កិច្ចការនៃពួកសាវ័ក (ជំពូកទី-១២)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី១ ជំពូក៦
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ អាន៉្នានាសក៏ទៅ ហើយចូលក្នុងផ្ទះនោះ ដាក់ដៃលើគាត់ និយាយថា អ្នកសុលអើយ ព្រះអម្ចាស់ គឺព្រះយេស៊ូវ ដែលលេចមកឲ្យអ្នកឃើញតាមផ្លូវ ទ្រង់បានចាត់ខ្ញុំមក ដើម្បីឲ្យអ្នកបានភ្លឺភ្នែក ហើយឲ្យអ្នកបានពេញជាព្រះវិញ្ញាណបរិសុទ្ធ។ កិច្ចការ ៩:១៧
នៅក្នុងអំឡុងពេលដែលលោកសុលនៅដាច់ពីអ្នកដទៃយ៉ាងយូរ តែពីរនាក់ជាមួយនឹងព្រះនោះ លោកបានរំឭកពីបទគម្ពីរជាច្រើនដែលសម្តែងពីការយាងមកជាលើកទីមួយរបស់ព្រះគ្រិស្ត។ លោកបានតាមដានបទទំនាយយ៉ាងយកចិត្តទុកដាក់ ជាមួយនឹងការចងចាំដែលបានដុសខាត់ដោយការភ្ញាក់រឭកដែលបានកើតឡើងនៅក្នុងគំនិតរបស់លោក។ នៅពេលដែលលោកបានឆ្លុះបញ្ចាំងពីអត្ថន័យនៃបទទំនាយទាំងនេះ លោកមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះភាពងងឹតងងល់នៃការមិនបានយល់កន្លងមករបស់លោក និងភាពងងឹតងងល់របស់សានស៍យូដាជាទូទៅ ដែលបានដឹកនាំឲ្យមានការបដិសេធន៍ព្រះយេស៊ូវថាជាព្រះមែស្ស៊ីតាមបទទំនាយ។
ខណៈដែលលោកសុលបានទោរទន់ទៅតាមការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធទាំងស្រុង នោះលោកបានឃើញទោសកំហុសនៃជីវិតរបស់លោក ហើយបានទទួលស្គាល់ការទាមទារយ៉ាងទូលំទូលាយនៃក្រឹត្យវិន័យរបស់ព្រះ។ លោកសុលដែលធ្លាប់ជាអ្នកផារិស៊ីដ៏អំនួត ឥឡូវនេះបានឱនក្រាបនៅចំពោះព្រះដោយការបន្ទាបខ្លួននិងភាពសាមញ្ញដូចជាកូនក្មេង ដោយលន់តួភាពគ្មានតម្លៃរបស់លោក ហើយទូលអង្វរករសុំសេចក្តីមេត្តាករុណានៃព្រះអង្គសង្រ្គោះដែលគេបានឆ្កាងនិងបានមានព្រះជន្មរស់ឡើងវិញ។ លោកសុលអន្ទះសាចង់រួបរួមជាមួយនឹងព្រះវរបិតានិងព្រះរាជបុត្រា ហើយនៅក្នុងកម្លាំងនៃសេចក្តីប្រាថ្នាចង់បានការអត់ឱនទោសនិងការទទួលយករបស់លោក លោកបានទូលថ្វាយដោយអង្វរករដល់បល្ល័ង្កនៃព្រះគុណ។
ការអធិដ្ឋានរបស់អ្នកផារិស៊ីដែលមានវិប្បដិសារីរូបនេះមិនឥតប្រយោជន៍ទេ។ ព្រះគុណនៃព្រះបានបំផ្លាស់បំប្រែចិត្តនិងអារម្មណ៍ពីខាងក្នុងរបស់លោក ហើយព្រះអង្គក៏បាននាំឲ្យញាណសតិរបស់លោកឲ្យបានស្រុះស្រួលគ្នា ជាមួយនឹងព្រះរាជគោលបំណងដ៏អស់កល្បរបស់ព្រះ ។ ព្រះគ្រិស្តនិងសេចក្តីសុចរិតរបស់ទ្រង់មានតម្លៃចំពោះលោកសុលជាងពិភពលោកទាំងមូលទៅទៀត។
ការផ្លាស់ប្តូរជំនឿរបស់លោកសុលគឺជាភស្តុតាងជាក់ស្តែងមួយនៃព្រះចេស្តាដ៏អស្ចារ្យនៃព្រះវិញ្ញាណបរិសុទ្ធដើម្បីបង្ហាញមនុស្សឲ្យស្គាល់បាប។ លោកបានជឿជាក់ថាព្រះយេស៊ូវពីស្រុកណសារ៉ែតបានប្រមាថដល់ក្រឹត្យវិន័យរបស់ព្រះ ហើយបានបង្រៀនដល់ពួកសិស្សរបស់ទ្រង់ថាក្រឹត្យវិន័យនោះលែងមានប្រសិទ្ធិភាពតទៅទៀតហើយ ។ ប៉ុន្តែ បន្ទាប់ពីការផ្លាស់ប្តូរជំនឿរបស់លោកមក លោកសុលបានទទួលស្គាល់ថាព្រះយេស៊ូវគឺជាព្រះដែលបានយាងមកកាន់ពិភពលោកនេះ ដើម្បីបង្ហាញប្រាប់ពីព្រះរាជគោលបំណងនៃការបង្ហាញឲ្យឃើញថាក្រឹត្យវិន័យរបស់ព្រះវរបិតាគឺជាច្បាប់ដ៏ត្រឹមត្រូវ។ ព្រះបានធ្វើឲ្យលោកបានយល់ថាព្រះយេស៊ូវគឺជាប្រភពនៃប្រព័ន្ធថ្វាយតង្វាយយញ្ញបូជារបស់សាសន៍យូដាទាំងស្រុង ។ លោកបានឃើញថាការឆ្កាងដែលជានិមិត្តរូប បានជួបជាមួយនឹងការឆ្កាងពិតប្រាកដ ដែលព្រះយេស៊ូវបានសម្រេចតាមបទទំនាយនៃគម្ពីរសញ្ញាចាស់ ទាក់ទងទៅនឹងព្រះដ៏ប្រោសលោះនៃសាសន៍អ៊ីស្រាអែល។
នៅក្នុងកំណត់ត្រានៃការកែប្រែចិត្តរបស់លោកសុល ព្រះបានប្រទានគោលការណ៍ដ៏សំខាន់ដល់យើងគ្រប់គ្នា ដែលយើងត្រូវតែចងចាំនៅក្នុងគំនិតជារៀងរហូត។ ព្រះវិញ្ញាណបាននាំលោកសុលទៅឯព្រះវត្តមានរបស់ព្រះគ្រិស្តដោយផ្ទាល់។ លោកគឺជាមនុស្សដែលព្រះគ្រិស្តបានបម្រុងទុកសម្រាប់កិច្ចការដ៏សំខាន់បំផុត ជាអ្នកដែលនឹងក្លាយជា «ប្រដាប់រើសតាំង»សម្រាប់ទ្រង់ ប៉ុន្តែ ព្រះជាម្ចាស់មិនបានប្រាប់លោកអំពីកិច្ចការដែលទ្រង់នឹងចាត់ឲ្យលោកធ្វើនោះនៅឡើយទេ។ ព្រះអង្គបានចាប់លោកទុកនៅតាមផ្លូវរបស់លោក ហើយបានបង្ហាញឲ្យលោកបានស្គាល់បាប ប៉ុន្តែ នៅពេលលោកសុលបានសួរថា «ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្តេច?» ព្រះអង្គសង្រ្គោះបានដាក់ជនជាតិយូដាដែលមានសំណួរនេះភ្ជាប់ទៅនឹងពួកជំនុំរបស់ទ្រង់ នៅទីនោះលោកនឹងទទួលបាននូវចំណេះដឹងពីព្រះរាជគោលបំណងរបស់ទ្រង់ ទាក់ទងទៅនឹងរូបលោក។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ក៏និយាយទៅគាត់ថា អ្នកអេនាសអើយ ព្រះយេស៊ូវដ៏ជាព្រះគ្រីស្ទទ្រង់ប្រោសឲ្យអ្នកបានជាហើយ ចូរក្រោកឡើងរៀបគ្រែអ្នកទៅ ស្រាប់តែគាត់ក៏ក្រោកឡើងភ្លាម ឯមនុស្សទាំងប៉ុន្មានដែលនៅភូមិលីដា និងស្រុកសារ៉ូនក៏ឃើញគាត់ហើយគេប្រែចិត្តជឿដល់ព្រះអម្ចាស់។ (កិច្ចការ ៩:៣៤-៣៥)