កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៨)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី២ ជំពូក១៩
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ព្រះយេហូវ៉ាទ្រង់ជាពន្លឺ ហើយជាសេចក្តី សង្គ្រោះរបស់ខ្ញុំ តើខ្ញុំនឹងត្រូវខ្លាចចំពោះអ្នកណា ព្រះយេហូវ៉ាទ្រង់ជាទីពឹងពំនាក់នៃជីវិតខ្ញុំ តើត្រូវឲ្យខ្ញុំភ័យចំពោះអ្នកណា។ ទំនុកតម្កើង ២៧:១
ការខកចិត្តដែលបណ្តាជននៅលីស្រ្តាបានទទួលរងដោយការបដិសេធន៍ មិនឲ្យថ្វាយតង្វាយយញ្ញបូជាដល់ពួកសាវ័ក បានរៀបចំពួកគេឲ្យបែរមកប្រឆាំងនឹងលោកប៉ុលនិងបាណាបាស ដោយដំណោះស្រាយយ៉ាងរីករាយ ដូចកាលដែលពួកគេគោរពពួកលោកថាជាព្រះដូច្នោះដែរ។ ដោយការញុះញង់ពីពួកយូដា ពួកគេបានរៀបចំប្រយុទ្ធជាមួយនឹងពួកសាវ័កដោយកម្លាំង។ ពួកយូដាបានប្រាប់ពួកគេកុំឲ្យលោកប៉ុលមានឱកាសនឹងនិយាយដោយបានអះអាងថា ប្រសិនបើពួកគេផ្តល់ឱកាសឲ្យពួកសាវ័កនិយាយ លោកនឹងធ្វើឲ្យពួកបណ្តាជនត្រេកត្រអាលជាក់ជាមិនខាន។
មិនយូរប៉ុន្មាន ការរៀបចំធ្វើឃាតនៃសត្រូវរបស់ដំណឹងល្អត្រូវបានអនុវត្ត។ ដោយទោរទន់ទៅតាមឥទ្ធិពលរបស់អារក្ស ពួកអ្នកក្រុងលីស្ត្រាបានត្រូវសេចក្តីក្រេវក្រោធរបស់សាតាំងគ្រប់គ្រង ហើយបានព័ទ្ធជុំវិញលោកប៉ុល រួចចោលលោកនឹងថ្មដោយគ្មានមេត្តា។ សាវ័កប៉ុលបានគិតថាទីបញ្ចប់របស់លោកបានមកដល់ហើយ។ ទុក្ករកម្មរបស់លោកស្ទេផាននិងចំណែកដ៏ឃោរឃៅរទៅលើរូបលោកផ្ទាល់ ដែលបានបញ្ចេញសកម្មភាពនៅពេលនោះ បានកើតឡើងយ៉ាងរហ័សនៅក្នុងគំនិតរបស់លោក។ គ្របដណ្តប់ដោយស្នាមជាំនិងការឈឺចុកចាប់ លោកបានដួលទៅនឹងដី ហើយហ្វូងមនុស្សដ៏ក្រេវក្រោធ «គេអូសគាត់ចេញទៅក្រៅ (ទីក្រុង) ទុកចោល ដោយស្មានថា បានស្លាប់ហើយ»។
នៅក្នុងពេលដ៏ខ្មៅងងឹតនិងតានតឹងនេះ ក្រុមនៃពួកអ្នកជឿនៅក្រុងលីស្រ្តា ដែលបានកែប្រែចិត្តមកមានជំនឿលើព្រះយេស៊ូវដោយសារកិច្ចការរបស់លោកប៉ុលនិងបាណាបាស នៅតែមានភក្តីភាពនិងស្មោះត្រង់ដដែល។ ការប្រឆាំងដែលគ្មានហេតុផល និងការធ្វើទុក្ខបៀតបៀនយ៉ាងឃោរឃៅដោយពួកសត្រូវនេះ បានត្រឹមតែបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីជំនឿរបស់បងប្អូនរួមជំនឿទាំងនេះប៉ុណ្ណោះ ហើយឥឡូវនេះ នៅចំពោះមុខគ្រោះថ្នាក់និងការប្រមាថមើលងាយ ពួកគេបានបង្ហាញភក្តីភាពរបស់ពួកគេដោយការប្រមូលផ្តុំគ្នានៅជុំវិញរាងកាយរបស់លោកប៉ុល ដែលពួកគេបានជឿថាលោកបានស្លាប់ទៅហើយនេះ។
នេះគឺជាការភ្ញាក់ផ្អើលជាខ្លាំងចំពោះពួកគេ ដោយនៅកណ្តាលទុក្ខសោករបស់ពួកគេ ស្រាប់តែសាវ័កប៉ុលបានងើបក្បាល ហើយក្រោកឈរ ឡើង ដោយការសរសើរតម្កើងដល់ព្រះនៅនឹងបបូរមាត់។ ចំពោះពួកអ្នកជឿ ការស្តារឡើងវិញដែលមិនបានរំពឹងទុកនូវកិច្ចការនៃពួកសាវ័ករបស់ព្រះនេះ ត្រូវបានគេចាត់ទុកថាជាការអស្ចារ្យនៃអំណាចរបស់ព្រះ ហើយហាក់ដូចជាការបោះត្រារបស់ព្រះនៃឋានសួគ៌ នៅលើការផ្លាស់ប្តូរជំនឿរបស់ពួកគេ ។ ពួកគេមានអំណររកថ្លែងពុំបាន ហើយបានសរសើរតម្កើងដល់ព្រះដោយជំនឿរបស់ពួកគេ ដែលបានធ្វើឲ្យថ្មីឡើងវិញនេះ។
នៅក្នុងចំណោមពួកអ្នកដែលបានផ្លាស់ប្តូរជំនឿនៅទីក្រុងលីស្រ្តា និងជាអ្នកដែលបានឃើញការឈឺចាប់របស់លោកប៉ុលផ្ទាល់នឹងភ្នែក ជាអ្នកដែលក្រោយមកបានក្លាយជាអ្នកបម្រើការរបស់ព្រះគ្រិស្តដែលលេចធ្លោជាងគេ និងជាអ្នកដែលបានចែករំលែកជាមួយពួកសាវ័កនូវការពិបាកនិងក្តីអំណរនៃកិច្ចការជាអ្នកត្រួសត្រាយ នៅតាមតំបន់ដែលពិបាកៗ។ អ្នកនោះឯងគឺយុវជនដែលមានឈ្មោះថាធីម៉ូថេ។ កាលគេបានអូសលោកប៉ុលចេញពីទីក្រុងសាវ័ក ដ៏ក្មេងខ្ចីនេះក៏នៅក្នុងចំណោមហ្វូងមនុស្សដែលបានឈរនៅក្បែររាងកាយស្តូកស្តឹង ដូចគ្មានដង្ហើមរបស់លោកប៉ុល ហើយបានឃើញលោកក្រោក ឡើងទាំងមានស្នាមជាំដោយឈាម ប៉ុន្តែ បបូរមាត់លោកនៅតែសរសើរតម្កើងដល់ព្រះ ព្រោះព្រះអង្គបានអនុញ្ញាតឲ្យលោកឈឺចាប់ដើម្បីជាប្រយោជន៍ដល់ព្រះគ្រិស្ត។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែអរព្រះគុណដល់ព្រះអង្គ ដែលទ្រង់ចេះតែនាំយើងខ្ញុំ ឲ្យមានជ័យជំនះក្នុងព្រះគ្រីស្ទ ហើយក៏ផ្សាយក្លិនពីដំណើរដែលយើងខ្ញុំស្គាល់ព្រះ ឲ្យបានសុសសាយទូទៅគ្រប់កន្លែងផង។ (កូរិនថូសទី២ ២:១៤)