ថ្ងៃសុក្រ ទី១១​ ខែកញ្ញា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-១៨)​​

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី២ ជំពូក១៧

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឯ​អស់​ទាំង​សេចក្តី​ដែល​អ្នក​បាន​ឮ​អំពី​ខ្ញុំ នៅ​មុខ​ស្មរ​បន្ទាល់​ជា​ច្រើន នោះ​ក៏​ត្រូវ​ផ្ញើ​ទុក​នឹង​មនុស្ស​ស្មោះត្រង់ ដែល​អាច​នឹង​បង្វឹក​បង្រៀន​ត​ទៅ​អ្នក​ឯ​ទៀត​ដែរ ដូច្នេះ ចូរ​ឲ្យ​អ្នក​ទ្រាំ​ទ្រ​ទុក្ខ​លំបាក ដូច​ជា​ទាហាន​យ៉ាង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ចុះ។ ធីម៉ូថេទី២ ២:២-៣

ពួកសាវ័កបានព្យាយាមចែកចាយជាមួយពួកគេនូវចំណេះដឹងនៃព្រះអាទិករ និងព្រះរាជបុត្ររបស់ទ្រង់ ដែលជាព្រះអង្គសង្រ្គោះនៃមនុស្សលោក។ ដំបូង ពួកសាវ័កបានទាញអារម្មណ៍របស់អ្នកស្តាប់ទៅកាន់កិច្ចការដ៏អស្ចារ្យរបស់ព្រះ មានព្រះអាទិត្យ ព្រះចន្ទ និងផ្កាយ លំដាប់លំដោយដ៏ល្អអស្ចារ្យនៃរង្វិលរបស់រដូវ គម្របភ្នំទឹកកកដ៏អស្ចារ្យ ដើមឈើខ្ពស់ស្កឹមស្កៃ និង សម្រស់ធម្មជាតិដទៃផ្សេងៗទៀត ដែលបង្ហាញពីជំនាញដែលគំនិតមនុស្សមិនអាចយល់បាន ។ ពួកសាវ័កបានដឹកនាំគំនិតប្រជាជាតិនានាឲ្យត្រិះរិះពិចារណា អំពីព្រះដែលជាអ្នកដឹកនាំដ៏ធំនៅលើចក្រវាល។

ដោយបានបញ្ជាក់យ៉ាងច្បាស់អំពីសេចក្តីពិតដែលជាគ្រឹះទាក់ទងនឹង ព្រះអាទិករនេះ ពួកសាវ័កបានប្រាប់ពួកអ្នកក្រុងលីស្រ្តាអំពីព្រះរាជបុត្រារបស់ព្រះ ដែលបានយាងចុះពីឋានសួគ៌មកកាន់ពិភពលោកយើង ពីព្រោះព្រះអង្គបានស្រឡាញ់កូនៗរបស់មនុស្ស។ ពួកគេបាននិយាយអំពីព្រះជន្មនិងព្រះរាជកិច្ចរបស់ព្រះអង្គ ការបដិសេធន៍ទ្រង់ ពីសំណាក់មនុស្សដែលព្រះអង្គបានយាងមកជួយសង្រ្គោះ ការកាត់ទោស និងការជាប់ឆ្កាងរបស់ ទ្រង់ ការមានព្រះជន្មរស់ឡើងវិញ និងការយាងឡើងទៅកាន់ឋានសួគ៌របស់ព្រះអង្គ ហើយនៅទីនោះ ព្រះអង្គកំពុងបំពេញព្រះរាជតួនាទីជាមេធាវីរបស់មនុស្ស។ ហេតុដូច្នេះ លោកប៉ុលនិងបាណាបាសបានអធិប្បាយអំពីដំណឹងល្អនៅទីក្រុងលីស្រ្តា។

មានពេលមួយ កាលលោកប៉ុលកំពុងនិយាយប្រាប់ដល់ពួកបណ្តាជន អំពីព្រះរាជកិច្ចរបស់ព្រះគ្រិស្ត ជាអ្នកព្យាបាលអ្នកឈឺ និងអ្នកដែលត្រូវ គេមើលងាយ លោកបានឃើញជនពិការម្នាក់នៅក្នុងចំណោមហ្វូងមនុស្ស ដែលបានសម្លឹងមើលមុខលោក និងជាអ្នកដែលបានទទួលនិងជឿដំណឹងល្អ។ ចិត្តរបស់លោកប៉ុលបានចេញទៅដោយសេចក្តីអាណិតអាសូរចំពោះ បុរសដែលពិការរូបនេះ ជាមនុស្សម្នាក់ដែលលោកបានចាត់ទុកថា «គាត់ មានសេចក្តីជំនឿល្មម ដើម្បីឲ្យបានជា» ។ នៅចំពោះវត្តមាននៃពួកអ្នកថ្វាយបង្គំរូបព្រះ លោកប៉ុលបានបង្គាប់ដល់ជនពិការនោះឲ្យក្រោកឈរឡើង ហើយដើរដោយជើងរបស់គាត់ទាំងពីរ។ កន្លងមក ជនពិការដ៏ឈឺចាប់នេះអាចត្រឹមតែអង្គុយប៉ុណ្ណោះ ប៉ុន្តែ ឥឡូវនេះ គាត់បានស្តាប់តាមការបង្គាប់ របស់លោកប៉ុលភ្លាម ហើយពេលនោះគឺជាឱកាសលើកទីមួយក្នុងជីវិតរបស់គាត់ ដែលគាត់អាចក្រោកឈរបាន។ កម្លាំងបានកើតឡើងជាមួយនឹងការខំប្រឹងប្រែងដោយក្តីជំនឿ ហើយមនុស្សដែលធ្លាប់តែពិការនេះ «ក៏ស្ទុះ ឡើងដើរ»។

«កាលហ្វូងមនុស្សបានឃើញការដែលប៉ុលធ្វើ នោះគេបន្លឺឡើងជា ភាសាលូកៅនាថា ពួកព្រះបានកាឡានិម្មិតជាមនុស្ស ចុះមកឯយើងហើយ គេក៏ហៅបាណាបាស ជាព្រះសេយូស ហើយប៉ុល ជាព្រះហ៊ើមេស ពីព្រោះ គាត់ជាមេសម្តែង ហើយសង្ឃរបស់ព្រះសេយូស ដែលនៅមុខក្រុងគេក៏នាំ យកគោឈ្មោល ហើយនិងភួងទៅដល់ក្លោងទ្វារក្រុង ចង់ថ្វាយយញ្ញបូជាជាមួយនឹងបណ្តាមនុស្ស»។ ប្រយោគនេះស្របទៅតាមប្រពៃណីរបស់ពួកគេ ដែលថាយូរៗម្តងព្រះបានយាងមកកាន់ផែនដីដោយផ្ទាល់។ ពួកគេបានហៅ បាណាបាសថាព្រះយេសួស ដែលមានន័យថាបិតានៃព្រះទាំងឡាយ ដោយ ព្រោះតែលក្ខណៈដ៏គួរឲ្យគោរពរបស់លោក អាកប្បកិរិយាដ៏ថ្លៃថ្នូរ និងបទ ពិសោធន៍ដ៏ឱនលំទោន និងមានសេចក្តីមេត្តា នៅលើទឹកមុខរបស់លោក ចំណែកលោកប៉ុលវិញ ពួកគេបានជឿថាលោកជាព្រះ ហើមេស «ពីព្រោះ គាត់គឺជាមេសម្តែង» ដ៏ស្មោះត្រង់ សកម្ម និងមានវោហារជាមួយនឹងពាក្យ ព្រមាននិងការទូន្មានក្រើនរំឭក។

ពួកអ្នកក្រុងលីស្រ្តាអន្ទះសាចង់បង្ហាញភាពកត្តញ្ញូរបស់ពួកគេ បានបញ្ចុះបញ្ចូលសង្ឃនៃព្រះយេសួសឲ្យផ្តល់កិត្តិយសដល់ពួកសាវ័ក ហើយគេ «ក៏នាំយកគោឈ្មោល ហើយនិងភួងទៅដល់ក្លោងទ្វារក្រុង ចង់ថ្វាយយញ្ញបូជាជាមួយនឹងបណ្តាមនុស្ស» ។ លោកប៉ុលនិងបាណាបាសដែលកំពុងតែរកកន្លែងសម្រាកនោះមិនបានដឹងពីការរៀបចំនេះទេ។ ទោះជាយ៉ាងនេះក៏ ដោយមិនយូរប៉ុន្មាន ពួកលោកមានការចាប់អារម្មណ៍ទៅលើសំឡេងដូរតន្រ្តី និងសម្រែកអបអរសាទរនៃហ្វូងមនុស្សយ៉ាងធំ ដែលកំពុងតែធ្វើដំណើរសំដៅមកផ្ទះដែលពួកលោកកំពុងតែស្នាក់នៅ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នក​រាល់​គ្នា​អើយ ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ យើង​ខ្ញុំ​ជា​មនុស្ស​វិស័យ​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ មួយ​ទៀតយើង​ក៏​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នាឲ្យ​បាន​បែរ​ចេញ​ពី​អស់​ទាំង​ការដែល​ឥត​ប្រយោជន៍​យ៉ាង​នេះទៅ​ឯ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​វិញដែល​ទ្រង់​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​របស់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង។ (កិច្ចការ ១៤:១៥)

Powered by CAM