំពាំងបាយជូរបានប្រគល់បន្ទុកនៃការនេសាទមនុស្សឲ្យ ត្រូវតែផ្តល់ការលើកទឹកចិត្តដោយមនុស្សដែលព្រះប្រទានការទទួលខុសត្រូវធំៗ។ អស់អ្នកដែលឈរជាអ្នកដឹកនាំពួកជំនុំរបស់ព្រះ ត្រូវតែដឹងថាព្រះបានប្រទានព្រះរាជបញ្ជាដល់មនុស្សទាំងអស់ ដែលជឿដល់ព្រះនាមរបស់ទ្រង់។ ព្រះនឹងចាត់មនុស្សឲ្យទៅធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់ទ្រង់ ដែលមិនទាន់បានញែកឲ្យបំពេញកិច្ចការរបស់ទ្រង់ ដោយការដាក់ដៃពីលើនៅឡើយ។
មនុស្សរាប់រយ រាប់ពាន់នាក់ដែលបានឮសារនៃសេចក្តីសង្រ្គោះកំពុងត្រេតត្រតនៅឯទីផ្សារនៅឡើយ នៅពេលដែលពួកគេគួរតែចូលរួមនៅក្នុងកិច្ចការដ៏សកម្មផ្នែកណាមួយនោះ។ ព្រះគ្រិស្តកំពុងមានបន្ទូលទៅកាន់ពួកអ្នកទាំងនេះថា «ហេតុអ្វីបានជាអ្នករាល់គ្នាឈរទំនេរនៅទីនេះ តាំងពីព្រលឹមមកដូច្នេះ?» រួចទ្រង់ប្រាប់ថា «ចូរអ្នករាល់គ្នាទៅធ្វើការក្នុងចម្ការរបស់ខ្ញុំទៅ នោះអ្នកនឹងទទួលឈ្នួលតាមត្រឹមត្រូវ» (ម៉ាថាយ ២០:៦, ៧) ។ តើហេតុអ្វីបានជាមនុស្សជាច្រើនមិនឆ្លើយតបទៅនឹងការត្រាស់ហៅនេះ? តើមិនមែនដោយគេយកលេសថាគេមិនមានភារកិច្ចឈរនៅលើអាសនាទេឬអី? សូមឲ្យពួកគេយល់ថាមានកិច្ចការយ៉ាងធំដែលអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ត្រូវបំពេញនៅក្រៅអាសនា។
ព្រះបានរង់ចាំឲ្យព្រះវិញ្ញាណនៃការងារគង់នៅលើពួកជំនុំទាំងមូលជាយូរយារ ដើម្បីឲ្យមនុស្សគ្រប់គ្នាធ្វើកិច្ចការស្របទៅតាមសមត្ថភាពរបស់ខ្លួន។ នៅពេលដែលសមាជិកនៃពួកជំនុំរបស់ព្រះធ្វើកិច្ចការរបស់គេ ដែលព្រះបានចាត់តាំង នៅតាមទីកន្លែងដែលមានសេចក្តីត្រូវការ នៅតាមផ្ទះ និងនៅក្រៅប្រទេស ដើម្បីសម្រេចតាមការត្រាស់បង្គាប់នៃដំណឹងល្អ មិនយូរទេ ពិភពលោកទាំងមូលនឹងត្រូវបានប្រកាសប្រាប់ឲ្យដឹង ហើយព្រះយេស៊ូវនឹងយាងត្រឡប់មកកាន់ផែនដីវិញ ដោយព្រះចេស្តា និងសិរីរុងរឿង។ «ដំណឹងល្អនេះ ដែលសម្តែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកិយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត» (ម៉ាថាយ ២៤:១៤)។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ នោះគាត់ក៏ញាប់ញ័រទាំងអស្ចារ្យក្នុងចិត្ត ហើយទូលថា ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្តេច ព្រះអម្ចាស់មានព្រះបន្ទូលថា ចូរក្រោកឡើងចូលទៅក្នុងទីក្រុងទៅ នោះគេនឹងប្រាប់អ្នក ឲ្យដឹងពីការដែលអ្នកត្រូវធ្វើ។ (កិច្ចការ ៩:៦)