ថ្ងៃព្រហស្បតិ៍ ទី០៦​ ខែសីហា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-១២)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី១ ជំពូក៣

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ប៉ុន្តែ កំពុង​ដែល​គាត់​ដើរ​តាម​ផ្លូវ ទៅ​ជិត​នឹង​ដល់​ក្រុង​ដាម៉ាស​ហើយ នោះ​ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ ភ្លឺ​មក​នៅ​ជុំវិញ​ខ្លួន គាត់​ក៏​ដួល​ដល់​ដី រួច​ឮ​សំឡេង​មាន​ព្រះបន្ទូល​មក​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​អ្នក​បៀត​បៀន​ដល់​ខ្ញុំ​ដូច្នេះ គាត់​ទូល​ឆ្លើយ​ថា ឱ​ព្រះអម្ចាស់​អើយ ព្រះអង្គ​ណា​នុ៎ះ រួច​ព្រះអម្ចាស់​ទ្រង់​តប​ថា ខ្ញុំ​នេះ​ជា​ព្រះយេស៊ូវ ដែល​អ្នក​បៀត​បៀន អ្នក​ធាក់​ជល់​នឹង​ជន្លួញ​ដូច្នេះ នោះ​ពិបាក​ដល់​អ្នក​ណាស់។ កិច្ចការ ៩:៣-៥

ពួកសង្ឃនិងពួកមេដឹកនាំសាសនាបានសង្ឃឹមថា ដោយការខំប្រឹងប្រែង​យ៉ាងប្រុងប្រយ័ត្ននិងការធ្វើទុក្ខបៀតបៀនយ៉ាងតឹងរ៉ឹង ពួកអ្នកមានជំនឿនឹង​ត្រូវបានបង្រ្កាប។ ឥឡូវនេះ ពួកគេបានគិតថា ពួកគេត្រូវតែពង្រីកការធ្វើទុក្ខ​បៀតបៀនប្រឆាំងទៅនឹងការបង្រៀនថ្មី ដែលពួកគេបានអនុវត្តនៅទីក្រុងយេរូសាឡិមនិងកន្លែងផ្សេងៗទៀត។ សម្រាប់កិច្ចការពិសេសដែលពួកគេបានសម្រេចចិត្តនឹងបង្ហើយនៅទីក្រុងដាម៉ាស លោកសុលបានស្ម័គ្រចិត្តចេញទៅបំពេញភារកិច្ចនេះ។ «ឯសុល គាត់នៅតែបញ្ចេញសេចក្តីគំរាម និង​ពាក្យកំហែង ព្រមទាំងការសម្លាប់ ដល់ពួកសិស្សនៃព្រះអម្ចាស់នៅឡើយ» លោក «ក៏ទៅឯសម្តេចសង្ឃ សូមសំបុត្រកាន់យកទៅឯសាលាប្រជុំទាំងប៉ុន្មាន នៅក្រុងដាម៉ាស ប្រយោជន៍ដើម្បី បើឃើញមានអ្នកណាខ្លះ ដែល​ប្រតិបត្តិតាមផ្លូវនោះ ទោះប្រុសឬស្រីក្តី នោះនឹងចាប់ចងគេ នាំមកឯ​ក្រុង​យេរូសាឡិម។ នោះ «ទូលបង្គំបានទទួលអំណាច និងសេចក្តីបង្គាប់មកពីពួកសង្គ្រាជ» (កិច្ចការ ២៦:១២) ដោយកម្លាំងនិងសម្បទារបស់មនុស្ស និងភ្លើងនៃចិត្តពុះកញ្រ្ជោលក្នុងការប្រព្រឹត្តខុស លោកសុលនៃស្រុកតើសុសបានចេញដំណើរដែលមិនអាចបំភ្លេចបាននោះ មានហេតុការណ៍​ដ៏ចម្លែក​មួយបានកើតឡើង ដែលបានផ្លាស់ប្តូរខ្សែជីវិតទាំងស្រុង។

នៅចុងក្រោយបង្អស់នៃការធ្វើដំណើរនេះ «នៅកណ្តាលថ្ងៃត្រង់» ពេលដែលអ្នកធ្វើដំណើរយ៉ាងហេវហត់បានមកជិតដល់ទីក្រុងដាម៉ាស ពួកគេបានមកដល់វាលដ៏សំបូរជីរជាតិមួយ ដែលមានសួនច្បារស្រស់បំព្រង និង​ផល្លានុផលជាច្រើន ស្រោចស្រពដោយទឹកជ្រោះដែលហូរមកពីជូរភ្នំដែលព័ទ្ធជុំវិញ ។ ក្រោយពីការធ្វើដំណើរកាត់វាលយ៉ាងកណ្តោចកណ្តែងអស់ពេលជាច្រើនថ្ងៃមក ទស្សនីយភាពបែបនេះ ពិតជាធ្វើឲ្យអារម្មណ៍រីករាយយ៉ាងក្រៃលែង ។ នៅពេលដែលលោកសុលនិងអ្នករួមដំណើរជាមួយលោក បានឃើញទីវាលដែលមានផ្លែឈើគ្រប់មុខ និងទីក្រុងដ៏ល្អឆើតនៅពីក្រោម រំពេចនោះស្រាប់តែ ដូចលោកបានមានប្រសាសន៍ថា «នោះស្រាប់តែ​មាន​ពន្លឺពីលើមេឃ ភ្លឺមកជុំវិញទូលបង្គំ និងពួកអ្នកដើរជាមួយ ជាពន្លឺភ្លឺជាង​ថ្ងៃ»​(កិច្ចការ ២៦:១៣) ភ្លឺចាំងចែងដែលភ្នែកមនុស្សមិនអាចទ្រាំទ្របាន។ លោកសុលបានដួលទៅនឹងដីទាំងខ្វាក់ភ្នែក និងវិលវល់គំនិត។

នៅពេលដែលពន្លឺបានបន្តចែងចាំងនៅជុំវិញពួកគេ លោកសុលបាន​ឮសំឡេងថា «សុល នែសុល ហេតុអ្វីបានជាអ្នកបៀតបៀនដល់ខ្ញុំដូច្នេះ គាត់​ទូលឆ្លើយថា ឱព្រះអម្ចាស់អើយ ព្រះអង្គណានុ៎ះ រួចព្រះអម្ចាស់ទ្រង់តបថា ខ្ញុំនេះជាព្រះយេស៊ូវ ដែលអ្នកបៀតបៀន អ្នកធាក់ជល់នឹងជន្លួញដូច្នេះ នោះ​ពិបាកដល់អ្នកណាស់»។ ពោរពេញទៅដោយការភ័យខ្លាច និងសឹងតែងងឹតភ្នែកដោយសារពន្លឺដ៏ភ្លឺចាំងនោះ ពួកអ្នករួមដំណើរជាមួយនឹងលោកសុលបានឮសំឡេង តែមើលមិនឃើញមនុស្សឡើយ។ ប៉ុន្តែ សម្រាប់លោកសុល លោកយល់នូវព្រះបន្ទូលដែលបានមានបន្ទូលមកកាន់លោក ហើយព្រះដែលបានមានបន្ទូលនេះបានបង្ហាញអង្គទ្រង់ឲ្យលោកបានឃើញ គឺព្រះរាជបុត្រ​នៃ​ព្រះ។ លោកបានឃើញព្រះដែលគេបានឆ្កាងឈរនៅចំពោះលោក។ រូបភាពនៃព្រះភក្រ្តរបស់ព្រះអង្គសង្រ្គោះបានដិតជាប់នៅក្នុងចិត្តបុរសសាសន៍យូដាដែលត្រូវវាយប្រហាររូបនេះជារៀងរហូត។ ​ពាក្យពេចន៍ដែលលោកបានឮ​ ដក់ជាប់ក្នុងចិត្តជាមួយនឹងកម្លាំងដ៏គួរឲ្យភ័យញ័ររន្ធត់។ នៅក្នុងបន្ទប់ដ៏ងងឹត​ខាងគំនិតមានពន្លឺធ្លាក់មកហូរហៀរដូចទឹកជំនន់ បង្ហាញពីភាពល្ងិតល្ងង់និងកំហុសនៃជីវិតអតីតកាលរបស់លោក ហើយពេលនេះលោកត្រូវការការបំភ្លឺនៃព្រះវិញ្ញាណបរិសុទ្ធ។

ឥឡូវនេះ លោកសុលបានដឹងថាការធ្វើទុក្ខបៀតបៀនដល់ពួកសិស្សរបស់ព្រះយេស៊ូវ លោកកំពុងតែធ្វើកិច្ចការរបស់សាតាំងហើយ។ លោក​បាន​ឃើញថាការយល់ត្រូវ និងភារកិច្ចរបស់លោកបានពឹងផ្អែកទាំងស្រុងទៅលើពួកសង្ឈនិងពួកដឹកនាំសាសនា។ លោកបានជឿពួកគេ នៅពេលគេបានប្រាប់លោកថារឿងការមានព្រះជន្មរស់ឡើងវិញ គឺជារឿងប្រឌិតដ៏ចំឡែករបស់ពួកសិស្ស។ ឥឡូវនេះ ខណៈដែលព្រះយេស៊ូវបានឈរនៅក្បែរលោក សុលហើយ​លោកសុល​បានជឿនូវសេចក្តីពិតដែលពួកសិស្សបានប្រកាស។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ នោះ​គាត់​ក៏​ញាប់ញ័រទាំង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​ទូល​ថា ព្រះអម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូច​ម្តេច ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា ចូរ​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទៅ នោះ​គេ​នឹង​ប្រាប់​អ្នក ឲ្យ​ដឹង​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ។ (កិច្ចការ ៩:៦​)

Powered by CAM