ថ្ងៃសៅរ៍ ទី០៨​ ខែសីហា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-១២)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី១ ជំពូក៥

សេចក្តីពិតឥតសង្ស័យបានកើតឡើងនៅក្នុងគំនិតរបស់លោកសុល ថាអ្នកដែលនិយាយជាមួយនឹងលោក គឺពិតជាព្រះយេស៊ូវនៃស្រុកណាសារ៉ែត​យ៉ាងច្បាស់ ជាព្រះមែស្ស៊ីដែលលោកបានរង់ចាំជាយូរមកហើយ ជាព្រះ​ដ៏ជួយដោះទុក្ខនិងជាព្រះអង្គដ៏ប្រោសលោះនៃសាសន៍អ៊ីស្រាអែល។ លោក​បាន «ញាប់ញ័រ ទាំងអស្ចារ្យក្នុងចិត្ត ហើយទូលថា ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្តេច? ព្រះអម្ចាស់មានព្រះបន្ទូលថា ចូរក្រោកឡើងចូលទៅក្នុងទីក្រុងទៅ នោះគេនឹងប្រាប់អ្នកឲ្យដឹងពីការដែលអ្នកត្រូវធ្វើ»។

នៅពេលដែលព្រះបានដកយកសិរីល្អរបស់ទ្រង់ទៅវិញ ហើយលោក​សុលក៏បានក្រោកចេញពីដី លោកបានដឹងថាលោកមើលអ្វីមិនឃើញឡើយ។ ពន្លឺភ្លឺចែងចាំងនៃសិរីល្អរបស់ព្រះគ្រិស្តភ្លឺខ្លាំងពេក ធ្វើឲ្យភ្នែករបស់មនុស្សមិនអាចទ្រាំទ្របានឡើយ ហើយនៅពេលដែលព្រះបានដកយកពន្លឺនេះចេញ រាត្រីកាលដ៏ងងឹតសូន្យសុងបានគ្របដណ្តប់គំហើញរបស់លោក ។ លោកបានជឿថាភាពងងឹតរបស់លោកគឺជាទណ្ឌកម្មមកពីព្រះ ដោយការ​ធ្វើទុក្ខបៀតបៀនដ៏ឃោរឃៅរបស់លោកដល់ពួកសិស្សរបស់ព្រះយេស៊ូវជាប្រាកដ។ លោកបានដើររាវផ្លូវទាំងភាពងងឹតយ៉ាងពិបាក ហើយពួកអ្នក​ដែលធ្វើដំណើរជាមួយលោក «ក៏ដឹកដៃគាត់នាំទៅឯដាម៉ាស» ទាំងអស្ចារ្យ​ក្នុងចិត្ត។

នាពេលព្រឹកនៃថ្ងៃដែលព្រឹត្តិការណ៍នោះបានកើតឡើង លោកសុលបានមកជិតដល់ក្រុងដាម៉ាសជាមួយនឹងអារម្មណ៍ពេញចិត្ត ដោយសារទំនុកចិត្តដែលសម្តេចសង្ឃបានប្រគល់ដល់លោក។ សម្តេចសង្ឃបានផ្តល់ការទទួលខុសត្រូវយ៉ាងធ្ងន់ដល់លោក។ លោកបានទទួលបញ្ជាឲ្យជំរុញសាសនាយូដាទៅមុខ ដោយបញ្ឈប់ការរីករាលដាលជំនឿថ្មីនៅទីក្រុងដាម៉ាស ។ លោកបានតាំងចិត្តថាបេសកកម្មរបស់លោកនឹងទទួលបានជោគជ័យយ៉ាងធំធេង និងបានទន្ទឹងរង់ចាំដោយសេចក្តីប្រាថ្នាដ៏ពុះពោរនូវបទពិសោធន៍ដែលលោកបានរំពឹងទុកនៅចំពោះមុខ។

ប៉ុន្តែ ឥឡូវនេះ ផ្ទុយស្រះឡះពីបំណងប្រាថ្នារបស់លោក តើលោកនៅតែចូលទៅក្នុងទីក្រុងដែរឬទេ? ដោយបានវាយប្រហារដោយភាពងងឹត គ្មាន​សង្ឃឹម ញាំញីដោយវិប្បដិសារី មិនដឹងថាការវិនិច្ឆ័យនៅពេលអនាគតនឹងទៅជាយ៉ាងណាសម្រាប់លោក លោកបានស្វែងរកផ្ទះរបស់លោកយូដាស ដែលជាសិស្សរបស់ព្រះយេស៊ូវ ជាកន្លែងដែលលោកមានឱកាស​គ្រប់គ្រាន់ដើម្បីឆ្លុះបញ្ចាំងនិងអធិដ្ឋានតែម្នាក់ឯង។

ក្នុងរវាងបីថ្ងៃ «គាត់មើលមិនឃើញឡើយ ក៏មិនបរិភោគអ្វីផង»។ ក្នុង​អំឡុងពេលដ៏សែនឈឺចាប់នេះ បីថ្ងៃ ហាក់ដូចជារាប់ឆ្នាំសម្រាប់លោកសុល។ ដោយចិត្តតានតឹង លោកបាននឹកឃើញម្តងហើយម្តងទៀត ពីចំណែកដែលលោកបានធ្វើទៅលើទុក្ករកម្មរបស់លោកស្ទេផាន។ លោកបានគិតអំពីទោសកំហុសរបស់លោកដោយចិត្តញាប់ញ័រ ដោយបានបណ្តោយខ្លួនឲ្យការព្យាបាទនិងការប្រកាន់ពូជសាសន៍របស់ពួកសង្ឃនិងពួកមេដឹកនាំសាសនាគ្រប់គ្រងលើរូបលោក ទោះបីជាលោកបានឃើញមុខរបស់លោកស្ទេផានត្រូវបានបំភ្លឺដោយកាំរស្មីនៃឋានសួគ៌ក៏ដោយ។ ដោយចិត្តក្រៀមក្រំនិងទុក្ខព្រួយ លោកបាននឹកឃើញនូវការដែលលោកបានបិទភ្នែក ចុកត្រចៀក ជាច្រើន​ដង ប្រឆាំងទៅនឹងភស្តុតាងជាក់ស្តែងបំផុត ហើយជំរុញឲ្យគេធ្វើទុក្ខបៀតបៀនដល់ពួកអ្នកជឿលើព្រះយេស៊ូវពីស្រុកណាសារ៉ែត ដោយគ្មានមេត្តា។

លោកបានចំណាយពេលឆ្លុះបញ្ចាំងពីខ្លួនឯងយ៉ាងដិតដល់ និងការបន្ទន់ចិត្តនេះដាច់ដោយឡែកតែម្នាក់ឯង។ ពួកសិស្សបានទទួលដំណឹងពីគោលបំណងរបស់លោកសុលក្នុងការធ្វើដំណើរមកកាន់ទីក្រុងដាម៉ាស គេបានភ័យខ្លាចក្រែងលោកធ្វើសកម្មភាពក្លែងបន្លំ ដើម្បីបំភ័ន្តពួកគេ ហើយ​ពួកគេ​ក៏បានលាក់ខ្លួន មិនព្រមផ្តល់ការអាណិតអាសូរដេល់លោកឡើយ។ លោកមិនមានសេចក្តីប្រាថ្នាបង្ហាញខ្លួនជាសាសន៍យូដាដែលបានកែប្រែចិត្តទេ លោកបានមានគម្រោងការណ៍ចង់រួបរួមក្នុងការបៀតបៀនដល់ពួកអ្នកជឿ ព្រោះលោកបានជឿថា ពួកគេនឹងមិនព្រមស្តាប់រឿងរបស់លោកឡើយ។ ដូច្នេះ លោកហាក់ដូចជាត្រូវបានកាត់ផ្តាច់ចេញពីការអាណិតអាសូររបស់មនុស្ស។ សេចក្តីសង្ឃឹមនៃជំនួយតែមួយគត់របស់លោកគឺមានតែព្រះដែលពោរពេញដោយសេចក្តីមេត្តាករុណាប៉ុណ្ណោះ ហើយលោកក៏បានអំពាវនាវរកទ្រង់ដោយចិត្តខ្ទេចខ្ទាំ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ នោះ​គាត់​ក៏​ញាប់ញ័រទាំង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​ទូល​ថា ព្រះអម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូច​ម្តេច ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា ចូរ​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទៅ នោះ​គេ​នឹង​ប្រាប់​អ្នក ឲ្យ​ដឹង​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ។ (កិច្ចការ ៩:៦​)

Powered by CAM