ថ្ងៃសុក្រ ទី០៧​ ខែសីហា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-១២)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី១ ជំពូក៤

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរ​ក្រោក​ឈរ​ឡើង ដ្បិត​ខ្ញុំ​បាន​លេច​មក​ឲ្យ​អ្នក​ឃើញ ដើម្បី​នឹង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​បំរើ ហើយ​ជា​ទី​បន្ទាល់ ពី​អស់​ទាំង​ការ​ដែល​អ្នក​បាន​ឃើញ​ហើយ ព្រម​ទាំង​ការ​ដែល​ខ្ញុំ​នឹង​លេច​មក ឲ្យ​អ្នក​ឃើញ​ទៅ​មុខ​ទៀត។ កិច្ចការ ២៦:១៦​

នៅពេលដែលមានការបំភ្លឺព្រោងព្រាតពីព្រះនៃឋានសួគ៌ នោះគំនិតរបស់លោកសុលបានធ្វើសកម្មភាពយ៉ាងរហ័សគួរឲ្យកត់សម្គាល់។ កំណត់ត្រានៃបទទំនាយស្តីពីការត្រាស់បង្គាប់នៃព្រះវិញ្ញាណត្រូវបានបើកចំហឲ្យលោកបានយល់។ លោកឃើញថាការបដិសេធន៍ព្រះយេស៊ូវពីសំណាក់សាសន៍យូដា ការជាប់ឆ្កាងរបស់ទ្រង់ ការមានព្រះជន្មរស់ឡើងវិញ និងការ​យាងឡើងទៅឋានសួគ៌របស់ទ្រង់ ត្រូវបានពួកហោរាប្រាប់ឲ្យដឹងជាមុន និងបានបញ្ជាក់ថាព្រះអង្គគឺជាព្រះមែស្ស៊ីដែលព្រះបានសន្យាពិតប្រាកដមែន ។ សេចក្តីអធិប្បាយរបស់លោកស្ទេផាន នៅពេលទុក្ករកម្មរបស់លោកបានកើតឡើងនៅក្នុងគំនិតរបស់លោកសុលដោយបង្ខំ ហើយលោកបានទទួលស្គាល់ថាទុក្ករបុគ្គលពិតជាបានឃើញ «សិរីល្អរបស់ព្រះ» ប្រាកដមែន នៅពេលដែលលោកបាននិយាយថា «មើល ខ្ញុំឃើញមេឃចំហ និងកូនមនុស្សឈរនៅខាងព្រះហស្តស្តាំនៃព្រះ» (កិច្ចការ ៧:៥៥, ៥៦)។ ពួកសង្ឃបានប្រកាសថាពាក្យទាំងនេះគឺជាការប្រមាថ ប៉ុន្តែ ឥឡូវនេះ លោកសុលបានដឹងថាពាក្យទាំងនោះគឺជាពាក្យពិត។

ការទាំងអស់នេះត្រូវបានបើកបង្ហាញយ៉ាងច្បាស់ដល់អ្នកធ្វើទុក្ខបៀតបៀនម្នាក់នេះ! ឥឡូវនេះ លោកសុលបានដឹងពីសេចក្តីពិតដែលថាព្រះមែស្ស៊ីដែលព្រះបានសន្យាថា ទ្រង់បានយាងមកកាន់ផែនដីនេះ ជាព្រះយស៊ូវនៃ​ស្រុក​ណាសារ៉ែត ហើយត្រូវបានមនុស្សដែលទ្រង់បានយាងមកជួយសង្រ្គោះត្រូវបានបដិសេធទ្រង់។ លោកក៏បានដឹងផងដែរថាព្រះអង្គសង្រ្គោះបានមានព្រះជន្មរស់ចេញពីផ្នូរដោយជោគជ័យ ហើយបានយាងឡើង​ទៅ​ឋាន​សួគ៌។ នៅក្នុងឱកាសនៃការបើកបង្ហាញរបស់ព្រះនេះ លោកសុលបាននឹកឃើញទាំងរន្ធត់ពីលោកស្ទេផានដែលបានផ្តល់ទីបន្ទាល់នៃព្រះអង្គសង្រ្គោះដែលគេបានឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដែលមនុស្ស​មានជំនឿលើទ្រង់បានលះបង់ដើម្បីព្រះអង្គ ហើយដែលក្រោយ​មកទៀត​តាមរយៈពួកគេ ដែលជាឧបករណ៍របស់ទ្រង់ មនុស្សជាច្រើនទៀតដែលជាសិស្សដ៏មានតម្លៃរបស់ព្រះយេស៊ូវ បានជួបប្រទះនឹងសេចក្តីស្លាប់ ដោយសារការធ្វើទុក្ខបៀតបៀនយ៉ាងឃោរឃៅ។

ព្រះអង្គសង្រ្គោះបានមានបន្ទូលទៅកាន់លោកសុលតាមរយៈលោកស្ទេផាន ដែលគ្មានអ្នកណាអាចប្រឆាំងនឹងការគិតគូរពិចារណារបស់លោកបានឡើយ។ អ្នកប្រាជ្ញសាសន៍យូដានេះបានឃើញទឹកមុខរបស់ទុក្ករបុគ្គលស្ទេផានឆ្លុះបញ្ចាំងពីសិរីល្អរបស់ព្រះអង្គសង្រ្គោះ ដែលមានលក្ខណៈដូចជា «មុខទេវតា» (កិច្ចការ ៦:១៥)។ លោកធ្លាប់បានឃើញការអត់ទ្រាំរបស់លោក​​ស្ទេផាន ជាមួយនឹងសត្រូវរបស់លោក និងការអត់ឱនទោសរបស់​លោក​ចំពោះ​ពួកគេ។ លោកក៏ធ្លាប់បានឃើញការអត់ធ្មត់និងការលះបង់ដ៏រីករាយ​របស់មនុស្សជាច្រើន ដែលលោកធ្លាប់បានធ្វើឲ្យឈឺចាប់និងរងទុក្ខវេទនា។ លោកក៏ធ្លាប់បានឃើញពួកអ្នកខ្លះហ៊ានលះបង់រហូតដល់អាយុជីវិតរបស់ខ្លួនដោយអំណរដើម្បីជាប្រយោជន៍ដល់សេចក្តីជំនឿរបស់ពួកគេផងដែរ។

រឿងទាំងអស់នេះបានស្រែកអំពាវនាយ៉ាងឮ នៅក្នុងគំនិតរបស់​លោក​ប៉ុល ហើយលោកបានទុកចិត្តដល់គំនិតរបស់លោកជាច្រើនដង ហើយលោកសឹងតែជឿជាក់យ៉ាងច្បាស់ថាព្រះយេស៊ូវពិតជាព្រះមែស្ស៊ីដែលព្រះបានសន្យាប្រាកដមែន។ នៅក្នុងឱកាសទាំងនោះ លោកបានតស៊ូពុះពារពេញ​មួយយប់ តទល់នឹងមនសិការរបស់ខ្លួនឯង ហើយលោកតែងតែបញ្ចប់បញ្ហានោះទៅដោយការទទួលស្គាល់ជាដាច់ខាតថា ព្រះយេស៊ូវមិនមែនជាព្រះមែស្ស៊ីទេ ហើយពួកសិស្សរបស់ព្រះអង្គគឺជាពួកបោកបញ្ឆោតដ៏ប៉ិនប្រសប់។

ឥឡូវនេះ ព្រះគ្រិស្តបានមានបន្ទូលមកកាន់លោកសុលដោយព្រះសូរសៀងផ្ទាល់របស់ព្រះអង្គថា «សុល នែសុល ហេតុអ្វីបានជាអ្នកបៀតបៀនដល់ខ្ញុំដូច្នេះ?» ហើយជាចម្លើយតបទៅនឹងសំណួររបស់លោកសុលថា «ឱព្រះអម្ចាស់អើយ ព្រះអង្គណានុ៎ះ?» ព្រះអង្គបានមានបន្ទូលថា «ខ្ញុំនេះ​ជាព្រះយេស៊ូវ ដែលអ្នកបៀតបៀន»។ នៅទីនេះព្រះគ្រិស្តបានបង្ហាញអង្គទ្រង់ឲ្យរាស្រ្តរបស់ព្រះអង្គបានស្គាល់។ ដោយការធ្វើទុក្ខបៀតបៀនដល់ពួកសិស្សរបស់ព្រះយេស៊ូវ លោកសុលបានវាយប្រហារទៅលើព្រះអម្ចាស់នៃឋានសួគ៌ដោយផ្ទាល់។ ដោយការចោទប្រកាន់ខុស និងបានធ្វើទីបន្ទាល់ប្រឆាំងទៅនឹងពួកគេ ក៏ដូចជាបានចោទប្រកាន់ខុស និងបានធ្វើទីបន្ទាល់ទាស់នឹងព្រះអង្គសង្រ្គោះនៃពិភពលោកដោយផ្ទាល់ដែរ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ នោះ​គាត់​ក៏​ញាប់ញ័រទាំង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​ទូល​ថា ព្រះអម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូច​ម្តេច ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា ចូរ​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទៅ នោះ​គេ​នឹង​ប្រាប់​អ្នក ឲ្យ​ដឹង​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ។ (កិច្ចការ ៩:៦​)

Powered by CAM