ថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី-១២)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ៩:១-១៨។
ពីអ្នកបៀតបៀន មកជាសិស្ស
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី១ ជំពូក២
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ប៉ុន្តែ សេចក្តីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំពីមុន នោះខ្ញុំបានរាប់ជាខាតវិញ ដោយព្រោះព្រះគ្រីស្ទ ។ ភីលីព ៣:៧
អ្នកដែលលេចធ្លោជាងគេ នៅក្នុងចំណោមអ្នកដឹកនាំសាសន៍យូដាដែលបានភ្ញាក់រឭកដោយសារជោគជ័យនៃការចូលរួមនៅក្នុងការប្រកាសដំណឹងល្អនោះ គឺលោកសុលមកពីតើសុស។ ទោះបីជាមានសញ្ជាតិជាសាសន៍រ៉ូមពីកំណើតក៏ដោយ ក៏លោកសុលជាជនជាតិយូដាដោយការប្តូរសញ្ជាតិ ហើយបានសិក្សានៅទីក្រុងយេរូសាឡិមដោយគ្រូអាចារ្យដ៏ខ្ពស់បំផុតដែរ។ លោកសុលគឺជា «សាសន៍អ៊ីស្រាអែល ក្នុងពូជអំបូរបេនយ៉ាមីន ជាអ្នកហេព្រើរ កើតពីពួកហេព្រើរ ឯខាងក្រឹត្យវិន័យ នោះខ្ញុំជាពួកផារិស៊ី ខាងឯសេចក្តីឧស្សាហ៍ នោះខ្ញុំជាអ្នកដែលបានធ្វើទុក្ខបៀតបៀនដល់ពួកជំនុំ ចំណែកខាងសេចក្តីសុចរិតក្នុងក្រឹត្យវិន័យ នោះខ្ញុំគ្មានទោសសោះ» (ភីលីព ៣:៥, ៦) ។ ពួកគ្រូអាចារ្យបានចាត់ទុកលោកជាយុវជននៃសេចក្តីសន្យាដ៏ឧត្តមម្នាក់ ហើយពួកគេមានសេចក្តីសង្ឃឹមយ៉ាងខ្ពស់ទៅលើលោកថា ជាអ្នកការពារជំនឿពីបុរាណរបស់ពួកគេ។ ការលើកតម្កើងលោកជាសមាជិកនៃក្រុមប្រឹក្សាសាន់ហ៊ីឌ្រីនបានដាក់លោកនៅក្នុងមុខតំណែងមួយដ៏មានអំណាច។
លោកសុលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំនុំជម្រះនិងកាត់ទោសលោកស្ទេផាន ហើយភស្តុតាងយ៉ាងរន្ធត់នៃព្រះវត្តមានរបស់ព្រះ ដែលគង់នៅជាមួយនឹងទុក្ករបុគ្គលនេះបានដឹកនាំលោកសុលឲ្យសង្ស័យអំពីសេចក្តីសុចរិត នៃកិច្ចការដែលលោកបានប្រកាន់ទាស់នឹងពួកសិស្សរបស់ព្រះយេស៊ូវ។ មានការច្របូកច្របល់ក្នុងគំនិតរបស់លោកជាខ្លាំង។ នៅក្នុងភាពអល់អែក លោកបានអំពាវនាវដល់អ្នកដែលមានទំនុកចិត្តទាំងស្រុងទៅលើប្រាជ្ញានិងការវិនិច្ឆ័យរបស់ពួកគេ។ ទីបំផុត ការតវា៉របស់ពួកសង្ឃនិងពួកមេដឹកនាំសាសនាបានធ្វើឲ្យលោកជឿថាលោកស្ទេផានគឺជាជនដែលប្រមាថមើលងាយ ហើយថាព្រះគ្រិស្តដែលពួកសាវ័កជឿជាក់ប្តូរផ្តាច់រហូតហ៊ានលះបង់ជីវិតបានអធិប្បាយនោះគឺជាជនក្លែងបន្លំខ្លួន និងថាពួកអ្នកដែលបម្រើការនៅក្នុងកន្លែងបរិសុទ្ធគឺជាមនុស្សត្រឹមត្រូវ។
លោកសុលបានធ្វើការសន្និដ្ឋានដូច្នេះ ដោយគ្មានការសាកល្បងឲ្យបានច្បាស់លាស់ឡើយ។ ប៉ុន្តែ ទីបំផុត នៅក្នុងចំណេះដឹងនិងការប្រកាន់ពូជសាសន៍របស់លោក ការគោរពរបស់លោកដល់អតីតគ្រូបង្រៀន ព្រមទាំងអំនួតនៃប្រជាប្រិយរបស់លោក បានជំរុញលោកឲ្យប្រឆាំងបះបោរជាមួយនឹងសំឡេងនៃសម្បជញ្ញៈ និងព្រះគុណរបស់ព្រះ។ ហើយដោយបានសម្រេចថាពួកសង្ឃនិងពួកអាចារ្យត្រូវទាំងស្រុង នោះលោកសុលបានក្លាយជាសត្រូវដ៏ជូរចត់ជាមួយនឹងគោលលទ្ធិដែលពួកសិស្សរបស់ព្រះយេស៊ូវបានបង្រៀន។ សកម្មភាពរបស់លោកក្នុងការកៀបសង្កត់ឲ្យបុរសនិងនារីបរិសុទ្ធទាំងឡាយត្រូវប្រឈមមុខនៅចំពោះតុលាការ ជាកន្លែងដែលមនុស្សមួយចំនួនត្រូវបានចោទប្រកាន់ឲ្យត្រូវជាប់គុក ហើយខ្លះទៀតត្រូវប្រហារជីវិតដោយសារតែជំនឿរបស់ពួកគេ ទៅលើព្រះយេស៊ូវនោះ បាននាំមកនូវភាពក្រៀមក្រំនិងទុក្ខវេទនាដល់ពួកជំនុំដែលទើបតែនឹងបានរៀបចំថ្មីថ្មោង ហើយបណ្តាលឲ្យមនុស្សជាច្រើនស្វែងរកកន្លែងមានសុវត្ថិភាពដោយការរត់គេចខ្លួន។
ពួកអ្នកដែលត្រូវបានបណ្តេញចេញពីទីក្រុងយេរូសាឡិម ដោយការធ្វើទុក្ខបៀតបៀននេះ «គេដើរចុះឡើងទាំងផ្សាយដំណឹងល្អ គឺជាព្រះបន្ទូល» (កិច្ចការ ៨:៤)។ នៅក្នុងចំណោមទីក្រុងទាំងឡាយដែលពួកគេបានភៀសខ្លួនទៅនោះ គឺទីក្រុងដាម៉ាស ជាកន្លែងដែលពួកអ្នកជឿថ្មីទទួលបានអ្នកកែប្រែចិត្តទទួលជឿជាច្រើននាក់។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ នោះគាត់ក៏ញាប់ញ័រទាំងអស្ចារ្យក្នុងចិត្ត ហើយទូលថា ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្តេច ព្រះអម្ចាស់មានព្រះបន្ទូលថា ចូរក្រោកឡើងចូលទៅក្នុងទីក្រុងទៅ នោះគេនឹងប្រាប់អ្នក ឲ្យដឹងពីការដែលអ្នកត្រូវធ្វើ។ (កិច្ចការ ៩:៦)