ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៨)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី២ ជំពូក១៨
កាលពួកសាវ័កបានដឹងប្រាកដអំពីមូលហេតុនៃការចូលមកជួបរបស់ពួកគេ និងការចួលរួមយ៉ាងរំភើបនៅក្នុងដំណើរនេះ «នោះក៏ហែកអាវខ្លួន រត់ចូលទៅកណ្តាលហ្វូងមនុស្ស» ដោយសង្ឃឹមថានឹងអាចទប់ស្កាត់ដំណើរនេះកុំឲ្យបន្តទៅមុខទៀត» ។ លោកប៉ុលបានស្រែកបង្គាប់ឲ្យពួកហ្វូងមនុស្សប្រុងស្តាប់ដោយសំឡេងឮក្រលួច ខ្លាំងជាងសំឡេងរបស់ហ្វូងមនុស្ស ហើយខណៈហ្វូងមនុស្សដែលកំពុងតែមានសំឡេងអ៊ូអរបានឈប់ភ្លាម លោកបានមានប្រសាសន៍ថា «អ្នករាល់គ្នាអើយ ហេតុអ្វីបានជាធ្វើដូច្នេះ យើងខ្ញុំជាមនុស្សវិស័យដូចជាអ្នករាល់គ្នាដែរ មួយទៀត យើងក៏ប្រកាសប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ឲ្យបានបែរចេញពីអស់ទាំងការដែលឥតប្រយោជន៍យ៉ាងនេះ ទៅឯព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់ទាំងអស់ដែលនៅឋានទាំងនោះផង ក្នុងកាលជំនាន់មនុស្សពីបុរាណ នោះទ្រង់បានអនុញ្ញាតឲ្យគ្រប់ទាំងសាសន៍ ដើរតាមផ្លូវរបស់គេរៀងខ្លួន ប៉ុន្តែ ទ្រង់មិនដែលលែងមានទីបន្ទាល់ ពីព្រះអង្គទ្រង់ទេ ដោយទ្រង់តែងតែផ្សាយព្រះគុណមក គឺទ្រង់ប្រោសប្រទានឲ្យភ្លៀងធ្លាក់ចុះពីលើមេឃ ឲ្យមានរដូវដ៏សំបូរ ដើម្បីនឹងបំពេញចិត្តយើង ដោយអាហារ និងសេចក្តីអំណរ»។
ទោះបីជាការប្រកែកដ៏សមហេតុផលរបស់ពួកសាវ័កថាពួកគេមិនមែនជាព្រះ ហើយទោះបីជាលោកប៉ុលបានព្យាយាមទាញគំនិតរបស់ពួកបណ្តាជនទៅឯព្រះដ៏ពិតតែមួយអង្គគត់ដែលគួរទទួលការសរសើតម្កើងពីមនុស្សក៏ដោយ ក៏លោកសឹងតែមិនអាចបង្វែងសាសន៍ដទៃនេះឲ្យឈប់ថ្វាយតង្វាយយញ្ញបូជាដល់ពួកលោកបានដែរ។ ពួកគេមានជំនឿជឿជាក់ថាបុរសទាំងពីរនាក់នេះពិតជាព្រះរបស់គេ ហើយពួកគេមានអំណរជាខ្លាំងដែលពួកសាវ័កមិនបានទទួលយកចំណេះដឹងខុសឆ្គងរបស់ពួកគេ។ ព្រះគម្ពីរបានចែងថា ពួកលោក «ឃាត់គេមិនឲ្យថ្វាយយញ្ញបូជាសឹងតែមិនបាន»។
ពួកអ្នកក្រុងលីស្រ្តាបានពិចារណាថាពួកគេបានមើលឃើញអំណាចដ៏អស្ចារ្យដែលពួកសាវ័កបានសម្តែង ដោយផ្ទាល់នឹងភ្នែក។ ពួកគេបានឃើញជនពិការដែលមិនធ្លាប់អាចដើរបានមានអំណរនៅក្នុងសុខភាពនិងកម្លាំងមាំមួន។ គឺបន្ទាប់ពីការបញ្ចុះបញ្ចូលយ៉ាងជាក់លាក់របស់លោកប៉ុល និងការពន្យល់យ៉ាងប្រុងប្រយ័ត្នទាក់ទងនឹងបេសកកម្មរបស់លោកផ្ទាល់និងបាណាបាស ដែលជាតំណាងរបស់ព្រះនៃឋានសួគ៌ និងព្រះរាជបុត្រានៃទ្រង់ ជាព្រះនៃការប្រោសឲ្យជា (ការព្យាបាល) ដ៏ឧត្តម មកទើបហ្វូងមនុស្សព្រមលះបង់គោលបំណងរបស់ពួកគេ។
កិច្ចការរបស់លោកប៉ុល និងបាណាបាសនៅលីស្ត្រាស្រាប់តែត្រូវបានបញ្ឈប់ភ្លាមដោយការព្យាបាទរបស់ «ពួកសាសន៍យូដាខ្លះ មកពីអាន់ទីយ៉ូក និងអ៊ីកូនាម» ដែលបានដឹងពីជោគជ័យនៃកិច្ចការរបស់ពួកសាវ័កនៅក្នុងចំណោមពួកអ្នកក្រុងលីស្រ្តា ហើយបានប្តេជ្ញាចិត្តតាមដាននិងបៀតបៀនដល់ពួកលោក។ កាលមកដល់ទីក្រុងលីស្រ្តា ពួកយូដាទាំងនោះ បានបំផុសនូវភាពល្វីងជូរចត់ដល់ពួកបណ្តាជន ដែលមាននៅក្នុងគំនិតរបស់ពួកគេ។ ដោយពាក្យពេចន៍នៃការបកស្រាយខុសនិងមូលបង្កាច់ ពួកបណ្តាជនដែលថ្មីៗនេះបានគោរពលោកប៉ុលនិងបាណាបាសថាជាព្រះ ឥឡូវនេះ ត្រូវបានអូសទាញឲ្យយល់ថាការពិតពួកសាវ័កអាក្រក់ជាងឃាតករទៅទៀត ហើយពួកនេះគួរតែស្លាប់ទៅវិញ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នករាល់គ្នាអើយ ហេតុអ្វីបានជាធ្វើដូច្នេះ យើងខ្ញុំជាមនុស្សវិស័យដូចជាអ្នករាល់គ្នាដែរ មួយទៀតយើងក៏ប្រកាសប្រាប់ដំណឹងល្អដល់អ្នករាល់គ្នាឲ្យបានបែរចេញពីអស់ទាំងការដែលឥតប្រយោជន៍យ៉ាងនេះទៅឯព្រះដ៏មានព្រះជន្មរស់វិញដែលទ្រង់បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់ទាំងអស់ដែលនៅស្ថានទាំងនោះផង។ (កិច្ចការ ១៤:១៥)